Paris Peace Accords 23 Oct. 1991

Friday, December 12, 2014

លោក ឈាង វុន ព្រមាន​ដេញ​ ជន​បរទេស ​ដែល​ការពារ​ បរិស្ថាន ​តំបន់​អារ៉ែង ​ចេញ​ពី​កម្ពុជា | Cheang Vun threatens to deport foreigner protecting Areng area

លោក ឈាង វុន ព្រមាន​ដេញ​ ជន​បរទេស ​ដែល​ការពារ​ បរិស្ថាន ​តំបន់​អារ៉ែង ​ចេញ​ពី​កម្ពុជា

RFA / ​វិទ្យុ ​អាស៊ី សេរី | ១២ ធ្នូ ២០១៤

អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ៦២០
លោក អេឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ស្ថាបនិក ​នៃ​អង្គការ​ មាតា ​ធម្មជាតិ ថ្លែង​ក្នុង​សន្និសីទ ​កាសែត នៅ​ល្ងាច​ថ្ងៃ​ ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។  RFA/Mom Sophon

ប្រធាន ​គណៈកម្មការ ​ជំនាញ ​រដ្ឋសភា មក​ពី​គណបក្ស​ ប្រជាជន​ កម្ពុជា ចង់​បណ្ដេញ​ អ្នក​ការពារ​ បរិស្ថាន​ តំបន់​អារ៉ែង ចេញ​ពី​ប្រទេស​ កម្ពុជា។  ការ​បញ្ជាក់ ​បែប​នេះ ធ្វើ​ឡើង ​នៅ​ក្នុង​សន្និសីទ​ កាសែត​មួយ​ នា​ព្រឹក​ថ្ងៃ ​ទី​១១ ខែ​ធ្នូ ដើម្បី​ ព្រមាន ​ជន​បរទេស​ម្នាក់ ដែល​តែង​តែ ​ធ្វើ​បាតុកម្ម​ តវ៉ា ​ប្រឆាំង​ ចំពោះ ​ការ​សាងសង់​ ទំនប់​ វារីអគ្គិសនី​ នៅ​ជាយ​ អារ៉ែង។


ប្រធាន ​គណៈកម្មការ​ កិច្ចការ​ បរទេស, ឃោសនាការ, វប្បធម៌, និង​ព័ត៌មាន​ រដ្ឋសភា ចាត់​ទុក​ សកម្មភាព​ របស់​ ជនជាតិ​ អេស្ប៉ាញ ដែល​ចេញ​មុខ​ ការពារ​ បរិស្ថាន ​នៅ​តំបន់​ អារ៉ែង ថា, ​ជា​ការ​លូកលាន់​ កកូរ​ កកាយ​ កិច្ចការ​ នយោបាយ ​នៅ​កម្ពុជា។  លោក ឈាង វុន ថ្លែង​នេះ​ ទំនង​ ជា​សំដៅ​ ប្រធាន​ អង្គការ​ ចលនា​ មាតា​ ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson)។   លោក ​មាន​ប្រសាសន៍​ ថា, តំណាង​រាស្ត្រ​ ភាគ​ច្រើន ​នៅ​ក្នុង​សភា​ បារម្ភ​ យ៉ាង​ខ្លាំង ព្រោះ​តែ​ ការ​បំផុស ​ប្រជាពលរដ្ឋ​ ឲ្យ​ងើប​ តវ៉ា​ ការពារ ​បរិស្ថាន​នេះ ព្រោះ ​វា​ ជា​រំលោភ ​លើ​បូរណភាព ​ទឹក​ដី ​នៃ​ប្រទេស​ កម្ពុជា។  លោក​ បញ្ជាក់​ថា, គណបក្ស​ កាន់​អំណាច​ បាន​ចាត់​តាំង ​សមត្ថកិច្ច​ មួយ​ចំនួន ​រួច​ហើយ ដើម្បី ​ឲ្យ​តាម​ដាន ​គ្រប់​សកម្មភាព​ ជន​បរទេស​ ម្នាក់​នោះ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ នៅ​ពេល​ណា​ដែល​បុគ្គល​នោះ​ ធ្វើ​ខុស។

ឆ្លើយ​តប ​នឹង​ការ ​លើក​ឡើង​ បែប​នេះ ប្រធាន​ អង្គការ ​ចលនា​ មាតា ​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន លើក​ឡើង​ ថា, លោក ​មិន​បារម្ភ​ ចំពោះ ការ​ចាប់​ខ្លួន ឬ​ការ​បណ្ដេញ​ចេញ ​ពី​ប្រទេស ​កម្ពុជា ឡើយ បើ​ ទោះ​បី​ ជា​មន្ត្រី ​រាជ​រដ្ឋាភិបាល​ កម្ពុជា គំរាម​លោក​ ម្តង​ ជា​ពីរ​ដង​ក្តី។  លោក​ បន្ត​ថា, ការងារ ​ដែល​អង្គការ ​មាតា​ ធម្មជាតិ បាន​ធ្វើ គឺ​ ដើម្បី​ ការពារ​ បរិស្ថាន​ ធម្មជាតិ ​ឲ្យ​គង់វង្ស ដើម្បី​ ទុក​ឲ្យ ​កូន​ចៅ ​ខ្មែរ ​ជំនាន់​ក្រោយ​ ប៉ុណ្ណោះ, ហើយ​ លោក​ ក៏​មិន​មាន​បំណង​ យក​ប្រទេស​ កម្ពុជា ទៅ​លក់​ ឲ្យ​បរទេស​ នោះ​ដែរ។

ចំណែក​ ឯ​មន្ត្រី​ ជាន់​ខ្ពស់ ​នៃ​អង្គការ ​ការពារ​ សិទ្ធិ​មនុស្ស​ លីកាដូ (Licadho) លោក អំ សំអាត វិញ​មាន​ប្រសាសន៍​ថា វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​បំផុត ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​បំណង​ដេញ​អ្នក​ការពារ​បរិស្ថាន​ចេញ​ពី​ប្រទេស​បែប​នេះ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​គួរ​ណាស់​តែ​លើក​ទឹក​ចិត្ត​អ្នក​ការពារ​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ឲ្យ​ខិតខំ​ធ្វើ​ការងារ​បន្ត​ទៀត ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ។

គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​តំបន់​អារ៉ែង មាន​តម្លៃ ៤០០​លាន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ីណូហាយដ្រូ (Sino-hydro Corporation)។ គម្រោង​សាងសង់​នោះ នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ១.៣០០​គ្រួសារ និង​ផ្ទៃ​ដី​ប្រមាណ ២​ម៉ឺន​ហិកតារ ប៉ុន្តែ​គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ។
កន្លង​ទៅ ជន​បរទេស​ជាច្រើន​បាន​មក​បើក​អង្គការ​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​នៅ​កម្ពុជា។ អ្នក​ទាំង​នោះ​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ អង្គការ​ស្នាម​ញញឹម​នៃ​កុមារ និង​ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ។ ក្រៅ​ពី​នេះ ជន​បរទេស​មួយ​ចំនួន​ទៀត​ក៏​មក​បើក​អាជីវកម្ម​រក​ស៊ី និង​រស់នៅ​កម្ពុជា ដែរ តែ​ពួក​គេ​មិន​ចេញ​មុខ​ការពារ​បរិស្ថាន ឬ​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​នោះ​ទេ។ អ្នក​ទាំង​នោះ​ភាគ​ច្រើន​មាន​មន្ត្រី​រដ្ឋាភិបាល​ជា​ខ្នង​បង្អែក ដោយ​ពួក​គេ​រក​ស៊ី​មុខ​របរ​កាប់​ឈើ ដី​សម្បទាន​សេដ្ឋកិច្ច បើក​បន​ល្បែង ជាដើម ហើយ​អ្នក​មាន​ខ្លះ​បាន​ងារ​ជា​ឧកញ៉ា និង​តំណែង​ជា​ឯកឧត្តម​ទៀត​ផង៕


No comments:

Post a Comment