លោក កឹម សុខា៖ រដ្ឋាភិបាល បរាជ័យ ក្នុងការ ដោះស្រាយ បញ្ហាដីធ្លី
ក្នុងវេទិកា «រាស្រ្ដ និងតំណាងរាស្រ្ដ» នៅទីរួមខេត្ត ព្រះវិហារ កាលពីរសៀល ថ្ងៃសុក្រ ទី១១ ខែធ្នូ, លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ និងជាអនុប្រធាន ទី១ រដ្ឋសភា បានលើកឡើង ថា, រដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្ស ប្រជាជនកម្ពុជា គឺ បរាជ័យ ក្នុងការ ដោះស្រាយ បញ្ហាទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋ។ ជាការលើកឡើង ខណៈ ដែលលោក កឹម សុខា ទទួលបណ្តឹង ជាច្រើន ពីប្រជាពលរដ្ឋ ពិសេស នៅខេត្ត ព្រះវិហារ។
ដោយអះអាង ថា, បានទទួលបណ្ដឹង ពីប្រជាពលរដ្ឋ ស្ទើរគ្រប់ស្រុក ទាំងអស់ ក្នុងរឿង រំលោភដីធ្លី ដ៏រ៉ាំរៃ នៅខេត្ត ព្រះវិហារ, លោក កឹម សុខា បានលើកឡើង ថា, រដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្ស ប្រជាជនកម្ពុជា គឺ បរាជ័យ ក្នុងការ ដោះស្រាយ បញ្ហាទំនាស់ ដីធ្លីនេះ ជូនប្រជាពលរដ្ឋ។
ចំពោះ មុខប្រជាពលរដ្ឋ ជាច្រើននាក់ ក្នុងវេទិកា រាស្ត្រ និងតំណាងរាស្ត្រ កាលពីថ្ងៃសុក្រ, លោក កឹម សុខា បានបន្ថែម ថា, «គណបក្ស សង្គ្រោះជាតិ ជំរុញ ការដោះស្រាយ ទំនាស់ដីធ្លី ពីការរំលោភ យក របស់ ក្រុមហ៊ុន, អ្នកមានអំណាច លើដី ប្រជាពលរដ្ឋ, ហើយ គណបក្ស សង្គ្រោះជាតិ នឹងយកដីធ្លី របស់ ប្រជាពលរដ្ឋ មកប្រគល់ជូន ពួកគាត់វិញ នៅពេល ឈ្នះឆ្នោត ដឹកនាំ រដ្ឋាភិបាល ក្នុងពេល ខាងមុខ។»
ក្នុងវេទិកានោះ តំណាងប្រជាពលរដ្ឋជាច្រើននាក់ បានឡើងថ្លែងពីទុក្ខកង្វល់ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ដែលប្រជាពលរដ្ឋ មានជម្លោះនឹងអាជ្ញាធររដ្ឋាភិបាល ក្នុងរឿងដីព្រលានយន្តហោះ ព្រមទាំងជម្លោះរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចជាដើម។
បន្ទាប់ពីស្តាប់ប្រជាពលរដ្ឋលើកឡើងពីបញ្ហាដីធ្លីនោះ លោកកឹម សុខា បានស្នើដល់ក្រុមប្រឹក្សាឃុំ ស្រុក និងក្រុមប្រឹក្សាខេត្ត មកពីគណបក្សសង្គ្រោះជាតិ ឲ្យប្រមូលឯកសារ ហើយស្នើសុំអន្តរាគមន៍នៅថ្នាក់ខេត្ត។ បន្ទាប់មក លោកកឹម សុខា ឲ្យគេបញ្ជូនឯកសារជម្លោះដីធ្លីទាំងនោះ មកកាន់រូបលោកក៏បាន ឬក៏ទៅកាន់លោក អេង ឆៃអ៊ាង ជាអ្នកតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី១របស់រដ្ឋសភា ដែលទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លី។
លោក កឹម សុខា បានបញ្ជាក់ថា នៅពេលសព្វថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានរួមគ្នាដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដោយមិនគិតពីការយកចំណេញខាងនយោបាយ ដូចមុនទេ។
ជាមួយគ្នានោះ លោកកឹម សុខា ក៏បានថ្លែងព្រមានទៅកាន់គណបក្សជាគូប្រជែងថា បើសិនជាគណបក្សប្រជាជនកម្ពុជា មិនដោះស្រាយបញ្ហាដីធ្លី នៅពេលនេះទេ នោះគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល នឹងចាញ់ឆ្នោត នៅអាណត្តិក្រោយ ពិសេសនៅខេត្តព្រះវិហារ ដែលមានអាសនៈរដ្ឋសភាតែមួយកៅអី គឺគណបក្សសង្គ្រោះជាតិ នឹងឈ្នះដាច់តែម្តង។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការលើកឡើងរបស់លោកកឹម សុខាខាងលើ ថាជាសារពាណិជ្ជកម្ម ដើម្បីមុខមាត់ តែលោកកឹម សុខា គ្មានមធ្យោបាយដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋទេ។ បញ្ហាដីធ្លី ត្រូវបានលោកផៃ ស៊ីផាន ដែលធ្លាប់ធ្វើការក្នុងអង្គការសិទ្ធិមនុស្សជាមួយលោកកឹម សុខា បានអះអាងថា រដ្ឋាភិបាលបានដោះស្រាយ កាត់បន្ថយជម្លោះ ក្នុងរយៈពេលបួនប្រាំឆ្នាំនេះ ហើយបើប្រៀបធៀបនឹងប្រទេសហ្វីលីពីន និងប្រទេសជប៉ុន គឺកម្ពុជា ដោះស្រាយបានច្រើនជាង៕
No comments:
Post a Comment