Paris Peace Accords 23 Oct. 1991

Monday, January 12, 2015

លោក សម រង្ស៊ី៖ វត្តមាន ​សម្ដេច​ក្រុមព្រះ ​មិន​ប៉ះពាល់​ ប្រជាប្រិយភាព​​​ បក្ស​សង្គ្រោះ​ជាតិ | Sam Rainsy: Ranariddh's political return not impact popularity of CNRP

លោក សម រង្ស៊ី៖ វត្តមាន ​សម្ដេច​ក្រុមព្រះ ​មិន​ប៉ះពាល់​ ប្រជាប្រិយភាព​​​ បក្ស​សង្គ្រោះ​ជាតិ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១១ មករា ២០១៥

សម រង្ស៊ី ៦២០
ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍ ដល់​អ្នក​កាសែត ​នា​អាកាសយានដ្ឋាន​ អន្តរជាតិ ​ភ្នំពេញ កាល​ពី​ព្រឹក ​ថ្ងៃ​ទី​១១ មករា ២០១៤។  RFA/Morm Moniroth

ប្រធាន ​គណបក្ស ​ប្រឆាំង​ ដ៏​ធំ ​នៅ​កម្ពុជា បញ្ជាក់​ជំហរ​ ថា, វត្តមាន ​នៃ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ក្នុង​ឆាក​ នយោបាយ​ នៅ​កម្ពុជា នឹង​មិន​ធ្វើ​ ឲ្យ​ប៉ះពាល់ ​ចំពោះ​ ប្រជាប្រិយភាព ​របស់ ​គណបក្ស ​សង្គ្រោះ​ជាតិ​ ទេ។  ជា​ពិសេស​ នោះ លោក​ យល់​ឃើញ​ ថា, ចរន្ត​ នៃ​ការ​​ផ្លាស់ប្ដូរ​ នៅ​កម្ពុជា គឺ​ គណបក្ស ​សង្គ្រោះ​ជាតិ នៅ​តែ​ នាំ​សំណាង​ សម្រាប់​ ប្រជាពលរដ្ឋ​ កម្ពុជា ដដែល។

ការ​ថ្លែង​សារ​ នយោបាយ​ ដូច​នេះ ​របស់​លោក សម រង្ស៊ី បន្ទាប់​ ពី​លោក ​វិល​ត្រឡប់ ពី​បំពេញ​ ទស្សនកិច្ច​ ឯកជន​ នៅ​ទ្វីប​ អឺរ៉ុប​វិញ ក្នុង​រយៈពេល​ ប៉ុន្មាន​សប្ដាហ៍​ កន្លង​ទៅ​នេះ។

លោក សម រង្ស៊ី អះអាង​ កាល​ពី​ព្រឹក ​ថ្ងៃ​ទី​១១ មករា នៅ​ឯ​ អាកាសយានដ្ឋាន ​អន្តរជាតិ​ ភ្នំពេញ ថា, លោក ​មិន​ភិតភ័យ​ ចំពោះ ​ការ​វិល​ចូល​ ឆាក​នយោបាយ ​ឡើង​វិញ​ របស់ សម្ដេចក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ពេល​នេះ ​ឡើយ។  លោក​ ចាត់​ទុក​ ថា, នោះ ​គឺ​ជា​សិទ្ធិ ​របស់ ព្រះ​អង្គ។  ម្យ៉ាង​ទៀត,​ នេះ ​គឺ​ ជា​ចរន្ត​ នយោបាយ ​ដែល​តែង ​មាន​ការ​ ឡើង និង​ចុះ​ ជា​ធម្មតា។

ឆ្លើយ​ នឹង​សំណួរ ​របស់​ អ្នក​កាសែត​ ដែល​លើក​ឡើង ​ថា, មាន​ការ​បែក​បាក់​ ផ្ទៃ​បាក់​បក្ស, លោក សម រង្ស៊ី និយាយ​ថា, អ្នក​គាំទ្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ទាំង​នៅ​កម្ពុជា និង​​ខាង​ក្រៅ​ប្រទេស​ ពុំ​មាន ​ការ​ប្រែប្រួល​ ឡើយ។  ផ្ទុយ​ទៅ​វិញ លោក​ មាន​សុឆន្ទៈ ​ថា, គណបក្ស​ សង្គ្រោះ​ជាតិ គឺ​ ជា​ក្ដី​សង្ឃឹម​ តែ​មួយ​គត់ ​នៅ​កម្ពុជា ដែល​នាំ​មក​ នូវ​ការ​ផ្លាស់ប្ដូរ។

លោក សម រង្ស៊ី ពុំ​បាន​និយាយ​អ្វី​ច្រើន​ឡើយ​ជុំវិញ​វិវាទ​អ្នកស្រី ឡាក់ សុភាព និង​កិច្ច​អន្តរាគមន៍​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ សម្រាប់​ការ​វិល​ត្រឡប់​មក​វិញ​ លើក​នេះ។
ដោយ​ឡែក​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែល​ពេល​នេះ​ព្រះអង្គ​យាង​មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឡើង​វិញ ព្រះអង្គ​មាន​បន្ទូល​កាល​ពី​ថ្ងៃ​ទី​៥ មករា ថា វត្តមាន​របស់​ព្រះអង្គ​នៅ​ពេល​នេះ គឺ​ពុំ​មែន​ចូល​មក​ដើម្បី​ជ្រៀតជ្រែក ឬ​បំបែក​សំឡេង​បក្ស​នយោបាយ​ណា​មួយ​ឡើយ។
ព្រះអង្គ​មាន​បន្ត​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​វិល​ចូល​ឆាក​នយោបាយ​វិញ​​នេះ គឺ​ចង់​ស្ដារ​មុខ​មាត់​សំឡេង​រាជា​និយម​ឡើង​វិញ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​បាក់​ស្រុត​ងើប​មុខ​លែង​រួច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ ក្រោយ​នេះ។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​តែ​ដើរ​ជួរ​មុខ​នៃ​ការ​គាំទ្រ និង​ជា​ចរន្ត​នៃ​ក្នុង​ការ​ផ្លាស់ប្ដូរ​សម្រាប់​អាណត្តិ​បន្ទាប់​នេះ​ទៀត​នៅ ​ឡើយ។ លោក​ថ្លែង​បន្ត​ថា មូលហេតុ​ដែល​សំឡេង​គាំទ្រ​ដែល​មិន​ស្រកស្រុត​នេះ គឺ​ដោយសារ​សម្ពន្ធភាព​ផ្ទៃ​ក្នុង​បក្ស​នៅ​រឹងមាំ។ ហេតុ​នេះ បើ​ទោះ​ជា​មាន​រលក​នយោបាយ​ថ្មីៗ​ផុស​ឡើង ឬ​ភាព​រកាំរកូស​ផ្ទៃ​ក្នុង​បក្ស​ក៏​គណបក្ស​ប្រឆាំង​នេះ​នៅ​តែ​អាច​ការពារ ឬ​គ្រប់គ្រង​ខ្សែ​ក្រវាត់​បាន​ដូច​មុន។

បើ​ទោះ​ជា​បែប​នេះ​ក៏​ដោយ​ចុះ ក៏​សង្កេត​ឃើញ​ថា វត្តមាន​របស់​លោក សម រង្ស៊ី កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា នៅ​ព្រលានយន្តហោះ គឺ​ពុំ​មាន​អ្នក​ហែហម​អម​ដំណើរ​ច្រើន​ដូច​លើក​មុនៗ​ទៀត​ឡើយ គឺ​គេ​ឃើញ​មាន​តែ​សមាជិក​ក្នុង​បក្ស​មួយ​ចំនួន​ប៉ុណ្ណោះ មក​ចាំ​ទទួល​ការ​វិល​ត្រឡប់​មក​​វិញ​របស់​លោក សម រង្ស៊ី៕


No comments:

Post a Comment