សមាជិក រដ្ឋសភា គាំទ្រ ឲ្យមាន ការបង្កើត ប្រធាន ក្រុមតំណាងរាស្ត្រ ភាគតិច
RFA / វិទ្យុ អាស៊ី សេរី | ១៩ ធ្នូ ២០១៤
រដ្ឋសភា សម្រេច ជាឯកច្ឆន្ទ ក្នុងសំឡេងគាំទ្រ ១០២ លើ ១០២ នៃចំនួន អ្នកតំណាងរាស្ត្រ សរុប ដែលបាន ចូលរួមប្រជុំ នៅព្រឹកថ្ងៃ ទី១៩ ខែធ្នូ ដើម្បី អនុម័ត សេចក្តីស្នើ វិសោធនកម្ម ជំពូក ទី១២ ប្រការ៤៨ ថ្មី នៃបទបញ្ជា ផ្ទៃក្នុង រដ្ឋសភា។
វិសោធនកម្ម ទាំងនេះ នឹងបើកផ្លូវ ឲ្យមាន ការបង្កើត ប្រធាន ក្រុមតំណាងរាស្ត្រ ភាគតិច នៅក្នុងរដ្ឋសភា។ ប្រធាន គណបក្ស ប្រឆាំង ហៅការបើកផ្លូវ ឲ្យមាន ប្រធាន ក្រុមភាគតិច ក្នុងសភា គឺ ជារបត់ថ្មី នៃការ ទទួលស្គាល់ តម្លៃ គណបក្ស ក្រៅរដ្ឋាភិបាល។
ប្រធាន គណបក្ស សង្គ្រោះជាតិ ចាត់ទុក ការទទួលស្គាល់ ប្រធាន ក្រុមតំណាងរាស្ត្រ ភាគតិច របស់ រដ្ឋសភា ចាប់ពីថ្ងៃនេះ តទៅ គឺជាដំណើរការ ដោះស្រាយ បញ្ហាជាតិ ដោយសន្តិវិធី និងកាត់បន្ថយ ការគុំកួន កម្ចាត់គ្នា។
ប្រធាន គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅក្នុងវិមានរដ្ឋសភា ក្រោយកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ថា វិសោធនកម្មប្រការ៤៨ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះ ដើម្បីបម្រើផលប្រយោជន៍អ្នកជំនាន់ក្រោយ និងពង្រឹងដំណើរការប្រជាធិបតេយ្យ។
លោក សម រង្ស៊ី មិនបានបញ្ជាក់អោយច្បាស់លាស់ទេថា តើលោកនឹងបានធ្វើជាប្រធានក្រុមភាគតិចនៅសភានោះដែរឬទេ ដោយត្រូវរង់ចាំដំណើរការតាមនីតិវិធីមួយចំនួន។
ការព្រមព្រៀងបង្កើតប្រធានក្រុមភាគតិចក្នុងសភា បានធ្វើឡើងក្នុងជំនួបស្ងាត់ៗរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ ជំនួបកាលណោះ ធ្វើឡើងភ្លាមៗនៅក្រោយពេលដែលគណបក្សជាប់ឆ្នោតទាំងពីរ មិនចុះសម្រុងគ្នាក្នុងការរៀបចំសេចក្ដីស្នើច្បាប់បោះឆ្នោតថ្មី និងការរៀបចំ គ.ជ.ប។ ស្របគ្នានោះ មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ក៏ត្រូវចាប់ឃុំខ្លួន ពោលគឺស្ថានភាពនយោបាយពេលនោះចាប់ផ្ដើមតានតឹងឡើងវិញ។
ប្រធានក្រុមភាគតិចនៅសភានេះមានឋានៈស្មើនាយករដ្ឋមន្ត្រី និងជាដៃគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងបញ្ហាធំៗរបស់ប្រទេសជាតិ។
យ៉ាងនេះក្ដី មកដល់ពេលនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា ភាពតានតឹងផ្នែកនយោបាយហាក់មិនទាន់បញ្ចប់នៅឡើយទេ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នឹងរង់ចាំមើលថា តើគណបក្សនេះអាចដោះស្រាយអ្វីខ្លះនៅក្រោយពេលបានតំណែងប្រធានក្រុម ភាគតិចក្នុងរដ្ឋសភា។
ចំណែក លោក សម រង្ស៊ី ដែលទំនងថាជាមនុស្សតែម្នាក់នឹងទទួលតំណែងជាប្រធានក្រុមភាគតិច នៅក្នុងសភា បញ្ជាក់ថា លោកនឹងគ្រោងលើកបញ្ហាជាច្រើនទៅពិភាក្សានឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនោះរួមមានបញ្ហាចម្បងៗមួយចំនួនដូចជា បញ្ហាអ្នកកំពុងជាប់ឃុំ ដីធ្លី អន្តោប្រវេសន៍ ជាដើម៕
No comments:
Post a Comment