វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា រកឃើញ ចំនួន អ្នកផ្ទុក មេរោគអេដស៍ នៅបាត់ដំបង កើនដល់ ១៤០នាក់
RFA / វិទ្យុ អាស៊ី សេរី | ២០ ធ្នូ ២០១៤
វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា ដែលមានជំនាញ ខាងពិនិត្យឈាម រកឃើញ ថា, ចំនួន អ្នកផ្ទុក មេរោគអេដស៍ នៅស្រុក សង្កែ, ខេត្ត បាត់ដំបង កើនឡើង។ ការ រកឃើញនេះ បន្ទាប់ ពីក្រសួង សុខាភិបាល បញ្ជូនសំណាកឈាម របស់ ប្រជាពលរដ្ឋ មកពិនិត្យ រកមេរោគ អេដស៍ នៅវិទ្យាស្ថាន ប៉ាស្ទ័រ។
នាយក វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា លោកវេជ្ជបណ្ឌិត ដេលីយ៉េ ហ្វង់តេនីល (Didier Fontenille) ប្រាប់អ្នកកាសែតក្នុងស្រុកថា អ្នកផ្ទុកមេរោគអេដស៍ឃុំរកា ស្រុកសង្កែ នៅខេត្តបាត់ដំបង កើនឡើងរហូតដល់ ១៤០នាក់ហើយ នៅរសៀលថ្ងៃទី២០ ខែធ្នូ។ ចំនួននេះអាចនឹងកើនឡើងបន្តទៀត នៅពេលពលរដ្ឋកាន់តែច្រើន សម្រុកធ្វើតេស្តឈាមរកមេរោគអេដស៍នោះ។
នៅពេលដែលវិទ្យុអាស៊ីសេរី សួរព័ត៌មានពីបញ្ហានេះ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប្រាប់ថា លោកសុំមិនផ្តល់បទសម្ភាសន៍ឲ្យអ្នកកាសែតបន្តទៀតទេ ព្រោះក្រុមការងារទាំងអស់ ឯកភាពគ្នាឲ្យនាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោក មាន ឈីវុន ជាអ្នកទទួលខុសត្រូវក្នុងការឆ្លើយសំណួរជាមួយអ្នកកាសែត ចាប់ពីល្ងាចថ្ងៃទី២០ ខែធ្នូ តទៅ។
លោក មាន ឈីវុន អះអាងថា ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅខេត្តបាត់ដំបង អាចតិចជាងចំនួនដែលនាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ប្រាប់អ្នកកាសែត។ លោកបញ្ជាក់ថា ក្រសួងសុខាភិបាល ត្រូវរង់ចាំការសិក្សាស្រាវជ្រាវចប់សព្វគ្រប់ ទើបអាចបង្ហាញព័ត៌មានទាំងអស់ជាសាធារណៈបាន។
ចំណែកឯអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត ទៀ ផល្លា ប្រាប់វិទ្យុអាស៊ីសេរី ថា ក្រុមជំនាញមកពីក្រសួងសុខាភិបាល និងអង្គការនានា កំពុងបន្តសិក្សាស្រាវជ្រាវនៅក្នុងឃុំរកា។ លោកបន្ថែមថា អ្នកជំនាញបានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋនៅឃុំរកា និងឃុំក្បែរៗនោះ ឲ្យមកធ្វើតេស្ដឈាមរកមេរោគអេដស៍ ដើម្បីទទួលបានសេវាពិគ្រោះ និងព្យាបាលទាន់ពេលវេលា។
ទាក់ទងនឹងបញ្ហានេះ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីរដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ ដែលបានចុះទៅសិក្សាដល់ទីកន្លែងដែរនោះមានប្រសាសន៍ថា ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា នោះកើនឡើង ហើយវាជាសញ្ញាគួរឲ្យរន្ធត់ និងព្រួយបារម្ភ។ អ្នកស្រីបន្តថា គណៈកម្មការទី៨នៃរដ្ឋសភា នឹងស្នើទៅកាន់រដ្ឋាភិបាល ឲ្យរៀបចំកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅឃុំរកា ដើម្បីលើកទឹកចិត្តពលរដ្ឋនៅទីនោះ ឲ្យបន្តរស់នៅដោយមានសង្ឃឹមតទៅទៀត។ អ្នកស្រីបញ្ជាក់ថា ក្រៅពីពិនិត្យ និងស្រាវជ្រាវរកមូលហេតុពិតប្រាកដ ដែលបណ្ដាលឲ្យឆ្លងរោគនេះ៖ «ក្រសួង សុខាភិបាល ក៏ត្រូវតែ ទទួលខុសត្រូវ ជាចម្បង ចំពោះ ប្រជាជាតិខ្មែរ ទាំងមូល។»
ប្រជាពលរដ្ឋរស់នៅឃុំរកា ឲ្យដឹងថា អ្នកភូមិកាន់តែច្រើនឡើង បាននាំគ្នាទៅពិនិត្យឈាមនៅមណ្ឌលសុខភាព។ នៅថ្ងៃទី២០ ខែធ្នូ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានយករថយន្តទៅដឹកពលរដ្ឋមួយចំនួនយកទៅទទួលថ្នាំ និងពិគ្រោះជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្រុមប្រជាពលរដ្ឋសង្ស័យថា អ្នកដែលត្រូវដឹកយកទៅខេត្តទាំងនោះ ជាអ្នកដែលមានផ្ទុកមេរោគអេដស៍។ ប្រជាពលរដ្ឋនៅតែតក់ស្លុត និងព្រួយបារម្ភដដែលពីអនាគតរបស់ពួកគាត់។
ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅខេត្តបាត់ដំបង ត្រូវបានរកឃើញថា មានចំនួន ១០៦នាក់ កាលពីថ្ងៃទី១៧ ខែធ្នូ។ នៅថ្ងៃទី១៨ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថា លោកមិនជឿថារឿងនេះជាការពិតនោះទេ។ លោកថែមទាំងសង្ស័យថា ម៉ាស៊ីនពិនិត្យឈាមមានបញ្ហាទៀតផង។ បន្ទាប់ពីនោះមក អាជ្ញាធររាជរដ្ឋាភិបាល ក៏បានព្យាយាមលាក់បាំងតួលេខនៃអ្នកឆ្លងថ្មីតែម្តង។ ក្រុមអង្គការសង្គមស៊ីវិល ស្នើឲ្យរាជរដ្ឋាភិបាលទទួលខុសត្រូវចំពោះរឿងនេះ ដោយបើកចំហព័ត៌មានទាំងអស់ ដើម្បីងាយស្រួលសិក្សាស្រាវជ្រាវ និងរកដំណោះស្រាយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ព្រមានថា រដ្ឋាភិបាលត្រូវសិក្សាឡើងវិញពីស្ថានភាពអ្នកផ្ទុកមេរោគអេដស៍នៅ ទូទាំងប្រទេសទាំងមូលតែម្តង ដើម្បីទប់ស្កាត់វិបត្តិសង្គមដ៏ធំនេះ៕
No comments:
Post a Comment