អង្គការ ៤០ ស្នើឲ្យ តុលាការ អន្តរជាតិ អង្កេតបណ្ដឹង លើអ្នកកាន់អំណាច នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១៦ ធ្នូ ២០១៤
ចំនួន អ្នករងគ្រោះ មានច្រើននាក់ ដោយសារ តែ គម្រោងអភិវឌ្ឍន៍ របស់ ឈ្មួញ និងអ្នកមានអំណាច ដែលស្និទ្ធ នឹងអ្នកដឹកនាំ ប្រទេសកម្ពុជា ល្បីល្បាញ លើពិភពលោក រហូត ដល់អង្គការ អន្តរជាតិ ជាច្រើន បានដាក់ ពាក្យបណ្ដឹង ទៅតុលាការ ឧក្រិដ្ឋកម្ម អន្តរជាតិ ថា, ត្រូវតែ បើកការ ស៊ើបអង្កេត រកមូលហេតុ ជាក់លាក់។
អង្គការ អន្តរជាតិ ចំនួន ៤០ បានចុះ ហត្ថលេខា និងបានផ្ញើ ទៅតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ដែលហៅកាត់ ថា អាយស៊ីស៊ី (ICC) កាលពីថ្ងៃសុក្រ ទី១២ ខែធ្នូ លើការ ស្នើសុំ ឲ្យតុលាការនេះ បើកការ ស៊ើបអង្កេត លើបណ្ដឹងនានា កាលពីខែ តុលា ឆ្នាំ២០១៤ ដែលចោទប្រកាន់ អ្នកកាន់អំណាច នៅប្រទេស កម្ពុជា អំពី បទឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ។
បណ្ដឹង របស់ មេធាវី ដែលមាន មូលដ្ឋាន នៅប្រទេស អង់គ្លេស លោក រីឆាដ រ៉ូជើរ (Richard Rogers) កាលពីថ្ងៃទី៧ តុលា បានដាក់ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ ដោយអះអាងថា រាជរដ្ឋាភិបាលកម្ពុជា និងក្រុមបក្សពួករបស់ខ្លួននៅក្នុងវិស័យឯកជនដែលទទួលបានគម្រោង អភិវឌ្ឍន៍ជាច្រើននៅកម្ពុជា បានវិនិយោគដោយបានបណ្ដេញចេញប្រជាពលរដ្ឋ ប្រមាណជិត ៨សែននាក់ចេញពីផ្ទះសម្បែងនៅក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ។
គម្រោងអភិវឌ្ឍន៍ទាំងនោះ ភាគច្រើនបានរំលោភយកដីប្រជាពលរដ្ឋ ឃាតកម្ម និងការសម្លាប់ដោយចេតនា ដើម្បីរក្សាផលប្រយោជន៍ផ្ទាល់ខ្លួននិងរក្សាអំណាច។
លិខិតរួមគ្នារបស់អង្គការអន្តរជាតិនោះ បានសរសេរថា ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិបើកការស៊ើបអង្កេតមែននោះ វាគឺជាគំរូដ៏ល្អបំផុតមួយសម្រាប់ពិភពលោក ដែលគម្រោងអភិវឌ្ឍន៍របស់ខ្លួនត្រូវជៀសវាងមិនឲ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋ។
អង្គការអន្តរជាតិទាំងនោះ បានរកឃើញថា ប្រទេសណាក៏ដោយត្រូវតែយកច្បាប់ព្រហ្មទណ្ឌអន្តរជាតិមកប្រើនៅ ពេលដែលប្រទេសនោះមានការរំលោភដីធ្លីរាលដាលជាប្រព័ន្ធដែលកើតឡើង នៅទូទាំងប្រទេស ហើយមានកម្រិតធ្ងន់ធ្ងរនោះ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការ សិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា នេះជាការដាក់សម្ពាធមួយទៅរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវតែពិនិត្យឡើងវិញរាល់គម្រោងអភិវឌ្ឍន៍របស់ខ្លួន ដែលបណ្ដាលឲ្យអ្នករងគ្រោះជាច្រើនម៉ឺននាក់។ ម៉្យាងវិញទៀត អ្នករងគ្រោះពីការបណ្ដេញទាំងនោះ ត្រូវអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ នៅពេលដែលពួកគាត់ចេញមុខតវ៉ាទាមទាដីធ្លីរបស់គាត់មកវិញ។ ម៉្យាងវិញទៀត លោកបញ្ជាក់ថា រដ្ឋាភិបាលគួរតែបញ្ឍប់ និងឆាប់ដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋរងគ្រោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលដើម្បីសុំការបំភ្លឺអំពីបញ្ហានេះ បានទេ នៅថ្ងៃទី១៥ ធ្នូ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់សមាគមអាដហុក (Adhoc) ស្ដីពីស្ថានភាពដីធ្លីប្រចាំឆ្នាំ២០១៤ បានបង្ហាញថា គិតត្រឹមឆ្នាំ២០១២ រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាង ២.៦លានហិកតារ (២.៦៥៧.៤៧០) ដល់ក្រុមហ៊ុនឯកជន។ ប៉ុន្តែការផ្ដល់សម្បទានសេដ្ឋកិច្ចបង្កឲ្យមានជម្លោះដីធ្លី និងចាប់ចងប្រជាពលរដ្ឋដាក់នៅក្នុងពន្ធនាគារជាបន្តបន្ទាប់ ក្នុងនោះចាប់តាំងពីឆ្នាំ២០០០ មកដល់ឆ្នាំ២០១៣ មានប្រជាពលរដ្ឋជិត ៨សែននាក់ ឬស្មើនឹង ៦% នៃចំនួនប្រជាជនសរុប ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការទន្ទ្រានដីធ្លីពីឈ្មួញ និងមន្ត្រីមានអំណាច។
ម៉្យាងវិញទៀត ក្រៅពីឈ្មួញដែលស្និទ្ធនឹងអ្នកដឹកនាំប្រទេសដែលមានដីច្រើន រហូតដល់រាប់ពាន់ហិកតារ ប៉ុន្តែអ្នកមានឋានៈខ្ពស់នៅជូររដ្ឋាភិបាលកម្ពុជាវិញ ក៏មានដីច្រើនពាន់ហិកតារដែរ។
ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា បានរកឃើញថា អ្នកមានអំណាចដោយរាប់ទាំងពីអ្នកមានងារជាឧត្ដមសេនីយ៍ សមាជិកសភា ព្រឹទ្ធសភា និងងារជាឯកឧត្ដម គ្រប់គ្រងដីបង្កបង្កើនផលប្រមាណ ៨០% នៃផ្ទៃដីសរុបនៅប្រទេសកម្ពុជា។ ក្រុមអ្នកដែលមានងារទាំងអស់នេះ មានដីយ៉ាងហោចណាស់ ៥០០ហិកតារ៕
The sooner the world can get rid of Hun Sen and his cronies, the better!!!
ReplyDeleteBravo the NGOs, Bravo ICC!!!