គណបក្ស ប្រជាជន ចង់រឹតបន្តឹង របៀប ឃោសនា បោះឆ្នោត នៅអាណត្តិក្រោយ
RFA / វិទ្យុ អាស៊ី សេរី | ១០ មករា ២០១៥
គណបក្ស ប្រជាជនកម្ពុជា ចង់រឹតបន្តឹង របៀប ឃោសនា បោះឆ្នោត សម្រាប់ ការបោះឆ្នោត អាណត្តិក្រោយ។ ការបញ្ជាក់នេះ ធ្វើឡើង ក្នុងជំនួប រវាង ក្រុមការងារ ចរចា កែទម្រង់ ការបោះឆ្នោត នៃគណបក្ស ទាំងពីរ នៅរសៀល ថ្ងៃទី៩ ខែមករា នាវិមាន រដ្ឋសភា។
ការចរចា រវាង ក្រុមការងារ នៃគណបក្ស ទាំងពីរ លើកនេះ ត្រូវ ផ្អាកសិន ដោយសារតែ គណបក្ស កាន់អំណាច ស្នើឲ្យ បន្ថយពេលវេលា ហែក្បួន ឃោសនា បោះឆ្នោត។ ក្នុងច្បាប់ បោះឆ្នោត សព្វថ្ងៃ, គណបក្ស ទាំងអស់ អាចឃោសនា បោះឆ្នោត រយៈពេល ៣០ថ្ងៃពេញ ដោយមិនបាន បញ្ជាក់ថា, គណបក្ស ទាំងនោះ នឹងប្រើ វិធីឃោសនា បែបណាទេ។ ប៉ុន្តែ លិខិត មួយច្បាប់ ដែលក្រុមការងារ ចរចា កែទម្រង់ ការបោះឆ្នោត នៃគណបក្ស ប្រជាជន កម្ពុជា ហុចជូន ក្រុមការងារ គណបក្ស ប្រឆាំងនោះ គឺ ដាក់កំហិត ពេលវេលា ហែក្បួន ឃោសនា បោះឆ្នោត។ បក្សកាន់អំណាច ចង់ធ្វើច្បាប់ កំណត់ ឲ្យគណបក្ស ទាំងអស់ មានសិទ្ធិ ហែក្បួន ឃោសនា តែ នៅថ្ងៃដំបូង និងថ្ងៃចុងក្រោយ នៃយុទ្ធនាការ ឃោសនា បោះឆ្នោត ប៉ុណ្ណោះ។
ប្រធាន ក្រុមការងារ ចរចា គណបក្ស ប្រជាជន កម្ពុជា លោក ប៊ិន ឈិន ប្រាប់អ្នកកាសែត ដោយត្រួសៗ ថា, ការកាត់បន្ថយ យុទ្ធនាការ ហែក្បួន ឃោសនានេះ គឺ ដើម្បី ទប់ស្កាត់ ការកកស្ទះ ចរាចរណ៍ និងរក្សា របៀប រៀបរយ សង្គម។
ចំណែកប្រធានក្រុមការងារចរចាគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន វិញមិនបានទម្លាយឲ្យអ្នកកាសែតបានដឹងឡើយថា លិខិតរបស់បក្សកាន់អំណាចនោះនិយាយពីអ្វីខ្លះ។ លោកមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ សុំពេលពិចារណាលើសំណើរបស់បក្សប្រជាជន សិន មុននឹងសម្រេចថាយល់ព្រម ឬអត់នោះ។ ប៉ុន្តែលោកគិតថា ច្បាប់បោះឆ្នោតសព្វថ្ងៃត្រង់ជំពូកទី៧ នេះ មានខ្លឹមសារល្អគ្រប់គ្រាន់ហើយ មិនចាំបាច់ធ្វើវិសោធនកម្មទេ។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថាអង្គការនិកហ្វិច (Nicfec) លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា សង្គមស៊ីវិលមិនយល់ស្របឲ្យកែច្បាប់បោះឆ្នោតចាស់ ដោយគាបសង្កត់សេរីភាពនៃការឃោសនាបោះឆ្នោតឡើយ។ លោកបន្តថា បើសិនជាជំពូកទី៧ នៃច្បាប់បោះឆ្នោតនេះត្រូវបានធ្វើវិសោធនកម្មបែបនេះមែននោះ គណបក្សតូចៗនឹងគ្មានថ្ងៃងើបមុខរួចឡើយ។
សង្គមស៊ីវិលរកឃើញថា ការបោះឆ្នោតអាណត្តិទី៥ កន្លងទៅ គណបក្សប្រជាជនកម្ពុជា ចាយប្រាក់ឃោសនាច្រើនជាងគេ បន្ទាប់មក គឺគណបក្សសង្គ្រោះជាតិ។ ចំពោះការហែក្បួនឃោសនាបោះឆ្នោតវិញ បក្សប្រឆាំងហែក្បួនធំជាងគេ និងមានការចាប់អារម្មណ៍ពីមហាជនយ៉ាងច្រើន ជាពិសេសពីសំណាក់យុវជន។ ក្រុមយុវជនគាំទ្របក្សប្រឆាំង ចេញប្រាក់ចំណាយហូបចុក ចាក់សាំងខ្លួនឯង រីឯបក្សកាន់អំណាច គឺគណបក្សជាអ្នកចំណាយថ្លៃសោហ៊ុយឃោសនា៕
No comments:
Post a Comment