Paris Peace Accords 23 Oct. 1991

Friday, January 2, 2015

ច្បាប់​ សំខាន់ៗ​ ដែល​បង្កើត ​ក្នុង​ឆ្នាំ ​២០១៤ | Significant legislation passed in 2014

ច្បាប់​ សំខាន់ៗ​ ដែល​បង្កើត ​ក្នុង​ឆ្នាំ ​២០១៤

RFA / ​វិទ្យុ ​អាស៊ី សេរី | ២ មករា ២០១៥

ប្រជុំ​សភា ៦១០
កិច្ច​ប្រជុំ​ សភា​ អនុម័ត ​សេចក្តី​ព្រាង​ច្បាប់ ​ចំនួន​៣ ពាក់ព័ន្ធ​ នឹង​ប្រព័ន្ធ ​តុលាការ កាល​ពី​ថ្ងៃ ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។  RFA/Yeang Socheametta

កាល​ពី​ឆ្នាំ​ ២០១៤ កន្លង​ទៅ, រដ្ឋសភា​ អនុម័ត​ច្បាប់​ សំខាន់ៗ ​មួយ​ចំនួន។  ចំណែក ​រដ្ឋាភិបាល​ ក៏​បាន​ចេញ​ បទដ្ឋាន​ច្បាប់ ​មួយ​ចំនួន​ដែរ ដែល​ត្រូវ​ ចាត់​ទុក ​ថា, ​ជា​ជំនួយ ​ដល់​រដ្ឋាភិបាល ​ក្នុង​ការ​ដឹក​នាំ​ ប្រទេស។  តើ​ បទដ្ឋាន​ច្បាប់​ សំខាន់ៗ ​ដែល​បង្កើត ​ក្នុង​ឆ្នាំ​២០១៤ នេះ ​មាន​អ្វីខ្លះ និង​ផ្ដល់​ ប្រយោជន៍​ យ៉ាង​ណា​ខ្លះ?

កាល​ពី​ដើម​ ឆ្នាំ​២០១៤ រដ្ឋសភា​ដែល​មាន​តែ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច បាន​សម្រេច​អនុម័ត​ច្បាប់​មួយ​ចំនួន ដោយ​មិន​បង្អង់​រង់ចាំ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បន្ត​ធ្វើ​ពហិការ​តាំង​ពី​ក្រោយ​ពេល​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៣ នោះ ចូលរួម​ឡើយ។ ដោយ​ចាប់​ផ្ដើម​ពី​ខែ​មេសា សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​ច្បាប់​ផ្លូវ​ថ្នល់។ ក្នុង​ខែ​ឧសភា ក៏​បាន​អនុម័ត​បទដ្ឋាន​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​សមាហរណកម្ម​អាស៊ាន និង​ច្បាប់​ចំនួន​៣ ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការ ដោយ​ចំណាយ​រយៈពេល ៣​ថ្ងៃ គឺ​ច្បាប់​រៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​អង្គ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។

ក្នុង​ពេល​ដែល​សភា​មាន​តែ​តំណាង​រាស្ត្រ​ឯក​បក្ស​ពេល​អនុម័ត​ច្បាប់​ទាំង ​៣ ក៏​ស្រាប់​តែ​មាន​អ្នក​តំណាង​រាស្ត្រ​មួយ​រូប​ក្នុង​ចំណោម ៦៥​រូប បង្ហាញ​ទស្សនៈ​ដែល​មិន​ដែល​មាន​ពី​មុន​មក។ លោក ឡូយ សុផាត បាន​រិះគន់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ និង​ប្រើប្រាស់​ច្បាប់ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ក្រុម​របស់​ខ្លួន​ជាដើម។ លោក​ទាមទារ​អោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា បំភ្លឺ និង​បញ្ជាក់​បន្ថែម​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​លោក ចំពោះ​ការ​អនុវត្ត​ខុស​ច្បាប់​របស់​មន្ត្រី​តុលាការ ដូចជា ចៅក្រម និង​ព្រះរាជ​អាជ្ញា នៅ​ពេល​ដែល​ច្បាប់​លើក​ឡើង​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មាន​តួនាទី​សំខាន់​តាំង​ពី​ការ​រៀបចំ ការ​ស្នើ ការ​ដំឡើង ឬ​ការ​តែង​តាំង​ចៅក្រម និង​ព្រះរាជ​អាជ្ញា។

លោក ឡូយ សុផាត៖ «ម្ល៉ោះ​ហើយ​ច្បាប់​ទាំង​បី​នេះ ឥឡូវ​ដល់​ច្បាប់​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​នេះ ឧត្ដម​ក្រុមប្រឹក្សា​អង្គ​ចៅក្រម ពិត​ជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ពិនិត្យ​មើល​លើ​ការ​អនុវត្ត​ច្បាប់​ របស់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​គ្រប់​កម្រិត ទៅ​តាម​ឋានានុក្រម​ទាំងអស់​នេះ អ៊ីចឹង​ហើយ​ខ្ញុំ​ឃើញ​ថា ការ​ទទួល​ខុស​ត្រូវ​ពេល​នេះ ដូច​ឯកឧត្តម​បាន​ជ្រាប​ស្រាប់​ហើយ ឯកឧត្តម​រដ្ឋមន្ត្រី គឺ​ថា​ពី​មុន​មក​តុលាការ​យើង គឺ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​បន្តបន្ទាប់ ប៉ុន្តែ​ឥឡូវ​នេះ ហាក់​ដូច​ត្រូវ​មហាជន​មួយ​ចំនួន​ច្រើន​គេ​ក៏​មិន​សូវ​ជឿ មិន​សូវ​ឲ្យ​តម្លៃ។»

ឆ្លើយ​តប​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា អះអាង​ថា ក្រសួង​យុត្តិធម៌ មាន​ភារកិច្ច​ក្នុង​ការ​គ្រប់គ្រង​ការងារ​រដ្ឋបាល និង​រៀបចំ​ថវិកា​សម្រាប់​តុលាការ ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល។ លោក​ថា គោលដៅ​នៃ​ច្បាប់​ទាំង​នេះ គឺ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​មួយ ដើម្បី​ឲ្យ​មាន​ដំណើរ​ការ​ល្អ។ លោក​ថា ចំពោះ​ការ​អនុវត្ត​របស់​ចៅក្រម ឬ​ព្រះរាជ​អាជ្ញា ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។

សង្គម​ស៊ីវិល​ដែល​តែង​ជំរុញ​អោយ​មាន​ច្បាប់​ទាំង​នេះ បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ខ្លឹមសារ​មួយ​ចំនួន ដោយ​លើក​ឡើង​ថា ច្បាប់​ទាំង​នេះ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ដាច់​ដោយ​ឡែក និង​បន្ត​ឋិត​នៅ​ក្រោម​អំណាច​របស់​ក្រសួង​យុត្តិធម៌ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល។ ចំណែក​គណបក្ស​ប្រឆាំង​វិញ បាន​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា ច្បាប់​ដែល​រដ្ឋសភា​ដែល​មាន​តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​គ្មាន​តម្លៃ​នោះ​ទេ ហើយ​ថា ពួក​គេ​នឹង​សើរើ​ឡើង​វិញ។

ចូល​មក​ដល់​ខែ​មិថុនា សភា​ដដែល​នេះ​បាន​អនុម័ត​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ពី​ទំនាក់ទំនង​ផ្នែក​ ច្បាប់ និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម ផែនការ​អភិវឌ្ឍន៍​ជាតិ និង​ច្បាប់​ស្ដីពី​ការ​ធានា​រ៉ាប់រង។

នៅ​ក្រោយ​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ ខែ​កក្កដា គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់​ព្រម​ចូល​សភា។ ជំហាន​ដំបូង រដ្ឋសភា​ទទួល​ស្គាល់ លោក សម រង្ស៊ី ជា​អ្នក​តំណាង​រាស្ត្រ បន្ទាប់​មក​បាន​អនុម័ត​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​ប្រការ​៦ និង​ជ្រើស​តាំង​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា។ ចំណែក លោក កឹម សុខា បាន​ធ្វើ​ជា​អនុ​ប្រធាន​សភា។ សភា​ដែល​គេ​ហៅ​ជាទូទៅ​ថា សភា​មិន​គ្រប់​ទឹក ប៉ុន្តែ​ក្រោយ​បក្ស​ប្រឆាំង​ជួយ​បំពេញ​ឲ្យ​គ្រប់​ទឹក​វិញ​នោះ បាន​អនុម័ត​ច្បាប់​មួយ​ចំនួន​ទៀត ហើយ​ច្បាប់​ដែល​លេច​ធ្លោ គឺ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥ ដែល​កំណត់​ការ​ចំណាយ​ថវិកា​រដ្ឋ​សរុប​ចំនួន ១៥.៦៩៩.៥២៩​លាន​រៀល ស្មើ​ប្រមាណ ៣.៨៦៧​លាន​ដុល្លារ។ ការ​ចំណាយ​នេះ មាន​កំណើន ១០,៨% ធៀប​នឹង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៤។
យ៉ាង​ណា អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង​មិន​បាន​ចូលរួម​អនុម័ត​ច្បាប់​នេះ​ឡើយ។
តាម​រយៈ​កិច្ច​ព្រមព្រៀង​នោះ គណបក្ស​ទាំង​ពីរ​ក្នុង​សភា​បាន​ព្រមព្រៀង​ដាក់ គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ និង​បាន​ពិភាក្សា​បង្កើត​សេចក្ដី​ព្រាង​ច្បាប់ គ.ជ.ប. ថ្មី​ដែរ។ គណបក្ស​ទាំង​ពីរ​គ្រោង​ថា​បញ្ចប់​បទដ្ឋាន​ច្បាប់​នេះ​កាល​ពី​ចុង​ឆ្នាំ​២០១៤ ប៉ុន្តែ​ដោយ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា ការ​ពិភាក្សា​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។

ច្បាប់​ចរាចរណ៍​ថ្មី​ក៏​ត្រូវ​អនុម័ត​ដែរ។ ច្បាប់​នេះ​កំណត់​ផាក​ពិន័យ​ចំពោះ​អ្នក​ដែល​បើកបរ​ក្នុង​ពេល​ស្រវឹង​ចាប់​ពី ៨០​ម៉ឺន​រៀល រហូត​ដល់ ៤​លាន​រៀល និង​ដាក់​ពន្ធនាគារ​ពី ១​ខែ​ដល់ ៦​ខែ។ ក្នុង​ករណី​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ នឹង​ផាក​ពិន័យ​ពី ៤​លាន​រៀល​រហូត​ដល់ ១៥​លាន​រៀល និង​មាន​ទោស​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ។ ស្រប​គ្នា​នេះ បាន​រឹត​បន្តឹង​ចំពោះ​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រូវ​ពាក់​ពួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​គ្នា ហើយ​ទោចក្រយានយន្ត​មួយ​ធ្វើ​ដំណើរ​បាន​តែ ៣​នាក់​ប៉ុណ្ណោះ​រួម​ទាំង​កុមារ​តូច។

នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ សភា​បាន​សម្រេច​វិសោធនកម្ម​ប្រការ​នៃ​បទបញ្ជា​ផ្ទៃ​ក្នុង ដើម្បី​បើក​ផ្លូវ​អោយ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នៅ​រដ្ឋសភា ទៅ​តាម​ការ​ព្រមព្រៀង​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។

លោក សម រង្ស៊ី បាន​អះអាង​ថា នេះ​ជា​របត់​នយោបាយ​ថ្មី​មួយ​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ចំណែក​រដ្ឋាភិបាល​វិញ ក៏​មាន​ចេញ​បទដ្ឋាន​ច្បាប់​មួយ​ចំនួន​ដែរ។ កាល​ពី​ដើម​ឆ្នាំ​ក្នុង​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ចូល​សភា ក្រសួង​មហាផ្ទៃ បាន​ចេញ​ប្រកាស​ហាម​ឃាត់​ការ​ជួប​ប្រជុំ​ធ្វើ​បាតុកម្ម ការ​ជួប​ប្រជុំ​ជា​សាធារណៈ ការ​ហែ​ក្បួន​នានា និង​សម្រេច​បិទ​ទីលាន​ប្រជាធិបតេយ្យ។ សេចក្ដី​ប្រកាស​នោះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​កង​កម្លាំង​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​របស់​គណបក្ស​ សង្គ្រោះ​ជាតិ និង​ការ​តវ៉ា​ទាមទារ​ប្រាក់​ខែ​របស់​កម្មករ ដែល​ធ្វើ​អោយ​អ្នក​តវ៉ា ៥​នាក់​ស្លាប់ ជិត ៤០​នាក់​របួស និង​ជាង ២០​នាក់​ត្រូវ​ជាប់​ពន្ធនាគារ។

បទដ្ឋាន​ច្បាប់​មួយ​ដែល​នាំ​អោយ​មាន​ការ​រិះគន់​ក្នុង​ឆ្នាំ​នេះ គឺ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា និង​ប្រទេស​អូស្ត្រាលី ដែល​និយាយ​ពី​ការ​ទទួល​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​អោយ​មក​កម្ពុជា ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ជាង ៣០​លាន​ដុល្លារ។

សេចក្ដី​សម្រេច​មួយ​ទៀត​ដែល​រដ្ឋាភិបាល​ចេញ​ដែរ បន្ទាប់​ពី​មាន​ការ​តវ៉ា​ជា​បន្តបន្ទាប់​របស់​ក្រុម​កម្មករ និង​សហជីព គឺ​ការ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង ដោយ​ដំឡើង​ពី ១០០​ដុល្លារ​ក្នុង​មួយ​ខែ​ក្នុង​ឆ្នាំ​២០១៤ ទៅ ១២៨​ដុល្លារ។ យ៉ាង​ណា សេចក្ដី​សម្រេច​នេះ​ឋិត​នៅ​ឆ្ងាយ​ពី​ការ​ទាមទារ​ដែល​ចង់​បាន​ប្រាក់​ឈ្នួល​ សមរម្យ​ចន្លោះ​ពី ១៦០​ដុល្លារ ទៅ ១៧៧​ដុល្លារ។

ទាក់ទង​នឹង​ការ​គ្រប់គ្រង​ដី​ធ្លី​វិញ ក្នុង​សៀវភៅ​ព្រះរាជកិច្ច​បាន​ចុះ​ផ្សាយ​ស្ទើរ​គ្រប់​លេខ​ពី​ការ​ប្រកាស​ រដ្ឋាភិបាល កាត់​ដី​ជាច្រើន​ពាន់​ហិកតារ​ចេញ​ពី​ក្រុមហ៊ុន​សម្បទាន​មួយ​ចំនួន ដើម្បី​ផ្ដល់​អោយ​ពលរដ្ឋ និង​រក្សា​ជា​ព្រៃ​អភិរក្ស។

មក​ដល់​ពេល​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជិត ៦​ម៉ឺន​ហិកតារ មក​ជា​សម្បត្តិ​រដ្ឋ​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​ចំនួន​៥ មិន​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ដែល​ក្រសួង​បាន​កំណត់។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​អង្កេត​បញ្ហា​ដីធ្លី​នៅ​កម្ពុជា អះអាង​ថា វិធានការ​របស់​រាជ​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​គ្មាន​ប្រយោជន៍ ឬ​ធ្វើ​គ្រាន់​តែ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ ចំណែក​ដីធ្លី​ដែល​មាន​ទំនាស់ នៅ​តែ​បន្ត​កើត​មាន​បន្ត​រហូត​ដល់​ឆ្នាំ​ក្រោយៗ​ទៀត។

ទាក់ទិន​នឹង​បទដ្ឋាន​ច្បាប់​នេះ កាល​ពី​ឆ្នាំ​២០១៤ សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន ដែល​ពួក​គេ​កំពុង​ព្រួយ​បារម្ភ​ថា ជា​ច្បាប់​ដែល​នឹង​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​ពលរដ្ឋ រួម​មាន សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត (Cyber Crime Law or Internet Law) សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្កើត​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ព្រម​ទាំង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ដី​កសិកម្ម ជាដើម៕


No comments:

Post a Comment