បក្សប្រជាជន កម្ពុជា ទាមទារ ឲ្យបក្ស សង្គ្រោះជាតិ គោរព កិច្ចព្រមព្រៀង ថ្ងៃទី២២ កក្កដា
RFA / វិទ្យុ អាស៊ី សេរី | ៧ មករា ២០១៥
លោក ហេង សំរិន ទាមទារ ឲ្យគណបក្ស សង្គ្រោះជាតិ គោរព កិច្ចព្រមព្រៀង នយោបាយ ថ្ងៃទី២២ ខែកក្កដា។ ឆ្លើយតប ការលើកឡើងនេះ, គណបក្ស សង្គ្រោះជាតិ ថា, ខ្លួន កំពុងអនុវត្ត, ប៉ុន្តែ នៅពេលនេះ គណបក្ស ប្រជាជន ទៅវិញទេ ដែលធ្វើ ឲ្យកិច្ចព្រមព្រៀងនេះ ប្រែស្រអាប់។
ជាថ្មី ម្តងទៀត លោក ហេង សំរិន ប្រធាន កិត្តិយស គណបក្ស ប្រជាជន កម្ពុជា ប្រកាស ប្ដេជ្ញាអនុវត្ត កិច្ចព្រមព្រៀង នយោបាយ ២២ កក្កដា រវាង បក្សទាំងពីរ, គឺ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ដែលបាន បញ្ចប់វិបត្តិ នយោបាយ រយៈពេល មួយឆ្នាំ ក្រោយពេល បោះឆ្នោតឆ្នាំ ២០១៣។
លោក ហេង សំរិន ប្រាប់ទៅភាគី គណបក្ស នយោបាយ ម្ខាងទៀត នៃកិច្ចព្រមព្រៀង ឲ្យប្រយ័ត្នប្រយែង ការថ្លែងសារ នយោបាយ ណាមួយ នៅទីសាធារណៈ ដែលខុស ពីការពិត។ ទោះ ថ្លែងមិនចេញឈ្មោះ ប៉ុន្តែ គណបក្ស សង្គ្រោះជាតិ គឺ ជាគណបក្ស តែមួយគត់ ដែលជាភាគី កិច្ចព្រមព្រៀង ចរចា ជាមួយ គណបក្ស ប្រជាជនកម្ពុជា កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤។ លោក ហេង សំរិន ថា ការគោរព កិច្ចព្រមព្រៀងនោះ ដើម្បី រួមកម្លាំងគ្នា ធានា ការពារ ស្ថិរភាព ក្នុងសង្គម៖ «យើង សង្ឃឹម ថា, ឥស្សរជន នយោបាយ ទាំងឡាយ នឹងប្រយ័ត្នប្រយែង ការថ្លែងសារ នយោបាយ ឲ្យមាន ប្រយោជន៍ ដល់កិច្ចព្រមព្រៀង។»
ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ជាការ ប្រារព្ធខួប ៣៦ឆ្នាំ ដែលគណបក្ស ប្រជាជន ថា, ជាថ្ងៃ ផ្ដួលរំលំ របប ខ្មែរក្រហម។ គណបក្ស កាន់អំណាច ចាស់វស្សា មួយនេះ រៀបចំ ឲ្យអ្នក ចូលរួម រាប់ពាន់នាក់ ដោយមាន វត្តមាន លោក ហេង សំរិន, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានបក្ស និងមន្ត្រី ជាន់ខ្ពស់ បក្ស យ៉ាងច្រើនទៀត។ ប៉ុន្តែ អវត្តមាន ប្រធានបក្ស លោក ជា ស៊ីម។
មន្ត្រី ជាន់ខ្ពស់ មួយរូប នៃគណបក្ស ប្រជាជនកម្ពុជា ឲ្យវិទ្យុ អាស៊ី សេរី ដឹងថា អវត្តមាន លោក ជា ស៊ីម ដោយសារបញ្ហាសុខភាព។ កម្មវិធីនោះក្រៅពីការថ្លែងរបស់ លោក ហេង សំរិន មានការសម្ដែងរបាំ បង្ហោះប៉េងប៉ោង និងលែងសត្វព្រាបផងដែរ។ ជារឿយៗ សំឡេងជយោ ៧មករា លាន់រំពងពេញទីស្នាក់ការកណ្ដាលគណបក្សប្រជាជន នាក្រុងភ្នំពេញ៖ «បើនៅតែចាប់ចឹង កិច្ចព្រមព្រៀងមិនបានអនុវត្តល្អដោយរលូនទេ។»
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ស្វាគមន៍ប្រសាសន៍របស់ លោក ហេង សំរិន ប៉ុន្តែលោកយល់ថា ការបន្តចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនដីធ្លី ធ្វើឲ្យមានភាពស្រអាប់នៃកិច្ចព្រមព្រៀងនេះ។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ មេដឹកនាំកំពូលៗគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពបញ្ចប់ការជាប់គាំងនយោបាយ ដោយគណបក្សសង្គ្រោះជាតិ យល់ព្រមអង្គុយធ្វើការងារនៅក្នុងរដ្ឋសភា និងព្រមព្រៀងកំណែទម្រង់ស្ថាប័នរដ្ឋនានា ជាពិសេសកំណែទម្រង់ស្ថាប័នបោះឆ្នោត។
ប៉ុន្តែ សកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត សុខ ទូច មិនទាន់ជឿថា គណបក្សនយោបាយទាំងពីរបានអនុវត្តកិច្ចព្រមព្រៀងបានត្រឹមត្រូវនៅ ឡើយ។ ជាងនេះទៅទៀត លោកបណ្ឌិត សុខ ទូច រិះគន់គណបក្សកាន់អំណាចថា ការថ្លែងនេះជាការកេងចំណេញនយោបាយ ដោយខ្លួនឯងមិនសូវគោរពតាមកិច្ចព្រមព្រៀង ប៉ុន្តែស្រែកឲ្យគេគោរពទៅវិញ៖ «អ្វីដែលអ្នកនយោបាយនិយាយគ្រាន់តែនិយាយទេ តែការអនុវត្តនៅមានកម្រិតនៅឡើយ។»
លោកបណ្ឌិត សុខ ទូច លើកឡើងទៀតថា អ្នកនយោបាយទាំងពីរគណបក្សពូកែនិយាយ ប៉ុន្តែធ្វើបានតិច។ លោកថា បន្ទាប់ពីកិច្ចព្រមព្រៀងនេះបង្កើតរហូតមកទល់ពេលនេះ គ.ជ.ប ថ្មី នៅតែមិនទាន់បង្កើតចេញ ហើយសកម្មជនគណបក្សសង្គ្រោះជាតិ នៅតែចាប់ខ្លួន។
មនុស្ស ជិត១ម៉ឺននាក់ ចូលរួម អបអរសាទរ ខួបថ្ងៃ ៧ មករា នៅខេត្ត កំពង់ឆ្នាំង
ដោយ ជិន ជេដ្ឋាខេត្តកំពង់ឆ្នាំង៖ មន្ត្រីរាជការ, កងកម្លាំង ប្រដាប់អាវុធ, សិស្សានុសិស្ស, និងពលរដ្ឋ មកពីស្រុក ទាំង៨ នៃខេត្ត កំពង់ឆ្នាំង សរុប ជិត ១ម៉ឺននាក់ (៩.៥៨២នាក់) ចូលរួម ទិវាជ័យជម្នះ ថ្ងៃ៧ មករា លើកទី៣៦ នៅក្នុងបរិវេណ សាលាខេត្ត នាព្រឹកថ្ងៃ ទី៧ ខែមករា ឆ្នាំ២០១៥។ ពិធីនេះ មានសម្ដែង ឈុតឆាក កាប់សម្លាប់ មនុស្ស ក្នុងរបប កម្ពុជា ប្រជាធិបតេយ្យ ឬប៉ុល ពត, ហើយ មានអ្នក ចូលរួមខ្លះ ប្រែទឹកមុខ ក្រៀមក្រំ ពេលទស្សនា ឈុតនេះ។
នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង លោក អ៊ុក កីឡា មានប្រសាសន៍ថា ពិធីអបអរសាទរខួបលើកទី៣៦ នៃទិវាជ័យជម្នះថ្ងៃ ៧ មករា ឆ្នាំនេះ សម្រាប់ខេត្តកំពង់ឆ្នាំង មានភាពអធិកអធមជាងឆ្នាំទៅ ដោយមានអ្នកចូលរួមច្រើន មានពិធីលែងព្រាប ឬប៉ោងៗ និងរាប់បាត្រព្រះសង្ឃជាដើម៖ «ជាក់ស្ដែងរាល់ដងអ្នកចូលរួមក្រោម ១ម៉ឺននាក់ តែពេលនេះតួលេខ ៩.៥៨២នាក់ អាចកើនជាង ១ម៉ឺននាក់។»
នៅក្នុងពិធីដែលចូលរួមដោយសម្ដេចចៅហ្វាវាំង គង់ សំអុល និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជាច្រើននាក់ទៀត បានអបអរ និងដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជា ក្រោមការជ្រោមជ្រែងពីកងទ័ពវៀតណាម ដើម្បីរំដោះកម្ពុជា ពីរបបយង់ឃ្នង និងសម្លាប់មនុស្សជិត ២លាននាក់ នៅអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ពិធីនេះបានបញ្ចប់នៅម៉ោង ១០ព្រឹកថ្ងៃដដែល បន្ទាប់ពីរាប់បាត្រព្រះសង្ឃ។
លោក សុខ អាន អំពាវនាវ ឲ្យអ្នកគាំទ្រ ជួយប្រៀនប្រដៅ កូនចៅ កុំ ឲ្យភ្លេច របប ប្រល័យពូជសាសន៍ ប៉ុល ពត
ដោយ វោហារ ជាតិខេត្ត តាកែវ៖ មន្ត្រី និងប្រជាពលរដ្ឋគាំទ្របក្សប្រជាជន ខេត្តតាកែវ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ប្រារព្ធទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដែលមានមន្ត្រីសាលាខេត្ត កងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបជិត ៥ពាន់នាក់ចូលរួម។
ពិធីនេះ ធ្វើឡើងនៅសួនច្បារក្នុងក្រុងតាកែវ ដែលមានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន ចូលរួម ដូចជា លោក សុខ អាន ប្រធានក្រុមការងារបក្សប្រជាជន ប្រចាំខេត្តតាកែវ លោក ចាន់ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ម៉ុក ម៉ារ៉េត អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាដើម និងមន្ត្រីបក្សប្រជាជនខេត្តដទៃទៀត ក៏ប៉ុន្តែមិនមានមន្ត្រីបក្សសង្គ្រោះជាតិ ប្រចាំខេត្តនេះចូលរួមទេ។
ក្នុងពិធីមានរយៈពេលពេញមួយព្រឹកនេះ លោក សុខ អាន មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានពន្យល់ប្រាប់អ្នកចូលរួមអំពីប្រវត្តិសាស្ត្រនៃការតស៊ូវាយផ្ដួល រំលំរបប ប៉ុល ពត ក្រោមកិច្ចអន្តរាគមន៍របស់កងទ័ពវៀតណាម ដែលនាំឲ្យមានថ្ងៃ ៧ មករា នេះឡើង។ ក្រៅពីនេះ លោកបានរិះគន់មន្ត្រីបក្សប្រឆាំងមិនចំមុខ ដែលមិនទទួលស្គាល់ថ្ងៃ ៧ មករា ថាជាគូបដិបក្ខនៃបក្សប្រជាជន និងរដ្ឋាភិបាលសព្វថ្ងៃ។
លោក សុខ អាន ដែលជាឧបនាយករដ្ឋមន្ត្រី បានថ្លែងសារនយោបាយអំពាវនាវដល់អ្នកចូលរួមកើតទាន់ក្នុងរបបខ្មែរ ក្រហម ឲ្យជួយប្រៀនប្រដៅកូនចៅកុំឲ្យភ្លេចរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលលោកថា បានបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរជិត ២លាននាក់បានស្លាប់យ៉ាងវេទនា៖ «ជាពិសេសក្មួយៗយុវជនហ្នឹង ពេលគេបង្អាប់ ៧ មករា ត្រូវចេះតបតវិញ ថា ៧ មករា រំដោះក្បាលអ្នកឯងមក ហើយម៉េចក៏ទៅវ៉ៃ ៧ មករា វិញ នៅពេលហ្នឹងបន់ឲ្យតែរស់រានបន់ឲ្យតែអ្នកណាមកជួយ ប្រភពដើម គឺរឿងប្រល័យពូជសាសន៍ វាឃោរឃៅពេក វាសាហាវពេក។»
ក្រៅពីអំពាវនាវដល់មនុស្សជំនាន់មុន លោក សុខ អាន ជារដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រីដែរនោះ ក៏បានផ្ដោតលើមនុស្សកើតក្រោយថ្ងៃ ៧ មករា ផងដែរ ដោយលោកបានជំរុញឲ្យក្រុមយុវជន ត្រូវចេះក្រោកឈរប្រឆាំងតបតទៅនឹងអ្នករិះគន់ថ្ងៃ ៧ មករា តាមគ្រប់រូបភាព ដូចជា យុវជនត្រូវចេះឆ្លើយតបទៅនឹងការរិះគន់ទាំងនោះ តាមរយៈបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook) ជាដើម៖ «លោកតាលោក យាយមីងមាឪពុកម្ដាយ សុំកុំភ្លេចយកពេលវេលាជួបជុំគ្រួសារពេលយប់ៗអីហ្នឹង តំណាលឲ្យចៅៗ តំណាលឲ្យក្មួយៗតំណាលឲ្យកូនស្ដាប់ផង ថាសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត វាយ៉ាងម៉េចខ្លះ។»
ការប្រារព្ធទិវាថ្ងៃ ៧ មករា ធ្វើឡើងស្របពេលដែលមន្ត្រីបក្សប្រឆាំង បានចាត់ទុកថ្ងៃនេះថាជាថ្ងៃខ្មៅងងឹត ជាថ្ងៃដែលកងទ័ពវៀតណាម ឈ្លានពានកម្ពុជា និងជាថ្ងៃដែលកម្ពុជា បាត់បង់ឯករាជ្យភាព។ ពិធីនេះបានបញ្ចប់ទៅនៅវេលាថ្ងៃត្រង់នាថ្ងៃដដែល ដោយមានចែកជូនរង្វាន់ម៉ូតូ កង់ និងម៉ាស៊ីនបូមទឹកដល់សិស្សានុសិស្សប្រឡងជាប់ខាងសូត្រកំណាព្យ អំពីថ្ងៃ ៧ មករា និងកីឡាករកីឡាការិនីដែលមានដើមកំណើតនៅខេត្តតាកែវ មានស្នាដៃដណ្ដើមបានពានរង្វាន់ពីការប្រកួតកីឡានានា ថ្នាក់ជាតិ និងថ្នាក់តំបន់កន្លងមក។
ខេត្តតាកែវ មានបក្សនយោបាយចំនួន៥ ចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៣ និងមានតែបក្សពីរប៉ុណ្ណោះទទួលបានសំឡេងគាំទ្រ គឺបក្សប្រជាជន បាន ៤កៅអី និងបក្សសង្គ្រោះជាតិ ៤កៅអី ដែលលទ្ធផលនេះ បក្សសង្គ្រោះជាតិ តវ៉ាថាមានការកេងបន្លំ៕
No comments:
Post a Comment