Paris Peace Accords 23 Oct. 1991

Monday, December 8, 2014

បទ​វិភាគ៖ តើ លោក ហ៊ុន សែន អាច​បំបែក​ សម្ពន្ធភាព បក្ស​ប្រឆាំង​ បាន​ដែរ​ ឬ​ទេ? Analysis: Is Hun Sen able to break the partnership of opposition party?

បទ​វិភាគ៖ តើ លោក ហ៊ុន សែន អាច​បំបែក​ សម្ពន្ធភាព បក្ស​ប្រឆាំង​ បាន​ដែរ​ ឬ​ទេ?

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ ធ្នូ ២០១៤

សម រង្ស៊ី កឹម សុខា ហ៊ុន សែន ៦១០
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ ជាមួយ​ លោក ហ៊ុន សែន ក្រោយ​ចេញ​ ពី​ជំនួប​ ប្រជុំ​កំពូល ​កាល​ពី​ថ្ងៃ​ ទី​២២ កក្កដា ២០១៤ នា​វិមាន ​ព្រឹទ្ធ​សភា។  RFA/Tin Zakariya
គណបក្ស ​ប្រជាជន ​កម្ពុជា បាន​កាន់អំណាច​ ជាង៣០​ឆ្នាំ​ មក​ហើយ ដោយសារ​តែ​ យុទ្ធសាស្ត្រ​ ឈ្នះ-​ឈ្នះ ​របស់​ គណបក្ស​នេះ, ពិសេស ​គឺ​ មក​ពី​ការ​រៀបចំ​ យុទ្ធសាស្ត្រ ​នយោបាយ ​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​គណបក្ស​ របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន។  លោក ហ៊ុន សែន បាន​ប្រើ​ យុទ្ធសាស្ត្រ​ សព្វ​បែប​យ៉ាង​ ដើម្បី​ យក​ឈ្នះ ​លើ​គូប្រកួត។   ទោះបី ជា​ចាញ់​ឆ្នោត ​ក៏​ឈ្នះ, ឈ្នះ​ឆ្នោត​ ក៏​ឈ្នះ។   ម្យ៉ាងទៀត​ គណបក្ស​ ប្រជាជន​កម្ពុជា ក៏​អាច​ប្រើ ​យុទ្ធសាស្ត្រ ​បំបែកបំបាក់ ​គូប្រកួត​ ដែរ​ ដើម្បី​ សម្រេច​គោលបំណង​ របស់​ខ្លួន។

ងាក​មក ​បរិបទ ​នយោបាយ​ ក្នុង​ការ​បោះឆ្នោត​ នីតិកាល​ ទី៥ នេះ​វិញ, មេ​បក្ស​ប្រឆាំង​ ទាំង​ពីរ​ បាន​ទម្លាក់​ចោល​ ការ​ខុស​គ្នា, រួច​ងាក​មក ​ប្រកៀក​ស្មា​គ្នា​ យ៉ាង​រឹងមាំ​ ដើម្បី ​ប្រកួតប្រជែង​ ជាមួយ​ គណបក្ស ​ប្រជាជន​ កម្ពុជា។  តែ​ យ៉ាង​នេះ​ក្ដី, តើ​ គណបក្ស​ សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ ពី​សម្ពន្ធភាព រ​វាង​ គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​ សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា នោះ អាច​ប្រឈមមុខ ​នឹង​ការ​បំបែក ​បំបាក់​ របស់​លោក ហ៊ុន សែន ទៀត ឬ​យ៉ាង​ណា?

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្លាប់​ជា​គូបដិបក្ខ​ ដ៏​ធំ​មួយ​ នៅ​ក្នុង​ការ ​ប្រកួតប្រជែង​ នយោបាយ​ កន្លង​មក។  អ្នក​ទាំង​ពីរ ​តែងតែ ​វាយ​ប្រហារ ​ឆ្លើយឆ្លង​ ពាក្យ​សម្ដី​ រិះគន់​គ្នា ​ទៅ​វិញ​ ទៅ​មក ដែល​គេ​ឯង​ តែង​មើល​ឃើញ​ ថា, លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដូច​ទឹក​ និង​ប្រេង, មិន​អាច ​រលាយ​ចូល​គ្នា​ បាន​សោះ។  ក៏ប៉ុន្តែ​ នរណា ​ទៅ​ស្មាន​ដល់ ​ថា, ឥឡូវ​ ទឹក ​និង​ប្រេង​នេះ ចាប់​ផ្ដើម ​រលាយ​ចូល​គ្នា​ បណ្តើរៗ​ហើយ។

ភាសា ​រួម​មួយ ​ដែល​អ្នក​ទាំង​ពីរ​ លើក​យក​មក ​និយាយ​ប្រាប់​ ពលរដ្ឋ​ នៅ​ពេល​នេះ គឺ​ វប្បធម៌ ​សន្ទនា​គ្នា។  តើ​ នេះ​ ជា​វប្បធម៌​ថ្មី​ បើក ​ឲ្យមាន ​ការ​សន្ទនា ​រវាង ​គណបក្ស​ នយោបាយ ឬ​ក៏​យុទ្ធសាស្ត្រ​ ចាស់ ​ផ្លាស់​ឈ្មោះ​ថ្មី ដើម្បី​ អូស​ទាញ​លោក សម រង្ស៊ី, ហើយ​ បំបែកបំបាក់​ លោក កឹម សុខា?

នរណា ​ក៏​មើល​ឃើញ​ ថា, សម្ពន្ធភាព​ ដ៏​រឹងមាំ​ មុន​ការ​បោះឆ្នោត​ រវាង ​លោក សម រង្ស៊ី និង​លោក កឹម សុខា ហៀប​តែ ​នឹង​ផ្ដួល​ គណបក្ស ​ប្រជាជន​ កម្ពុជា របស់​លោក ហ៊ុន សែន បាន​ទៅ​ហើយ បើ​ តាម​លទ្ធផល ​នៃ​ការ​បោះឆ្នោត ចុង​ក្រោយ ​កាល​ពី​ថ្ងៃ ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ។  កាល​នោះ​ មេដឹកនាំ​ គណបក្ស​នេះ​ បាន​លើក​ ជា​ទ្រឹស្ដី ​នៅ​ពេល​ ឃោសនា​ បោះ​ឆ្នោត​ ថា, សមាជិក ​គណបក្ស​ខ្លួន​ ទិញ​ ក៏​មិន​លក់​, សម្លុត ក៏​មិន​ខ្លាច។  ការ​ថ្លែង​ របស់ ​មេដឹកនាំ​ គណបក្ស​ ប្រឆាំង​នេះ ហាក់​ដូច​ ជា​មាន​ជំនឿ​ យ៉ាង​មុតមាំ​ ថា, សមាជិក ​របស់​ខ្លួន​ នឹង​មិន​លក់​ខ្លួន ​ឲ្យ​គណបក្ស ​គូប្រកួត​ឡើយ។

គណបក្ស ​ប្រជាជន ​កម្ពុជា ហាក់​ដឹង​ យ៉ាង​ច្បាស់ ​ថា, យុទ្ធសាស្ត្រ​ សម្លុត ឬ​ការ​ទិញ​ ទឹក​ចិត្ត​ សមាជិក ​គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​រត់​ ចុះ​ចូល​ ដូច​ដែល​ខ្លួន ​ធ្លាប់​បាន​ ជោគជ័យ​ កាល​ពី​មុន ឆក់​យក​ សមាជិក​ គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី នោះ លែង​ទទួល​បាន ​ជោគជ័យ​ហើយ។  សមាជិក​ គណបក្ស​ ប្រឆាំង​​ ដឹង​ច្បាស់​ ថា, គណបក្ស​ ប្រជាជន ​កម្ពុជា កំពុង​ធ្លាក់​ចុះ​ ប្រជាប្រិយភាព ​ពី​ម្ចាស់​ឆ្នោត​ ដោយសារ ​ការ​ដឹកនាំ​ របស់​ រដ្ឋាភិបាល ​ធ្វើ​ឲ្យ​មាន​ បញ្ហា​ ជា​ច្រើន ដូចជា បញ្ហា​ទំនាស់ ដីធ្លី, ភាព​ អយុត្តិធម៌ ​នៅ​ក្នុង​សង្គម, ពោល ​គឺ ​តុលាការ​ មិន​ឯករាជ្យ, រដ្ឋាភិបាល ​ខ្វះ​សមត្ថភាព ​ក្នុង​ការ​បញ្ចប់ និទ្ទណ្ឌភាព ឬ​ភាព​ គ្មាន​ទោសពៃរ៍, គម្លាត ​រវាង ​អ្នក​មាន​ និង​អ្នក​ក្រ​ កាន់​តែ​ ច្រើន។ល។

ងាក​មក​មើល​ ការវិវឌ្ឍន៍​ នយោបាយ ​ចុង​ក្រោយ ​នេះ​វិញ, លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដូរ​ យុទ្ធសាស្ត្រ​ នយោបាយ ​ថ្មី​មួយ​ទៀត ដោយ​លោក ​ហាក់​ដូច ជា​បង្ហាញ​ ថា, លោក ​ទោរទន់​ ទៅ​តាម​ មេដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ ពិសេស​ លោក សម រង្ស៊ី ដូចជា ​ព្រម​បង្កើត​ គណៈកម្មាធិការ ​ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.) ថ្មី, ព្រម​ផ្ដល់​ អាជ្ញាប័ណ្ណ ​វិទ្យុ និងទូរទស្សន៍, ពិសេស ​ព្រម​ធ្វើ វិសោធនកម្ម​ បទបញ្ជា​ផ្ទៃក្នុង ​រដ្ឋ​សភា​ ប្រកា ៤៨​ថ្មី ដោយ​រៀបចំ​ ឲ្យ​មាន ​ថ្នាក់ដឹកនាំ​ តំណាងរាស្ត្រ ​ដែល​មាន​ អាសនៈ​ នៅ​ក្នុង​សភា និង​ព្រម​ រៀបចំ ​ឲ្យ​មាន ​ប្រធាន​ ក្រុម​ភាគ​តិច ​នៅ​រដ្ឋសភា ដែល​មាន​ឋានៈ ​ស្មើ​នាយករដ្ឋមន្ត្រី ដើម្បី​ ជា​គូសន្ទនា​ ជាមួយ ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន, ហើយ​ លោក សម រង្ស៊ី នឹង​ក្លាយ​ ជា​ប្រធាន ​ក្រុម​ភាគ​តិច​នេះ។

ការ​បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ក្នុង​សភា​នេះ តាម​មើល​ទៅ​អាច​ថា ជា​ការ​បន្សាប​ឥទ្ធិពល​លោក កឹម សុខា ដែល​លោក​ជា​អនុ​ប្រធាន​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផង​នោះ។ តួនាទី​នេះ ហាក់​ដូចជា​ដើរ​ផ្ទុយ​ពី​របប​សភា​និយម ព្រោះ​ថា រដ្ឋធម្មនុញ្ញ​មាត្រា ៩៨ បាន​ចែង​យ៉ាង​ច្បាស់​ថា តំណាងរាស្ត្រ ៣០​រួប អាច​កោះហៅ​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​នានា​មក​សួរនាំ​ក្នុង​សភា​បាន​ទៅ​ហើយ ហេតុអ្វី​ចាំបាច់​មាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ​ទៀត?

ម្យ៉ាង​វិញ​ទៀត ការ​ចង់​បាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ ហាក់​បី​ដូចជា​លោក សម រង្ស៊ី សម្រេច​ចិត្ត​លឿន​បន្តិច។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ការ​ធ្វើ​បាតុកម្ម​ដ៏​ផុស​ផុល​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ​២០១៣ ក្រោយ​ពេល​បោះ​ឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា រាល់​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ទទួល​យក​ការ​ព្រមព្រៀង​ណា​មួយ ត្រូវ​ធ្វើ​សមាជ​សួរ​យោបល់​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​មុន​សិន។ តែ​ពេល​នេះ អ្វីៗ​ហាក់​ផ្ទុយ​ពី​កិច្ចសន្យា​ចំពោះ​មុខ​អ្នក​គាំទ្រ​នោះ។

ការ​ព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នេះ ហាក់​ដូចជា​ការ​សម្រេច​ទាន់ហន់​រហូត​ដល់​មាន​ដំណឹង​លេច​ឮ​ថា មិន​បាន​ពិភាក្សា​ជាមួយ​លោក កឹម សុខា ផង។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន មិន​ងាយ​យល់​ព្រម​ផ្ដល់​តួនាទី​ឲ្យ​បក្ស​ប្រឆាំង ឬ​ព្រមព្រៀង​ទៅ​លើ​ការ​ស្នើ​សុំ​ណា​មួយ​ងាយៗ​នោះ​ទេ ព្រោះ​ថា គណបក្ស​ប្រឆាំង​គឺ​ជា​គូប្រជែង​ស្លាប់​រស់​របស់​ខ្លួន។ ម្យ៉ាង​ទៀត នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គឺ​ជា​គូប្រកួត​ដ៏​ខ្លាំងក្លា​មួយ​នៅ​លើ​សង្វៀន​នយោបាយ​នៅ​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ។ ចុះ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចាប់​យក​លោក សម រង្ស៊ី ជា​គូសន្ទនា​នៅ​ពេល​នេះ?

បើសិនជា​មេដឹកនាំ​ទាំង​ពីរ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ និង​មាន​ឆន្ទៈ​ផ្សះផ្សា​ជាតិ​មែន មិន​មែន​លោក ហ៊ុន សែន បណ្ដែតបណ្ដោយ​ឲ្យ​កងកម្លាំង​បាញ់​ប្រហារ​កម្មករ​ស្លាប់​អស់​ជា​ច្រើន​នាក់​ នៅ​ពេល​បាតុកម្ម​នោះ​ទេ ហើយ​ក៏​មិន​ធ្វើការ​វាយ​ប្រហារ​លោក កឹម សុខា ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក សម រង្ស៊ី នោះ​ដែរ។

បរិបទ​នយោបាយ​នៅ​ពេល​នេះ ទិសដៅ​សំខាន់ តាម​មើល​ទៅ​លោក ហ៊ុន សែន ហាក់​ប្រើ​យុទ្ធសាស្ត្រ​បង្រួបបង្រួម បំបែកបំបាក់ បង្កើត​ថ្មី ក្នុង​ការ​បំបែកបំបាក់​សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដូច​ដែល​លោក​ធ្លាប់​ធ្វើ​បាន​ជោគជ័យ​កន្លង​មក។ ដូចជា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០០៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស សម រង្ស៊ី ដែល​មាន​លោក សម រង្ស៊ី ជា​ប្រធាន​នោះ គឺ​គណបក្ស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​សម្ពន្ធភាព​អ្នក​ ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០០៣ ដែល​គណបក្ស​ទាំង​ពីរ​បាន​ប្រឆាំង​ដាច់ខាត​បេក្ខជន​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដោយ​ចង់​ឲ្យ​លោក ជា ស៊ីម ឬ​លោក ស ខេង ជា​នាយកមន្ត្រី​វិញ។

ជា​រឿយៗ ពលរដ្ឋ​តែង​ឮ​ថា សម្ពន្ធភាព​រវាង​អ្នក​នយោបាយ​រឹងមាំ​ណាស់។ សម្ដេចក្រុមព្រះ និង​លោក សម រង្ស៊ី កាល​នោះ​​ប្រកាស​ថា សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​រឹង​មាំ គ្មាន​អ្នក​បំបែកបំបាក់​បាន​ឡើយ មិន​ខុស​ពី​អ្វី​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រកាស​នៅ​ពេល​ជា​ហូរហែ​មក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ងាយ​បែកបាក់​គ្នា​នោះ​ឡើយ។ ក៏ប៉ុន្តែ​នៅ​ទីបំផុត​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក សម រង្ស៊ី ដ៏​រឹងមាំ​នោះ មិន​យូរ​ប៉ុន្មាន​ផង​ក៏​ដាច់​សម្ព័ន្ធ​នេះ​ទៅ​វិញ។ ជា​ជម្រើស​ចុង​ក្រោយ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​រត់​ទៅ​ចាប់​លោក ហ៊ុន សែន ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​តួនាទី​ឲ្យ​សម្ដេចក្រុមព្រះ​ជា​ព្រះ​ប្រធាន​រដ្ឋ​សភា និង​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចូល​រួម​រដ្ឋាភិបាល​ចម្រុះ ដោយ​ទុក​ឲ្យ​លោក សម រង្ស៊ី ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​សភា​ដដែល។

យុទ្ធសាស្ត្រ​បង្រួបបង្រួម បំបែកបំបាក់ បង្កើត​ថ្មី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​កំពុង​លេង​ជា​បន្ត​បន្ទាប់។ បើ​យើង​ក្រឡេក​មើល​ថយ​ក្រោយ​វិញ​បន្តិច នៅ​ពេល​ស្ថានភាព​នយោបាយ​ជាប់​គាំង ជា​ញឹកញាប់​ក្នុង​ពេល​ចរចា លោក ហ៊ុន សែន តែងតែ​ជួប​ចរចា​តាម​ទូរស័ព្ទ និង​ជួប​ផ្ទាល់​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​លោក កឹម សុខា ទៅ​ទស្សនកិច្ច​នៅ​បរទេស។ ម្យ៉ាង​ទៀត លោក ហ៊ុន សែន ខ្លួន​ឯង​ក៏​ធ្លាប់​ថ្លែង​ជា​សាធារណៈ​ថា ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​មិន​បាន​កាល​នោះ គឺ​បណ្ដាល​មក​ពី​លោក កឹម សុខា។

រី​ឯ​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤ នៅ​ក្បែ​ទីលាន​ប្រជាធិបតេយ្យ​វិញ នៅ​មុន​ពេល​ជំនួប​ចរចា​កំពូល​ដែល​ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ នោះ តំណាងរាស្ត្រ​ទាំង ៧​រួប សុទ្ធតែ​មក​ពី​កូតា​គណបក្ស​សម រង្ស៊ី ទាំ​អស់។ កាល​ណោះ​លោក សម រង្ស៊ី កំពុង​តែ​នៅ​ក្រៅ​ប្រទេស។ ក្រោយ​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ លោក សម រង្ស៊ី ក៏​វិល​មក​កម្ពុជា​វិញ​ភ្លាមៗ នៅ​ពេល​នោះ លោក សម រង្ស៊ី ហាក់​ដឹង​ជា​មុន​អំពី​ការ​ចរចា និង​មាន​ការ​ដោះលែង​វិញ ព្រោះ​លោក សម រង្ស៊ី អះអាង​ភ្លាមៗ​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ នឹង​មាន​ការ​ដោះលែង​វិញ​មិន​ខាន។

ការ​អញ្ជើញ​មក​ដល់​ភ្នំពេញ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​រៀបចំ​ការ​ជួប​គ្នា​ចរចា​រក​ដំណោះស្រាយ​នយោបាយ​យ៉ាង​ឆាប់​រហ័ស​នៅ​ថ្ងៃ​ ទី​២២ កក្កដា។ គណបក្ស​ទាំង​ពីរ​ក៏​ឯកភាព​គ្នា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ហើយ​ក៏​មាន​ការ​ដោះលែង​តំណាងរាស្ត្រ​វិញ​នៅ​ថ្ងៃ​នោះ​ដែរ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ។

យ៉ាង​នេះ​ក្ដី សំណុំ​រឿង​ចាប់​ចង​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ តុលាការ​បាន​ចាប់​លោក មាជ សុវណ្ណារ៉ា វិញ​ម្ដង ដែល​លោក មាជ សុវណ្ណារ៉ា កូតា​ខាង​លោក កឹម សុខា ទោះ​ជា​លោក សម រង្ស៊ី ខំ​ស្វះស្វែង​អន្តរាគមន៍​សុំ​ឲ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​វិញ រហូត​ដល់​លោក សម រង្ស៊ី បាន​ជួប​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ក្ដី ក៏​មិន​ទាន់​មាន​តម្រុយ​ដោះលែង​វិញ​ដែរ។ បញ្ហា​នេះ តាម​មើល​ទៅ​លោក ហ៊ុន សែន អាច​ប្រើ​ល្បិច​ដើម្បី​ឲ្យ​សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា អាក់អន់ចិត្ត​គ្នា​បន្តិច​ម្ដងៗ​ក៏​ថា​បាន។

ក្រៅ​ពី​នេះ​ទៀត ចំពោះ​លោក កឹម សុខា វិញ នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន ហាក់​ចាប់​យក​លោក សម រង្ស៊ី ជា​គូសន្ទនា និង​ចាត់​ទុក​លោក កឹម សុខា​ជា​សត្រូវ​នយោបាយ​វិញ ឬ​យ៉ាង​ណា? ព្រោះ​ថា លោក ហ៊ុន សែន តែងតែ​ប្រកាស​ជា​សាធារណៈ​ព្រមាន​ដក​តំណែង​លោក កឹម សុខា ជា​អនុ​ប្រធាន​ទី​១​រដ្ឋសភា ព្រោះតែ​លោក កឹម សុខា តែងតែ​ធ្វើការ​រិះគន់​រដ្ឋាភិបាល​នៅ​ទី​សាធារណៈ​នោះ។ លោក ហ៊ុន សែន ចង់​ឲ្យ​មាន​វប្បធម៌​សន្ទនា​ជា​ធំ​វិញ ដែល​សភា​និង​ធ្វើ​សោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​សភា បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ។ ការ​ព្រមាន​នេះ ហាក់​ដូចជា​លោក ហ៊ុន សែន ចង់​បិទ​មាត់​លោក កឹម សុខា និង​បើក​ឱកាស​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​ដៃគូ​ក្នុង​ការ​សន្ទនា​ទាក់ទង​បញ្ហា​កំណែ​ទម្រង់​រដ្ឋាភិបាល។ នៅ​ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន ហាក់​ដូច​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​គ្រប​ដណ្ដប់​លើ​តំណាងរាស្ត្រ​ដែល​នៅ​ ក្នុង​រដ្ឋធម្មនុញ្ញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តំណាងរាស្ត្រ​មាន​ឯកសិទ្ធិ និង​មាន​សិទ្ធិ​បោះឆ្នោត​ទម្លាក់​នាយករដ្ឋមន្ត្រី​ផង​នោះ។

ចំពោះ​លោក កឹម សុខា វិញ ក៏​ធ្លាប់​ព្រមាន​ដើរ​ចេញ​ពី​សភា​វិញ​ដែរ បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​លើ​កិច្ចព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤។ បើសិនជា​លោក កឹម សុខា ដើរ​ចេញ​ពី​សភា​មែន ហើយ​តំណាងរាស្ត្រ​មួយ​ចំនួន​មិន​ដើរ​ចេញ​តាម​លោក​នោះ សម្ពន្ធភាព​រឹងមាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ប្រេះឆា​នៅ​ពេល​នោះ។

ក្រៅ​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​លោក កឹម សុខា ពិសេស​នឹង​មិន​អាច​ធ្វើ​ឲ្យ​លោក កឹម សុខា បំពេញ​តួនាទី​របស់​ខ្លួន​ជា​អនុប្រធាន​ទី​១​រដ្ឋ​សភា​បាន​ដោយ​សេរី​ក៏​ថា​ បាន នៅ​ពេល​ប្រធាន​ក្រុម​ភាគ​តិច​បង្កើត​ឡើង​នៅ​ក្នុង​សភា។ ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​នេះ​កំពុង​លេង​ល្បែង​បង្រួបបង្រួម បំបែក​បំបាក់ បង្កើត​ថ្មី មែន​នោះ លទ្ធផល​ឈ្នះ ឬ​ចាញ់ វា​អាស្រ័យ​ទៅ​លើ​ថា​តើ​សម្ពន្ធភាព​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ រឹងមាំ​យ៉ាង​ណា?



No comments:

Post a Comment