សម្ដេចក្រុមព្រះ អះអាងថា, មិនមែនចូល ឆាកនយោបាយ ដើម្បី បំបែកសំឡេង
RFA / វិទ្យុ អាស៊ី សេរី | ៥ មករា ២០១៥
អតីត ព្រះប្រធាន គណបក្ស ហ្វ៊ុនស៊ិនប៉ិច (Funcinpec) ដែលធ្លាប់ ត្រូវ បានសមាជិក នៅក្នុងបក្ស ធ្វើបក្សប្រហារ ទម្លាក់ព្រះអង្គ ចេញពីតំណែង កាលពីជាង ៨ឆ្នាំមុន មានបន្ទូល ថា, ការវិល ចូលឆាក នយោបាយ ឡើងវិញ របស់ ព្រះអង្គនេះ គឺ ពុំមែន ចូលមក ដើម្បី បំបែកសំឡេង គណបក្ស នយោបាយ ណាមួយទេ។
សារនយោបាយ របស់ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេលនេះ គឺ ធ្វើឡើង នៅពីបន្ទាប់ មានការ ចោទប្រកាន់ ដោយប្រធាន គណបក្ស សម រង្ស៊ី ថា, វត្តមាន របស់ ព្រះអង្គនេះ ជាប្រផ្នូល មិនល្អ សម្រាប់ ជោគវាសនា របស់ គណបក្ស សង្គ្រោះជាតិ។
មានបន្ទូល ប្រាប់ក្រុម អ្នករាយការណ៍ ព័ត៌មាន នៅព្រះ រាជដំណាក់ របស់ ព្រះអង្គ ក្នុងឧទ្យាន បុរីទន្លេបាសាក់ ទល់មុខ ក្រសួង មហាផ្ទៃ កាលពីព្រឹក ថ្ងៃទី៥ មករា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចាត់ទុក សារនយោបាយ របស់លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ថា, គឺ ជាចេតនា យល់ខុស ពីអ្វី ដែលព្រះអង្គ សម្រេចយាងចូល ឆាកនយោបាយ ឡើងវិញ នៅពេលនេះ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលត្រូវ បានមជ្ឈដ្ឋាននានា កត់សំគាល់ ថា, ជាអ្នកនយោបាយចិត្តមិនសឿង និងមានព្រះទ័យភ្លឹបភ្លែតដូចផ្លេកបន្ទោរ មានបន្ទូលនៅចំពោះអ្នកកាសែតថា លោក គង់ គាំ កំពុងតែយល់ច្រឡំចំពោះវត្តមានរបស់ព្រះអង្គលើកនេះ។ ព្រះអង្គមានបន្ទូលបន្តថា លោក គង់ គាំ គួរកុំព្រួយបារម្ភជ្រុលពេកពីការវិលចូលឆាកនយោបាយនៅរបស់ព្រះ អង្គនៅពេលនេះ គឺពុំមានអ្វីក្រៅពីប្រមូលអ្នករាជានិយម និងសីហនុនិយមឡើងវិញប៉ុណ្ណោះទេ៖ «ខ្ញុំអត់មានចង់ប៉ះពាល់។ ខ្ញុំគ្មានចង់បំបែកសំឡេងអ្នកណាទេ។ កុំថាខ្ញុំចង់ទៅបំបែកបំបាក់ណា! សូមផ្ដាំទៅឯកឧត្ដម គង់ គាំ ផង។»
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានបដិសេធទៅនឹងសំណួរជាច្រើនដែលលើកឡើងថា ព្រះអង្គវិលចូលនយោបាយឡើងវិញនេះ គឺដោយមានការជ្រោមជ្រែង និងគាំទ្រថវិកាដ៏រឹងមាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បើទោះជាព្រះអង្គមានបន្ទូលយ៉ាងច្បាស់ថា ពុំមានជាប់ពាក់ព័ន្ធណាមួយនឹងលោកនាយករដ្ឋមន្រ្តីក្តី ក៏ព្រះអង្គមានបន្ទូលថា ជន្ទល់និរន្តរភាពនៃរបបរាជានិយមអាស្រ័យធម្មនុញ្ញពីពេលនេះទៅ គឺមានតែគណបក្សនយោបាយ ២ប៉ុណ្ណោះ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា។
ឆ្លើយតបនឹងរឿងដែលថា ប្រធានគណបក្ស សម រង្ស៊ី ចេះតែថ្លែងសារនយោបាយ ព្រោះតែការព្រួយបារម្ភនោះ។ លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បដិសេធថា លោកពុំបានថ្លែងសារនយោបាយដោយបង្ហាញពីការព្រួយបារម្ភរបស់លោកម្ដង ណាឡើយចំពោះវត្តមានជាថ្មីទៀតរបស់សម្ដេចក្រុមព្រះនៅពេលនេះ។ លោកយល់ឃើញថា ការវិលចូលនយោបាយឡើងវិញរបស់ព្រះអង្គនេះ គឺទំនងមើលទៅហាក់មានសង្ឃឹមតិចតួចប៉ុណ្ណោះ ដោយសារការផ្សំផ្គុំរវាងព្រះអង្គ និងលោក ញឹក ប៊ុនឆៃ ដោយលោក ហ៊ុន សែន កាលពីឆ្នាំ២០១២ បានបង្ហាញថា បរាជ័យរួចទៅហើយ៖ «ខ្ញុំមិនបាន សំដែងនូវការព្រួយបារម្ភសោះទេ ដូចដែលខ្ញុំបានជម្រាបខាងលើអម្បាញ់មិញ គឺថាការនេះធ្លាប់បានប៉ុនប៉ងមុនការបោះឆ្នោតឆ្នាំ២០១៣ រួចទៅហើយ។»
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ លោក រស់ រ៉ាវុធ យល់ឃើញថា ការហក់ចូលនយោបាយរបស់សម្ដេចក្រុមព្រះនៅពេលនេះ លោកមើលពុំឃើញថាវត្តមានរបស់ព្រះអង្គគឺជាសញ្ញានៃការគំរាមកំហែង សំឡេងគណបក្សនយោបាយណាមួយឡើយ។
លោកបន្តថា ព្រោះព្រះអង្គត្រូវបានគេស្គាល់ជាទូទៅហើយថា ជាអ្នកនយោបាយដែលមានគោលជំហរមិនរឹងមាំ ហើយងាយបោះបង់អ្នកតស៊ូចោលថែមទៀត។ ហេតុនេះពិបាកណាស់ក្នុងការកៀរគររកសំឡេងគាំទ្រនៅពេលខាងមុខនេះ ពោលគឺព្រះអង្គត្រូវតស៊ូអត់ធ្មត់នឹងព្យុះភ្លៀងសម្បើមណាស់ ដើម្បីទៅដល់គោលដៅ៖ «វត្តមានសម្ដេចក្រុមព្រះគ្មានអ្វីដែលធ្វើឲ្យប្លែកសម្រាប់នយោបាយនៅកម្ពុជាទេ។»
សម្រេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះអង្គធ្លាប់ទទួលបរាជ័យក្នុងជីវិតនយោបាយជាច្រើនលើកមកហើយ។ ព្រះអង្គធ្លាប់បាត់បង់តំណែងជានាយករដ្ឋមន្ត្រីទីមួយជាលើកដំបូង របស់ព្រះអង្គ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ ធ្លាប់ជាប្រធានរដ្ឋសភា និងចុងក្រោយព្រះអង្គត្រូវបាត់បង់កៅអីម្ដងទៀត ពីប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីឆ្នាំ២០០៦ មុននឹងបានមកវិញនៅពេលនេះ៕
No comments:
Post a Comment