HRW អំពាវនាវ ឲ្យម្ចាស់ជំនួយ ជំរុញរដ្ឋាភិបាល ដកតំណែង លោក សៅ សុខា
RFA / វិទ្យុ អាស៊ី សេរី | ២៥ មករា ២០១៥
នាយក ប្រតិបត្តិ ទទួលបន្ទុក កិច្ចការ តំបន់ អាស៊ី របស់ អង្គការ
ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)
លោក ប៊្រែដ អាដាម (Brad Adams) ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី
នាទីក្រុងវ៉ាស៊ីនតោន (Washington DC) សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨
ខែមិថុនា ឆ្នាំ២០១៣។ Photo: RFA
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី២៥ មករា មានចំណងជើងថា "មេបញ្ជាការសារភាពការប្រើកម្លាំងការពារបក្សពួក" អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងថា លោក សៅ សុខា ដែលសព្វថ្ងៃគ្រប់គ្រងកងកម្លាំងរាជអាវុធហត្ថកម្ពុជា សរុបប្រមាណ ១ម៉ឺននាក់ និងជាអ្នកស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា ជាយូរមកហើយនោះ គួរត្រូវបានដកចេញមិនឲ្យកាន់តួនាទីអ្វីទាំងអស់ក្នុងជួរ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា។
យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បានដកស្រង់ពាក្យសម្ដីរបស់លោក សៅ សុខា ដែលបានថ្លែងកាលពីថ្ងៃទី១៥ មករា ថា លោករៀនសូត្រពីលោក ហ៊ីត្លែរ ហើយថា ការប្រើប្រាស់កម្លាំងតបតជាមួយក្រុមប្រឆាំងក្នុងហេតុផលនយោបាយ ក៏ជាមធ្យោបាយរៀនតាម ហ៊ីត្លែរ ផងដែរ។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) មានប្រសាសន៍ក្នុងសេចក្ដីប្រកាសព័ត៌មានថា ការប្រកាសអំពីអរិភាពជាចំហរបស់លោក សៅ សុខា ចំពោះក្រុមនយោបាយប្រឆាំង រឹតតែធ្វើឲ្យមានការបារម្ភថែមទៀត ដោយសារតែលោកបានរៀនសូត្រពី ហ៊ីត្លែរ។ លោក ប្រ៊ែដ អាដាម បន្តថា គឺមនុស្សដូចលោក សៅ សុខា នេះហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ដើម្បីរក្សាអំណាចរបស់លោករយៈពេល ៣០ឆ្នាំកន្លងមកនេះ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធរឿងរៀនសូត្រតាមលោក ហ៊ីត្លែរ នេះ លោក សៅ សុខា បញ្ជាក់ថា លោកមិនបានថ្លែងអប់រំនរណាម្នាក់ឲ្យរៀនសូត្ររួចធ្វើតាមលោក ហ៊ីត្លែរ ទៅសម្លាប់ប្រជាពលរដ្ឋខ្លួនឯងនោះទេ ប៉ុន្តែគឺឲ្យរៀនដោយមើលទង្វើអាក្រក់របស់ ហ៊ីត្លែរ ដែលបានធ្វើទៅលើពលរដ្ឋខ្លួនឯងនិងពិភពលោក។ គឺមិនមែនឲ្យទៅធ្វើអាក្រក់ដូចរបបរបស់ លោក ហ៊ីត្លែរ នោះទេ៖ «ខ្ញុំ ប្រាប់ថា ឲ្យរៀនពីរឿង ហ៊ីត្លែរ រៀនតាមរឿង ហ៊ីត្លែរ យ៉ាងម៉េច? ពេល ហ៊ីត្លែរ កសាងកម្លាំងកងទ័ព ក្រោយពេលដែលអាល្លឺម៉ង់ ចាញ់សង្រ្គាមលោកលើកទី១ទៅ ក្នុងរយៈពេលដ៏ខ្លីទេ ហ៊ីត្លែរ ទៅប្រមូលផ្តុំមនុស្ស ហើយកសាងបានកម្លាំងកងទ័ព រួចហើយនាំមនុស្សតាមគំនិតរបស់ ហ៊ីត្លែរ ទៅធ្វើទុក្ខបុកម្នេញ ទៅសម្លាប់មនុស្សអស់ប៉ុន្មាន ទាំងប្រជាជន អាល្លឺម៉ង់ ទាំងប្រជាជនផ្សេងទៀត ដោយសារសង្គ្រាមលោកលើកទី២ហ្នឹង គាត់យកអីទៅធ្វើ គាត់យកអាលទ្ធិជាតិនិយមចង្អៀតចង្អល់របស់គាត់ហ្នឹង ដែលគណបក្សប្រឆាំងកំពុងប្រើប្រឆាំងវៀតណាម និយាយឲ្យខ្លីវិញមក ហើយចង់ទៅវាយយកកម្ពុជាក្រោម ។ គំនិតហ្នឹង គំនិត ហ៊ីត្លែរ មិនព្រមគោរពសន្ធិសញ្ញា វ៉ែកសី (Versailles) ដែលនាំឲ្យប្រជាជន អាល្លឺម៉ង់ ជ្រុលនិយមទៅតាមគំនិតជាតិនិយមជំនាន់នោះ រឿងអ៊ីចឹងតើ! ម៉េចក៏មកចោទថា ខ្ញុំ ហ៊ីត្លែរ។»
លោក សៅ សុខា ក៏បានវាយប្រហារទៅលើអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសទៅលើលោក ប្រ៊ែដ អាដាម ដែលលោកអះអាងថា តែងនិយាយមិនពិតអំពីកម្ពុជា និងមិនមានការថ្លឹងថ្លែងឲ្យគ្រប់ជ្រុងជ្រោយនោះទេ។ លោកថា យូមែន រៃត៍ វ៉ច្ឆ មិនដែលមើលឃើញទង្វើល្អរបស់លោកឡើយ។
ទាក់ទងនឹងការដកហូតតួនាទីរបស់លោកវិញ លោក សៅ សុខា ថា លោកមិនមានការបារម្ភអ្វីនោះទេ ព្រោះថា តួនាទីដែលលោកទទួលបាននៅពេលនេះ គឺដោយសារពលរដ្ឋ និងរដ្ឋាភិបាលជាអ្នកផ្តល់ឲ្យលោក ដូច្នេះបើរដ្ឋាភិបាលចង់ដកតំណែងលោក លោកនឹងគោរពតាម។
លោក សៅ សុខា ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅឆ្នាំ១៩៩៩។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លើកឡើងថា ក្រោមការគ្រប់គ្រងរបស់លោក សៅ សុខា កងរាជអាវុធហត្ថបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។ យូមែន រៃត៍ វ៉ច្ឆ បន្តថា កម្លាំងរបស់លោក សៅ សុខា បានចូលរួមជាញឹកញាប់ក្នុងការបំបែកដោយហិង្សាទៅលើការប្រមូលផ្តុំ តវ៉ារបស់បក្សប្រឆាំង និស្សិត និងកម្មករ។ ពួកគេក៏បានចូលរួមក្នុងការប្រើប្រាស់ហិង្សាបណ្ដេញពលរដ្ឋចេញពី ដីធ្លី និងលំនៅឋានផងដែរ។
លោក ប្រ៊ែដ អាដាម បញ្ជាក់ថា ប្រទេសម្ចាស់ជំនួយដែលចង់ឃើញកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ពិតប្រាកដនៅកម្ពុជា គួរជំរុញយ៉ាងណាឲ្យគ្រប់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងកម្លាំងនគរបាល យោធា និងកងរាជអាវុធហត្ថ ក្លាយជាមន្ត្រីអព្យាក្រឹត្យរបស់រដ្ឋ ដែលមិនឋិតក្រោមការគ្រប់គ្រងរបស់គណបក្សនយោបាយណាមួយ៕
No comments:
Post a Comment