Paris Peace Accords 23 Oct. 1991

Wednesday, November 12, 2014

Sam Rainsy: CNRP position remains unchanged | គោលជំហរ គណបក្ស សង្រេគាះជាតិ

 
១១ វិច្ឆិកា ២០១៤ | 11 Nov. 2014

CNRP position remains unchanged | គោលជំហរ គណបក្ស សង្រេគាះជាតិ

១. ការចូល ទៅបំពេញ តួនាទី នៅរដ្ឋសភា៖ សូម បែងចែក ឲ្យដាច់ រវាង ការចូលរួម ក្នុងរដ្ឋាភិបាល និងការចូល ទៅធ្វើការ ក្នុងរដ្ឋសភា


- ចូលរួម ក្នុងរដ្ឋាភិបាល បច្ចុប្បន្ន គឺ ជាការចុះចូល និងចូលដៃ ជាមួយ គណបក្ស ប្រជាជនកម្ពុជា ដែលដឹកនាំ អំណាច នីតិប្រតិបត្តិ។   បើ ធ្វើបែបនេះ មែន គឺ ជាទង្វើ ខុសឆ្គង ក្បត់ឆន្ទៈ ប្រជារាស្រ្ត ពីព្រោះ ជាការទៅសុំ ឬតថ្លៃតំណែង ជាមួយ គណបក្ស ប្រជាជន កម្ពុជា ដើម្បី បានតំណែង ជារដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាល ដឹកនាំ ដោយគណបក្ស ប្រជាជនកម្ពុជា។


- ការចូល ទៅធ្វើការ ក្នុងរដ្ឋសភា ដែលតំណាង ឲ្យអំណាច នីតិបញ្ញត្តិ គឺ មិនមានអ្វី ខុសឆ្គងទេ ពីព្រោះ យើង គ្រាន់តែ ទៅយកតំណែង របស់យើង ជាតំណាងរាស្រ្ត តាមឆន្ទៈ ប្រជារាស្រ្ត ដែលបាន បោះឆ្នោត ផ្តល់តំណែង ទាំងនោះ ឲ្យយើង។  យើង មិនមែន ទៅសុំតំណែង ទាំងនោះ ពីនរណាឡើយ។  ទោះជាយូរ ឬឆាប់យ៉ាងណាក៏ដោយ នៅទីបញ្ចប់ យើង ត្រូវ ទៅបំពេញ តួនាទី របស់យើង ជាតំណាងរាស្រ្ត ដើម្បី បម្រើ និងការពារ ប្រជារាស្រ្ត។  ទន្ទឹមនេះ យើង ត្រូវ ទៅកែច្បាប់ បោះឆ្នោត និងរៀបចំ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) មួយថ្មី ឲ្យបាន ល្អប្រសើរ ក្នុងគោលបំណង ធានាការបោះឆ្នោត លើកក្រោយ ឲ្យមាន លក្ខណៈ ត្រឹមត្រូវ និងយុត្តិធម៌។  ការកែច្បាប់ បោះឆ្នោត និងការរៀបចំ គ.ជ.ប. មួយថ្មីនេះ មិនអាចធ្វើ នៅក្រៅ រដ្ឋសភា បានទេ, គឺ យើង ត្រូវតែ ចូលទៅ ធ្វើការ ក្នុងរដ្ឋសភា ដើម្បី សម្រេចបំណង របស់យើង ឲ្យបាន។

២. របៀប ដោះស្រាយ បញ្ហា នៅរដ្ឋសភា តាមនីតិវិធីច្បាប់
តាំងពីមាន តំណាងរាស្រ្ត មក ពីគណបក្ស សង្រេគាះជាតិ ចូលទៅបំពេញ តួនាទី របស់ខ្លួន, រដ្ឋសភា មានទិដ្ឋភាព ខុសពីមុន ,គឺ ចេះយកចិត្ត ទុកដាក់ អំពីពាក្យបណ្តឹង របស់ ប្រជារាស្រ្ត, ហើយ សកម្ម ជាងមុន ឆ្ងាយណាស់ ក្នុងការខិតខំ បម្រើ និងការពារ ផលប្រយោជន៍ ប្រជារាស្រ្ត, ជាពិសេស ជនរងគ្រោះ។  ទន្ទឹមនេះ ដោយមាន ការចូលរួម ពីគណបក្ស ទាំងពីរ, រដ្ឋសភា ក៏បានធ្វើ វិសោធនកម្ម (កែប្រែ ឬចែងបន្ថែម) លើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់ កំពូល ដើម្បី បើកផ្លូវ ឲ្យមាន ការផ្លាស់ប្តូរ គ.ជ.ប. ដូចអ្វី ដែលប្រជារាស្រ្ត បានទាមទារ ក្នុងឱកាស ធ្វើមហាបាតុកម្ម កាលពីចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ នេះ។  


យើង ត្រូវតែ បញ្ចប់កិច្ចការ ទាំងអស់នេះ ដែលមិនអាច ធ្វើតាមរបៀប ប្រទ្រូសប្រត្រាយ បានទេ, គឺ ត្រូវ ធ្វើតាម នីតិវិធីច្បាប់ ដោយមាន ការជជែកគ្នា ដោយសន្តិវិធី។  យើង ត្រូវ លើកតម្កើង វប្បធម៌សន្ទនា ដែលចៀសវាង ការបង្ហូរឈាម រវាង ខ្មែរ និងខ្មែរ, ហើយ នាំមក នូវការចេះ គោរពគ្នា ទៅវិញ ទៅមក។  

ដូច្នេះ ទោះ ជាការតស៊ូ របស់ គណបក្ស សង្រេគាះជាតិ មិនមាន លក្ខណៈ ប្រទ្រូសប្រត្រាយ ដូចកាល យើង ធ្វើមហាបាតុកម្ម ក៏ដោយ ក៏យើង នៅតែ រក្សាគោលជំហរ របស់យើង ដដែល, ហើយ ខិតខំ ជានិច្ច ក្នុងការបំពេញ ឆន្ទៈប្រជារាស្រ្ត ដែលទាមទារ យុត្តិធម៌ និងសិទ្ធិ សម្រេច វាសនា របស់ខ្លួន ដោយខ្លួនឯង តាមរយៈ ការបោះឆ្នោត ត្រឹមត្រូវ, សេរី, និងយុត្តិធម៌ នៅឆ្នាំ ២០១៧ និង២០១៨ ខាងមុខ៕
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam
 

No comments:

Post a Comment