បក្សសង្គ្រោះជាតិ កោះហៅ អ្នកស្រី ឡាក់ សុភាព ចូលបំភ្លឺ
RFA / វិទ្យុ អាស៊ី សេរី | ២៩ ធ្នូ ២០១៤
មន្ត្រី ជាន់ខ្ពស់ គណៈកម្មការ វិន័យ របស់ គណបក្ស សង្គ្រោះជាតិ បញ្ជាក់ថា, ខ្លួន បានកោះហៅ អ្នកស្រី ឡាក់ សុភាព មកសាកសួរ រួចហើយ កាលពីព្រឹក ថ្ងៃទី២៩ ខែធ្នូ ក្រោយ ពីលេចធ្លាយ រឿងចោទប្រកាន់ ថា មានអំពើ ពុករលួយ នៅក្នុងបក្ស។
មូលហេតុ ដែលនាំ ឲ្យគណបក្ស ប្រឆាំង ដ៏ធំមួយនេះ កោះហៅ សមាជិក ជាន់ខ្ពស់ មកសាកសួរ គឺ បន្ទាប់ ពីរកឃើញ ថា, អ្នកស្រី ឡាក់ សុភាព មានជាប់ពាក់ព័ន្ធការចោទប្រកាន់ថ្នាក់ដឹកនាំគណបក្ស និងបរិហារកេរ្តិ៍ថា គណបក្សកំពុងបែកបាក់សាមគ្គីផ្ទៃក្នុងបក្សតាមបណ្ដាញសារព័ត៌មាន។
ប្រធានគណៈកម្មការវិន័យរបស់គណបក្សសង្គ្រោះជាតិ ព្រមានថា នឹងចាត់វិធានដ៏តឹងរ៉ឹងពុំធ្លាប់មាន ប្រឆាំងអ្នកស្រី ឡាក់ សុភាព នៅថ្ងៃទី៣០ ខែធ្នូ ប្រសិនបើអ្នកស្រីនៅតែពុំបង្ហាញព័ត៌មានឲ្យបានជាក់លាក់ជុំវិញការ ចោទប្រកាន់ប្រឆាំងថ្នាក់ដឹកនាំពីបទប្រព្រឹត្តអំពើពុករលួយ និងអំពីគណបក្សកំពុងខ្វែងគំនិតគ្នាដែលអាចឈានទៅរកផ្លូវបំបែកនៅ ពេលខាងមុខ។
លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មការវិន័យ ឲ្យដឹងថា ស្ថាប័នជំនាញរបស់ខ្លួនបានកោះហៅអ្នកស្រី ឡាក់ សុភាព ឲ្យឆ្លើយបំភ្លឺរួចហើយ កាលពីព្រឹកថ្ងៃទី២៩ ធ្នូ នៅការិយាល័យបក្ស។លោកព្រមានថា អ្នកស្រី ឡាក់ សុភាព អាចនឹងត្រូវប្រឈមមុខដាក់ទោសធ្ងន់ធ្ងរចំពោះអ្វីដែលបានកើតឡើង នេះ និងចាំបាច់ត្រូវទទួលខុសត្រូវជុំវិញរឿងរ៉ាវដែលបានផ្សព្វផ្សាយ។ បើទោះជាបែបណា លោកពុំទាន់បញ្ជាក់ឲ្យបានពិតប្រាកដនៅឡើយទេ ថាតើអ្នកស្រី ឡាក់ សុភាព អាចនឹងត្រូវបណ្ដេញចេញពីក្នុងបក្ស ឬក៏អាចប្រឈមមុខនឹងតុលាការនោះទេ។
លោក អ៊ូ ច័ន្ទឫទ្ធិ គ្រាន់តែអះអាងថា សំណុំរឿងនេះនឹងត្រូវអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងនៃគណៈកម្មការវិន័យរបស់គណបក្ស៖ «វា ប៉ះពាល់ធ្ងន់ធ្ងរដល់មេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាគណបក្សសង្គ្រោះជាតិ។ដូច្នេះយើងនឹងចាត់វិធានការទៅតាម ទម្ងន់នៃការប៉ះពាល់មកលើគណបក្សសង្គ្រោះជាតិនេះ។»
រហូតមកដល់ពេលនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកស្រី ឡាក់ សុភាព ដើម្បីបំភ្លឺបានទេ ដោយសារលេខអ្នកស្រីគ្រប់ប្រព័ន្ធត្រូវបានបិទ។
ពាក់ព័ន្ធរឿងនេះ លោក អ៊ូ ច័ន្ទឫទ្ធិ ថ្លែងដោយស្រង់សម្ដីរបស់អ្នកស្រី ឡាក់ សុភាព ដែលឆ្លើយនៅចំពោះមុខគណៈកម្មការវិន័យ កាលពីព្រឹកថ្ងៃទី២៩ ធ្នូ ថា អ្នកស្រីពុំបាននិយាយអ្វីមិនល្អពីថ្នាក់ដឹកនាំ ឬពីអំពើពុករលួយនៅក្នុងបក្សឡើយ។ លើសពីនេះ រឿងបាក់បែកផ្ទៃក្នុងបក្សក៏ពុំបាននិយាយថែមទៀតផង តាមបណ្ដាញសារព័ត៌មាន។
បើទោះជាអ្នកស្រី ឡាក់ សុភាព ដែលជាសមាជិកគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ អះអាងថា ពុំបានលើកឡើងពីភាពប្រេះឆាផ្ទៃក្នុងបក្ស និងអំពើពុករលួយក្ដី ក៏សំឡេងខ្សែអាត់របស់អ្នកស្រីត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយលើកឡើងថា ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សមាជិកគណបក្សក៏មិនសូវស៊ីសង្វាក់គ្នាដែរ ជាពិសេស ការបែងចែកអំណាច ការរើសអើងរវាងអ្នកជាប់ឆ្នោត និងអ្នកមិនជាប់ឆ្នោត។
អ្នកស្រីយល់ថា បញ្ហានេះគឺជាការផុយស្រួយ និងបែកបាក់នៃគណបក្សសង្គ្រោះជាតិ។ ជាងនេះទៀត អ្នកស្រីថ្លែងថា នៅក្នុងកិច្ចប្រជុំគណៈកម្មការនាយកកាលពីកន្លងទៅនេះ លោក កឹម សុខា បានទម្លាយរឿងបាត់លុយប្រមាណ ២០លានដុល្លារ ក្នុងចំណោមថវិកាសរុប ៤០លានដុល្លារដែលលោក សម រង្ស៊ី បានទទួល។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺរឿងនេះពីលោក កឹម សុខា បានទេ នៅថ្ងៃទី២៩ ធ្នូ។
លោក សន ជ័យ អ្នកសម្របសម្រួលបណ្ដាញរួបរួមគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចាត់ទុកថា គណបក្សសង្គ្រោះជាតិ អាចនឹងប្រឈមដ៏គ្រោះថ្នាក់នៅពេលខាងមុខ ប្រសិនបើគណបក្សប្រឆាំងនេះ ពុំបានរៀបចំគម្រោងថវិកាឲ្យមានតម្លាភាពទេ។ ក្រៅពីនេះ គណបក្សដែលធ្លាប់តែរិះគន់ដៃគូប្រកួតប្រជែង គឺគណបក្សកាន់អំណាច ថាមានភាពមិនស្អាតស្អំនោះ ផ្ទុយទៅវិញបែរជារឿងនេះជាបន្ទុករបស់ខ្លួន គឺអាចនឹងប៉ះពាល់ដល់ប្រជាប្រិយភាព៖ «បើសិនជាគណបក្សមានរឿង ពុករលួយ ពេលនោះនឹងមិនអាចប្រជែង ឬក៏ឈានទៅកាន់កាប់រដ្ឋាភិបាលបានទេ នៅពេលដែលអំពើពុករលួយវាជាឧបសគ្គមួយដ៏ធ្ងន់។»
លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មការវិន័យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ស្ថាប័នជំនាញរបស់លោកទុកពេលឲ្យអ្នកស្រី ឡាក់ សុភាព មួយល្ងាចទៀត នៅថ្ងៃទី២៩ ធ្នូ ដើម្បីបំភ្លឺតាមបណ្ដាញព័ត៌មាន ទោះតាមមធ្យោបាយណាមួយក៏ដោយ។ លោក បន្តថា បើពុំមានការបកស្រាយទេ នៅថ្ងៃទី៣០ ធ្នូ គណៈកម្មការវិន័យនឹងចាត់វិធានការតាមគោលការណ៍នៃបទបញ្ជាផ្ទៃក្នុង៕
No comments:
Post a Comment