លោក កឹម សុខា ត្រៀមយក បញ្ហាដី តំបន់ឆ្នេរសមុទ្រ ខេត្ត ព្រះសីហនុ ដាក់ជូន រដ្ឋសភា ពិនិត្យ
RFA / វិទ្យុ អាស៊ី សេរី | ៦ ធ្នូ ២០១៤
មេដឹកនាំ គណបក្សប្រឆាំង និងជាអនុប្រធាន ទី១ រដ្ឋសភា ត្រៀមលើកយក បញ្ហាគ្រប់គ្រង ទ្រព្យសម្បត្តិ ជាតិ ធំៗ--មានដូចជា ដីធ្លី នៅតាមតំបន់ ឆ្នេរសមុទ្រ, ព្រៃឈើ, និងការបាត់បង់ ទ្រព្យសម្បត្តិ ជាតិ ច្រើនទៀត--ដាក់ជូន សភា ពិនិត្យ និងដកហូត ជាសម្បត្តិ រដ្ឋវិញ។
ការអះអាងនេះ ស្របពេល មន្ត្រី សង្គមស៊ីវិល មួយចំនួន នាខេត្ត ព្រះសីហនុ បានស្នើ ដល់រដ្ឋាភិបាល ឲ្យមោឃភាព ឬលុបចោល សិទ្ធិគ្រប់គ្រង ដីធ្លី នៅតាមតំបន់ ឆ្នេរសមុទ្រ, ព្រមទាំង ទ្រព្យសម្បត្តិ រដ្ឋ ដទៃទៀត ពីក្រុមហ៊ុន វិនិយោគ និងឯកជន ដែលមានភាព មិនប្រក្រតី នាខេត្ត ទេសចរណ៍ ជាប់មាត់សមុទ្រ មួយនេះ។
លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ អះអាងដូច្នេះ បន្ទាប់ ពីលោក បានចុះ ដល់ខេត្ត ព្រះសីហនុ, ហើយ សង្កេតឃើញ ថា, ដីធ្លី នៅតាមតំបន់ ឆ្នេរសមុទ្រ ភាគច្រើន ក្នុងខេត្ត ទេសចរណ៍ ជាប់មាត់សមុទ្រ មួយនេះ ត្រូវ គ្រប់គ្រង ដោយមន្ត្រី មានអំណាច, គណបក្ស ប្រជាជនកម្ពុជា, ឈ្មួញ, និងក្រុមហ៊ុន ឯកជន ស្ទើរតែ ទាំងស្រុង, ហើយ គ្រប់គ្រង មិនបានល្អ។
លោក បន្តថា, ការគ្រប់គ្រង ទ្រព្យសម្បត្តិ ជាតិ ធំៗ មិនបាន ត្រឹមត្រូវ មានដូចជា ការវិនិយោគ ដីធ្លី តាមតំបន់ឆ្នេរ, ព្រៃឈើ, ឬដីធ្លី នៅតាមតំបន់ ផ្សេងៗ ជាដើម ទៅឲ្យក្រុមហ៊ុន ឬឯកជន ជាហេតុ នាំឲ្យ រដ្ឋាភិបាល បាត់ចំណូល ថវិកា ជាតិ ច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ឆ្នាំ៖ «ករណីណា ដែលបាន ដឹងច្បាស់ គឺ លើក យកមក បង្ហាញ ឬលើក យកមក ជជែក ដោះស្រាយ បញ្ហា ជូនប្រជាពលរដ្ឋ ម្តងមួយៗ, ជាពិសេស បញ្ហា ទ្រព្យសម្បត្តិ ជាតិ, មានដូច ជាច្បាប់ ថវិកា ជាដើម គឺ បានបាត់បង់ ថវិកាជាតិ ជាច្រើន ដោយសារតែ ការគ្រប់គ្រង មិនបាន ត្រឹមត្រូវ របស់ រដ្ឋាភិបាល គណបក្ស ប្រជាជនកម្ពុជា។ ដូច្នេះហើយ បក្សប្រឆាំង សូម ប្រាប់ទៅ គណបក្ស ប្រជាជន កម្ពុជា ថា, បក្សប្រឆាំង មិនចង់ កេងចំណេញ ខាងនយោបាយទេ, គឺ សូម ឲ្យបក្ស កាន់អំណាច មួយនេះ ចូលដោះស្រាយ បញ្ហា ជូនពលរដ្ឋ ទាំងអស់គ្នា ព្រោះ មានតែ វិធី ដោះស្រាយ ទៅលើចំណុច ចំគោលដៅ ច្បាស់លាស់ នីមួយៗទេ ទើប អាចជជែក ដោះស្រាយ បញ្ហាជាតិ ធំៗ និងបញ្ហា ជូនពលរដ្ឋ មានប្រសិទ្ធភាព ខ្ពស់ នាថ្ងៃ អនាគត។»
ផ្ដើមពីបញ្ហានេះ លោក កឹម សុខា ដែលជាអនុប្រធានសភាផងនោះ បានត្រៀមឯកសារទាក់ទងបញ្ហាគ្របគ្រងដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រ ឬដីកោះនាខេត្តព្រះសីហនុ និងបញ្ហាទ្រព្យសម្បត្តិជាតិធំៗច្រើនទៀត ដែលកំពុងកាន់កាប់ដោយមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល ឯកជន ឬក្រុមហ៊ុនជាដើម ប៉ុន្តែគ្មានការអភិវឌ្ឍ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យសម្រេច ហើយឈានដល់ដកហូតមកជាសម្បត្តិរដ្ឋវិញចាប់ពីឆ្នាំ២០១៥ តទៅ៖ «យើង ត្រូវលើកយកបញ្ហាទ្រព្យសម្បត្តិជាតិធំៗនីមួយៗយកមកដោះស្រាយ។ ប៉ុន្តែកន្លងមកនេះ ដោយសារតែគណបក្សទាំងពីរកំពុងតែជំរុញខ្លាំងលើករណីបង្កើតស្ថាប័ន បោះឆ្នោតថ្មី ឬ គ.ជ.ប.។ ដូច្នេះ បញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋជាដើម គឺមិនទាន់ដោះស្រាយឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៥ តទៅ គឺដល់ពេលត្រូវលើកយកករណីទំនាស់ដីធ្លីធំៗរបស់ប្រជាពលរដ្ឋ ជាពិសេសករណីទ្រព្យសម្បត្តិជាតិនៅតាមឆ្នេរសមុទ្រនាខេត្តព្រះសីហនុ ទាំងអស់ យកមកដោះស្រាយ ដើម្បីបង្ហាញឲ្យគណបក្សប្រជាជនដឹងច្បាស់ថា យើងត្រូវធ្វើឲ្យមានយុត្តិធម៌ក្នុងការគ្រប់គ្រងដីធ្លីទាំងនោះ និងប្រគល់ជូនរដ្ឋគ្រប់គ្រងវិញ។»
ការអះអាងរបស់មេដឹកនាំគណបក្សប្រឆាំងដូច្នេះ ស្របពេលមន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តព្រះសីហនុ បានបង្ហាញការព្រួយបារម្ភអំពីដីនៅតាមតំបន់ឆ្នេរសមុទ្រខេត្ត ព្រះសីហនុ ស្ទើរតែទាំងស្រុង កំពុងកាន់កាប់ដោយមន្ត្រីមានអំណាច ឯកជន និងឈ្មួញធ្វើរបងថ្មហ៊ុមព័ទ្ធចាក់ដីសង់វីឡាលំហែកាយធំស្កឹមស្កៃ សម្រាប់បម្រើប្រយោជន៍ផ្ទាល់ខ្លួនស្ទើររកកន្លែងសម្រាប់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកកម្សាន្តតាមខេត្តជាប់មាត់សមុទ្រមួយនេះស្ទើរពុំបាន។
បញ្ហានេះ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម បានរិះគន់ថា អាជ្ញាធរខេត្តជាប់មាត់សមុទ្រមួយនេះ បានឃុបឃិតគ្នាធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី រំលោភយកដីនៅតាមតំបន់ឆ្នេរជាទ្រព្យសម្បត្តិរដ្ឋ មកធ្វើកម្មសិទ្ធិ ដើម្បីបម្រើមហិច្ឆតា និងភាពលោភលន់របស់បុគ្គល ឬក្រុមគ្រួសារបក្ខពួកផ្ទាល់ខ្លួន៖ «រដ្ឋាភិបាលត្រូវមានវិធានការ ជាបន្ទាន់ទៅលើសកម្មភាពរំលោភយកដីរដ្ឋពីឈ្មួញ ឬមន្ត្រីមានអំណាច។ ទោះដីនៅតំបន់ក្បាលឆាយ ដីតំបន់មាត់បឹងព្រែកទប់ និងដីឆ្នេរក៏ដោយ អាជ្ញាធរខេត្តត្រូវមានវិធានការជាបន្ទាន់ ដើម្បីទុកដីឆ្នេរសមុទ្រ និងដីរដ្ឋទាំងនេះ អភិវឌ្ឍប្រែក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅខេត្តព្រះសីហនុ នាថ្ងៃអនាគត ព្រោះសព្វថ្ងៃនេះ ដីនៅតាមតំបន់ឆ្នេរខេត្តព្រះសីហនុ និងបឹងធម្មជាតិស្ទើរត្រូវឯកជនកាន់កាប់ស្ទើរទាំងស្រុងអស់ទៅហើយ។»
មន្ត្រីសង្គមស៊ីវិលរូបនេះបានស្នើដល់ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ដែលទើបមកកាន់តំណែងក្នុងអាណត្តិទី៥នេះ ត្រូវស្នើគោលការណ៍ពីរដ្ឋាភិបាល ឲ្យមោឃភាពប្លង់ដី ឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមទីតាំងមួយចំនួនដែលមានភាពមិន ប្រក្រតី មានដូចជា ដីនៅតាមតំបន់ឆ្នេរសមុទ្រ ឬបឹងធម្មជាតិពីឯកជន និងក្រុមហ៊ុន ដាក់មកជាសម្បត្តិរដ្ឋវិញ៖ «ក្រុមហ៊ុនមិនមានដំណើរ ឬសកម្មភាពអភិវឌ្ឍន៍ ត្រូវតែមានវិធានការដកអាជ្ញាប័ណ្ណ។ កុំឲ្យក្រុមហ៊ុនទាំងនោះធ្វើនំអត់ម្សៅ ជាពិសេសដូចជាគម្រោងអភិវឌ្ឍន៍កោះរ៉ុង ជាដើម គឺបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលតាំងពីឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានឈូសឆាយផ្លូវត្រឹមមួយខ្សែគត់ ហើយផ្លូវនេះខូចខ្ទេចខ្ទីអស់ហើយ ហើយបច្ចុប្បន្នមិនមានដំណើរការអ្វីទាំងអស់។»
ដូចគ្នាដែរ លោក ប៊ួន ណារិទ្ធ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ ក៏បានទទូចឲ្យប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យពិចារណាលើកង្វល់នៃការគ្រប់គ្រងដីតំបន់ឆ្នេរ ហើយត្រូវលើកយកនីតិវិធីណាមួយ ដើម្បីឈានដល់លុបសិទ្ធិគ្រប់គ្រងដីធ្លី ឬប័ណ្ណកម្មសិទ្ធិដីធ្លីពីឯកជននានា ដែលប៉ះពាល់ដល់បឹងធម្មជាតិ ឬដីនៅតាមឆ្នេរសមុទ្រ ជាដើម ដាក់ជូនរដ្ឋគ្រប់គ្រងវិញ៖ «ចំណុច សំខាន់ ហើយត្រូវសើរើ ហើយដកហូតមកជាបន្ទាន់ គឺរាល់ដីសម្បទានសង្គមកិច្ចទាក់ទងដីនៅតំបន់ឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រ គឺនៅម្តុំឆ្នេរអារីស្តុន និងឆ្នេរឯករាជ្យ ព្រមទាំងតំបន់ឆ្នេរសមុទ្រផ្សេងៗទៀត គួរតែរដ្ឋាភិបាលដកហូត ដើម្បីមកប្រើប្រាស់លើវិស័យទេសចរណ៍ ដើម្បីបម្រើដល់ភ្ញៀវទេសចរមកកម្សាន្តនាថ្ងៃអនាគត ពីព្រោះបច្ចុប្បន្ននេះ ភ្ញៀវទេសចរមានចំនួនកើនច្រើន ប៉ុន្តែពួកគាត់គ្មានទីតាំងសម្រាប់ចូលកម្សាន្តទេនៅខេត្ត ព្រះសីហនុ។»
លោកបន្តថា រដ្ឋាភិបាលគួរត្រូវដកហូតដីធ្លីដែលមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ ចេញប័ណ្ណកម្មសិទ្ធិមិនប្រក្រតីមានដូចជា ដីនៅតាមតំបន់ឆ្នេរសមុទ្រ និងដីនៅជុំវិញបឹងធម្មជាតិបឹងព្រែកទប់ ឬបឹងទឹកសាប ឬកោះ ជាដើម មកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញនាថ្ងៃអនាគត។ លោកសង្កេតឃើញថា សព្វថ្ងៃនេះ ខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះកើតមានភាពមិនប្រក្រតីជាច្រើន ជុំវិញការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនឯកជននៅតាមតំបន់ឆ្នេរ សមុទ្រ ឬបឹងធម្មជាតិ ជាដើម។
លោក ប៊ួន ណារិទ្ធ អះអាងថា សព្វថ្ងៃនេះ ឆ្នេរសមុទ្រខេត្តព្រះសីហនុ សម្រាប់ទទួលភ្ញៀវទេសចរចូលកម្សាន្តមិនមានច្រើនទេ ព្រោះមានកម្មសិទ្ធិអស់ទៅហើយ ហើយមានដីតំបន់ឆ្នេរច្រើនទៀតក៏ត្រូវហ៊ុមព័ទ្ធដោយរបងថ្ម និងវីឡាធំស្កឹមស្កៃសម្រាប់លំហែកាយរបស់មន្ត្រីមានអំណាច និងអ្នកមានទ្រព្យធនយកធ្វើកម្មសិទ្ធិឯកជន៖ «ការចេញប័ណ្ណ កម្មសិទ្ធិគ្រប់គ្រងដីធ្លីនៅតំបន់បឹងព្រែកទប់ គឺធ្វើឲ្យបាត់បង់ដីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬដីបឹងធម្មជាតិ ដែលបម្រើប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ហើយថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដែលពាក់ព័ន្ធដីបឹង និងឆ្នេរសមុទ្រជាដើម រដ្ឋាភិបាលត្រូវតែប្រើប្រាស់នីតិវិធីណាមួយរំលាយប្លង់ទាំងនេះចោល ហើយដកហូតដីបឹង ឬឆ្នេរសមុទ្រទាំងនោះមកជាដីសាធារណៈរបស់សម្បត្តិរដ្ឋវិញ។»
ទាក់ទិនបញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ធ្លាប់មានប្រសាសន៍ថា អាជ្ញាធរខេត្តគ្មានសិទ្ធិសើរើសំណង់ ឬការគ្រប់គ្រងដីធ្លីនៅតាមតំបន់ឆ្នេរដែលកំពុងគ្រប់គ្រងដោយឯកជន ឬក្រុមហ៊ុនបានទេ ព្រោះការគ្រប់គ្រងដីធ្លីទាំងនោះ គេមានប័ណ្ណកម្មសិទ្ធិ ឬមានការអនុញ្ញាតពីរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ដីធ្លី ឬដីនៅតាមតំបន់ឆ្នេរជាប់មាត់សមុទ្រផ្សេងទៀតដែលនៅសេសសល់ អាជ្ញាធរមិនអនុញ្ញាតឲ្យមានការចេញប័ណ្ណកម្មសិទ្ធិ ឬក៏ចាក់ដីរំលោភយកឆ្នេរ និងធ្វើរបងថ្មហ៊ុមព័ទ្ធធ្វើជាកម្មសិទ្ធិទៀតទេ ក្នុងអាណត្តិដឹកនាំរបស់លោក។
យ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិល បានផ្តល់គំនិតថា អាជ្ញាធរខេត្តព្រះសីហនុ គួរស្នើសុំគោលការណ៍ទៅរដ្ឋាភិបាល ដើម្បីស្នើដកហូតសិទ្ធិគ្រប់គ្រងដីធ្លី ឬមោឃភាពប្លង់កម្មសិទ្ធិ និងដកអាជ្ញាប័ណ្ណពីក្រុមហ៊ុន ឬឯកជនទាំងឡាយ ដែលបានឃុបឃិតរំលោភយកទ្រព្យសម្បត្តិរដ្ឋធ្វើកម្មសិទ្ធិ មានដូចជា ដីបឹងធម្មជាតិ ឬដីនៅតាមតំបន់ឆ្នេរសមុទ្រ ជាដើម ទុកជូនរដ្ឋគ្រប់គ្រងវិញ។
បញ្ហានេះដែរ កាលពីថ្ងៃទី២០ ខែវិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបើកកិច្ចប្រជុំនៅសាលប្រជុំខេត្តព្រះសីហនុ ដើម្បីសើរើទៅលើការងារពាក់ព័ន្ធការផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមួយចំនួនក្នុងខេត្ត នេះ។ នាឱកាសនោះ លោកបានព្រមានថា នឹងបន្តដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនឯកជនទាំងឡាយណាដែលមិនបាន អនុវត្តតាមកិច្ចសន្យា ឬគោលការណ៍វិនិយោគ ដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាល យកមកទុកជាសម្បត្តិរដ្ឋវិញ។ ព្រមគ្នានេះ លោក ប៊ិន ឈិន បានជំរុញដល់មន្ត្រីនៅតាមមន្ទីរ ឬស្ថាប័នជំនាញនានាក្នុងខេត្តព្រះសីហនុ ត្រូវសហការគ្នាចុះពិនិត្យជាក់ស្តែងអំពីសកម្មភាពរបស់ក្រុមហ៊ុន វិនិយោគឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រាកដថា ក្រុមហ៊ុនទាំងនោះបានអនុវត្តទៅតាមកិច្ចសន្យាវិនិយោគជាមួយ រដ្ឋាភិបាលឬទេ មុននឹងសម្រេចដកអាជ្ញាប័ណ្ណ ឬសិទ្ធិវិនិយោគពីបណ្ដាក្រុមហ៊ុនទាំងនោះ។ ជាងនេះ លោកក៏បានព្រមានចាត់វិធានការចំពោះអំពើពុករលួយ ដែលអាចនឹងកើតមានឡើងរវាងមន្ត្រីនៅតាមមន្ទីរ ឬស្ថាប័នរដ្ឋ ក្នុងសកម្មភាពចុះបំពេញបេសកកម្មសើរើការងារពាក់ព័ន្ធការផ្តល់ដី សម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលពេលនេះ។
ចំណាត់ការនេះ ទទួលបានការសាទរពីមន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តព្រះសីហនុ ប៉ុន្តែទន្ទឹមគ្នានេះ ពួកគេក៏កំពុងរង់ចាំមើលប្រសិទ្ធភាពក្នុងការចុះអនុវត្តសកម្មភាព ការងាររបស់មន្ត្រីរដ្ឋាភិបាលនៅតាមស្ថាប័ននានា ទៅលើក្រុមហ៊ុនវិនិយោគនីមួយៗ ថាទទួលបានជោគជ័យត្រឹមកម្រិតណា៕
សុំស្នើឲ្យលោកកឹម សុខាមេត្តាជួយដោះស្រាយ បញ្ហារដីធ្លីរបស់ប្រជាពលរដ្ឋជាបឋម។ព្រោះសត្វលោកត្រូវ
ReplyDeleteការជម្រកសំរាប់ជ្រកបំប៉នកម្លាំងខ្លួននិងកូនចៅ ញាត្តិសន្តាន ក្នុងគោលបំណងចាប់យកប្រជាធិប
តេយ្យនិងសិរីភាព។ឯរឿងដីធ្លីសារធារណ: ជាចំណងចុងក្រោយ ៗពីប្រទេសមាននិតិរដ្ឋ។ព្រោះកន្លង
មក ក្រុមលោកមិនទាន់បានស្រាយចំណងរឿងដីពលរដ្ឋណាមួយ បានជាផ្លូវការឡើយ។គឺបានតែត្រឹម
ពាក់កណ្ដាលរឿងតែប៉ុណ្ណោះ ដូចដីធ្លីនៅបឹងប្រាំ នៅឡពាង និងរឿងស្ទឹងអារ៉ែង។ល។នឹង។ល៕