Paris Peace Accords 23 Oct. 1991

Friday, December 12, 2014

[Vietnamization] RFA: វៀតណាម​ បំពាក់​មេដាយ​ ស្នេហា​ជាតិ​ ឲ្យ​ប្អូនស្រី ​របស់​ លោក​ ហ៊ុន សែន | Vietnam awards medal of patriotism to Hun Sen's younger sisters

វៀតណាម​ បំពាក់​មេដាយ​ ស្នេហា​ជាតិ​ ឲ្យ​ប្អូនស្រី ​របស់​ លោក​ ហ៊ុន សែន

RFA / ​វិទ្យុ ​អាស៊ី សេរី | ១២ ធ្នូ ២០១៤

ប្អូនស្រី ​បង្កើត ​ពីរ​នាក់ ​របស់​លោក នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​ មេដាយ ​ស្នេហា​ជាតិ ពី​ប្រទេស ​វៀតណាម។  ប្រទេស​ វៀតណាម សម្រេច​ផ្ដល់​ មេដាយ​ ស្នេហា​ជាតិ ខ្មែរ ឲ្យ​ជន​កម្ពុជា​ បី​នាក់ នៅ​ដើមខែ ​ធ្នូ ​ឆ្នាំ​២០១៤។  ពិធី ​ប្រគល់ ​មេដាយ​ ផ្លូវការ​ ត្រូវ ​បាន​រៀបចំ​ឡើង ជា​លក្ខណៈ​ ឯកជន ​កាល​ថ្ងៃ​ ទី១០ ​ធ្នូ កន្លងទៅ ​ក្នុង​បរិវេណ​ ស្ថានទូត​ វៀតណាម។

ក្រសួងការពារជាតិ​វៀតណាម បាន​ផ្ដល់​មេដាយ​ស្នេហា​ជាតិ​ឲ្យ​ស្ត្រី​កម្ពុជា​បី​នាក់​។ ក្នុង​នោះ មាន​បងប្អូន​ស្រី ត្រកូល​ហ៊ុន​ពីរ​នាក់​គឺ​អ្នកស្រី ហ៊ុន ស៊ីណាត និង​អ្នកស្រី ហ៊ុន ស៊ាងនី ដែល​អ្នក​ទាំងពីរ​ជា​ប្អូនស្រី​បង្កើត​របស់​លោក​ហ៊ុន សែន។ ចំណែក​ម្នាក់ទៀត​គឺ​អ្នកស្រី ហង់ បុរី ជា​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុ​ជា ក៏បាន​ទទួល​មេដាយ​នេះ​ដូចគ្នា​ដែរ។ មេដាយ​នោះ ជា​មេដាយ លំដាប់​ទី​៣​របស់​វៀតណាម ដែល​មាន​ឋានៈ​ស្មើនឹង​រដ្ឋមន្ត្រី។ វីដេអូ​ឃ្លិប​រយៈពេល​ជិត​៣​នាទី បង្ហោះ​លើ យូធូប (YouTube) បង្ហាញ ​ថា វៀតណាម​ផ្ដល់​មេដាយ​ឲ្យ​ស្ត្រី​ខ្មែរ​ទាំង​បី​រូប​នេះ ដោយសារតែ​ពួកគាត់​ជា​អ្នកមាន​ស្នាដៃ​ក្នុងនាម​ជា​ចារនារី​យោធា និង​ជា​អ្នកស្នេហាជាតិ​កម្ពុជា។ បន្ទាប់ពី​អ្នក​កាន់​កម្មវិធី​ប្រកាស​រួច អ្នកស្រី ហ៊ុន ស៊ីណាត ដែល​ទើបតែ​លាលែង​តំណែង​ពី​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច​នោះ បាន​ឡើង​ទទួល​ប័ណ្ណ​សរសើរ​ពី​មន្ត្រី​ស្ថានទូត​វៀតណាម ទាំង​ទឹកមុខ​ញញឹម​ញញែម ក្រោម​សំឡេង​ទះដៃ​កងរំពង​ពី​សំណាក់​អ្នកចូលរួម​កម្មវិធី។ទីប្រឹក្សា​របស់​ នាយករដ្ឋមន្ត្រី លោក ជុំ កុសល ចាត់​ទុក​ថា ការ​ទទួល​បាន​មេដាយ​ពី​វៀតណាម​នេះ ជា​មហា​កិត្តិយស​របស់​វីរនារី​ស្នេហា​ជាតិ​កម្ពុជា។

ទន្ទឹម​នឹង​នេះ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុ​ជា ដែល​ទទួល​បាន​មេដាយ​ដែរ​នោះ​អ្នកស្រី ហង់ បុរី លើក​ឡើង​ថា ការដែល​វៀតណាម​ផ្ដល់​មេដាយ​ឲ្យ​ស្ត្រី​កម្ពុជា​នេះ ជា​ការ បញ្ជាក់​ថា​ប្រជាពលរដ្ឋ​វៀតណាម​ទាំងអស់ គោរព​ស្រលាញ់​មន្ត្រី​ខ្មែរ ដូចជា​ឪពុកម្ដាយ​ពួកគេ​អញ្ចឹង​ដែរ។ អ្នកស្រី​បន្ត​ថា វា​ជា​កិត្តិយស​ធំធេង​ណាស់​សម្រាប់​រូប​អ្នក​ស្រី ព្រមទាំង​បងប្អូន​ស្រី​ត្រកូល​ហ៊ុន ទាំងពីរ​ដែល​បាន​ទទួល​មេដាយ​ស្នេហា​ជាតិ​នេះ។

ចំណែក​ឯ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច វិញ​មានប្រសាសន៍ថា ទង្វើ​របស់​វៀតណាម​នេះ ជា​រឿង​មួយ​គួរ​ឲ្យ​សង្ស័យ។ លោក​ដាក់​សំណួរ​សួរ​ថា ហេតុអ្វី​បានជា​មេដាយ​របស់​វៀតណាម ដែល​ឲ្យ​មក​មន្ត្រី​ខ្មែរ​មាន​បញ្ជាក់​ឋានៈ​ស្មើនឹង​រដ្ឋមន្ត្រី ឬមួយ​វៀតណាម នៅ​គិត​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ខ្លួន? លោក​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​ជោរ​ភ្លេចខ្លួន​នៅ​ពេល​បរទេស​បញ្ចើចបញ្ចើ​ឡើយ។

អង្គការ​អន្តរជាតិ​នានា ប្រទេស​ក្នុង​តំបន់​អឺរ៉ុប សហរដ្ឋអាមេរិក ធ្លាប់​បាន​បំពាក់​មេដាយ ផ្ដល់​ប័ណ្ណសរសើរ និង​ពានរង្វាន់​មួយ​ចំនួន ជូន​សកម្មជន​ការពារ​សិទ្ធិមនុស្ស មន្ត្រី​រដ្ឋាភិបាល ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី និង អ្នកសារព័ត៌មាន​ជាដើម។ ពាន់​រង្វាន់ ឬ​ប័ណ្ណសរសើរ​ទាំងអស់ ផ្ដល់​ជូន​ដើម្បី​លើកទឹកចិត្ត​អ្នក​ទាំងនោះ ឲ្យ​ខិតខំ​ថែមទៀត​ក្នុង​ការ​នាំ​សង្គម​កម្ពុជា​ទៅ​រក​វឌ្ឍនភាព។
ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការណ៍​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​បាន​ទទួល​មេដាយ​លើក​សរសើរ ពី​សំណាក់​អន្តរជាតិ​នោះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ ប៉ុន្តែ​មហាជន​ត្រូវ​ពិនិត្យ​មើល​ថា​តើ​បរទេស​នោះ​គេ​ផ្ដល់​មេដៃ​ឲ្យ​យើង​ ដោយសារ​បុព្វ​ហេតុអ្វី? លោក​បន្ត​ថា មេដាយ​ស្នេហា​ជាតិ​របស់​វៀតណាម​មិន​មាន​តម្លៃ​អ្វី​ឡើយ នៅ​ក្នុង​ទឹកចិត្ត​រាស្ត្រ​ខ្មែរ​ភាគច្រើន​នោះ។

រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​បំពាក់​មេដាយ​ជូន​ជនបរទេស​ជាច្រើន​ដង​ច្រើន​សារ​មក​ហើយ។ជនបរទេស​ ទាំងនោះ សុទ្ធ​តែ​មាន​ស្នាដៃ​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ កម្ពុជា។ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា មិន​ធ្លាប់​បំពាក់​មេដាយ ជូន​មន្ត្រី​បរទេស​ណា មិនបាន​ជួយ​ការងារ​កម្ពុជា​នោះ​ឡើយ។ ប្រទេស​វៀតណាម ធ្លាប់​ចេញ​មុខ គ្រប់គ្រង​កិច្ចការ​នយោបាយ​ប្រទេស​កម្ពុជា​ជា​ចំហ​ពី​ចន្លោះ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩។ កាល​នោះ​វៀតណាម បាន​ដាក់​ជំនាញការ​គ្រប់គ្រង​រដ្ឋបាល​ទូទៅ​របស់​កម្ពុជា តាំងពី​ថ្នាក់​មជ្ឈិម​រហូតដល់​ថ្នាក់​មូលដ្ឋាន។ ជំនាញការ​វៀតណាម​ត្រូវ​បាន​ដក​ចេញពី​កម្ពុជា​វិញ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ ខែ​តុលា​ឆ្នាំ​១៩៩១ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​នៅតែ​ចោទ​ថា​គណបក្ស​កាន់អំណាច ដឹកនាំ​ប្រទេស​ក្រោម​ឥទ្ធិពល​វៀតណាម។ទោះ​យ៉ាងណា​ក្ដី ប្រទេស​វៀតណាម​ធ្លាប់​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្ងន់ៗ កាលពី​ឆ្នាំ​២០១២ ក្នុង​ពេល​ប្រជុំ​អាស៊ាន​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ថា រាជរដ្ឋាភិបាល​កម្ពុជា​លំអៀង​ទៅ​រក​ប្រទេស​ចិន៕


No comments:

Post a Comment