កម្លាំងចម្រុះ ជាច្រើននាក់ ត្រូវ បានដាក់ពង្រាយ នៅទីលាន ប្រជាធិបតេយ្យ
RFA / វិទ្យុ អាស៊ី សេរី | ៤ មករា ២០១៥
៤
ក្នុងពេល គណបក្ស សង្គ្រោះជាតិ រៀបចំធ្វើ បុណ្យបង្សុកូល រំលឹកខួប កម្មករ ៥នាក់ស្លាប់ ដោយសារ កងទាហាន បាញ់ស្លាប់ នៅផ្លូវ វ៉េងស្រង, កងកម្លាំង មានសមត្ថកិច្ច ចម្រុះ របស់ រដ្ឋាភិបាល ត្រូវ បានគេ ដាក់ពង្រាយ នៅទីលាន ប្រជាធិបតេយ្យ ជាច្រើន រយនាក់។
ការបង្ហាញ វត្តមាន នៃកងកម្លាំង ដ៏ស្អេកស្កះ នៅពេលនេះ ត្រូវ បានអង្គការ សង្គមស៊ីវិល និងគណបក្ស នយោបាយ ក្រៅរដ្ឋាភិបាល ចាត់ទុក ថា, អាជ្ញាធរ ចង់បង្ហាញ សាច់ដុំ ជាថ្មីទៀត ប្រឆាំង ក្រុមអ្នកតវ៉ា។
ឡាន និងម៉ូតូ ជាច្រើនគ្រឿង ត្រូវ បានគេ ដាក់ពង្រាយ អម ដោយកម្លាំង ចម្រុះ ដែលមាន ខែល, ដំបងឆក់, និងអាវុធ នៅក្នុងដៃផង បានបង្ហាញ វត្តមាន ជាថ្មី ឡើងវិញ នៅលើទីលាន ប្រជាធិបតេយ្យ បន្ទាប់ ពីសកម្មភាព ដូចនេះ បានស្ងប់ស្ងាត់ អស់ពេល ជាច្រើនខែ ណាស់មកហើយ ក្រោយ ពីគណបក្ស សង្គ្រោះជាតិ បានយល់ព្រម ចូលអង្គុយ ប្រជុំ ក្នុងរដ្ឋសភា ធ្វើឲ្យរដ្ឋសភា និងរដ្ឋាភិបាល មានលក្ខណៈ ស្របច្បាប់មក។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹងនៅថ្ងៃទី៤ មករា ថា មូលហេតុដែលកងកម្លាំងត្រូវបានដាក់ពង្រាយនៅទីលានប្រជាធិបតេយ្យនៅ ពេលនេះ គឺទុកដើម្បីរក្សាសណ្ដាប់ធ្នាប់ និងការពារសន្តិសុខប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះពុំបានបញ្ជាក់ទេថា តើនៅពេលណាកម្លាំងទាំងនេះអាចរំសាយទៅវិញនោះ៖ «ជាទូទៅដូចខ្ញុំធ្លាប់បានប្រាប់កន្លងទៅអ៊ីចឹង គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខទេ។»
បើទោះជាយ៉ាងណា វត្តមាននៃកងកម្លាំងចម្រុះ ប្រដាប់ដោយអាវុធ និងអាវក្រោះ ដែលមើលទៅទំនងហាក់ត្រៀមប្រយុទ្ធនៅពេលនេះ គឺស្របពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវរៀបចំយកទីតាំងនៃទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំពិធីបង្សុកូលឧទ្ទិសកុសលអ្នកដែលបានស្លាប់ក្នុង ព្រឹត្តិការណ៍បាញ់បង្ក្រាបដោយកម្លាំងចម្រុះរបស់រដ្ឋាភិបាលប្រឆាំង ក្រុមអ្នកតវ៉ាសុំដំឡើងប្រាក់ខែ ១៦០ដុល្លារ នៅតាមបណ្ដោយផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ កន្លងទៅ។ ដោយឡែក ទីតាំងនៃទីលានប្រជាធិបតេយ្យឯណេះវិញ ក៏មិនអន់ណាស់ដែរ។
កាលពីដើមខែមករា ឆ្នាំ២០១៤ កន្លងទៅអាជ្ញាធរបានបោសសម្អាតទីលានប្រជាធិបតេយ្យបណ្ដេញបាតុករ គាំទ្រគណបក្សសង្គ្រោះជាតិ ចេញពីទីលានដែរ។ ការបង្រ្កាបប្រឆាំងក្រុមបាតុករដែលធ្វើឡើងដោយកងសន្តិសុខ និងកម្លាំងបង្ក្រាបបាតុកម្មរបស់រដ្ឋាភិបាលមកលើគណបក្សសង្រ្គោះ ជាតិ កាលណោះ គឺប្រៀបដូចសមរភូមិប្រយុទ្ធយ៉ាងដូច្នោះ។
អ្នកស្រី មូរ សុខហួរ អគ្គលេខាធិការរង និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឲ្យដឹងថា នេះពុំមែនជារឿងចៃដន្យដែលរដ្ឋាភិបាលពង្រាយកម្លាំងដ៏ច្រើនបែបនេះ ឡើយ។ អ្នកស្រីបន្តថា កម្លាំងដែលមានវត្តមានជាថ្មីទៀតនេះ គឺនៅចំពេលដែលគណបក្សជំទាស់ដ៏ធំមួយនេះស្នើសុំរៀបចំពិធីតាមបែប សាសនាតែម្ដង៖ «នេះសម្រាប់បង្ហាញដែលជាអ្វីដែលជាការបង្ក្រាប ហើយបង្ក្រាបអ្វីគឺបង្ក្រាបអ្នកដែលចង់បញ្ចេញមតិ។ ដូច្នេះតាមរូបភាពហ្នឹង គឺជាការគំរាមកំហែងហើយ។»
កាលពីចុងខែធ្នូ ឆ្នាំ២០១៤ គណបក្សសង្គ្រោះជាតិ បានស្នើសុំតាំងផ្លូវវ៉េងស្រេង ដើម្បីប្រារព្ធពិធីបង្សុកូល ប៉ុន្តែត្រូវបានសាលារាជធានីភ្នំពេញ ជំទាស់។ ក្រោយមកសំណើសុំដូចគ្នានេះរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើនៅទីលានប្រជាធិបតេយ្យ តែបំណងលើកទីពីរនេះ ក៏ត្រូវបរាជ័យម្ដងទៀត ដោយសាលារាជធានីភ្នំពេញ យល់ឃើញថា ការជួបជុំរបស់គណបក្សប្រឆាំង គឺមានចេតនាធ្វើអាជីវកម្មនយោបាយលើអ្នកស្លាប់ជាជាងការប្រារព្ធ ពិធីតាមបែបសាសនា។
ផ្ទុយពីនេះ លោក អំ សំអាត មន្ត្រីបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) ចាត់ទុកថា ការហាមប្រាមពីអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋប្រឆាំងការសំដែងមតិដោយ សន្តិវិធីនេះ គឺជាការរើសអើងទៅវិញទេ។ លើសពីនេះ លោកមើលមិនឃើញទាល់តែសោះថា ការពង្រាយកម្លាំងនៅពេលនេះ គឺជាការពង្រឹងសន្តិសុខ ព្រោះស្ថានភាពនយោបាយហាក់ស្ងប់ទៅហើយនោះ៖ «ការពារសណ្ដាប់ធ្នាប់ដូចខ្ញុំ លើកឡើងអ៊ីចឹងមិនមែនយកមកដាក់នៅនឹងទីលានដើម្បីការពារ សណ្ដាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋទេ។ នៅតាមមូលដ្ឋាននៅតាមអីឯណោះ ដែលលោកត្រូវការកម្លាំងដើម្បីការពារ។»
អង្គការសង្គមស៊ីវិលដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សក្នុងស្រុក កត់សំគាល់ថា រដ្ឋាភិបាលកម្រឃើញដោះស្រាយបញ្ហាដោយសន្តិវិធីណាស់ ក្រៅពីប្រើកម្លាំងដើម្បីបង្ក្រាបប្រឆាំងការជួបជុំរបស់ក្រុមអ្នក តវ៉ានោះ៕
No comments:
Post a Comment