Paris Peace Accords 23 Oct. 1991

Monday, January 5, 2015

លោក ហ៊ុន សែន ​ព្រមាន ​អ្នក​ប្រឆាំង​ ថ្ងៃ​៧​ មករា​ ថា, ​​ជាប់​ពាក់ព័ន្ធ​ ជាមួយ ​ខ្មែរ​ក្រហម | Hun Sen threatens those who oppose January 7 anniversary for connection to Khmer Rouge

លោក ហ៊ុន សែន ​ព្រមាន ​អ្នក​ប្រឆាំង​ ថ្ងៃ​៧​ មករា​ ថា, ​​ជាប់​ពាក់ព័ន្ធ​ ជាមួយ ​ខ្មែរ​ក្រហម

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ មករា ២០១៥

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ ​បើក​ការដ្ឋាន​ សាងសង់​ ស្ពាន​អាកាស​ ស្តុប​ ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ ទី០៩ ខែ​កញ្ញា ឆ្នាំ ២០១៤។  RFA/Vann Vichar  

ថ្ងៃ​៧ មករា គឺ​ជា​ថ្ងៃ ​ប្រវត្តិសាស្ត្រ​ សម្រាប់​កម្ពុជា ដែល​ថ្ងៃ​នេះ​ អ្នក​មាន ​និន្នាការ​ នយោបាយ ​ផ្សេង​គ្នា, ពិសេស​ គណបក្ស​ កាន់​អំណាច និង​គណបក្ស ​ប្រឆាំង​, ឲ្យ​និយមន័យ ​ខុស​គ្នា។  លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា, ថ្ងៃ​៧ មករា ជា​ថ្ងៃ​ រំដោះ​ ប្រជាពលរដ្ឋ ​ខ្មែរ​ ទាំង​មូល​ ឲ្យ​រួច​ជីវិត​ ពី​របប​ខ្មែរ​ ក្រហម ដែល​ប្រជាពលរដ្ឋ​ ខ្មែរ​ ត្រូវ​តែ ​ទទួល​ស្គាល់ ​ថ្ងៃ​នេះ, ហើយ​ លោក​ ព្រមាន​ថា, អ្នក​ ដែល​ប្រឆាំង ​ថ្ងៃ​៧ មករា នោះ គឺ​ ជា​អ្នក​ មាន​សម្ពន្ធភាព​ ជាមួយ​ ខ្មែរ​ក្រហម។

​យ៉ាង​នេះ​ក្ដី អ្នក​ច្បាប់ ​លើក​ឡើង​ ថា, ពលរដ្ឋ​ខ្មែរ​មិន​អាច​បំភ្លេច​ថ្ងៃ​៧ មករា នេះ​បាន​ទេ ព្រោះ​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​កងទ័ព​វៀតណាម ឈ្លាន​ពាន​ទឹកដី​កម្ពុជា។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថ្ងៃ​៧ មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដោយ​លោក​ព្រមាន​អ្នក​ដែល​ប្រឆាំង​ថ្ងៃ​៧ មករា គឺ​អ្នក​នោះ​មាន​សម្ពន្ធភាព​នឹង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

​លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​សាងសង់​អគារ​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​ខែត្រ​ថ្មី គឺ​ខែត្រ​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា ថា ថ្ងៃ​៧ មករា មិន​មែន​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដាច់​មុខ​នោះ​ទេ ថ្ងៃ​៧ មករា ជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់។ លោក ហ៊ុន សែន បញ្ជាក់​ថា នយោបាយ​ឈ្នះៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ឧទាហរណ៍​មួយ​គ្រាន់តែ​ចង់​រំលាយ​ចោល​អង្គការ​ចាត់​តាំង​នយោបាយ និង​យោធា​របស់ ប៉ុល ពត ប៉ុណ្ណោះ តែ​មិន​ចង​គំនុំ​ជាមួយ​អតីត​យោធា​ខ្មែរ​ក្រហម​នោះ​ឡើយ។ លោក​បន្ថែម​ថា មាន​អតីត​យោធា​ខ្មែរ​ក្រហម​មួយ​ចំនួន​បាន​ធ្វើ​ជា​អភិបាល​ខែត្រ ដូចជា​ករណី លោក អ៊ី ឈាន ជាដើម។

ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចំពោះ​អ្នក​ប្រឆាំង​ថ្ងៃ​៧ មករា ក្ដី។ ប៉ុន្តែ​ថ្ងៃ​៧ មករា នេះ អ្នក​វិភាគ អ្នក​ច្បាប់​មួយ​ចំនួន ព្រម​ទាំង​គណបក្ស​ប្រឆាំង​ផង ចាត់​ទុក​ថ្ងៃ​៧ មករា នេះ ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម ឈ្លាន​ទឹក​ដី​ខ្មែរ​ទៅ​វិញ​ទេ។

​ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក​បណ្ឌិត ហ៊ាង ឬទ្ធី ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​រឿង​មិន​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា សារ​នយោបាយ​បែប​នេះ​ជា​សារ​ដើម្បី​ចង់​កេង​ចំណេញ​នយោបាយ​ទៅ​វិញ​ទេ ព្រោះ​ថ្ងៃ​៧ មករា មិន​មែន​ជា​ថ្ងៃ​ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម នោះ​ទេ។

​អ្នក​វិភាគ​លើក​ឡើង​ថា នៅ​ក្នុង​ដំណាក់កាល​នេះ អ្នក​នយោបាយ​ត្រូវ​តែ​បញ្ចប់​អំពី​ការ​ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​ វៀតណាម​នេះ ព្រោះ​ថា ថ្ងៃ​៧ មករា នេះ មាន​រឿង​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ខ្នង​រឿង​នេះ ព្រោះ​ថា នៅ​ពេល​នោះ បើ​វៀតណាម មិន​វ៉ៃ​ខ្មែរ​ក្រហម​ទេ ខ្មែរ​ក្រហម​ក៏​មិន​ឲ្យ​វៀតណាម បាន​សុខ​ដែរ ធ្វើ​សង្គ្រាម​ទៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​សង្គ្រាម​នឹង​ត្រូវ​កើត​ឡើង​នៅ​តាម​បណ្ដោយ​ព្រំដែន និង​មិន​អាច​ឲ្យ​វៀតណាម អភិវឌ្ឍន៍​អ្វី​បាន​ទេ។ ក្រៅ​ពី​នេះ​ទៀត វៀតណាម វ៉ៃ​ខ្មែរ​ក្រហម​ក្នុង​គោល​បំណង​ចង់​ធ្វើ​ជា​បងធំ​នៅ​ឥណ្ឌូចិន ព្រោះ​វៀតណាម មាន​សហភាព​សូវៀត នៅ​ពី​ក្រោយ។

អ្នក​វិភាគ​បញ្ជាក់​ថា អ្នក​នយោបាយ​ខ្មែរ​មិន​ត្រូវ​បិទ​បាំង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នោះ​ឡើយ។ ការ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​រៀន​ពី​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្មែរ​គឺ​ជា​រឿង ​សំខាន់​បំផុត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ ខ្លួន​កាន់​តែ​ច្បាស់ ចៀសវាង​បញ្ហា​អតីតកាល​កើត​ឡើង​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ទៀត ហើយ​ត្រូវ​បញ្ចប់​ការ​បក​ស្រាយ​ផ្ទុយ​គ្នា​ដែល​នាំ​ឲ្យ​ខ្មែរ​បែក​បាក់​ គ្នា៕

No comments:

Post a Comment