សម្ព័ន្ធ កំណែទម្រង់ ការបោះឆ្នោត បង្ហាញរបៀប ចុះឈ្មោះ បោះឆ្នោត ថ្មី តាមបែបទំនើប
RFA / វិទ្យុ អាស៊ី សេរី | ១៨ ធ្នូ ២០១៤
សម្ព័ន្ធ កំណែទម្រង់ ការបោះឆ្នោត (ហៅកាត់ ជាភាសាអង់គ្លេស ថា អឺរ៉ា, ERA), មន្ត្រី គណបក្ស សង្គ្រោះជាតិ, និងអង្គការ សង្គមស៊ីវិល ពាក់ព័ន្ធ បានជួបជុំគ្នា ក្នុងពិធី បង្ហាញរបៀប ចុះឈ្មោះ បោះឆ្នោត ថ្មី តាមបែបទំនើប ដោយប្រព័ន្ធកុំព្យូទ័រ។ ការជួបជុំគ្នា នេះ បានធ្វើឡើង នៅក្នុងបរិវេណ វត្តនន្ទមុនី ( ហៅ វត្តថាន់) ក្បែរការិយាល័យ អង្គការ ជនពិការ កម្ពុជា ថ្ងៃទី១៨ ធ្នូ។
ក្រុមការងារ ចរចា របស់ គណបក្ស សង្គ្រោះជាតិ នឹងពិនិត្យ យកប្រព័ន្ធ ចុះឈ្មោះ បោះឆ្នោត ថ្មី មួយ ដើម្បី យកទៅបញ្ចូល នៅក្នុងការពិភាក្សាគ្នា លើការធ្វើ វិសោធនកម្ម ច្បាប់បោះឆ្នោត ជាមួយ គណបក្ស ប្រជាជន កម្ពុជា នៅថ្ងៃសុក្រ ទី១៩ ធ្នូ។
គណបក្ស ទាំងពីរ នឹងបន្ត ជជែកគ្នា លើការធ្វើ វិសោធនកម្ម ច្បាប់បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ដែលគណបក្ស ទាំងពីរ បានឯកភាពគ្នា លើជំពូក មួយចំនួន កាលពីសប្ដាហ៍ មុន។ នៅថ្ងៃសុក្រ ទី១៩ ធ្នូ, ក្រុមការងារ គណបក្ស ទាំងពីរ នឹងបន្ត ពិភាក្សាគ្នា ពីការចុះឈ្មោះ បោះឆ្នោត និងបញ្ជី បោះឆ្នោត ដែលគណបក្ស ជាប់ឆ្នោត ទាំងពីរ សម្រេចចុះឈ្មោះ អ្នកបោះឆ្នោត និងបញ្ជី បោះឆ្នោតថ្មី សម្រាប់ ការបោះឆ្នោត នៅពេល ខាងមុខ។
មន្ត្រី ជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ ថា, ក្រុមការងារ ចរចា នឹងជជែកគ្នា ត្រង់ជំពូក ដែលនិយាយ អំពី ការិយាល័យ បោះឆ្នោត, ការចុះឈ្មោះ, និងបញ្ជី បោះឆ្នោត ដោយពិនិត្យ ទៅតាមលទ្ធភាព ដើម្បី បញ្ចូលប្រព័ន្ធ បោះឆ្នោតមួយ ដែលយល់ ថា, ល្អ សម្រាប់ បរិបទកម្ពុជា។ លោក ថា, បច្ចុប្បន្ន គណបក្ស សង្គ្រោះជាតិ កំពុង ពិចារណា លើប្រព័ន្ធ ចុះឈ្មោះ បោះឆ្នោតថ្មី ដែលមាន ទាំងខាង ជប៉ុន, សហភាព អឺរ៉ុប, និងសម្ព័ន្ធ អ៊ឺរ៉ានេះ។
លោក គួយ ប៊ុនរឿន បញ្ជាក់ថា, គណបក្ស នឹងជ្រើសរើស យកប្រព័ន្ធមួយ ដែលបង្កល ក្ខណៈងាយស្រួល, មានប្រសិទ្ធភាព, មានលក្ខណៈ ជឿនលឿន, និងចំណាយ ថវិកាតិច ដោយផ្អែក លើការឯកភាពគ្នា កន្លងមក ថា, ធ្វើបញ្ជី ឈ្មោះថ្មី នោះ៖ «មានមតិ ផ្ទុយគ្នា ចំពោះ បញ្ជីចុះឈ្មោះ ដែលមានស្រាប់ និងធ្វើថ្មី ឡើងវិញ។ បញ្ហាទាំងនេះ លុះត្រាតែ មានការ ឯកភាពគ្នា, ហើយ កំណត់ ក្នុងច្បាប់ ទើប អាចចេញ ជានីតិវិធី ដែលអាច ដំណើរការបាន។»
ទោះយ៉ាងណា លោក គួយ ប៊ុនរឿន បង្ហាញថា លោកពេញចិត្តតាមរូបមន្តរបស់ប្រទេសជប៉ុន ដែលពឹងផ្អែកទាំងស្រុងលើបញ្ជីអត្រានុកូលដ្ឋាន។ ប៉ុន្តែលោកពុំមានជំនឿលើបញ្ជីអត្រានុកូលដ្ឋាននៃក្រសួងមហាផ្ទៃ ប្រទេសកម្ពុជា នៅឡើយ។
លោកថ្លែងនេះនៅក្នុងពិធីបង្ហាញការចុះឈ្មោះបោះឆ្នោតថ្មីតាម បែបទំនើប ដែលរៀបចំដោយសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ជាភាសាអង់គ្លេសថា អឺរ៉ា ដែលមានបុគ្គលិកអង្គការខុមហ្វ្រែល COMFREL) ជាអ្នកបង្ហាញសាកល្បង ក្បែរការិយាល័យអង្គការជនពិការកម្ពុជា ថ្ងៃទី១៨ ធ្នូ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល និងជាតំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត លោក គល់ បញ្ញា ថ្លែងថា បន្ទាប់ពីធ្វើតេស្តសាកល្បងដើម្បីចង់ដឹងពីសមត្ថភាពរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋានអំពីលទ្ធភាពប្រើប្រាស់ប្រព័ន្ធទំនើបនេះ ចាប់តាំងពីដំណើរការសម្ភាសន៍ ការបញ្ចូលទិន្នន័យ ផ្ទៀងផ្ទាត់ និងការចំណាយពេលវេលា ក្រុមការងារនេះនឹងចងក្រងរបាយការណ៍មួយសម្រាប់ផ្ដល់ជូន គ.ជ.ប ថ្មី៖ «ទោះ ជាយ៉ាងណា ក៏ដោយ ជាបន្ទាន់នេះ ក្រុមការងារ នឹងមាន ជាគំនិត ខ្លះៗ ដើម្បី ផ្ដល់ជូន ទៅគណៈកម្មការ ចម្រុះ គណបក្សទាំងពីរ ដើម្បី បានចែង នៅក្នុង វិសោធនកម្មច្បាប់ ជ្រើសតាំង អ្នកតំណាងរាស្ត្រ។»
នៅថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ក្រុមការងារសម្ព័ន្ធអ៊ឺរ៉ា គ្រោងធ្វើការសិក្សាសាកល្បងលើប្រព័ន្ធចុះឈ្មោះបោះឆ្នោតថ្មីតាម បែបទំនើប នៅភូមិចំនួន៤ ក្នុងឃុំប៉ាតេ ខេត្តរតនគីរី ហើយនៅថ្ងៃទី១៤ ដល់២២ ខែមករា ឆ្នាំ២០១៥ នឹងរៀបចំធ្វើនៅភូមិចំនួន៤ដែរ ក្នុងឃុំស្រក នៃខេត្តកំពង់ចាម៕
No comments:
Post a Comment