សម្ភាស លោក ប៊្រែដ អាដាម អំពី ផែនការ «ក៥» ដែលបង្កើតឡើង ដោយវៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ១៩ មករា ២០១៥
កងទ័ព វៀតណាម បានចូល ឈ្លានពាន កម្ពុជា ផ្ដួលរំលំ របប វាលពិឃាត ប៉ុល ពត ដោយដណ្ដើម កាន់កាប់ បានទីក្រុង ភ្នំពេញ នៅថ្ងៃ ទី៧ ខែមករា ឆ្នាំ១៩៧៩, ហើយ វាយបណ្ដេញ កងទ័ព ខ្មែរក្រហម រហូត ដល់ព្រំដែន ខ្មែរ-ថៃ។ បន្ទាប់មក នៅក្នុងឆ្នាំ ១៩៨៤ ដើម្បី ទប់ស្កាត់ ការជ្រៀតចូល នៃកងទ័ព ខ្មែរក្រហម និងអ្នកតស៊ូ នៃចលនា ផ្សេងទៀត មកក្នុងទឹកដីខ្មែរ, មេបញ្ជាការ កងទ័ព វៀតណាម លោក ឡឺ ដឹក ថូ (Le Duc Tho) បានបង្កើត ផែនការ «ក៥» ដោយកេណ្ឌ និងបង្ខំ ពលរដ្ឋខ្មែរ ឲ្យទៅកាប់ព្រៃ សាងសង់ ជញ្ជាំងក្រវាត់ ការពារ ព្រំដែន កម្ពុជា-ថៃ។ ប្រជាជនខ្មែរ រាប់សិបពាន់នាក់ បានស្លាប់ ក្នុងយុទ្ធនាការ ផែនការ «ក៥» នោះ។ ទោះជាយ៉ាងណា ស្ថិតិស្លាប់ ពិតប្រាកដ គ្មាននរណា ដឹងច្បាស់ទេ ពីព្រោះ រដ្ឋាភិបាល នៃរបប សាធារណរដ្ឋ ប្រជាមានិត កម្ពុជា ក្រោមការ ដឹកនាំ របស់ លោក ហ៊ុន សែន នាពេលនោះ មិនបានបញ្ចេញ របាយការណ៍ ប្រកបដោយតម្លាភាព នោះឡើយ។
សូម អញ្ជើញស្តាប់ បទសម្ភាសន៍ របស់ លោក ជី វិតា ជាមួយ លោក ប្រ៊ែដ អាដាម (Brad Adams) នៃអង្គការ សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្ដីពី បញ្ហាផែនការ «ក៥» នេះ ដែលលោក បានបញ្ចូល ទៅក្នុងរបាយការណ៍ សិទ្ធិមនុស្ស ចុងក្រោយ របស់លោក ដែលមាន សេចក្តី ដូចតទៅ៖
លោក ជី វិតា៖ ជម្រាបសួរ លោក ប្រ៊ែដ អាដាម។ សូម លោកជួយប្រាប់ខ្ញុំ ផងថា, ហេតុអ្វី បានជាលោក ចេញរបាយការណ៍ ដែលមាន ចំណងជើង ថា «៣០ឆ្នាំ ក្រោមការ គ្រប់គ្រង របស់ លោក ហ៊ុន សែន» យ៉ាងទូលំទូលាយ មួយ នៅពេល ថ្មីៗនេះ?
លោក ប្រ៊ែដ អាដាម៖ បាទ, វា ជារឿង មិនធម្មតាទេ ដែលនរណាម្នាក់ នៅលើលោកនេះ កាន់អំណាច បានយូរ រហូត ដល់៣០ឆ្នាំ នោះ។ យោងតាមការ គណនា របស់យើង, លោក ហ៊ុន សែន គឺ ជាមេដឹកនាំ នយោបាយម្នាក់ ក្នុងចំណោម ៦នាក់ ដែលកាន់អំណាច យូរជាងគេ នៅលើលោកនេះ។ នេះ មិនរាប់បញ្ចូល មេដឹកនាំ ជាព្រះមហាក្សត្រទេ។ ដោយហេតុ ថា, វា មិនធម្មតា នោះហើយ ទើប នាំ ឲ្យគេឯង មានការ ចាប់អារម្មណ៍ ដែលញ៉ាំង ឲ្យមានសំណួរ ថា, តើ អ្នកនយោបាយ ម្នាក់ ទោះជានៅ ប្រទេសណា ក៏ដោយ--កម្ពុជាក្តី ឬហ្ស៊ីមបាវ៉េ (Zimbabwe) ក្រោមការ ដឹកនាំ របស់ លោក រ៉ូបឺត មូក្កាបេ (Robert Mugabe) ក្តី ឬនៅប្រទេស អូហ្គង់ដា (Uganda) ក្រោមការ ដឹកនាំ របស់ លោក មូសេវេនៀ (Museveni) ក្តី--ធ្វើ ដូចម្តេច បានជាអាច នៅកាន់អំណាច បានយូរម្ល៉េះ?
ករណី មេដឹកនាំ ជាប់ឆ្នោត ឡើងវិញ តាមបែប ប្រជាធិបតេយ្យ កាន់អំណាច រហូត ដល់៣០ឆ្នាំនោះ, វា គ្មានទេ ក្នុងលោកនេះ។ អ្នកណា ដែលកាន់អំណាច បាន៣០ឆ្នាំ គឺ ជាមេដឹកនាំ ផ្ដាច់ការ។ គ្មាន នរណា អាចឈ្នះ ការបោះឆ្នោត ដែលមាន លក្ខណៈ សេរី និងយុត្តិធម៌ ជាប់ៗគ្នា រហូត យូរ យ៉ាងដូច្នេះទេ, គ្មានទេ។ ស្ទើរ គ្រប់ប្រទេស ទាំងអស់ ប្រជាជន ឆ្អែតឆ្អន់ នឹងមេដឹកនាំ មុខ ដដែលៗ ណាស់។ នៅក្នុងប្រទេស កម្ពុជា ប្រជាជន ឆ្អែតឆ្អន់ នៅពេល ឮសំឡេង លោក ហ៊ុន សែន, ហើយ ពួកគេ ក៏ឆ្អែតឆ្អន់ នៅពេល ឃើញមុខ លោក ហ៊ុន សែន។ រឿងបែបនេះ ក៏ពិត ជាកើតមាន ដូចគ្នា នៅប្រទេស ផ្សេងទៀត, ដូចជា ប្រទេស ហ្ស៊ីមបាវ៉េ គឺ ប្រជាជន ឆ្អែតឆ្អន់ រស់ ក្រោមការដឹកនាំ របស់ លោក រ៉ូបឺត មូក្កាបេ។
ដូច្នេះហើយ ទើប យើង សម្រេចចិត្ត ថា, យើង គួរពិនិត្យមើល ដើម្បី ចង់ដឹង ថា, តើ គេ កាន់អំណាច យូរយ៉ាងនេះ បានដោយរបៀបណា? ហើយ យើង កត់ត្រាទុក នូវព្រឹត្តិការណ៍ ទាំងឡាយ ដែលកើត មានឡើង ក្រោមការ ដឹកនាំ របស់ អ្នកដឹកនាំ ទាំងនោះ។ នៅកម្ពុជា លោក ហ៊ុន សែន ជាអ្នកនយោបាយ ម្នាក់ ដែលមានឥទ្ធិពល ខ្លាំងក្លា, គ្របដណ្ដប់ ពេញទី លើឆាក នយោបាយ អស់រយៈពេល ជិត៣០ឆ្នាំ កន្លងមកនេះ។ ស្ទើរ គ្រប់រឿងរ៉ាវ តែ ទាំងអស់, លោក ហ៊ុន សែន ជាអ្នកសម្រេច លើជោគវាសនា ប្រទេសកម្ពុជា តែ ម្នាក់ឯង។ គាត់ ជាអ្នកសម្រេច លើកិច្ចការ សំខាន់ៗ ទាំងអស់។ មនុស្សជាច្រើន មើលឃើញ យ៉ាងនេះ។ លោក ហ៊ុន សែន ត្រួតត្រា គ្របសង្កត់ លើគណបក្ស ប្រជាជន កម្ពុជា រហូត ដល់ចំណុចមួយ ដែលគ្មាន នរណា ហ៊ានហើបមាត់ ប្រកែក នូវអ្វី ដែលគាត់ និយាយចេញ មកទេ។ គាត់ ត្រួតត្រា លើតុលាការ, យោធា, និងប៉ូលិស។ ដូច្នេះ គាត់ ជាមនុស្ស សំខាន់ មានឥទ្ធិពល ប៉ះពាល់ ដល់ជីវិត របស់ ពលរដ្ឋ ទាំងមូល ក្នុងប្រទេស។ ដូច្នេះហើយ ពីជ្រុង ទិដ្ឋភាព សិទ្ធិមនុស្ស, យើង មើលឃើញ ថា, វា សំខាន់ណាស់ ដែលត្រូវ កត់ត្រាទុក នូវប្រវត្តិ រឿងរ៉ាវ និងអតីតភាព របស់គាត់។
លោក ជី វិតា៖ ប៉ុន្តែ លោក ហ៊ុន សែន មានប្រសាសន៍ ថា, លោកមិនខ្វល់ ថា យូរប៉ុណ្ណា នោះទេ ដរាបណា ប្រជាជន បោះឆ្នោត ជូនលោក។
លោក ប្រ៊ែដ អាដាម៖ ប៉ុន្តែយើងដឹងថា ប្រជាពលរដ្ឋមិនបានបោះឆ្នោតឲ្យគាត់ទេ។ ចូរពិនិត្យមើលប្រវត្តិសាស្ត្រ លោក ហ៊ុន សែន ចូលរួមបោះឆ្នោតសកលលើកទី១ នៅឆ្នាំ១៩៩៣ គឺ ៨ឆ្នាំក្រោយគាត់ធ្វើជានាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៨៥។ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ គាត់ចាញ់ឆ្នោត។ ប៉ុន្តែ លោក ហ៊ុន សែន និងគណបក្សប្រជាជន របស់គាត់យំឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទេ ហើយគំរាមបង្កសង្គ្រាម។ ពេលនោះ លោក ហ៊ុន សែន បានគំរាមបញ្ឆោតថានឹងរឹបយកខេត្តចំនួន៧ ដើម្បីពុះបំបែកទឹកដីកម្ពុជា ជាពីរ។ ពេលនោះ កងទ័ពរក្សាសន្តិភាពអង្គការសហប្រជាជាតិ មិនចង់ប្រឈមការបាត់បង់ជីវិត ក៏អនុញ្ញាតឲ្យមានការសម្របសម្រួលនយោបាយ។ ពេលនោះហើយ ទើបមាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិទី១ ដល់ទៅពីរក្បាលនាពេលនោះ។ ការបោះឆ្នោតជាបន្តបន្ទាប់មកទៀត ត្រូវបានក្រុមអ្នកសង្កេតការណ៍ឯករាជ្យវាយតម្លៃថាមិនសេរី និងមិនយុត្តិធម៌។
បន្ទាប់មកនៅអំឡុងពេលរដ្ឋប្រហារឆ្នាំ១៩៩៧ និងអំឡុងពេលបាតុកម្មតវ៉ាដ៏ទ្រង់ទ្រាយធំប្រឆាំងនឹងលទ្ធផលបោះ ឆ្នោតឆ្នាំ១៩៩៨ កងកម្លាំងទាហាន និងប៉ូលិសរបស់ លោក ហ៊ុន សែន បានសម្លាប់មនុស្សជាច្រើន។ អ្នកដែលស្លាប់ទាំងនោះមានទាំងព្រះសង្ឃផង ដែលបានងើបប្រឆាំងនឹងលទ្ធផលបោះឆ្នោត និងការបន្តក្រាញកាន់អំណាចរបស់ លោក ហ៊ុន សែន។ ពេលនោះ ខ្ញុំធ្វើការជាមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសកម្ពុជា។ ពេលនោះ យើងបានឃើញសាកសពព្រះសង្ឃ ទាំងនៅដណ្ដប់ស្បង់ចីវរអណ្ដែតទឹកនៅក្នុងទន្លេបាសាក់។ និយាយជារួម យើងនៅរង់ចាំមើលថា តើ លោក ហ៊ុន សែន នឹងឈ្នះការបោះឆ្នោតដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅពេលណា? ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ឃើញមាននៅឡើយទេ។
លោក ជី វិតា៖ របាយការណ៍របស់លោកដែលមានចំណងជើងថា «៣០ឆ្នាំក្រោមការគ្រប់គ្រងរបស់ លោក ហ៊ុន សែន» រៀបរាប់ពីបញ្ហា និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងនោះមាន ផែនការ «ក៥» ផង ដែលកើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោមការគ្រប់គ្រងនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
នៅពេលនេះ ខ្ញុំចង់ច្បិចយករឿងផែនការ «ក៥» មកជជែកជាមួយលោក។ ផែនការ «ក៥» គឺជាកម្មវិធីកេណ្ឌប្រជាពលរដ្ឋខ្មែរជាច្រើនសែននាក់ក្នុងឆ្នាំ១៩៨៤ បង្ខំឲ្យទៅកាប់ព្រៃសាងសង់រនាំង ឬរបងការពារនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់មិនឲ្យខ្មែរអ្នកតស៊ូនៅក្នុងព្រៃតាមព្រំដែនថៃ អាចជ្រៀតចូលទឹកដីខ្មែរបាន។ លោកបានប្រៀបធៀបការសាងសង់រនាំងក្រវាត់ការពារព្រំដែននាពេលនោះ ទៅនឹងជញ្ជាំងប៊ែរឡាំង (Berlin Wall) ខណ្ឌចែកប្រទេសអាល្លឺម៉ង់ ជាពីរ ក្រោយសង្គ្រាមលោកលើកទី២។ អ្នកស្រាវជ្រាវខ្លះឲ្យឈ្មោះថា ជញ្ជាំងឫស្សី។
ចំពោះលោក តើផែនការ «ក៥» នេះ ជាព្រឹត្តិការណ៍សំខាន់យ៉ាងម៉េចទៅ ទើបលោកត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ?
លោក ប្រ៊ែដ អាដាម៖ បាទ! កម្មវិធី «ក៥» គឺជាផែនការរបស់កងទ័ពវៀតណាម ដែលគ្រប់គ្រងកម្ពុជា នាពេលនោះ។ និយាយរួម គឺវៀតណាម ចង់សាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីមិនឲ្យខ្មែរក្រហម និងកងទ័ពអ្នកតស៊ូក្នុងព្រៃដទៃទៀត ចូលមកក្នុងទឹកដីកម្ពុជា បាន។ បើគ្រាន់តែមានបំណងបែបនោះ មិនជាការស្អីទេ ពីព្រោះវាជាយុទ្ធវិធីយោធា។ បញ្ហាត្រង់ថា អាជ្ញាធរដែលឋិតក្រោមបង្គាប់ លោក ហ៊ុន សែន បានចាប់បង្ខំ និងចល័តប្រជាពលរដ្ឋខ្មែររាប់សែននាក់ឲ្យក្លាយជាកម្លាំងពលករដោយ បង្ខំ បណ្ដាលឲ្យពួកគេស្លាប់ច្រើនណាស់ គឺស្លាប់ដោយសារជំងឺ និងជាន់មីន។ ពលកររងការចាប់បង្ខំទាំងនោះ មិនទទួលបានការត្រៀមហ្វឹកហ្វឺនមុននឹងបញ្ជូនទៅ មិនទទួលបានសម្ភារៈឧបករណ៍ ថ្នាំសង្កូវ និងស្បៀងអាហារសមរម្យ មុននឹងបញ្ជូនទៅព្រំដែននោះឡើយ។ សូម្បីតែមុងក៏មិនមានមុងគ្រប់គ្រាន់ដែរ។ ដល់ពេលមានជំងឺគ្រុនចាញ់ ក៏មិនមានថ្នាំព្យាបាល។
ខ្ញុំបានសម្ភាសមន្ត្រីគណបក្សប្រជាជន ជាច្រើននាក់។ ពួកគេបានប្រាប់ខ្ញុំថា កម្មវិធី «ក៥» នោះហើយ ដែលធ្វើឲ្យប្រជាជនខ្មែរស្អប់មន្ត្រីគណបក្សប្រជាជនបដិវត្តន៍ កម្ពុជា ដែលក្រោយមកក៏ដូរឈ្មោះមកគណបក្សប្រជាជនកម្ពុជា នេះខ្លាំងណាស់។ ពួកមន្ត្រីបក្សទាំងនោះនិយាយថា ផែនការ «ក៥» នោះ ស្ទើរធ្វើឲ្យរដ្ឋាភិបាលពេលនោះរលំដួល។ មនុស្សជាច្រើន ត្រូវបានចាប់បង្ខំឲ្យទៅធ្វើការកាប់ឆ្ការព្រៃជាប់ព្រំដែន កម្ពុជា-ថៃ។ អ្នកដែលមានកូននិយាយថា បើកូនរបស់ខ្លួនត្រូវបានគេចាប់បញ្ជូនទៅ គឺស្មើគ្នានឹងទទួលទោសប្រហារជីវិត។ សមាជិកថ្នាក់ដឹកនាំបក្សម្នាក់ គឺលោក ស៊ិន សេន ដែលពេលនោះលោកជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ បាននិយាយថា ៩០ភាគរយនៃស្បៀងដែលបានបញ្ជូនទៅឲ្យពលករត្រូវបានបាត់បង់ទៅក្នុង អំពើពុករលួយ។ ដូច្នេះ ស្បៀងដែលបញ្ជូនទៅមិនបានដល់ដៃពលករទេ។ ពួកគេខឹងសម្បារយ៉ាងខ្លាំង។
នៅពេលខ្ញុំមកធ្វើការនៅកម្ពុជា ឆ្នាំ១៩៩៣ ខ្ញុំនៅតែឮប្រជាជនខ្មែរជាច្រើននិយាយអំពីផែនការ «ក៥» នោះ។ ពួកនៅតែមានអារម្មណ៍តក់ស្លុត និងខឹងសម្បារអំពីសោកនាដកម្មនោះ។ ពួកគេខឹងនៅពេលនិយាយពីឈ្មោះ ហ៊ុន សែន និងឈ្មោះ ញឹម វ៉ាន់ដា។ លោក ញឹម វ៉ាន់ដា ពេលនោះត្រូវ លោក ហ៊ុន សែន តែងតាំងឲ្យទទួលខុសត្រូវកិច្ចការសំខាន់មួយផ្នែកនៃផែនការ «ក៥» នោះ។ ចូលមកដល់ឆ្នាំ១៩៩៣ ក្រោយពេលបោះឆ្នោត លោក ញឹម វ៉ាន់ដា ត្រូវបាន លោក ហ៊ុន សែន តែងតាំងឲ្យធ្វើជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលថ្មីទៀត ដែលប្រការនេះបានធ្វើឲ្យមនុស្សជាច្រើនខឹងសម្បារ។ ដូច្នេះ រឿងនេះសំខាន់ណាស់ ហើយមនុស្សវ័យចំណាស់នៅកម្ពុជា នៅតែនិយាយអំពីរឿង «ក៥»។
លោក ជី វិតា៖ លោកនិយាយថា លោក ស៊ិន សេន បានប្រាប់លោកថា លោក ហ៊ុន សែន ជាអ្នកដឹកនាំផែនការ «ក៥»។ តើតួនាទីរបស់គាត់ក្នុងផែនការ «ក៥» នោះ ជាអ្វីឲ្យជាក់លាក់ទៅ?
លោក ប្រ៊ែដ អាដាម៖ លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៅដើមឆ្នាំ១៩៨៥ ប៉ុន្តែគាត់ធ្វើជានាយករដ្ឋមន្ត្រីស្តីទីតាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ នៅពេលគាត់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស។ ចំណែក លោក ស៊ិន សេន ជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ នាពេលនោះ។ មិនមែនតែ លោក ស៊ិន សេន ទេ លោក គង់ គាំ ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស នាពេលនោះ ក៏បានប្រាប់ខ្ញុំដែរ។ លោក ហ៊ុន សែន មិនអាចប្រកែកបានទេអំពីឧក្រិដ្ឋកម្មនៃផែនការ «ក៥» ពីព្រោះលោកជាមន្ត្រីថ្នាក់កំពូលម្នាក់នៅពេលនោះ។ លោក ហ៊ុន សែន អាចប្រកែកថា គាត់ត្រូវបានវៀតណាម បង្ខំនៅពេលនោះ ពីព្រោះវៀតណាម គ្រប់គ្រងកម្ពុជា ហើយមនុស្សជាច្រើនមើលឃើញថា វៀតណាម មានឥទ្ធិពលខ្លាំងណាស់ និងជាអ្នកសម្រេចស្ទើររាល់កិច្ចការប្រទេសជាតិទាំងអស់។ ដូច្នេះ គាត់អាចនិយាយថា គាត់ជាអ្នកចូលរួមចំណែកបង្កើត និងអនុវត្តដឹកនាំផែនការ «ក៥» ពិតមែន ប៉ុន្តែវាមិនមែនជាកំហុសគាត់ទេ ពីព្រោះគាត់ត្រូវបានវៀតណាម បង្ខិតបង្ខំ។ ទោះជាយ៉ាងណា សម្រាប់ច្បាប់អន្តរជាតិ លេសដោះសាថាត្រូវគេបង្ខំនេះ វាមិនគ្រប់គ្រាន់សម្រាប់ធ្វើជាមូលដ្ឋានការពារខ្លួនទេ។
មន្ត្រីគណបក្សប្រជាជនកម្ពុជា មួយចំនួន បានប្រាប់ខ្ញុំថា បើទោះជានៅពេលនោះគ្មាននរណាពេញចិត្តផែនការ «ក៥» ហើយចង់បញ្ឈប់ក៏ដោយ ក៏គ្មានមន្ត្រីណាម្នាក់ហ៊ានហើបមាត់និយាយជាមួយ លោក ហ៊ុន សែន ឬវៀតណាម ឡើយ។
លោក ជី វិតា៖ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នោះ កម្ពុជា ឋិតក្នុងសភាពក្រីក្រខ្លាំងនៅឯកោពីសហគមន៍អន្តរជាតិ ដោយសារតែវៀតណាម ឈ្លានពាន និងគ្របគ្រង ហើយទ័ពព្រៃខ្មែរក្រហម ក៏នៅមានកម្លាំងខ្លាំងក្លាណាស់។ ដូច្នេះ តើលោកមិនគិតថា ផែនការ «ក៥» នោះ វាជាយុទ្ធសាស្ត្រយោធាចាំបាច់ ដើម្បីការពារមិនឲ្យខ្មែរក្រហម វិលត្រឡប់មកកាន់អំណាចវិញទេ?
លោក ប្រ៊ែដ អាដាម៖ អូ! គ្មាននរណាប្រកែករឿងយុទ្ធសាស្ត្រយោធាការពារជាតិនោះទេ។ ខ្លួនខ្ញុំផ្ទាល់មិនពេញចិត្តទាល់តែសោះ ដែលចិន សហរដ្ឋអាមេរិក និងថៃ ផ្តល់ជំនួយឲ្យកងទ័ពខ្មែរក្រហម នៅពេលនោះ។ យ៉ាងណាក៏ដោយចុះ កម្ពុជា មានសិទ្ធិពេញទីក្នុងការប្រើប្រាស់យុទ្ធវិធីយោធាការពារប្រទេសរបស់ ខ្លួន ប៉ុន្តែកម្ពុជា មិនអាចចាប់មនុស្សរាប់សែននាក់ បង្ខំឲ្យចូលរួមធ្វើសង្គ្រាមដូច្នោះបានទេ។ ចូរក្រឡេកមើលប្រទេសមីយ៉ាន់ម៉ា ឬភូមា។ សហគមន៍អន្តរជាតិ បានថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសមីយ៉ាន់ម៉ា ដោយសារតែប្រទេសនេះបានប្រើប្រាស់កម្លាំងពលករដោយបង្ខំនៅពេលធ្វើ សង្គ្រាម។ វាជាការរំលោភច្បាប់អន្តរជាតិ។
លោក ជី វិតា៖ ពលរដ្ឋខ្មែរជាច្រើនពាន់នាក់បានស្លាប់ក្នុងពលកម្មបង្ខំនៃផែនការ «ក៥» នោះ ដោយសារជាន់មីន គ្រុនចាញ់ និងខ្វះស្បៀង។ ពលរដ្ឋខ្មែរខ្លះបានហៅផែនការ «ក៥» ថា ជាផែនការប្រល័យពូជសាសន៍ខ្មែររបស់រដ្ឋាភិបាលវៀតណាម។ ក្នុងរបាយការណ៍របស់លោក ក៏បញ្ជាក់ដែរថា អ្នកដែលផ្ដួចផ្ដើមបង្កើតផែនការ «ក៥» គឺមន្ត្រីយោធាជាន់ខ្ពស់វៀតណាម ឈ្មោះ ឡេ ដឹក ថូ (Le Duc Tho) ដែលជាអ្នកទទួលខុសត្រូវគ្រប់គ្រងកម្ពុជា នាពេលនោះ។ តើលោកមានយោបល់យ៉ាងណាចំពោះការលើកឡើងនេះ?
លោក ប្រ៊ែដ អាដាម៖ ទេ! ខ្ញុំមិនគិតថាជាអំពើប្រល័យពូជសាសន៍ទេ។ ប៉ុន្តែវាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ វាជាឧក្រិដ្ឋកម្មសង្គ្រាម និងជាអំពើឃាតកម្ម។ បទចោទទាំងនេះវាអាក្រក់គ្រប់គ្រាន់ហើយ មិនចាំបាច់ដល់បទប្រល័យពូជសាសន៍ ដែលស្តាប់ទៅអាក្រក់ខ្លាំងនោះទេ។
លោក ជី វិតា៖ ដូច្នេះវាជាអំពើរំលោភច្បាប់អន្តរជាតិ។
លោក ប្រ៊ែដ អាដាម៖ ប្រាកដណាស់!
លោក ជី វិតា៖ ដូច្នេះនៅថ្ងៃណាមួយ អង្គការសហប្រជាជាតិ អាចនឹងលើកសំណុំរឿងកប់ចោលនេះឡើង ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះទេ?
លោក ប្រ៊ែដ អាដាម៖ អាចទៅរួច ពីព្រោះបទល្មើសច្បាប់អន្តរជាតិទាំងអស់នេះមិនមានអាជ្ញាយុកាលទេ។ ប៉ុន្តែខ្ញុំគិតថា វានឹងមិនកើតឡើងទេ។ យើងមិនមែនចេញផ្សាយរបាយការណ៍នេះ ដើម្បីសង្ឃឹមថា នរណាម្នាក់ ឬអង្គការសហប្រជាជាតិ ប្ដឹងកាត់ទោស ហ៊ុន សែន ឬមន្ត្រីរបស់គាត់អំពីរឿងផែនការ «ក៥» ទេ។ វានឹងមិនកើតមានឡើយ។
លោក ជី វិតា៖ ហេតុអ្វី?
លោក ប្រ៊ែដ អាដាម៖ ពីព្រោះបច្ចុប្បន្ន គ្មាននរណាចាប់អារម្មណ៍រឿងផែនការ «ក៥» នេះទេ។ ជាការពិតណាស់ អ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរបែបនេះ គួរត្រូវផ្ដន្ទាទោស ប៉ុន្តែយោងតាមបរិបទជាក់ស្តែងនាពេលនេះ គ្មានរដ្ឋាភិបាលណាមួយ ឬស្ថាប័នអន្តរជាតិណាមួយចាប់អារម្មណ៍ពិនិត្យមើលរឿងនេះទេ។ តែទោះជាយ៉ាងណាក៏ដោយចុះ យើងបានកត់ត្រាទុកនូវបទឧក្រិដ្ឋជាច្រើនផ្សេងទៀតរបស់ លោក ហ៊ុន សែន និងបក្ខពួករបស់គាត់។ ឧក្រិដ្ឋកម្មដែលមិនទាន់ត្រូវបានផ្ដន្ទាទោសទាំងនោះរួមមាន ហេតុការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧ ប៉ុនប៉ងផ្តាច់ជីវិតមេបក្សប្រឆាំង លោក សម រង្ស៊ី ការសម្លាប់ក្រៅច្បាប់ក្នុងប្រព្រឹត្តិការណ៍រដ្ឋប្រហារក្នុងឆ្នាំ ១៩៩៧ ដដែល ឃាតកម្មលើមេដឹកនាំសហជីព អ្នកសារព័ត៌មាន និងសកម្មជនផ្សេងៗទៀតក្នុងរយៈពេលកន្លងមកនេះ។
លោក ជី វិតា៖ ក្នុងរបាយការណ៍របស់លោក លោកនិយាយថា អនុរដ្ឋមន្ត្រីការពារជាតិ លោក កែវ សយ ដែលបានអះអាងថា រដ្ឋធម្មនុញ្ញកម្ពុជា នាពេលនោះបានចែងថា ប្រជាពលរដ្ឋខ្មែរមានកាតព្វកិច្ចរួមចំណែកការពារជាតិ។ ហើយផែនការ «ក៥» គឺជាយុទ្ធនាការការពារជាតិ។ ដូច្នេះលោកថា មិនខុសច្បាប់ទេ។ តើលោកឆ្លើយតបទៅនឹងការលើកឡើងនេះយ៉ាងម៉េចដែរ?
លោក ប្រ៊ែដ អាដាម៖ ការបកស្រាយនោះមិនត្រូវទេ។ ប្រទេសមួយអាចកេណ្ឌមនុស្សឲ្យធ្វើកងទ័ពបម្រើជាតិរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ។ ប៉ុន្តែត្រូវធ្វើឡើងតាមច្បាប់ត្រឹមត្រូវ ដែលមានការហ្វឹកហ្វឺនល្អត្រឹមត្រូវ និងមានសម្ភារៈឧបករណ៍ត្រឹមត្រូវ មិនអាចចេះតែចាប់មនុស្សយកទៅបោះចោលក្នុងសមរភូមិប្រយុទ្ធបាននោះ ទេ។ សម្រាប់ផែនការ «ក៥» មានទាំងរបាយការណ៍ និងមនុស្សនិយាយប្រាប់យើងច្រើនណាស់ថា ពេលខ្លះមានការចាប់មនុស្សដែលកំពុងដើរតាមផ្លូវ និងមានអំពើពុករលួយទៀតផង។ ពេលនោះ បើសិនជាអ្នកមានលុយ អ្នកអាចទិញមនុស្សឲ្យទៅជំនួសអ្នក។ ដូច្នេះហើយ ពួកអ្នកមាន និងអ្នកដែលមានខ្សែរយៈខ្នងបង្អែក អាចជួយឲ្យកូនចៅរបស់ខ្លួនគេចផុតពីកំណែនផែនការ «ក៥» នោះ។ ដូច្នេះប្រសិនបើកម្ពុជា មានច្បាប់ជ្រើសរើសកងទ័ពត្រឹមត្រូវ មានការហ្វឹកហ្វឺន និងសម្ភារៈត្រឹមត្រូវ ព្រមទាំងអនុវត្តប្រកបដោយស្មើភាពគ្នាចំពោះមុខច្បាប់ វាជារឿងស្របច្បាប់យ៉ាងពិតប្រាកដ។ អ្នកដឹងទេ សូម្បីតែទាហានក៏ដោយ អ្នកមិនអាចបង្ខំគេឲ្យដើរកាត់គ្រាប់មីនបានទេ។ អ្នកមិនអាចមិនផ្តល់សេវាសុខភាព និងបង្អត់អាហារហូបចុកដល់ពួកគេឡើយ។ ដូច្នេះការឆ្លើយដោះសានោះ មិនអាចទទួលយកបានទេ។
លោក ជី វិតា៖ តើមានអ្នកស្លាប់ប៉ុន្មាននាក់ដោយសារផែនការ «ក៥» ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨ នោះ?
លោក ប្រ៊ែដ អាដាម៖ យើងមិនអាចដឹងចំនួនស្លាប់ច្បាស់ទេ។ ប៉ុន្តែយើងអាចប៉ាន់ស្មានថា ស្លាប់រាប់សិបពាន់នាក់។
លោក ជី វិតា៖ សូមអរគុណ!
No comments:
Post a Comment