អាជ្ញាធរ អប្សរា ចោទលោក សុន ឆ័យ ជាថ្មី ថា, និយាយកុហក រឿងចំណូល បានពីអង្គរវត្ត
RFA / វិទ្យុ អាស៊ី សេរី | ៨ មករា ២០១៥
អាជ្ញាធរ ជាតិ អប្សរា [Apsara National Authority] ចោទប្រកាន់ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ លោក សុន ឆ័យ ជាថ្មី ថា, និយាយភូត កុហក សាធារណជន ជុំវិញរឿង ចំណូលបានមក ពីអង្គរវត្ត។ អាជ្ញាធរ ជាតិ អប្សរា លើកឡើង ថា, ការមួលបង្កាច់ ការពិត របស់ លោក សុន ឆ័យ នេះ គឺ មានពុតត្បុត និងមាន ចរិត នយោបាយ។
នេះ គឺ ជាលើកទីពីរ ហើយ ដែលអាជ្ញាធរ ជាតិ អប្សរា ចេញលិខិត បំភ្លឺ ចោទប្រកាន់ លោក សុន ឆ័យ តំណាងរាស្ត្រ នៃគណបក្ស សង្គ្រោះជាតិ និងជាអនុប្រធាន គណៈកម្មការ សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ, និងសវនកម្ម នៃរដ្ឋសភា ថា, បន្ត និយាយភូត កុហក អំពី បេសកកម្ម របស់ អាជ្ញាធរ ជាតិ អប្សរា។
ក្នុងសេចក្តី បំភ្លឺ ចុះផ្សាយ នៅលើគេហទំព័រ របស់ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការ គណៈរដ្ឋមន្ត្រី នៅថ្ងៃ ទី៨ មករា បញ្ជាក់ ថា, ការលើកឡើង របស់ លោក សុន ឆ័យ អំពី ការកិបកេងបំបាត់ ថវិកា ជាតិ ពីការលក់ប័ណ្ណ ចូលទស្សនា អង្គរ និងអំពី ការជួលដី បុរីវប្បធម៌ និងទេសចរណ៍ ទៅឲ្យ ក្រុមហ៊ុន សុខា អូតែល ដែលធ្វើ ឲ្យមាន ការបាត់បង់ ប្រាក់ ពីការបង់ថ្លៃ ឈ្នួលដី នោះ ថា, គ្មាន អំណះអំណាង អ្វី ជាមូលដ្ឋាន ច្បាស់លាស់ នោះឡើយ។
អាជ្ញាធរ ជាតិ អប្សរា អះអាង ថា, ការលើកឡើងរបស់ លោក សុន ឆ័យ ម្តងហើយម្តងទៀតនេះ ថាជាការចិញ្ចឹមចិត្តមួលបង្កាច់ការពិត និងបំផ្លើសគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្យានុភាព និងភាពត្រឹមត្រូវក្នុងការបំពេញបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ប៊ុន ណារិទ្ធ មានប្រសាសន៍បន្ថែមទៅលើសេចក្តីបំភ្លឺថា នៅពេលលោកជួបប្រជុំជាមួយ លោក សុន ឆ័យ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ អាជ្ញាធរជាតិអប្សរា បានប្រគល់ឯកសារអំពីទិន្នន័យ និងស្ថិតិដែលលោកបានមកពីក្រសួងទេសចរណ៍ ឲ្យទៅ លោក សុន ឆ័យ រួចអស់ហើយ ហើយលោកក៏បានធ្វើបទបង្ហាញដល់ លោក សុន ឆ័យ ទៀតផង។ លោកថានៅទីបំផុត ស្រាប់តែ លោក សុន ឆ័យ បាននិយាយផ្ទុយពីតួលេខដែលប្រគល់ដោយអាជ្ញាធរជាតិអប្សរា ទៅវិញ។
លោក ប៊ុន ណារិទ្ធ បង្ហាញភាពងឿងឆ្ងល់ថា មិនដឹងជា លោក សុន ឆ័យ បានតួលេខមកពីណានោះទេ។ លោកថា ចំណែកតួលេខដែលអាជ្ញាធរជាតិអប្សរា ទទួលបាន គឺមានការផ្ទៀងផ្ទាត់ ត្រួតពិនិត្យជាមួយនគរបាលអន្តោប្រវេសន៍ដែលកត់ត្រាចំនួនភ្ញៀវទេសចរ បរទេស ចូលមកតាមច្រកព្រំដែនត្រឹមត្រូវ។
អាជ្ញាធរជាតិអប្សរា អះអាងថា ភ្ញៀវទេសចរបរទេសដែលចូលទស្សនាអង្គរវត្តក្នុងរយៈពេល ១០ខែឆ្នាំ២០១៤ គឺមានចំនួនប្រមាណជាង ១លាន ៦សែននាក់ និងមានចំណូលសរុបជាង ៤៧លានដុល្លារ ហើយនៅឆ្នាំ២០១៣ ភ្ញៀវចូលទស្សនាអង្គរវត្តមានប្រមាណជាង ២លាននាក់ និងមានចំណូលសរុបជាង ៥៧លានដុល្លារ។ អាជ្ញាធរជាតិអប្សរា បញ្ជាក់បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងអស់នោះ ភ្ញៀវដែលទិញប័ណ្ណចូលទស្សនាអង្គរវត្តក្នុងតម្លៃ ២០ដុល្លារមាន ៥៩% នៅឆ្នាំ២០១៣ និង ៥៨% នៅឆ្នាំ២០១៤។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពី លោក សុន ឆ័យ បានទេជុំវិញការចោទប្រកាន់នេះ ដោយលោកកំពុងបំពេញបេសកកម្មនៅបរទេស។ យ៉ាងណាក៏ដោយ លោក សុន ឆ័យ ធ្លាប់អះអាងថា នៅឆ្នាំ២០១៤ ភ្ញៀវទេសចរបរទេសដែលចូលទស្សនាអង្គរវត្តមានយ៉ាងតិចជាង ៣លាននាក់ ហើយភាគច្រើនទិញប័ណ្ណចូលទស្សនាក្នុងតម្លៃ ៤០ដុល្លារក្នុងម្នាក់។
ជុំវិញបញ្ហានេះ អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ យល់ឃើញថា ការឆ្លើយឆ្លងគ្នាតាមរយៈសេចក្តីថ្លែងការណ៍ ឬលិខិតបំភ្លឺដូចនេះ គឺមិនគ្រប់គ្រាន់នោះទេ គឺវាទាមទារឲ្យមានការជជែកគ្នាស៊ីជម្រៅឲ្យបានច្បាស់លាស់។ លោកបន្តថា អ្វីដែលតំណាងរាស្ត្រគណបក្សប្រឆាំងសិក្សាដេញដោលនេះ វាមិនមែនជាការកេងចំណេញនយោបាយអ្វីនោះទេ។ ផ្ទុយទៅវិញ ពួកគេកំពុងតែជំរុញឲ្យរដ្ឋាភិបាល ធ្វើឲ្យមានគណនេយ្យភាពទាក់ទងចំណូលរបស់ជាតិប៉ុណ្ណោះ។
លោក សន ជ័យ មានប្រសាសន៍ថា ជាដំណោះស្រាយ គេគួរតែយកបញ្ហាចំណូលពីអង្គរវត្តធ្វើជារបៀបវារៈប្រជុំប្រចាំ ឆ្នាំ និងឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ។ លោកថា ពេលនោះតម្លាភាពនឹងត្រូវបានគេមើលឃើញ។
លោក សន ជ័យ មានប្រសាសន៍ថា កង្វះយន្តការតម្លាភាពក្នុងបញ្ហាចំណូលជាតិនេះ នឹងធ្វើឲ្យពលរដ្ឋកម្ពុជា ដែលជាម្ចាស់ប្រាសាទអង្គរវត្ត ចេះតែនៅបន្តមានមន្ទិលសង្ស័យមិនឈប់ឈរអំពីបញ្ហានេះ។
យ៉ាងណាក៏ដោយ មន្ត្រីអាជ្ញាធរជាតិអប្សរា អះអាងថា ពួកគេបន្តស្វាគមន៍ជួបជាមួយសមាជិកសភាដើម្បីជជែកអំពីបញ្ហានេះ៕
No comments:
Post a Comment