Paris Peace Accords 23 Oct. 1991

Tuesday, December 16, 2014

អាជ្ញាធរ​ បដិសេធ ​មិន​សហការ ស្វែងរក​ ក្រុម​ម៉ុងតាញ៉ា​ លាក់​ខ្លួន ​នៅ​ខេត្ត ​រតនគិរី | Authority refuses to cooperate to find Montagnards in Ratanakiri

អាជ្ញាធរ​ បដិសេធ ​មិន​សហការ ស្វែងរក​ ក្រុម​ម៉ុងតាញ៉ា​ លាក់​ខ្លួន ​នៅ​ខេត្ត ​រតនគិរី

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៦ ធ្នូ ២០១៤

​ម៉ុងតាញ៉ា លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី ៦២០
ជនជាតិ​ ម៉ុងតាញ៉ា ២នាក់ ក្នុង​ចំណោម ​១៣​នាក់ ដែល​កំពុង​ លាក់​ខ្លួន​ ក្នុង​ព្រៃ ខេត្ត ​រតនគិរី រូប​ថត​ ថ្ងៃ​ទី២៦ វិច្ឆិកា ២០១៤។  RFA/Ratha Visal

អាជ្ញាធរ ខេត្ត​ រតនគិរី យល់​ព្រម ​ជួប​ប្រជុំ ​ជាមួយ ក្រុម​ការងារ​ ឧត្ដមស្នងការ​ អង្គការ​ សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស (UNOHCHR) និង​ក្រុម​ការងារ​ ទទួល​បន្ទុក​ ជន​ភៀស​ខ្លួន (UNHCR) ជុំវិញ​សំណើ​ សង្គ្រោះ​ជន​ភៀស​ខ្លួន​ ម៉ុងតាញ៉ា-វៀតណាម ក្នុង​ព្រៃ។  ក៏ប៉ុន្តែ ​កិច្ច​ប្រជុំ​នោះ មិន​បាន​ លទ្ធផល​ទេ។


ជំនួប ​រវាង​ អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន និង​មន្ត្រី​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ ទាំង​ពីរ​ក្រុម​រយៈពេល​ជាង ១​ម៉ោង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៦ ធ្នូ មិន​មាន​លទ្ធផល​វិជ្ជមាន​ទាក់ទិន​សំណើ​សហការ​ចុះ​សង្គ្រោះ​ជន​ភៀស​ខ្លួន​ ម៉ុងតាញ៉ា ពី​កន្លែង​លាក់​ខ្លួន​ក្នុង​ព្រៃ​នោះ​ទេ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ចាត់​ទុក​ការ​មិន​សហការ​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​កតិកាសញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន។ ដោយ​ឡែក​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​នេះ អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ ទាំង​ពីរ​ក្រុម បំពេញ​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ជោគ​វាសនា​ជន​ភៀស​ខ្លួន​វៀតណាម ទាំង ១៣​នាក់។

ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក លោក នី ចរិយា ថ្លែង​ថា ទាំង​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​រតនគិរី ត្រូវ​តែ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ជា​សមាជិក​ប្រទេស​ ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន។ លោក​កត់​សម្គាល់​ថា ប្រទេស​កម្ពុជា ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ខុស​ច្បាប់ ប៉ុន្តែ​បែរ​ជា​គេចវេស​មិន​សហការ​ជាមួយ​អង្គការ​សហប្រជាជាតិ ជួយ​ជន​ភៀស​ខ្លួន​វៀតណាម ដែល​អះអាង​ថា​កំពុង​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​ពី​ការ​រត់​គេច​ខ្លួន ក្នុង​ហេតុផល​ផ្នែក​រង​ការ​គាប​សង្កត់ និង​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ៖ «ត្រង់​នេះ​ជា​ភស្តុតាង​ជាក់ស្តែង ​ហើយ ដែល​ថា​អាជ្ញាធរ​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា មិន​អនុវត្ត​ទៅ​តាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ជន​ភៀស​ខ្លួន។ ខ្ញុំ​គិត​ថា អ្វី​ដែល​អាជ្ញាធរ​កំពុង​ធ្វើ គឺ​បង្ហាញ​ឆន្ទៈ​ធ្វើ​ទុក្ខបុកម្នេញ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ដែល​គ្នា​រត់​មក​រក​ការ​ជ្រក​កោន​មួយ ដែល​គេច​ពី​ការ​ធ្វើ​ទុក្ខ​ពី​ប្រទេស​វៀតណាម។»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។ ក៏ប៉ុន្តែ​ប្រភព​ព័ត៌មាន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អភិបាល​ខេត្ត​ទាមទារ​ឲ្យ​មន្ត្រី​ការងារ​អង្គការ​សហប្រជាជាតិ រក​លិខិត​អនុញ្ញាត​ពី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទើប​អាជ្ញាធរ​ខេត្ត​យល់​ព្រម​សហការ។

ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ បាន​ចុះ​ទៅ​ខេត្ត​រតនគិរី លើក​ទី​២ កាល​ពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ដើម្បី​ស្វែងរក​ក្រុម​ម៉ុងតាញ៉ា ទាំង ១៣​នាក់​នោះ ហើយ​គ្រោង​នាំ​យក​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​កិច្ច​សម្ភាសន៍​ផ្តល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន។ ក្រុម​នេះ​បាន​ពន្យារ​ពេល​ចុះ​ទៅ​ជួប​ក្រុម​ម៉ុងតាញ៉ា ដោយសារ​មាន​សំណើ​ពី​អាជ្ញាធរ​ខេត្ត​ឱ្យ​រង់ចាំ​អភិបាល​ខេត្ត លោក ថង សាវុន ត្រឡប់​ពី​ភ្នំពេញ​មក​ខេត្ត​ជា​មុន​សិន។

រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ប្រជាពលរដ្ឋ​ជនជាតិ​ចារ៉ាយ​ខ្មែរ អ្នក​ជួយ​ទំនុក​បម្រុង​ជន​ភៀស​ខ្លួន​វៀតណាម ទាំង ១៣​នាក់​អះអាង​ថា ពួក​គេ​នៅ​មាន​សុវត្ថិភាព​នៅ​ឡើយ ខណៈ​កង​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​ដែល​គេ​សង្ស័យ​ថា​មាន​ជន​ភៀស​ខ្លួន​តាំង​ ពី​សប្ដាហ៍​មុន ដើម្បី​ស្វែងរក​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​ម៉ុងតាញ៉ា។ អ្នក​ភូមិ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ដោយ​ខ្លាច​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​លាក់​បំពួន​ជន​ភៀស​ខ្លួន ថ្លែង​ថា ការ​យឺតយ៉ាវ​សង្គ្រោះ​ជន​ភៀស​ខ្លួន នឹង​នាំ​ឲ្យ​កង​កម្លាំង​សមត្ថកិច្ច​រក​ឃើញ​កន្លែង​លាក់​ខ្លួន​ពួក​គេ និង​អាច​ចាប់​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម៖ «គេ​រក​គ្រប់​ ច្រកល្ហក​ក្នុង​ភូមិ ខ្ញុំ​ក៏​គេ​រក​ដែរ​តាំង​ពី​ថ្ងៃ​១២ ដល់​ឥឡូវ​ហ្នឹង។ គេ​រក​ក្នុង​ព្រៃ ហើយ​គេ​យាម​តាម​ផ្លូវ ទាំង​ប៉ូលិស ទាំង​ទាហាន ទាំង​សន្តិសុខ​ភូមិ។»

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រភព​មន្ត្រី​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ឲ្យ​ដឹង​ថា មន្ត្រី​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​របាយការណ៍​ពី​ការ​ទាមទារ​របស់​អាជ្ញាធរ​ខេត្ត ជូន​អង្គការ​សហប្រជាជាតិ ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ អន្តរាគមន៍​ករណី​នេះ។

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​អះអាង​ដែរ​ថា ក្រសួង​មហាផ្ទៃ នឹង​សហការ​ជាមួយ​ក្រុម​អង្គការ​សហប្រជាជាតិ ស្វែងរក​ក្រុម​ម៉ុងតាញ៉ា ប្រសិន​បើ​ពួក​គេ​មាន​វត្តមាន​ពិត​ប្រាកដ​នៅ​ខេត្ត​រតនគិរី។ លោក​បន្ថែម​ទៀត​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ក្រុម​ម៉ុងតាញ៉ា ទាំង ១៣​នាក់ ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​មិន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ទៅ​ប្រទេស​វៀតណាម វិញ​ទេ ប្រសិន​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រក​ឃើញ​ពួក​គេ៕



No comments:

Post a Comment