Paris Peace Accords 23 Oct. 1991

Thursday, November 20, 2014

លោក សុរិយា ស៊ូប៊ែឌី ទាមទារ ​ឲ្យ​កម្ពុជា ​គោរព​ច្បាប់ ​និង​គោលការណ៍​ តុលាការ​ ឯករាជ្យ | Surya Subedi calls for Cambodia to respect law and judicial independence

លោក សុរិយា ស៊ូប៊ែឌី ទាមទារ ​ឲ្យ​កម្ពុជា ​គោរព​ច្បាប់ ​និង​គោលការណ៍​ តុលាការ​ ឯករាជ្យ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៩ វិច្ឆិកា ២០១៤

សុរិយា ស៊ូប៊ែឌី ៦១០
អ្នក​រាយការណ៍​ ពិសេស ​នៃ​ឧត្ដម​ស្នងការ ​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​ ផ្នែក​សិទ្ធិ​មនុស្ស​ ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) ធ្វើ​សន្និសីទ​ កាសែត នៅ​ការិយាល័យ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ​១៦ មករា ឆ្នាំ​២០១៤។  RFA/Uon Chhin

អាជ្ញាធរ និង​តុលាការ បាន​ចាប់ និង​ឃុំ​ខ្លួន​ សកម្មជន ​តវ៉ា​ ដីធ្លី, សមាជិក​ បក្ស​ប្រឆាំង, និង​ព្រះសង្ឃ ​ចំនួន ១៧​នាក់ ​និង​អង្គ ធ្វើ​ឲ្យ​មាន​ ប្រតិកម្ម​ តវ៉ា​ ជា​ខ្លាំង និង​ទាមទារ​ ឲ្យ​មាន​ ការ​ដោះ​លែង។  ការ​រិះគន់​ ការ​ចាប់​ខ្លួន​នេះ មាន​ទាំង​ ក្នុង​ប្រទេស និង​ពី​សំណាក់​ មជ្ឈដ្ឋាន ​អន្តរជាតិ។

លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍ ​ពិសេស​ របស់​ អង្គការ ​សហប្រជាជាតិ ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស ​ប្រចាំ​កម្ពុជា បាន​ទាមទារ ឲ្យ​រដ្ឋាភិបាល​ កម្ពុជា គោរព​ច្បាប់ និង​គោលការណ៍​ តុលាការ​ ឯករាជ្យ។  ការ​លើក​ឡើង ​របស់លោក ស៊ូប៊ែឌី កើត​ឡើង ​ក្រោយ​ពេល​ អាជ្ញាធរ​កម្ពុជា ចាប់ និង​ឃុំ​ខ្លួន​ សកម្មជន ​តវ៉ា ​រឿង​ដីធ្លី, សមាជិក ​គណបក្ស ​ប្រឆាំង, និង​ព្រះសង្ឃ។

ក្រៅ​ពី​ជំរុញ ​រដ្ឋាភិបាល​ កម្ពុជា ឲ្យ​គោរព​ច្បាប់, លោក ស៊ូប៊ែឌី បាន​អំពាវនាវ​ ឲ្យ​ស្ថាប័ន​ តុលាការ ប្រើ​សិទ្ធិ​ អំណាច​ខ្លួន ​ដោយ​ឯករាជ្យ, គ្មាន​ ការ​ជ្រៀតជ្រែក ​ទទួល​ឥទ្ធិពល​ ពី​ខាង​ក្រៅ។

នៅ​ក្នុង​លិខិត ​ថ្លែងការណ៍ ​ចុះ​ថ្ងៃ​ ទី​១៨ ខែ​វិច្ឆិកា, លោក ស៊ូប៊ែឌី មាន​ប្រសាសន៍​ ថា, វា​ ជា​រឿង​ធ្វើ​ ឲ្យ​រូប​លោក​ មាន​ទុក្ខ​ព្រួយ ដោយសារ​ ឃើញ​តុលាការ ​ត្រូវ​ រដ្ឋាភិបាល ​ប្រើប្រាស់ ​ម្តង​ហើយ​ ម្តង​ទៀត ក្នុង​ការ​ចាប់​ខ្លួន និង​កាត់​ទោស​ សកម្មជន ​តវ៉ា​ រឿង​ដីធ្លី និង​សមាជិក ​គណបក្ស ​ប្រឆាំង។  លោក ស៊ូប៊ែឌី លើក​ឡើង ថា, តាំង​ពី​លោក​ ចូល​កាន់​ មុខ​តំណែង​ ជា​អ្នក​រាយការណ៍​ ពិសេស​ របស់ ​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក ​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា, លោក​ បាន​ឃើញ​ រឿង​បែប​នេះ ​កើត​មាន​ រាប់​មិន​អស់។

គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា មក អាជ្ញាធរ​បាន​ចាប់​ខ្លួន និង​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​ឃុំ​ខ្លួន​សកម្មជន​តវ៉ា​រឿង​ដីធ្លី ១០​នាក់ ព្រះសង្ឃ ៣​អង្គ និង​សមាជិក​គណបក្ស​ប្រឆាំង ៤​នាក់។
ស្រប​ពេល​ជាមួយ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់ លោក សុរិយា ស៊ូប៊ែឌី កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​អំពាវនាវ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​ទាំង​នោះ​ជា​បន្ទាន់​ដោយ​គ្មាន​ លក្ខខណ្ឌ និង​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់​រូប ក្នុង​ការ​ទាមទារ​តវ៉ា​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​បញ្ឈប់​ការ​ប្រើប្រាស់​ការ​ដាក់​សម្ពាធ​នយោបាយ​តាម​រយៈ​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​សកម្មជន​នានា។

លោក ឡាត់ គី ប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដីធ្លី ១០​នាក់ និង​ព្រះសង្ឃ ៣​អង្គ​នេះ បាន​បង្ហាញ​ថា អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ ទេ គឺ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទៅ​វិញ៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​មែន​ទែន​ ចំពោះ​បញ្ហា​អ្វី​ដែល​កើត​ឡើង ដោយសារ​យើង​កត់​សម្គាល់​ឃើញ​ថា យុទ្ធនាការ​ក្នុង​ការ​បង្ក្រាប និង​ឃុំ​ខ្លួន​នោះ វា​ជា​វិធានការ​មួយ​ទាក់ទង​ជាមួយ​ចេតនា​នយោបាយ​ខ្លះ ធ្វើ​ឲ្យ​មាន​ការ​រឹតត្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ។»

ប្រតិកម្ម​តប​ចំពោះ​ការ​លើក​ឡើង​របស់ លោក ស៊ូប៊ែឌី និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​តវ៉ា​រឿង​ដីធ្លី ព្រះសង្ឃ និង​សមាជិក​គណបក្ស​ប្រឆាំង​នេះ លោក ទិត្យ សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា លោក ស៊ូប៊ែឌី កំពុង​តែ​ចង់​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​មាន​និទ្ទណ្ឌភាព​ហើយ៖ «លោក ស៊ូប៊ែឌី គួរ​តែ​មាន​ភាព​ចាស់​ទុំ​ក្នុង​ការ​វិភាគ​នយោបាយ​កម្ពុជា ឲ្យ​មាន​ភាព​ស៊ី​ជម្រៅ​ជាង​នេះ ពីព្រោះ​ជានិច្ច​ជា​កាល លោក​តែង​តែ​រិះគន់​អំពី​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ពេល​រាជ​រដ្ឋាភិបាល ឬ​មួយ​ក៏​អាជ្ញាធរ​មាន​សមត្ថកិច្ច អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ ចាត់​ការ​ទៅ​លើ​ជន​ប្រព្រឹត្ត​បទល្មើស អ៊ីចឹង​រដ្ឋាភិបាល​ដែល​មាន​កាតព្វកិច្ច​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ពង្រឹង​ការ​គោរព​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នោះ ជា​ការ​ខុស​ច្បាប់ ឬ​ជា​ការ​គំរាម​កំហែង ឬ​មួយ​ជា​កាតព្វកិច្ច​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ? លោក ស៊ូប៊ែឌី បើ​សិន​ជា​គាត់​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល ថា​ជា​ការ​គាប​សង្កត់ ចុះ​ពាក្យ​ដែល​គាត់​ធ្លាប់​រិះគន់​កន្លង​មក​ថា និទ្ទណ្ឌភាព​នោះ​វា​ទៅ​ជា​យ៉ាង​ណា​ទៅ​វិញ? គាត់​ចង់​ឲ្យ​កម្ពុជា មាន​នីតិរដ្ឋ​ពិត​ប្រាកដ ឬ​មួយ​គាត់​គ្រាន់​តែ​ចង់​យក​កម្ពុជា ធ្វើ​ល្បែង ចង់​ក្រឡុក​កម្ពុជា ឬ​ចង់​ធ្វើ​បង​ធំ​នៅ​កម្ពុជា?»

អង្គការ​សង្គម​ស៊ីវិល កត់​សម្គាល់​ថា បទ​ចោទ​លើ​សកម្មជន​ដីធ្លី សមាជិក​គណបក្ស​នយោបាយ និង​ព្រះសង្ឃ​ចំនួន ១៧​នាក់​និង​អង្គ នោះ មាន​សភាព​ធ្ងន់ធ្ងរ ហើយ​យោង​តាម​ច្បាប់​ព្រហ្មទណ្ឌ ពួក​គេ​អាច​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ​ដល់ ៣០​ឆ្នាំ៕


1 comment:

  1. The Viet-controlled one-eye Viper Hun Sen regime in Phnom Penh must be isolated and/or taken to court for its crime against humanity in Cambodia!!!

    ReplyDelete