Paris Peace Accords 23 Oct. 1991

Friday, January 9, 2015

ពលរដ្ឋ ​នៅ​បាត់ដំបង​ រិះគន់​ អាជ្ញាធរ ​ថា, ​មិន​ដោះស្រាយ បញ្ហា​ប្រឡាយ​ ទឹក​ស្អុយ | Battambang residents criticize authority for not resolving sewage problems

ពលរដ្ឋ ​នៅ​បាត់ដំបង​ រិះគន់​ អាជ្ញាធរ ​ថា, ​មិន​ដោះស្រាយ បញ្ហា​ប្រឡាយ​ ទឹក​ស្អុយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៩ មករា ២០១៥

ប្រឡាយ​ទឹក​ស្អុយ បាត់ដំបង ៦២០
ប្រឡាយ​ទឹក​ ដែល​ប្រជាពលរដ្ឋ ​ត្អូញត្អែរ​ ថា, ​មាន​ក្លិន​ស្អុយ​ ប៉ះពាល់ ​សុខភាព នៅ​ភូមិ ​ព្រែកក្រូច, ឃុំ ​ព្រែកនរិន្ទ, ស្រុក ​ឯកភ្នំ, ខេត្ត​ បាត់ដំបង។  រូបថត​ ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៥ (RFA/Hum Chamroeun)
 
ប្រជាពលរដ្ឋ​ នៅ​ស្រុក​ ឯកភ្នំ, ខេត្ត​ បាត់ដំបង ប្រមាណ ២០០​គ្រួសារ រិះគន់ ​អាជ្ញាធរ​ឃុំ ថា, ​មិន​យក​ចិត្ត​ ទុក​ដាក់​ ដោះស្រាយ​ ប្រឡាយ ​បង្ហូរ​ទឹក​ស្អុយ​ ចេញ​ពី​ភូមិ​ នោះ​ទេ។  អ្នក​ភូមិ​ បញ្ជាក់​ថា, ប្រឡាយ​ ទឹក​ស្អុយ​នេះ​ មាន​ក្លិន​ អាក្រក់, ធ្វើ​ឲ្យ​ប៉ះពាល់ ​ដល់​សុខភាព​ ប្រជាពលរដ្ឋ​ ក្បែរ​នោះ​ ជិត​មួយ​ឆ្នាំ​ មក​ហើយ ដោយ​ពុំ​ មាន​ អាជញាធរ​ ណា ​អើពើ​ នៅ​ឡើយ។

ប្រឡាយ​បង្ហូរ​ទឹក​ដែល​ប្រជាពលរដ្ឋ​អះអាង​នោះ​មាន​ក្លិន​ស្អុយ ធ្វើ​ឲ្យ​ដើម​ឈើ​ក្បែរ​នោះ​មួយ​ចំនួន​ងាប់​បណ្ដើរៗ និង​ប៉ះពាល់​ដល់​សុខភាព​របស់​ព្រះសង្ឃ​ក្នុង​វត្ត និង​សិស្សសាលា​បឋមសិក្សា​វត្ត​ព្រែកក្រូច ពិបាក​ដក​ដង្ហើម និង​ប៉ះពាល់​ដល់​ការ​សិក្សា។

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ប្រឡាយ​ទឹក​ស្អុយ​នៅ​ភូមិ​ព្រែកក្រូច ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រឡាយ​ទឹក​មាន​ក្លិន​ស្អុយ​នោះ គឺ​ផ្ដើម​ចេញ​ពី​កាក​សំណល់​របស់​ម្ចាស់​អាជីវកម្ម​ត្រី​ស្រស់​ក្បែរ​នោះ​ ម្នាក់​ឈ្មោះ លោក ហោ ឆាយ ដោយ​កែច្នៃ​ត្រី ហើយ​ហូរ​ចូល​ក្នុង​ទឹក​ប្រឡាយ ធ្វើ​ឲ្យ​ទឹក​ស្អុយ​រលួយ​ខួប​ប្រាំង​ខួប​វស្សា ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ។ អ្នក​ភូមិ​បន្ត​ទៀត​ថា ពួក​គាត់​បាន​នាំ​រឿង​នេះ​ទៅ​ជម្រាប​ដល់​មេ​ឃុំ​ព្រែកនរិន្ទ ដើម្បី​មាន​វិធានការ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​ប្រឡាយ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ៖ «បាទ! យ៉ាប់​វា​ស្អុយ​សឹង​តែ​ងើប​មិន​រួច សម្រាក​មិន​បាន​ទេ។ វា​ស្អុយ​ពេល​ខ្លះ​ឈឺ​ក្បាល តែ​ឥឡូវ​នេះ​វា​ស៊ាំ​នឹង​ក្លិន​ស្អុយ​ហ្នឹង​ខ្លះ​ហើយ។ ឥឡូវ​នេះ​វា​គ្រាន់​បន្តិច​ហើយ ដល់​ខែ​វស្សា​វិញ​ស្អុយ​ផឹក​អត់​កើត​ទេ ស្រះ​វត្ត​លោក​ហ្នឹង។ អាជ្ញាធរ​គាត់​មិន​ហ៊ាន​ទៅ​ថា​ឲ្យ​ម្ចាស់​អាជីវកម្ម​នោះ​ទេ ព្រោះ​គេ​មាន​លុយ​ច្រើន។»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ម្ចាស់​អាជីវកម្ម​កែច្នៃ​ត្រី​នៅ​ភូមិ​ព្រែកតាច្រែង គឺ​លោក ហោ ឆាយ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ មករា។

ទោះ​យ៉ាង​នេះ​ក្ដី មេ​ឃុំ​ព្រែកនរិន្ទ លោក សេង យី មាន​ប្រសាសន៍​បញ្ជាក់​ថា បញ្ហា​នេះ​ពុំ​មែន​អាជ្ញាធរ​មិន​គិតគូរ​រំដោះ​ទឹក​ស្អុយ​ចេញ​ពី​ប្រឡាយ ដូច​ការ​លើក​ឡើង​របស់​អ្នក​ភូមិ​នោះ​ទេ។ លោក​ថា ហេតុ​ដែល​យឺតយ៉ាវ​នេះ ដោយសារ​អាជ្ញាធរ​កំពុង​សិក្សា​រក​ទីកន្លែង​សមរម្យ ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​ប្រឡាយ​នោះ​នៅ​ឡើយ៖ «ខ្ញុំ​កំពុង​សិក្សា​ ដើម្បី​ស្ដារ​ទឹក​ប្រឡាយ​ហ្នឹង ថា​រំដោះ​ទឹក​ទៅ​ខាង​ណា​អី​ខាង​ណី ហើយ​ថែម​ទាំង​បាន​ប្រជុំ​ក្រុមប្រឹក្សា​ឃុំ​ដោះស្រាយ​រួច​ហើយ​ដែរ។»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​រំដោះ​ទឹក​ស្អុយ​ពី​ប្រឡាយ​នោះ​ចេញ​ ឲ្យ​បាន​ឆាប់ ព្រោះ​ក្លិន​ទឹក​ប្រឡាយ​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ ជាច្រើន​គ្រួសារ។ លោក យិន ម៉េងលី ចាត់​ទុក​ការ​ឆ្លើយ​បដិសេធ​របស់​មេ​ឃុំ​នេះ គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​ដោះ​បន្ទុក​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ប៉ុណ្ណោះ៖ «រឿង​នេះ​បើ​សិន​អាជ្ញាធរ​ឃុំ​មិន​ដោះស្រាយ​ទេ ប្រជាពលរដ្ឋ​លោក​មាន​សិទ្ធិ​ទាមទារ​ទៅ​ថ្នាក់​លើ ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​បន្ត​ទៀត។»

ប្រឡាយ​ទឹក​ស្អុយ​ដែល​អ្នក​ភូមិ​ត្អូញត្អែរ​នេះ ហូរ​កាត់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២​ភូមិ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ២០០​គ្រួសារ គឺ​ភូមិ​ព្រែកតាច្រែង និង​ភូមិ​ព្រែកក្រូច ព្រម​ទាំង​វត្ត និង​សាលា​បឋមសិក្សា​មួយ​កន្លែង​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង៕


No comments:

Post a Comment