អាដហុក ព្រមាន លែងសហការ ជាមួយ អាជ្ញាធរ ខេត្ត ពោធិ៍សាត់ រឿងដោះស្រាយ ជម្លោះដី
RFA / វិទ្យុ អាស៊ី សេរី | ១០ ធ្នូ ២០១៤
មន្ត្រី សមាគម អាដហុក (Adhoc) ព្រមាន បោះបង់ កិច្ចសហការ ជាមួយ អាជ្ញាធរ ខេត្ត ពោធិ៍សាត់ ក្នុងសកម្មភាព ចុះស្រាវជ្រាវ និងដោះស្រាយ រឿងដីធ្លី របស់ ប្រជាពលរដ្ឋ នៅភូមិ សង្គមថ្មី នៃឃុំថ្មដា ចំនួន ២១គ្រួសារ។
ការព្រមាននេះ គឺ បន្ទាប់ ពីមាន ប្រតិកម្ម របស់ ប្រជាពលរដ្ឋ ចំពោះ អាជ្ញាធរ លើទម្រង់ ចុះស្រង់ព័ត៌មាន លម្អិត ទៅលើពលរដ្ឋ ទាំង២១ គ្រួសារ ដែលមានបំណង រៀបចំ ដីសម្បទាន សង្គមកិច្ច ឲ្យប្រជាពលរដ្ឋ ដោយមិន ស៊ើបអង្កេត ឬដោះស្រាយ រឿងដីធ្លី របស់ ពួកគាត់ ដែលធ្លាប់ រស់នៅ និងកាន់កាប់ ស្របច្បាប់ តាំងពីយូរ មកហើយនោះ។
មន្ត្រីគម្រោងកម្មវិធីដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក (Adhoc) លោក យី សុខសាន្ដ ថ្លែងរិះគន់អាជ្ញាធរថា សង្គមស៊ីវិលមិនគាំទ្ររាល់សកម្មភាពបង្ខំឲ្យពលរដ្ឋទទួលយកគោល នយោបាយដីសម្បទានសង្គមកិច្ចឡើយ ពីព្រោះពលរដ្ឋទាំងនោះសុទ្ធតែបានរស់នៅភូមិសង្គមថ្មី និងកាន់កាប់ដីធ្លីតាំងពីឆ្នាំ១៩៩៩ និងឆ្នាំ២០០០ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ និងភូមិបាលស្រុកផង។
លោកបន្តថា ក្រុមពលរដ្ឋបដិសេធមិនផ្ដិតមេដៃលើសលាកបត្រព័ត៌មានផ្ដល់ដោយ អាជ្ញាធរខេត្ត ដោយឃើញនៅចុងទំព័របញ្ជាក់ថា សលាកបត្រនេះ គឺជាឯកសារសម្រាប់ពិនិត្យដោះស្រាយគោលនយោបាយដីសម្បទានសង្គមកិច្ច។ សង្គមស៊ីវិល នឹងសុំដកខ្លួនចេញពីក្រុមការងារដែលបង្កើតដោយអាជ្ញាធរខេត្ត ប្រសិនបើពិនិត្យឃើញការដោះស្រាយមានភាពអយុត្តិធម៌ ឬគាបសង្កត់លើពលរដ្ឋ៖ «រដ្ឋាភិបាល ឬក្រុមហ៊ុនឯកជននៅពេលចង់បានដីប្រជាពលរដ្ឋ តែងតែស្រែកចោទប្រកាន់ពលរដ្ឋរស់នៅអនាធិបតេយ្យលើដីរដ្ឋ។ វាមិនខុសអីអ្នកចង់ស៊ីឆ្កែ ហើយស្រែកថាឆ្កែនោះឆ្កួតទេ!»
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ អាជ្ញាធរបានដាក់កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ចុះរុះរើផ្ទះសម្បែង និងខ្ទមរបស់ពលរដ្ឋចំនួន ១២ខ្នង នៅចំណុចអូរដើមគ និងផ្លូវកណ្ដាល នៃភូមិសង្គមថ្មី ដោយចោទថា ក្រុមពលរដ្ឋរស់នៅអនាធិបតេយ្យលើដីរដ្ឋ។ បន្ទាប់ពីហេតុការណ៍នេះ មានតំណាងពលរដ្ឋជាង ១០នាក់ នាំគ្នាតវ៉ាដោយដើរថ្មើរជើងតាមបណ្ដោយផ្លូវជាតិលេខ៥ ពីទីរួមខេត្តពោធិ៍សាត់ ទៅរាជធានីភ្នំពេញ ក្នុងគោលបំណងសុំអន្តរាគមន៍បន្ទាន់មួយពីតំណាងរាស្ត្រ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួកគាត់ទាំងនោះដើរបានជិត ១០គីឡូម៉ែត្រ អាជ្ញាធរក៏ចេញមកសម្របសម្រួលឲ្យត្រឡប់ទៅផ្ទះវិញ។
បន្ទាប់ពីមានការតវ៉ានេះ អាជ្ញាធរខេត្តពោធិ៍សាត់ បានកោះហៅតំណាងសង្គមស៊ីវិលទៅពិភាក្សា និងបង្កើតក្រុមការងារមួយ ដើម្បីចុះធ្វើបច្ចុប្បន្នភាព ឬប្រមូលព័ត៌មានលម្អិតពីប្រជាពលរដ្ឋទាំង ២១គ្រួសារ ប៉ុន្តែនៅពេលចុះអនុវត្តការងារជាក់ស្ដែងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ត្រូវពលរដ្ឋប្រតិកម្មនឹងអាជ្ញាធររឿងសលាកបត្រព័ត៌មាន។ ចំណុចដែលកំពុងចម្រូងចម្រាស គឺអាជ្ញាធរចោទពលរដ្ឋថារស់នៅលើដីរដ្ឋខុសច្បាប់ មិនអាចដោះស្រាយ ឬចូលទៅរស់នៅកន្លែងនោះវិញទេ ប៉ុន្តែពលរដ្ឋទាមទារឲ្យមានការដោះស្រាយតាមរូបមន្តស្បែកខ្លារបស់ លោក ហ៊ុន សែន លើដីនោះ ដោយសម្អាងថា ពលរដ្ឋធ្លាប់រស់នៅយូរហើយ។
អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់ លោក កើត ឆែ បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីច្រើនឡើយ ដោយលោកជំរុញឲ្យទៅសួរ លោក ចាន់ សុវ៉េត ពីព្រោះសលាកបត្រព័ត៌មាននេះ គឺមានការឯកភាពពី លោក ចាន់ សុវ៉េត ដែលជាតំណាងសង្គមស៊ីវិល។ កន្លងទៅ លោក កើត ឆែ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមពលរដ្ឋទាំងនោះបានចូលកាប់រុករានដីព្រៃរបស់រដ្ឋក្រោយ បទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ហើយអាជ្ញាធរក៏កំពុងមានវិធានការចំពោះអតីតមេឃុំថ្មដា លោក ប៉ុល ស៊ុន ដែលចេះតែចេញពាក្យស្នើសុំកាន់កាប់ដីធ្លីមិនត្រឹមត្រូវនៅតំបន់ នោះ៖ «ដីហ្នឹងទោះបីនៅកន្លែងណាក៏ដោយជាដីរបស់រដ្ឋ ចង់បានកម្មសិទ្ធិក្រោយបទបញ្ជាលេខ០១ ត្រូវធ្វើសម្បទានសង្គមកិច្ច គ្មានច្រកណាក្រៅពីហ្នឹងទេ ច្បាប់ភូមិបាលគេនិយាយអ៊ីចឹង។»
អនុប្រធានកម្មវិធីដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក (Adhoc) លោក ចាន់ សុវ៉េត ពន្យល់ថា ចំពោះទម្រង់សលាកបត្រព័ត៌មាន គឺជានីតិវិធីផ្លូវច្បាប់មួយ ដើម្បីដោះស្រាយបញ្ហាដីធ្លីនេះ ប៉ុន្តែពលរដ្ឋជំទាស់ត្រង់ថា គាត់មានដីស្រាប់ ចាំបាច់អ្វីត្រូវធ្វើគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច។ លោកថា អាជ្ញាធរបើអាចលុបចោលនូវចំណុចនេះក៏ល្អដែរ ហើយផ្ដោតលើការពិភាក្សា និងមានឆន្ទៈពិតប្រាកដ ដើម្បីដោះស្រាយរឿងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់។ ពលរដ្ឋភាគច្រើនក្នុងចំណោម ២១គ្រួសារ កំពុងស្នាក់នៅក្នុងវត្តថ្មដា ស្រុកវាលវែង ដើម្បីរង់ចាំដំណោះស្រាយពីអាជ្ញាធរ៕
No comments:
Post a Comment