Paris Peace Accords 23 Oct. 1991

Wednesday, January 21, 2015

​វិភាគ​៖ តើ គ​.​ជ​.​ប. ថ្មី ​អាច​បាត់ស្រមោល ​ទៅ​វិញ​ តាម​សម្តី ​របស់​លោក ហ៊ុន សែន ទេ​?​ Analysis: Can new NEC rid of Hun Sen's shadow

​វិភាគ​៖ តើ គ​.​ជ​.​ប. ថ្មី ​អាច​បាត់ស្រមោល ​ទៅ​វិញ​ តាម​សម្តី ​របស់​លោក ហ៊ុន សែន ទេ​?​

VOD | ២១ មករា ២០១៥


លោក នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ នាពេលកន្លងមក

ក្រុមការងារ ​គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ កំពុង​ចរចា​ លើ​សេចក្តីស្នើ សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ ការរៀបចំ និង​ប្រព្រឹត្តទៅ នៃ​គ​.​ជ​.​ប., គឺ​ បាន​ជិត​ ៣០​មាត្រា ក្នុងចំណោម​ ៤៦​មាត្រា។  ក្នុងអំឡុងពេល​ នៃ​ការពិភាក្សា​នេះ, ក្រុម​ការងារ ​បច្ចេកទេស​ មាន​ការ ខ្វែងគំនិត​គ្នា ​មួយចំនួន; ចំណែក​ ថ្នាក់ដឹកនាំ ​គណបក្ស​ ទាំងពី ​ក៏​កំពុង​ វាយប្រហារ​គ្នា​ ដោយ​ពាក្យ​សម្តី ​ជា​បន្តបន្ទាប់។


ថ្នាក់ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ ​រួម​ មាន​លោក សម រង្ស៊ី និង​លោក កឹម សុខា រិះគន់​ ការដឹកនាំ ​របស់​លោក នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តាម​វេទិកា សាធារណៈ​ ជួប​ពលរដ្ឋ ​នៅ​តាម​ បណ្តា​ខេត្ត​នានា ជា​បន្តបន្ទាប់។  ចំណែក​ លោក ហ៊ុន សែន វិញ​បាន​ប្រើ​វេទិកា សាធារណៈ ​ក្នុង​ពិធី​សម្ពោធ​ សមិទ្ធផល ឬ​ការចែក​ សញ្ញាបត្រ​ ដើម្បី​ វាយប្រហារ ​ចំៗ​ លើ​ថ្នាក់ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ​វិញ។

ការវាយប្រហារ​ ដោយ​ពាក្យសម្តី​ ដល់​ចំណុច ក្តៅ​មួយ ដែល​លោក ហ៊ុន សែន ប្រកាស​ ឈប់​ខ្វល់ ​ពី​វប្បធម៌​ ជជែក​គ្នា​ ដោយ​សន្តិភាព​ ជាមួយ​លោក សម រង្ស៊ី។  ខណៈ​បញ្ហា​ក្តៅ ​រវាង​ ថ្នាក់ដឹកនាំ បក្ស​ទាំង​ពីរ ​កំពុង​រោល​ ដាក់​គ្នា​នេះ, លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រកាស​ ឈប់​ខ្វល់​ ពី​ការចរចា​ លើ​ច្បាប់​ បោះឆ្នោត​ថ្មី ដែល​ច្បាប់​នោះ កើត​ចេញ ពី​ការព្រមព្រៀង​ នយោបាយ ​របស់​ គណបក្ស​ ទាំង​ពីរ​ កាលពី​ថ្ងៃ​ ទី​២២ ខែកក្កដា ឆ្នាំ​២០១៤។  លោក​ មានប្រសាសន៍ ថា, «​ឥឡូវនេះ​ លេង​គ្នា​ នៅក្នុង​សភា។  សំឡេង​យើង ​(​គណបក្ស​ ប្រជាជន​កម្ពុជា​)​ ភាគច្រើន អត់​មាន​អី​ ត្រូវ​ ញ៉ាក អា​ច្បាប់បោះឆ្នោត, មិន​បោះឆ្នោត, ធ្វើ​ទាន់​ មិនទាន់​ ក៏​ហី​ទៅ, បើ​ លោក​ឯក ​ដើរចេញ​ ពី​ការស្រុះស្រួល​ហើយ ពេលវេលា​ នៅ​គរគោក ​នាំគ្នា​ ទៅណា​ បាត់អស់, ត្រឡប់ មកវិញ​ បង្ខំ។​»

​ក្រោយ​ការប្រកាស ​របស់​លោក នាយ​ក​រដ្ឋមន្ត្រី​ ថា, ឈប់​ខ្វល់ ​ពី​ការចរចា​ ពី​ច្បាប់បោះឆ្នោត​ កាលពីដើម​ សប្តាហ៍​នេះ នាំ​ឲ្យ​អ្នក​ ដែល​ធ្វើការ​ ពាក់ព័ន្ធ​ កិច្ចការ ​បោះឆ្នោត ប្រា​រម្ភ ថា, គ​.​ជ​.​ប. ថ្មី​ ប្រឈម​បញ្ហា ​ច្រើន ​ដោយសារ​ ឥទ្ធិពល​សម្តី​ របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ដែល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជាង​៣០​ឆ្នាំ ហើយ​គេ​ឲ្យ​ងារ​ជា​បុរស​ខ្លាំង​នោះ សម្តី​របស់​លោក​ពិតជា​ខ្លាំង។  ជា​ញឹកញាប់​ លោក ហ៊ុន សែន រង​ការ​ចោទថា សម្តី​របស់​លោក​មាន​ឥទ្ធិពល​ដល់​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​ឯករាជ្យ​ផ្សេងៗ​ទៀត។  ជាក់ស្តែង​ករណី​សំណុំរឿង​របស់​មន្ត្រី និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​ក្នុង​ដៃ​តុលាការ ក៏​លោក ហ៊ុន សែន ហ៊ាន​ព្រមាន​ថា​លោក​មិន​អត់អោន​ឲ្យ ឬ​មិន​ឲ្យ​រួច​ខ្លួន​ទេ។ 

ជា​លទ្ធផល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប កំពុង​ជាប់​ពន្ធនាការ​ព្រៃ​ស ហើយ​លោកនាយក​រដ្ឋមន្ត្រី​កំពុង​សម្លឹងមើល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ ជាតិ​៧រូប​ថែម​ទៀត ដែល​លោក​ថា​ក្រោយ​ពី​ចាត់ការ​មន្ត្រី​អ្នក​ទាំង​៥​រូបហើយ និង​ចាត់​តំណាងរាស្ត្រ​៧​រូប​ទៀត។

បើ​មើល​លើ​ករណី​ឆ្លង​ជំងឺអេដស៍​នៅ​ខេត្ត​បាត់ដំបង​វិញ ពេល​ដែល​មន្ត្រី​ជំនាញ​បង្ហាញ​របាយការណ៍​ពី​ការឆ្លង​ជា​បន្តបន្ទាប់​នោះ លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា លោក​មិន​ជឿ​ថា​មាន​ការឆ្លង​ទេ ពេល​នោះ​មន្ត្រី​ជំនាញ​ដែល​ធ្វើការ​ផ្ទាល់​ឈប់​ផ្តល់ព័ត៌មាន​នេះ​ដល់​ សាធារណជន។ 

សម្តី​របស់​លោកនាយក​រដ្ឋមន្ត្រី​ពិតជា​មាន​ឥទ្ធិពល​ដាច់​គេ​នៅ​កម្ពុជា ហេតុ​ដូច្នេះ​បើ​លោក​ថា មិន​ខ្វល់​ពី​កិច្ចការ​រៀបចំ​កំណែទម្រង់​ការបោះឆ្នោត ដែល​មន្ត្រី​ជំនាញ​កំពុង​ពិភាក្សា​លើ​ច្បាប់​បោះឆ្នោត​នេះ តើ​មន្ត្រី​របស់​លោក​ទាំងនោះ ហ៊ាន​ទៅ​ជួប​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាម​ការកំណត់​ប្រចាំ​សប្តាហ៍​ដែរឬទេ ហើយ​បើ​នៅ​តែ​ទៅ​មាន​លទ្ធផល​យ៉ាង​ណា​?

​ខ្លឹមសារ​ដែល​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជួប​គ្នា​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ អ្នក​ទាំង​ពីរ​ប្តេជ្ញា​ថា ការធ្វើ​កំណែ​ទម្រង់ការ​បោះឆ្នោត​នឹង​បញ្ចប់​ឲ្យបាន​យ៉ាងយូរ​ត្រឹម​ដំណាច់​ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ។  ទោះយ៉ាងណា ពេលវេលា​សល់​តែ​ជាង​១​ខែ​ទៀត តែ​សញ្ញា​នៃ​ការបញ្ចប់​កិច្ចការ​កំណែ​ទម្រង់ការ​បោះឆ្នោត​នៅ​មិន​ទាន់​ លេចចេញ​ជា​រូបរាង​ទេ តែ​បែរជា​លេច​ចេញ​បញ្ហា​ប្រឈម​ផ្ទួនៗ​ទៅវិញ។​

​ក្រោយ​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​កិច្ចការ​បោះឆ្នោត កាន់តែ​ស្រ​ម៉ៃ​មើលមិនឃើញ​ពី​រូបភាព​នៃ គ​.​ជ​.​ប. ថ្មី។​
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា  លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា​ការ​វិវត្តន៍​ចុងក្រោយ​នេះ ជា​ហានិភ័យ​ក្នុង​ការបង្កើត គ​.​ជ​.​ប ថ្មី។ 


តាម​កិច្ចព្រមព្រៀង​២២​កក្កដា​ឆ្នាំ​២០១៤ គ​.​ជ​.​ប. ថ្មី មាន​សមាជិក​៩​រូប ក្នុងនោះ​៤​រូប​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ជ្រើសរើស ៤​រូប​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ជ្រើសរើស និង​១​រូប​ទៀត​ជ្រើសរើស​រួមគ្នា។​

លោក ហង្ស ពុទ្ធា យល់ឃើញថា វាសនា​របស់ គ​.​ជ​.​ប. ថ្មី យ៉ាងណា​នោះ​គឺ​គណបក្ស ប្រជាជន​ជា​អ្នកសម្រេច ។  លោក​ ថា, «ការចរចា​ហ្នឹង​ត​ទៅ​មុខ ឬ​បរាជ័យ​គឹ​ប្រហែលជា​ស្ថិតក្នុង​ដៃ​របស់​គណបក្ស​ប្រជាជន​ហើយ មួយ​ទៀត​ខ្ញុំ​គិតថា ព័ត៌មាន​ទាំងឡាយ​នេះ​ក៏​ជាការ​ពញ្ញាក់​ស្មារតី​ដល់​ដៃគូ​ចរចា ហើយក៏​ជា​ការ​ពញ្ញាក់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដើម្បីឲ្យ​តាមឃ្លាំមើល​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀ​ត​។​» 

ការទាមទារ​ឲ្យធ្វើ​កំណែទម្រង់ គ​.​ជ​.​ប គឺធ្វើឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ចំណែក​អ្នក​ចង់​ប្រើ គ​.​ជ​.​ប បច្ចុប្បន្ន​ដដែល​គឺជា​ការចង់បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ បច្ចុប្បន្ន​គណបក្ស​ទាំងពី​កំពុងតែ​ទាញ​ទៅរក​ចំណុច​ពាក់កណ្តាល​ម្នាក់ ដែល​ជា​ថ្នូរ​បញ្ចប់​ភាពជាប់គាំង​នយោបាយ។​

កិច្ចព្រមព្រៀង​២២​កក្កដា បាន​ចែង​យ៉ាងច្បាស់​ថា បើ គ​.​ជ​.​ប. ថ្មី មិនអាច​កើត​រួច​នោះ គ​.​ជ​.​ប បច្ចុប្បន្ន​នៅតែ​បន្ត​ការងារ​របស់​ខ្លួន ក្នុង​ការរៀបចំ​កិច្ចការ​បោះឆ្នោត​ដូច​មានចែង​ក្នុង​ច្បាប់​បោះឆ្នោត​ជា​ដើម ។ ចំណុច​នេះ​បានន័យថា បើ​ការរៀបចំ គ​.​ជ​.​ប ថ្មី​បរាជ័យ​ទាំងស្រុង​នោះ វា​នឹង​ក្លាយទៅជា​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង​ទៅវិញ។​

​ទោះ​យ៉ាង​លោក រស់ រ៉ាវុធ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅតែ​មាន​ការជឿជាក់​ថា គ​.​ជ​.​ប. ថ្មី នឹង​បង្ហាញ​រូបរាង​នៅ​ចុង​ខែ​ក្រោយ​តាម​ការគ្រោងទុក ។ លោក​បញ្ជាក់​មូលហេតុ​ដែល គ​.​ជ​.​ប ថ្មី នឹង​នៅតែ​បង្ហាញ​រូបរាង​នោះ ដោយសារ​បច្ចុប្បន្ន​សហ​គម​ន៍​អន្តរជាតិ​រួមទាំង​អង្គការសហប្រជាជាតិ ប្រទេស​ម្ចាស់​ជំនួយ និង​​ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​តាមដាន​លើ​កិច្ចការ​នេះ។


​ក្រោយ​ពេល​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៥ កាលពី​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​មិន​ទទួលយក​លទ្ធផល ហើយ​ដឹកនាំ​អ្នកគាំទ្រ​របស់​ខ្លួន​ពី​រាប់សែន​ទៅ​រាប់លាន​នាក់​ធ្វើ​ បាតុកម្ម​នៅ​រាជធានី​ភ្នំពេញ ។ អំឡុងពេល​នៃ​ការជាប់គាំង​នយោបាយ បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា រង​ភាពអយុត្តិធម៌​កើតឡើង​ស្ទើរ​រាល់ថ្ងៃ ។ ក្នុង​អំឡុងពេល​នោះ ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​៧​នាក់​បាន​ស្លាប់ ដោយសារ​ការបាញ់​បង្ក្រាប​ពេល​បាតុកម្ម រាប់រយ​នាក់​រងរបួស និង​មួយចំនួន​ធ្លាក់ខ្លួន​ពិការ​ដល់​ពេល​បច្ចុប្បន្ន ។ ក្រុមគ្រួសារ​អ្នកស្លាប់ អ្នករងរបួស និង​អ្នក​ធ្លាក់ខ្លួន​ពិការ​ទាំងនោះ មិន​មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ ឬ​ផ្តល់​សំណង​ជួសជុល​ការខូចខាត​នោះ​ទេ។​
​បើ គ​.​ជ​.​ប ថ្មី មិន​ចេញ​ជា​រូបរាង​នោះ តើ​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៦​អាច​នឹង​មាន​ស្ថានភាព​ដូច​អាណត្តិ​ទី​៥​ទៀត​ដែរ​ទេ​?



No comments:

Post a Comment