Paris Peace Accords 23 Oct. 1991

Tuesday, December 30, 2014

លោក​ស្រី​ ឡាក់ សុភាព​ ត្រូវ​ បាន​បណ្តេញ​ចេញ​ ពី​បក្ស​សង្គ្រោះ​ជាតិ | CNRP dismisses Lak Sopheap

លោក​ស្រី​ ឡាក់ សុភាព​ ត្រូវ​ បាន​បណ្តេញ​ចេញ​ ពី​បក្ស​សង្គ្រោះ​ជាតិ

media  
លោក​ស្រី ​ឡាក់ សុភាព​ កំពុង​ផ្តល់​សម្ភាស ​នៅ​ខាង​មុខ ​រដ្ឋសភា​ជាតិ បន្ទាប់​ ពី​ត្រូវ​ បក្ស​ប្រឆាំង ​បណ្តេញ​ចេញ​ នៅ​​ថ្ងៃ​ ទី ​៣០​ធ្នូ​ ២០១៤។​ @RFI/ Siv Channa

ទី​បំផុត​ទៅ គណៈកម្មាធិការ ​វិន័យ ​របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ​ បាន​សម្រេច​ បណ្តេញ​លោកស្រី ឡាក់ សុភាព ចេញ ពី​គណបក្ស​ហើយ។  គណៈកម្មាធិការ ​វិន័យ ​បាន​ចោទ​ លោកស្រី​ ឡាក់ សុភាព ដែល​ជា​សមាជិក​ គណៈកម្មាធិការ ​នាយក​ គណបក្ស​ ថា,​ បាន​និយាយ​ ព័ត៌មាន​មិន​ពិត​ ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​កិត្តិយស​ គណបក្ស។ 


សេចក្តីសម្រេច​ បណ្តេញ​លោកស្រី ​ឡាក់ សុភាព ​ចេញ ពី​គ​បក្ស​ សង្គ្រោះ​ជាតិ​ បាន​ធ្វើឡើង​ នៅ​ព្រឹក​ ថ្ងៃ​អង្គារ​ ទី៣០ធ្នូ​នេះ​ តាមរយៈ​លិខិត​ ជា​លាយ​លក្ខណ៍ ​អក្សរ​ ចុះ​ហត្ថ​លេខា​ ដោយ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន ​គណៈ​កម្មាធិការ​ វិន័យ ​គណបក្ស​ សង្គ្រោះ​ជាតិ។  លោក អ៊ូ ច័ន្ទ​ឫទ្ធិ បាន​ប្រាប់ ​វិទ្យុ​ បារាំង ​អន្តរជាតិ​ បន្ថែមថា, លោកស្រី​ ឡាក់ សុភាព​ បានធ្វើ​ ឲ្យ​ប៉ះពាល់​ ធ្ងន់ធ្ងរ​ ដល់​កិត្តិយស ​គណបក្ស។

លោកស្រី​ ឡាក់ សុភាព ដែល​ជា​សមាជិក ​គណៈ​កម្មាធិការ​ នាយក​ គណបក្ស ​សង្គ្រោះ​ជាតិ​ និង​ជា​ជំនួយការ​ របស់ លោក កឹម សុខា ផង​នោះ ​បាន​ប្រឡូក ​ក្នុង​នយោបាយ ​ជាមួយ​ គណបក្ស ប្រឆាំង ​អស់​រយៈ​ពេល ​២០​ឆ្នាំ​ មក​ហើយ។  ប៉ុន្តែ ស្ត្រី​រូបនេះ ​បាន​និយាយ ប្រាប់​អ្នកកាសែត​ កាល​ពី​២៧​ ធ្នូ ​ខណៈ ​ដែល​លោក​ស្រី​ ទៅ​ចូលរួម ​កិច្ចប្រជុំ​ ជាមួយ ​ក្រុម​បណ្តាញ​ គណបក្ស​ នយោបាយ ​ថ្មី ​ដែល​ដឹកនាំ​ ដោយ​លោក កែម ឡី នោះ អំពី​បញ្ហា ​ពុករលួយ ​របស់​ មេបក្ស​ និង​ការ​បែក​បាក់ ​ផ្ទៃ​ក្នុង​ គណបក្ស​ សង្គ្រោះ​ជាតិ។

ប៉ុន្តែ មេដឹកនាំ​ គណបក្ស ​សង្គ្រោះ​ជាតិ​ បាន​បដិសេធ​ ទាំងស្រុង​ នូវ​ព័ត៌មាន​នេះ។   កាលពី​ថ្ងៃ​ចន្ទ​ ទី២៩ ធ្នូ គណៈកម្មាធិការ ​វិន័យ​ គណបក្ស​ ក៏បាន ​កោះហៅ​ លោកស្រី ឡាក់ សុភាព ទៅ​សាកសួរ​ និង​បាន​ទុកពេល ​មួយថ្ងៃ​ ដើម្បី​ ឲ្យ​លោកស្រី​ បក​ស្រាយ ​ជាមួយ​ សារព័ត៌មាន ​ចំពោះ​អ្វី ​ដែល​ខ្លួន​ បាន​និយាយ, ប៉ុន្តែ លោក​ស្រី​ មិនបាន ​ធ្វើតាម​ទេ។  ភ្លាម​ៗ​ ក្រោយ​ការ បណ្តេញ​ចេញ ពី​បក្ស, លោកស្រី​ ឡាក់ សុភាព បាន​បើក ​ធ្វើ​សន្និសីទ ​កាសែត ​មួយ ​នៅ​មុខ​មន្ទីរ​ រដ្ឋសភា​ ដោយ​ហៅ​ ការ​សម្រេច​នេះ​ ថា, «អយុត្តិធម៌», ហើយ ​លោក​ស្រី ​នឹង​មិន​ដើរចេញ ​ពី​គណបក្ស​ សង្គ្រោះ​ជាតិ​ទេ។
 

នេះ​ ជា​លើកដំបូង​ហើយ ​ដែល​គណៈ​កម្មាធិការ ​វិន័យ ​គណបក្ស​ សង្គ្រោះ​ជាតិ​ ចាត់វិធានការ​ ចំពោះ​ មន្ត្រីជាន់ខ្ពស់ ​របស់ខ្លួន ​ដែល​បាន ​រិះគន់​ បរិហារ​ មេដឹកនាំ​ គណបក្ស។  លោកស្រី​ ឡាក់ សុភាព ដែល​គេ​ សង្ស័យថា, ទំនង ជា​ទៅ​ចូលរួម​ ជាមួយ​ គណបក្ស​ថ្មី ​របស់ លោក កែម ឡី នោះ​ អះអាងថា, លោកស្រី​ មិនត្រូវ​ បាន​អ្នកណា​ ទិញ​ទឹកចិត្ត​ ឲ្យ​និយាយ​ អំពី​ បញ្ហា​ពុករលួយ​ និង​ការបែកបាក់​ ផ្ទៃក្នុង ​គណបក្ស​ សង្គ្រោះ​ជាតិ​ នោះឡើយ៕


No comments:

Post a Comment