Paris Peace Accords 23 Oct. 1991

Tuesday, January 20, 2015

លោក ហ៊ុន សែន បង្ហាញ​ជំហរ មិន​ព្រម​លុប​ បណ្ដឹង​អាជ្ញា​​​ របស់ ​បក្ស​ប្រឆាំង ​រឿង​ហិង្សា ​នៅ​ទីលាន ​ប្រជាធិបតេយ្យ | Hun Sen: Criminal charges at Democracy Square against CNRP MPs should not be thrown out

លោក ហ៊ុន សែន បង្ហាញ​ជំហរ មិន​ព្រម​លុប​ បណ្ដឹង​អាជ្ញា​​​ របស់ ​បក្ស​ប្រឆាំង ​រឿង​ហិង្សា ​នៅ​ទីលាន ​ប្រជាធិបតេយ្យ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៩ មករា ២០១៥

ហ៊ុន សែន ៦២០
លោក ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​ បើក​ការដ្ឋាន​ សាងសង់​ ស្ពាន​អាកាស​ ស្តុប​ទួលគោក រាជធានី ​ភ្នំពេញ នៅ​ថ្ងៃ​ ទី៩ ខែ​កញ្ញា ឆ្នាំ២០១៤។  RFA/Vann Vichar

លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​សារ​ ព្រមាន​ ខ្លាំងៗ ទៅដល់​តំណាងរាស្ត្រ​ បក្ស​ប្រឆាំង ​៧​រូប ថា, ​មិនទាន់​ គេច​ផុត​ ពី​សំណាញ់​ច្បាប់ ក្នុង​សំណុំរឿង​ បង្ក​ អំពើ​ហិង្សា​ នៅ​ទីលាន​ ប្រជាធិបតេយ្យ ​នៅឡើយ​ទេ បើ ​ទោះ​បី​ ជា​សព្វថ្ងៃ​នេះ មាន​អភ័យឯកសិទ្ធិ​ ក៏​ដោយ​ចុះ។

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ជំហរ​ថា​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំង​៦៨​រូប នឹង​មិន យល់ព្រម​ជាដាច់ខាត ឲ្យ​សភា​លុប​បណ្ដឹង​អាជ្ញា​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​៧​រូប ពាក់ព័ន្ធ​លើ សំណុំរឿង​បង្ក​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ថ្លែង​ក្នុង​ឱកាស​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៩ មករា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​គោរព​នីតិវិធី​តុលាការ ហើយ​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​នីតិវិធី របស់​ខ្លួន​ឲ្យ​បាន​ឆាប់ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រើ​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ពិសេស ករណី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​៧​រូប ដែល​ជាប់​ពាក់ព័ន្ធ​ជា​មេខ្លោង​ក្នុង​សំណុំរឿង​នោះ។

លោក​បញ្ជាក់​ថា​ការ​សម្របសម្រួល​ន​យោ​បាល ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ គឺ​គ្មាន​ប្រសិទ្ធភាព​ទៅលើ​បណ្តឹង​អាជ្ញា​ទាក់ទិន​នឹង​រឿង​ព្រហ្មទណ្ឌ​ទេ។ តំណាង រាស្ត្រ​បក្ស​ប្រឆាំង​៧​រូប មិនទាន់​គេច​ផុត​ពី​សំណាញ់​ច្បាប់ ហើយ​ក្នុង​​ករណី​ក្រសួងយុត្តិធម៌​ស្នើសុំ សភា​ចាត់ការ​រឿង​នេះ តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា នឹង​មិន​យល់ព្រម​ឲ្យ​សភា​លុប​បណ្ដឹង អាជ្ញា​នេះ​ឡើយ ព្រោះ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំងនោះ ជាប់​បណ្ដឹង​អាជ្ញា​មុន​ទទួល​បាន អភ័យឯកសិទ្ធិសភា​មក​ម្ល៉េះ៖ «ខ្ញុំ ហ៊ុន សែន ជា​តំណាងរាស្ត្រ​ម្នាក់ ហើយ​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សមាជិក៦៨​រូប មិន​គាំទ្រ​ឲ្យ​លុប​បណ្ដឹង​អាជ្ញា ដូច្នេះ​តំណាងរាស្ត្រ​ទាំង​៧រូប នៅ​តែ​ជាប់​គុក​ដដែល»


តំណាងរាស្ត្រ​បក្ស​ប្រឆាំង​៧​រូប ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​នឹង ការ​ប្រើ​អំពើ​ហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ រួមមាន លោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ លោក កែវ ភីរម្យ លោក ឡុង រី និង​លោក នុត រំដួល។ ជុំវិញ​បញ្ហា​នេះ លោកស្រី មួរ សុខហួរ តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដែល​ជាប់​បណ្ដឹង​អាជ្ញា​តុលាការ គិត​ថា​សំដី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ​គឺជា​ការ​បង្គាប់​បញ្ជា​ទៅលើ​តុលាការ ឲ្យ​បន្ត​សំណុំ​រឿង​នេះ​ឡើងវិញ ដែល​អាច​ឆ្លុះបញ្ចាំង​ច្បាស់​ថា តុលាការ​នៅ​កម្ពុជា​មិន​ឯករាជ្យ។

លោកស្រី មួរ សុខ​ហួរ បញ្ជាក់​ថា​លោកស្រី មិន​ខ្លាច​ចំពោះ​ការព្រមាន​របស់​លោក ហ៊ុន សែន នេះ​ទេ។ ប៉ុន្តែ​បើ​តុលាការ​ចង់​ចាត់ការ​រឿង​នេះ លុះណាតែ​សភា​រក​បាន​សំឡេង​២​ភាគ​៣ ដើម្បី​ដក អភ័យឯកសិទ្ធិ​សភា​លោកស្រី​ជា​មុន​សិន៖ «ប្រសិន​ ជា​មក​ចង់​ចាប់ចង​យើង ត្រូវ​ដក​អភ័យឯកសិទ្ធិ​យើង​ជា​មុន​សិន ហើយ​យើង​ខ្លាច​តែ​មួយ​គត់ គឺ​តើ​ថ្ងៃ​ណា​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ឯករាជ្យ។»

ការព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជាក់​ថា លោក​អស់ ភាព​អត់ធ្មត់ ដែល​ឃើញ​មេដឹកនាំ​គណបក្សប្រឆាំង ទាំង លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​វាយ​សំដី​ធ្ងន់ៗ ទៅលើ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​ដែល​លោក មិន​បាន​វាយ​ប្រហារ​សំដី ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្សប្រឆាំង។

សំដី​ចុងក្រោយ​ដែល​បក្ស​ប្រឆាំង ផ្លែផ្កា​ឲ្យ​បក្ស​កាន់អំណាច​នោះ គឺ​ការ​ដៀល​ចំៗ​ទៅលើ​ការ​គ្រប់ គ្រង​របស់​លោក ហ៊ុន សែន។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុប្រធាន​ទី១ រដ្ឋសភា ថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈ​នៅ​សង្កាត់​ព្រែកលៀប កាលពី​ថ្ងៃ​ទី​១៨ មករា ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា បាត់បង់​ស្ទើរ​គ្រប់​វិស័យ​ក្នុង​កណ្ដាប់ដៃ នៃ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស លោក​ចោទ​ប្រកាន់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​បុគ្គល​ដែល​ដឹកនាំ​អន់​ជាងគេ នៃ​របប​ណាៗ​ទាំងអស់ ដែល​ធ្វើ​ឲ្យ​ធនធានធម្មជាតិ​ត្រូវ​បាត់បង់ និង​បណ្ដោយ​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ម្ដង​ហើយ​ម្ដងទៀត មិន​ចេះ​ចប់​មិន​ចេះ​ហើយ ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​ទៅ​នេះ។
នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​សកល​វិទ្យាល័យ​ខេត្ត ​ស្វាយរៀង លោក ហ៊ុន សែន ក៏បាន​ក្រើនរំលឹក​ដល់​គណបក្សប្រឆាំង ឲ្យ​ចេះ​គោរព​សិទ្ធិ​អ្នកដទៃ ដែល​ចង់​បង្កើត​បក្ស​ថ្មី ដែល​ទំនង ជា​សំដៅ​ទៅលើ​គម្រោង​បង្កើត​ឲ្យ​មាន​គណបក្ស​នៅ​តាម​មូលដ្ឋាន ឬ​បណ្ដាញ​ខ្មែរ​ជួយ​ខ្មែរ​របស់​ក្រុម បញ្ញវន្ត។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បើក​ចំហ​ឲ្យ​មានការ​បង្កើត​គណបក្ស​ថ្មី សម្រាប់​ប្រកួត ប្រជែង​ការបោះឆ្នោត ផ្ទុយ​ពី​បក្ស​ប្រឆាំង ដែល​បាន​រិះគន់​ថា ការ​បង្កើត​បណ្ដាញ​ខ្មែរ​ជួយ​ខ្មែរ​នោះ ជា​ការ​បង្កើត​ឡើង​ដើម្បី​បំបែក​សំឡេង​បក្ស​ប្រឆាំង​ទៅវិញ។

ទាក់ទង​បញ្ហា​នេះ​ដែរ ក្រុម​អ្នក​ច្បាប់​បាន​ពន្យល់​ថា បណ្ដឹង​អាជ្ញា​មិន​រលត់​ទេ បើ​សិន​មិន​ទាន់​មាន​ការ​ស៊ើបអង្កេត​ថា គ្មាន​ទោស​ឬ​មាន​ការ​ដក​ពាក្យ​ចោទប្រកាន់​នោះ​វិញ​ទេ។ ប៉ុន្តែ​បើ​អ្នក​ជាប់​បណ្ដឹង​នោះ​ជា​អ្នកតំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​ កំពុង​ធ្វើ​ការ​ក្នុង​រដ្ឋសភា ហើយ​តុលាការ​ចង់​ចោទប្រកាន់ ឬ​ដំណើរការ​បណ្ដឹង​ចាស់​នោះ ត្រូវ​ឆ្លងកាត់​សភា​ប្រជុំ​ដក​អភ័យឯកសិទ្ធិ ដែល​ត្រូវការ​សំឡេង​២​ភាគ​៣ អនុម័ត​ជាមុន​សិន ដោយ​យោង​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ។

ទាក់ទង​ខ្លឹមសារ​ច្បាប់​នេះ បណ្ឌិត​ច្បាប់ លោក ហាង ឬទ្ធី ជា​ប្រធាន​អង្គការ ស៊ីអិនរ៉ូ (CNRO) ពន្យល់​បន្ថែម​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ និង​អភ័យ​ឯកសិទ្ធិ​របស់​អ្នកតំណាងរាស្ត្រ​ទាក់ទង​បណ្ដឹង​នេះ៖ «នៅ​ក្នុង​សមាជិក​នៃ​រដ្ឋ​សភា​លើ​កិច្ចការ​បទល្មើស​មាន​ពីរ​បែប។ ទី​មួយ​បើ​តំណាងរាស្ត្រ​ណា​មួយ​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ (សម្លាប់​មនុស្ស) ករណី​នេះ​សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់​ខ្លួន​ដោយ​មិន​ចាំបាច់​សភា​ប្រជុំ​ដក​ អភ័យ​ឯកសិទ្ធិ​ទេ។ ចំណុច​ទី​ពីរ បើ​តំណាងរាស្ត្រ​ណា​មួយ​មាន​បណ្ដឹង​អាជ្ញា​នៅ​ក្នុង​នោះ ហើយ​បាន​ចូល​ស្បថស្បែ​ជា​សមាជិក​សភា​ពេញ​សិទ្ធិ​ដូច្នេះ វា​អាស្រ័យ​ទៅ​លើ​តុលាការ បើ​តុលាការ​ដាក់​ដីកា​ទៅ​រដ្ឋ​សភា​ដោយ​អ្នក​នោះ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ ដូចជា​បទមជ្ឈិម ឬ​បទឧក្រិដ្ឋ​ណា​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ប៉ុន្តែ​មិន​មែន​ជា​បទល្មើស​ជាក់ស្ដែង នោះ​ត្រូវ​មាន​កិច្ចប្រជុំ​ធ្វើ​សេចក្ដី​សម្រេច​ពី​រដ្ឋ​សភា​សិន​ថា ឲ្យ​ចោទ ឬ​មិន​ឲ្យ​ចោទ​ប្រកាន់​នោះ គឺ​ជា​តួនាទី​របស់​សភា​ទេ។ »

មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ចែងថា តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​រូប​ណា​ក៏​ដោយ មិន​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន ដោយ​ហេតុ​ពី​បាន​សំដែង​យោបល់ ឬ​បញ្ចេញមតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះឡើយ។

ការ​ចោទ​ប្រកាន់ ការ​ចាប់ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិកសភា​ណាមួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។
ក្នុង​ករណី​ខាងក្រោយ​នេះ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋសភា ឬ​ជូន​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ជាបន្ទាន់​ដើម្បី​សម្រេច។

សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ត្រូវ​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា​ខាងមុខ ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន ២​ភាគ​៣​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល។
ក្នុង​ករណី​ទាំងអស់​ខាង​លើ​នេះ ការ​ឃុំ​ខ្លួន ការ​ចោទ​ប្រកាន់​អ្នកតំណាងរាស្ត្រ​ណាមួយ​ត្រូវ​ផ្អាក ប្រសិន​រដ្ឋសភា​បញ្ចេញមតិ​ឲ្យ​ផ្អាក​តាម​មតិ​ភាគច្រើន​៣​ភាគ​៤ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

នៅ​អាណត្តិ​ទី​៥​នេះ គណបក្ស​ប្រជាជនកម្ពុជា មាន​សំឡេង​ជាង​ពាក់​កណ្ដាល ប៉ុន្តែ​មិន​មាន​សំឡេង​គ្រប់​៣​ភាគ​៤ ក្នុង​ការ​អនុម័ត ឬ​ទំនាស់​រឿង​អ្វីមួយ​ក្នុង​រដ្ឋសភា​នោះ​ទេ។
ចំណែក​ក្រុម​អ្នក​វិភាគ​វិញ​យល់ថា អ្នក​តំណាងរាស្ត្រ​គណបក្ស​ទាំងពីរ នឹង​មិន​អាច​ដក​អភ័យឯកសិទ្ធិ​អ្នក​ណា​ម្នាក់​បាន ដោយ​ផ្អែកលើ​សំណុំ​រឿង​ចាស់​នោះ​ទេ លុះ​ត្រា​តែ​មាន​អ្នកណាម្នាក់​ប្រព្រឹត្តិ​បទល្មើស​ធ្ងន់ធ្ងរ​ថ្មី​ទៀត​ពេល​ ក្រោយ​ចូល​សភា។

អ្នកវិភាគ​ចាត់​ទុក សារ​នយោបាយ​ទាំងឡាយ​ដែល​អ្នកនយោបាយ​បាន​ផ្ដល់​ឲ្យ​គ្នា​ទៅវិញទៅមក​ពេលនេះ គ្រាន់តែ​ជា​ការ​គំរាម​យក​ប្រៀប​លើ​គ្នា​ទៅ​វិញ​ទៅ​មក​តែប៉ុណ្ណោះ៕


1 comment:

  1. Anonymous8:18 AM

    After the 'bonbon' for Sam and Kem, it's time to 'turn down the bed' at the White woods hotel for the rest of the CNRP's VIPs...That's the Hun Sen Viet-CPP-controlled regime politics at this current phase of the Vietnamization of Cambodia, ladies and Gentleman!!!

    Toch Keo

    ReplyDelete