លោក សម រង្ស៊ី ចោទបក្ស ប្រជាជន ថា, នៅពីក្រោយ នៃការបង្កើត បក្ស តូចៗ
RFA / វិទ្យុ អាស៊ី សេរី | ១៥ មករា ២០១៥
ការបង្កើត គណបក្សថ្មី និងការ យាងចូល ឆាកនយោបាយ របស់ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើ ឲ្យមេដឹកនាំ គណបក្ស ប្រឆាំង ចាត់ទុក ថា, ជាយុទ្ធសាស្ត្រ បំបែកសំឡេង គណបក្ស សង្គ្រោះជាតិ ទៅវិញ។
ទន្ទឹម នឹងនេះ ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវ ឲ្យមាន ការបង្រួបបង្រួម អ្នកប្រជាធិបតេយ្យ ដើម្បី យកឈ្នះ គណបក្ស កាន់អំណាច បច្ចុប្បន្ន។
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់ គណបក្ស ប្រជាជនកម្ពុជា ថា, ជាអ្នក នៅពីក្រោយខ្នង ក្នុងការបង្កើត គណបក្ស តូចៗ ដើម្បី បំបែកសំឡេង អ្នកគាំទ្រ គណបក្សប្រឆាំង។
លោក សម រង្ស៊ី ថ្លែងទៅកាន់ អ្នកគាំទ្រ របស់ខ្លួន នៅឃុំ ពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ មករា ថា ការប្រកួតប្រជែងមិនឈ្នះគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំមកនេះ ដោយសារតែការបែកបាក់គ្នារបស់អ្នកស្នេហាជាតិ៖ «បើ គេ ដឹងថា, អ្នក ស្នេហាជាតិ រួមគ្នា គណបក្ស ប្រជាជនកម្ពុជា ចាញ់។ ដូច្នេះហើយ បានជាគេ បង្កើត គណបក្ស តូចៗ ដើម្បី បំបែកសន្លឹក ឆ្នោត។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដើម្បីសុំការឆ្លើយតបអំពីការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃទី១៥ មករា។
ការថ្លែងរបស់ លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ នេះ នៅស្របពេល លោកបណ្ឌិត កែម ឡី បានបង្កើតក្រុមខ្មែរដើម្បីខ្មែរ ក្នុងការចុះបង្កើតគណបក្សមូលដ្ឋានជូនប្រជាពលរដ្ឋគ្រប់តំបន់ខេត្ត ក្រុងនានា ឲ្យយល់ពីតម្លៃប្រជាធិបតេយ្យ ជ្រើសរើសអ្នកដឹកនាំមូលដ្ឋានដោយខ្លួនឯង និងការលេចព្រះភ័ក្ដ្រសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅក្នុងឆាកនយោបាយឡើងវិញ ដែលព្រះអង្គប្រកាសមិនធ្វើនយោបាយប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា។ ហើយការលើកឡើងរបស់ លោក សម រង្ស៊ី នេះ ខុសពីអ្វីដែលលោកបានប្រកាសកាលពីលោកទើបត្រឡប់មកពីអឺរ៉ុប ភ្លាមៗដែលថា គណបក្សសង្គ្រោះជាតិ មិនខ្លាចការយាងចូលរបស់សម្ដេចក្រុមព្រះ និងគណបក្សមូលដ្ឋានរបស់ លោក កែម ឡី នោះទេ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលព្រះអង្គយាងមកធ្វើជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានបន្ទូលថា ព្រះអង្គយាងមកចូលឆាកនយោបាយវិញនេះ ក្នុងគោលបំណងប្រមែប្រមូលអ្នករាជានិយមសីហនុនិយម។ ព្រះអង្គបន្ថែមថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងមិនធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ទេ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា គណបក្សប្រឆាំងមិនខ្លាំងនោះ ដោយសារតែគ្មានអ្នកប្រកួតប្រជែង។ លោកបញ្ជាក់ថា គណបក្សណាមានគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងនោះ ប្រជាពលរដ្ឋនឹងបានដឹងច្បាស់ហើយ៖ «គណបក្សប្រជាជនកម្ពុជា ធ្លាប់ប្រើយុទ្ធសាស្ត្រស្អប់ ឬចោទអ្នករិះគន់ថា ជាអ្នកប្រឆាំង។ ឥឡូវនេះ គណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមរៀនតាម អ្នកណារិះគន់ថាគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នង ហើយការប្រតិកម្មដូចនេះ មិនធ្វើឲ្យគណបក្សសង្គ្រោះជាតិ ចំណេញទេ។»
ទោះបីជាយ៉ាងនេះក្ដី លោក សម រង្ស៊ី អំពាវនាវឲ្យអ្នកស្នេហាជាតិទាំងអស់ រួបរួមគ្នាជាថ្លង់មួយសម្រាប់ចូលរួមការប្រកួតប្រជែងការបោះឆ្នោត នៅពេលខាងមុខ ដើម្បីទទួលយកជ័យជម្នះ ព្រោះថា គណបក្សតូចៗនោះ គឺជាគណបក្សបំបែកសំឡេងឆ្នោតតែប៉ុណ្ណោះ។
ការលើកឡើងរបស់ លោក សម រង្ស៊ី នេះ ដោយលោកមើលឃើញថា នៅក្នុងការបោះឆ្នោតនីតិកាលទី៥ នេះ មានចំនួន ៨គណបក្ស ប៉ុន្តែគណបក្សដែលជាប់អាសនៈក្នុងសភានោះមានពីរគណបក្ស គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ដោយឡែកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានសំឡេងនៅតាមបណ្ដាខេត្តមួយចំនួនដែរនោះ គឺមិនគ្រប់អាសនៈនោះទេ។ ចំនួនសំឡេងមិនគ្រប់ ១អាសនៈនេះហើយ ដែល លោក សម រង្ស៊ី ចង់សំដៅថា គណបក្សតូចៗចូលរួមដើម្បីបំបែកសំឡេងតែប៉ុណ្ណោះ៕
No comments:
Post a Comment