Paris Peace Accords 23 Oct. 1991

Friday, November 28, 2014

សហជីព ​រិះគន់​ អ្នក​គ្រប់គ្រង​ ព្រលាន​យន្តហោះ ​នៅ​សៀមរាប​ ថា​, មិន​មាន​ឆន្ទៈ​ ដោះស្រាយ ​វិវាទ | Union criticizes Siem Reap airport management as lacking will to resolve crisis

សហជីព ​រិះគន់​ អ្នក​គ្រប់គ្រង​ ព្រលាន​យន្តហោះ ​នៅ​សៀមរាប​ ថា​, មិន​មាន​ឆន្ទៈ​ ដោះស្រាយ ​វិវាទ


តវ៉ា​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ៦២០
ក្រុម​កម្មករ ​ធ្វើ​កូដកម្ម នៅ​ម្ខាង​ផ្លូវ​ ទល់​មុខ ​ខ្លោងទ្វារ ​ចូល​ទៅ​ព្រលាន ​យន្ត​ហោះ ​អន្តរជាតិ ​ខេត្ត ​សៀមរាប នៅ​ថ្ងៃ​ ទី២៣ វិច្ឆិកា ២០១៤។ RFA/Hang Savyouth  

អាជ្ញាធរ​ ខេត្ត​សៀមរាប និង​អ្នក​គ្រប់គ្រង ​ក្រុមហ៊ុន​ អាកាសយានដ្ឋាន ​អន្តរជាតិ (ខេមស៍, CAMS) បាន​ព្យាយាម​ ជួប​ សម្រប​សម្រួល​ ជាមួយ​ ក្រុម​បុគ្គលិក​ ពីរ​បី​ថ្ងៃ​ មក​នេះ ដើម្បី​ ឲ្យ​បញ្ឈប់​ ការ​ធ្វើ​កូដកម្ម​ ប្រឆាំង​អ្នក​គ្រប់គ្រង​ ត​ទៅ​ទៀត។

ក៏ប៉ុន្តែ ក្រុម ​អ្នក​ធ្វើ​កូដកម្ម ​រិះគន់ ថា, ការ​ជួប​ ចរចា​គ្នា​ ជាច្រើន​លើក ​មក​នោះ មិន​បង្ហាញ ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ ដែល​អាច ​ឲ្យ​ពួក​គេ​ ទទួល​យក​បាន​ ផល​ប្រយោជន៍ ​នៅ​ឡើយ​ទេ។

ក្រុម​បុគ្គលិក ​កម្មករ​ ជាង១០០​នាក់​ នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ខាង​មុខ​ខ្លោងទ្វារ​ច្រក​ចូល​រយៈពេល ៤​ថ្ងៃ​មក​ហើយ រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​វិច្ឆិកា។

ពួក​គេ​ព្រមាន​ថា ប្រសិន​បើ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ ខេមស៍ មិន​ព្រម​ទទួល​យក​ការ​ទាមទារ​របស់​កម្មករ​ដោយ​មាន​លក្ខខណ្ឌ​ជា​លាយលក្ខណ៍​ អក្សរ​ទេ គឺ​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​មិន​បញ្ឈប់​ឡើយ។

ក្រុម​បុគ្គលិក​កម្មករ​នៃ​ព្រលាន​យន្តហោះ​ជាង ១០០​នាក់ បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​តាំង​តែ​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដោយ​គេ​ចោទ​ប្រកាន់​អ្នក​គ្រប់គ្រង​ជនជាតិ​បារាំង ថា​បាន​រំលោភ​លើ​សិទ្ធិ​ការងារ​លើ​កម្មករ​ខ្មែរ​ជាច្រើន​ចំណុច។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា បន្ទាប់​ពី​កូដកម្ម​ផ្ទុះ​ឡើង អាជ្ញាធរ​ខេត្ត​សៀមរាប និង​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ បាន​ជួប​ជជែក​ជាមួយ​តំណាង​កម្មករ ព្រម​ទាំង​ស្នើសុំ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម ក៏ប៉ុន្តែ​ក្រុម​កម្មករ​បាន​ទាត់​ចោល​ការ​ស្នើសុំ​នោះ។

តំណាង​កម្មករ​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ម្នាក់​ក្នុង​ចំណោម​តំណាង​កម្មករ ៦​នាក់​ផ្សេង​ទៀត​ដែល​ចូលរួម​ចរចា គឺ​លោក សួន ចំណាន។ លោក​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពេល​ជួប​ចរចា​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា កន្លង​ទៅ អភិបាល​ខេត្ត​សៀមរាប បាន​ស្នើ​ឲ្យ​ក្រុម​បុគ្គលិក​នៃ​ព្រលាន​យន្តហោះ ឈប់​ធ្វើ​កូដកម្ម​ត​ទៅ​ទៀត ពីព្រោះ​អាជ្ញាធរ​ខេត្ត​មិន​ចង់​ឲ្យ​លេច​ឮ​បញ្ហា​នៅ​តាម​ប្រព័ន្ធ​ ផ្សព្វផ្សាយ​ទេ។ តំណាង​កម្មករ​ដដែល​បញ្ជាក់​ថា ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​នោះ គឺ​អាជ្ញាធរ​ខេត្ត និង​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន សន្យា​ថា​នឹង​ទទួល​យក​ការ​ទាមទារ​របស់​ក្រុម​បុគ្គលិក​កម្មករ​ដែល​ចង់​បាន ក៏ប៉ុន្តែ​កម្មករ​នៅ​តែ​មិន​សុខ​ចិត្ត​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ឡើយ ដោយសារ​តែ​ការ​សន្យា​របស់​អ្នក​គ្រប់គ្រង​មិន​មាន​លាយលក្ខណ៍​អក្សរ។

តំណាង​កម្មករ​ដដែល​បញ្ជាក់​ថា នៅ​ពេល​ដែល​រូប​គាត់ និង​តំណាង​ទាំងអស់ បញ្ចប់​ការ​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ គឺ​ក្រុម​កម្មករ​មិន​យល់​ព្រម​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​តាម​ការ​ស្នើសុំ​ របស់​អាជ្ញាធរ​នោះ​ទេ ពីព្រោះ​ការ​សន្យា​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​អាជ្ញាធរ​នោះ មិន​មាន​កំណត់​ហេតុ​ជា​លាយលក្ខណ៍​អក្សរ។

បុគ្គលិក និង​កម្មករ​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប បញ្ជាក់​ឲ្យ​ដឹង​ពី​បំណង​របស់​ពួក​គេ ដែល​មិន​ព្រម​បញ្ឈប់​ធ្វើ​កូដកម្ម​នោះ​ប្រហាក់​ប្រហែល​គ្នា។

កញ្ញា ប៉ុល មក៌ត គឺ​ជា​អ្នក​ដែល​ចូលរួម​ធ្វើ​កូដកម្ម​នោះ មាន​ប្រសាសន៍​ថា នាង​មិន​អាច​ជឿ​ជាក់​លើ​ការ​សន្យា​របស់​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ អាកាសយានដ្ឋាន ដែល​និយាយ​ផ្ទាល់​មាត់​ដោយ​គ្មាន​លាយលក្ខណ៍​អក្សរ​នោះ​ឡើយ ពីព្រោះ​ជាច្រើន​លើក​មក​ហើយ ខាង​ក្រុមហ៊ុន​តែង​ប្រើ​វិធីសាស្ត្រ​នេះ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មិន​មាន​លទ្ធផល​អ្វី​ទេ។ កញ្ញា ប៉ុល មក៌ត មាន​ប្រសាសន៍​ទៀត​ថា ក្រុម​បុគ្គលិក​កម្មករ​កំពុង​ទាមទារ​ឲ្យ​ក្រុមហ៊ុន ទទួល​យក​សំណើ​ចំនួន ៧​ចំណុច ហើយ​បើ​ក្រុមហ៊ុន​ពិត​ជា​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​ផល​ប្រយោជន៍​កម្មករ​មែន មិន​ចាំបាច់​ដល់​ទៅ​ទទួល​យក​ការ​ទាមទារ​គ្រប់​ចំណុច​ទាំងអស់​ឡើយ គឺ​គ្រាន់​តែ​ទទួល​យក ពីរ​បី​មក​ដោះស្រាយ​មុន ក៏​កម្មករ​សុខ​ចិត្ត​ដែរ។
ចាប់​តាំង​តែ​ពី​ចុង​ឆ្នាំ​២០១៣ មក ទំនាស់​រវាង​បុគ្គលិក​កម្មករ​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ជាមួយ​និង​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន បាន​កើត​ឡើង។ កាល​ណោះ ក្រុម​បុគ្គលិក​កម្មករ បាន​ទាមទារ​ឲ្យ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ ដែល​ជា​ជនជាតិ​បារាំង គោរព​តាម​លក្ខខណ្ឌ ៧​ចំណុច ដូចជា​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ជួល​បុគ្គលិក​ពី​ខាង​ក្រៅ​មក​ធ្វើ​ការ ឲ្យ​ក្រុមហ៊ុន​ពិនិត្យ​មើល​ឡើង​វិញ​លើ​ប្រាក់​បៀវត្ស​របស់​បុគ្គលិក​ផ្នែក​ បើកបរ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​បើក​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​អាហារ​ផ្សេង​ពី​ ប្រាក់​ខែ​ជៀសវាង​រដ្ឋ​កាត់​យក​ពន្ធ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក​ម្នាក់​ឈ្មោះ និន កុសល មក​ត្រឡប់​ចូល​ធ្វើ​ការ​វិញ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដក​អ្នក​គ្រប់គ្រង​ជនជាតិ​ខ្មែរ ពីរ​នាក់ ចេញ​ពី​តំណែង និង​ឲ្យ​ក្រុមហ៊ុន​បញ្ចប់​ពហុ​ជំនាញ ដោយ​ប្រើ​បុគ្គលិក​ម្នាក់​ឲ្យ​ធ្វើ​ការងារ​ច្រើន​មុខ ជាដើម។

ទោះ​យ៉ាង​ណា អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ ខេមស៍ នៅ​តែ​ព្យាយាម​ច្រាន​ចោល​ការ​សុំ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ។

អគ្គលេខាធិការ​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ ដែល​តែង​ចូលរួម​ការ​សម្រប​សម្រួល​គ្នា​ជាមួយ​កម្មករ លោក ហ្វ្រង់ស្វ័រ (Frangios) បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​យ៉ាង​ណា​ឡើយ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​ទៅ​នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​វិញ៖ «សូម​កុំ​ ទូរស័ព្ទ​មក​លេខ​នេះ ខ្ញុំ​នឹង​ឲ្យ​លេខ​ទូរស័ព្ទ​ផ្សេង​ទៀត ដែល​លោក​អាច​សាកសួរ​បាន។ លោក​អាច​ទូរស័ព្ទ​ទៅ​នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ។»

ចំណែក​អ្នក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​ អន្តរជាតិ លោក ផន ដា មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​អំពី​បញ្ហា​នៅ​ខេត្ត​សៀមរាប ទេ ពីព្រោះ​លោក​នៅ​ឯ​ទីក្រុង​ភ្នំពេញ។ លោក ផន ដា ជំរុញ​ឲ្យ​សួរ​រឿង​នេះ​ទៅ​អ្នក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​ក្នុង​ខេត្ត​ សៀមរាប វិញ។

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​កូដកម្ម​ដែល​នៅ​តែ​បន្ត​ដោយ​គ្មាន​ដំណោះស្រាយ​នោះ។

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​សៀមរាប ដែល​តាម​ឃ្លាំ​មើល​កូដកម្ម​របស់​បុគ្គលិក​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​ ខេត្ត​សៀមរាប គឺ​លោក សួស ណារិន មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​រឿង​នេះ​ឲ្យ​ចប់​បាន​ឆាប់​រហ័ស។ លោក​ថា ប្រសិន​បើ​ក្រុម​កម្មករ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​នោះ លោក​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​អាច​នឹង​កើត​ឡើង​ពេល​ណា​មួយ។

កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា មន្ត្រី​មក​ពី​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល អាជ្ញាធរ​ខេត្ត​សៀមរាប មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត និង​នាយក​ក្រុមហ៊ុន​អាកាសយានដ្ឋាន ព្រម​ទាំង​តំណាង​កម្មករ បាន​ជួប​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​គ្នា​សាជាថ្មី​ទៀត ក៏ប៉ុន្តែ​លទ្ធផល​នៃ​ដំណោះស្រាយ​យ៉ាង​ណា​នោះ គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ៕


No comments:

Post a Comment