ក្រសួង ការពារជាតិ ជ្រើសរើស ទាហានបន្ថែម ជាង៦០០នាក់
RFA / វិទ្យុ អាស៊ី សេរី | ៤ ធ្នូ ២០១៤
ក្រសួង ការពារជាតិ ប្រកាសជ្រើសរើស នាយទាហាន ចំនួន ៦២០នាក់ បន្ថែមទៀត ដើម្បី ឲ្យបម្រើការងារ ក្នុងក្របខ័ណ្ឌ នៃកងយោធពល ខេមរភូមិន្ទ។ អ្នកវិភាគ សង្គម គិតថា, ការជ្រើសរើស នាយទាហាន រាប់រយ នាក់នេះ, បើ ដើម្បី ឆ្លើយតបការ ការពារព្រំដែន និងការរឹតបន្តឹង សន្តិសុខនោះ គឺ ជារឿងត្រឹមត្រូវ។ ប៉ុន្តែ ការជ្រើសរើស ទាហានបន្ថែម នៅពេលនេះ គឺ មិនចំ កាលៈទេសៈ។
ក្រសួង ការពារជាតិ កំពុងតែ ជ្រើសរើស សិស្សនិស្សិត ចំនួន ៦២០នាក់ ដើម្បី ឲ្យចូលរៀន ហ្វឹកហ្វឺន ផ្នែកយោធា នៅចុងឆ្នាំ ២០១៤នេះ។
រដ្ឋមន្ត្រី ក្រសួង ការពារជាតិ លោក ទៀ បាញ់ ចេញប្រកាសកាលពីចុងខែកញ្ញា ដែលវិទ្យុអាស៊ីសេរី ទើបទទួលបានឲ្យដឹងថា ការជ្រើសរើសសិស្សនិស្សិតឲ្យចូលរៀនទាហាននោះ មានចែកចេញជាបីផ្នែក។ ទី១ ជ្រើសរើសសិស្សនិស្សិតឲ្យចូលសិក្សាវគ្គនាយទាហានសកម្មចំនួន ១២០នាក់ រយៈពេល ៤ឆ្នាំ។ ទី២ ជ្រើសរើសសិស្សនិស្សិតឲ្យចូលសិក្សាវគ្គនាយទាហានទ័ពជើងគោកចំនួន ២៥០នាក់ រយៈពេល ៤ឆ្នាំ និងទី៣ ជ្រើសរើសសិស្សនិស្សិតឲ្យចូលសិក្សាវគ្គនាយទាហានបន្តវេនចំនួន ២៥០នាក់រយៈពេល ៦ខែ។
ប្រកាសដដែលនោះបញ្ជាក់ថា សិស្សនាយទាហានសកម្ម និងសិស្សនាយទាហានទ័ពជើងគោក ពេលចូលសិក្សាដំបូង នឹងទទួលបានឋានន្តរសក្តិជានាយចំណង់។ រីឯសិស្សនាយទាហានបន្តវេនចូលសិក្សាដំបូង ទទួលបានឋានន្តរសក្តិជាពលបាលត្រី។
លោក ទៀ បាញ់ មិនបានពន្យល់ពីមូលហេតុនៃការជ្រើសរើសទាហានថ្មីបន្ថែមនេះទេ ប៉ុន្តែលោកធ្លាប់បញ្ជាក់ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនយោធានៅខេត្ត កំពង់ស្ពឺ កាលពីចុងខែសីហា កន្លងមកថា ទាហានដែលត្រូវជ្រើសតាំងនឹងក្លាយជាកម្លាំងស្នូល ដើម្បីការពារជាតិ ព្រមទាំងរក្សាសន្តិសុខសុវត្ថិភាពសង្គម និងទប់ស្កាត់បាតុកម្មអនាធិបតេយ្យ ជាដើម។
អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី គិតថា ការជ្រើសរើសទាហានបន្ថែមជារឿងសំខាន់ សម្រាប់ឆ្លើយតបនូវតម្រូវការការពារព្រំដែន និងការរឹតបន្តឹងសន្តិសុខ ប៉ុន្តែត្រូវវិភាគពីតម្រូវការចាំបាច់ជាមុនសិន។ តាមគំនិតលោក កម្លាំងទាហាននៅមានច្រើនរហូតដល់មន្ត្រីទាហានខ្លះ ព្យួរឈ្មោះនៅក្រសួង ទៅបំពេញការងារផ្សេងក្រៅក្របខ័ណ្ឌទៀតផង៖ «ខ្ញុំ ឃើញទាហានយើងសល់ច្រើន ខ្លះទៅយាមរោងការ ខ្លះយាមរោងបុណ្យខ្មោច ខ្លះបើកឡានតាក់ស៊ី។ អ៊ីចឹងរើសច្រើនប៉ុណ្ណាក៏មិនគ្រប់ដែរ។»
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានរាជរដ្ឋាភិបាលចំនួន ១.០៥០នាក់ ដើម្បីបំពេញឲ្យកងពលតូចថ្មើរជើងលេខ៧០ និងបញ្ជាការដ្ឋានអង្គរក្ស។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ធ្លាប់ប្រាប់ថា នៅឆ្នាំ២០១៤ នេះ មានព្រឹត្តិការណ៍ជាច្រើនដែលកងទ័ពកម្ពុជា បានប្រឈមមុខ ហើយព្រឹត្តិការណ៍ដែលគួរយកចិត្តទុកដាក់នោះជាបាតុកម្មរបស់គណបក្ស ប្រឆាំង។ ការកើនឡើងនៃចលនាបាតុកម្ម ឬកូដកម្ម ក៏ជាកាលៈទេសៈដែលក្រសួងការពារជាតិ ត្រូវបន្ថែមចំនួនកងទ័ព។
កាលពីដើមខែមករា កងទ័ពពិសេសឆត្រយោង៩១១ បានបើកយុទ្ធនាការបង្ក្រាបការតវ៉ារបស់កម្មករនៅរោងចក្រ យ៉ាក ជីន (Yak Jin)។ ក្រុមទ័ពពិសេសទាំងនោះ បានប្រើដំបងឈើ ចម្ពាមកៅស៊ូ វាយបាញ់បង្ក្រាបកម្មករ និងចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល និងកម្មករមួយចំនួនដាក់គុកទៀតផង។ កងទ័ពពិសេស ក៏បានចេញប្រតិបត្តិការបង្ក្រាបបាតុកម្មនៅផ្លូវវ៉េងស្រេង ហើយបាញ់សម្លាប់អ្នកតវ៉ា ៥នាក់ និងបាញ់ឲ្យរបួសជិត ៤០នាក់ផ្សេងទៀត។ ក្រុមអង្គការសង្គមស៊ីវិល រិះគន់ថា ទាហានកម្ពុជា ស្ថិតក្រោមឥទ្ធិពលនយោបាយ ពិសេសការជ្រើសរើសទាហាន មិនមែនជ្រើសរើសយកមកបង្ក្រាបបាតុករឡើយ គឺត្រូវជ្រើសរើសទាហាន ដើម្បីការពារព្រំដែន និងសន្តិសុខប្រទេសជាតិ។
អនុប្រធានរដ្ឋសភា លោក កឹម សុខា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា លោកនៅមិនទាន់ដឹងព័ត៌មានពីការជ្រើសរើសទាហានបន្ថែមនេះទេ។ លោកនឹងសាកសួរទៅគណៈកម្មការទី៤ នៃរដ្ឋសភា ឬគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈពីរឿងនេះ៖ «ខ្ញុំមិនបានដឹងថា តើគេរើសទាហានធ្វើអីទេ ហើយបំពេញកន្លែងណាទេ។»
ប្រទេសកម្ពុជា បានអនុម័តច្បាប់កាតព្វកិច្ចយោធាកាលពីឆ្នាំ២០០៩ ប៉ុន្តែចំនួនកងទ័ពដែលត្រូវជ្រើសរើសថ្មី មិនជាប់ពាក់ព័ន្ធនឹងច្បាប់កាតព្វកិច្ចយោធាឡើយ។
កាលពីឆ្នាំ២០០០ រដ្ឋាភិបាលបានកាត់រំសាយទ័ពសាកល្បងចំនួន ១.៥០០នាក់ ហើយនៅឆ្នាំ២០០១ រដ្ឋាភិបាលក៏បានកាត់រំសាយយោធិនជាទ្រង់ទ្រាយធំចំនួន ១៥.០០០នាក់។ លុះដល់ឆ្នាំ២០១២ ក្រសួងការពារជាតិ បានដាក់មន្ត្រីយោធិនជិត ៥ពាន់នាក់ (៤.៨០៥នាក់) ឲ្យចូលនិវត្តន៍។ រហូតមកដល់ពេលនេះ មិនមានព័ត៌មានផ្លូវការពីចំនួនកងទ័ពជាក់លាក់នៅឡើយ។ តែបើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៤ បង្ហាញថា រដ្ឋាភិបាលបានចំណាយប្រាក់ច្រើនទៅលើវិស័យការពារជាតិ និងសន្តិសុខ ដោយសម្រេចបែងចែកប្រាក់ឲ្យក្រសួងការពារជាតិ ចំនួនជិត ៣០០លានដុល្លារ និងក្រសួងមហាផ្ទៃ សន្តិសុខសាធារណៈចំនួនជិត ២០០លានដុល្លារ៕
No comments:
Post a Comment