Paris Peace Accords 23 Oct. 1991

Friday, January 23, 2015

លោក ស៊ូប៊ែឌី ជួប​ប្រធាន​ សភា​ ពាណិជ្ជកម្ម​ និយាយ​ ពី​រឿង​ផ្ដល់​ដី​ សម្បទាន ​សេដ្ឋកិច្ច | Subedi met with president of Chamber of Commerce re economic concession

លោក ស៊ូប៊ែឌី ជួប​ប្រធាន​ សភា​ ពាណិជ្ជកម្ម​ និយាយ​ ពី​រឿង​ផ្ដល់​ដី​ សម្បទាន ​សេដ្ឋកិច្ច

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៣ មករា ២០១៥

សុរិយា ស៊ូប៊ែឌី ៦២០
អ្នក​រាយការណ៍ ពិសេស ​នៃ​អង្គការ​ សហប្រជាជាតិ​ ទទួល​បន្ទុក ​ផ្នែក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២២ មករា ២០១៥។  RFA/Yeang socheametta

អ្នក​រាយការណ៍​ ពិសេស​ អង្គការ​ សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ជួប​ ប្រធាន​ សភា​ ពាណិជ្ជកម្ម​ កម្ពុជា  លោក គិត ម៉េង ដោយ​លោក​ ជំរុញ ​ឲ្យ​មាន​ ការ​ដោះស្រាយ​ ទំនាស់​ដីធ្លី ឲ្យ​មាន​ តម្លាភាព ​រវាង ​អ្នក​វិនិយោគ និង​ប្រជាពលរដ្ឋ  ដើម្បី​ ជៀសវាង​ មាន​អំពើ ​រំលោភ ​សិទ្ធិ​មនុស្ស។

ការ​លើក​ឡើង​ របស់​លោក សុរិយា ស៊ូប៊ែឌី នេះ នៅ​ស្រប​ពេល​ រដ្ឋាភិបាល​ បាន​ដក​អាជ្ញាប័ណ្ណ ​ដី​សម្បទាន ​សេដ្ឋកិច្ច ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ ចុង​ក្រោយ​នេះ។

អ្នក​រាយការណ៍​ ពិសេស ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ ត្រូវ​ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស។

លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ជំនួប​រវាង​លោក និង​លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​នោះ លោក​បាន​លើក​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ ប្រជាពលរដ្ឋ​រហូត​ដល់​មាន​ការ​បណ្ដេញ​ចេញពី​លំនៅឋាន ពិសេស​ដូចជា​ករណី បុរីកីឡា និង​នៅ​តំបន់​បឹងកក់ ជាដើម។ លោក​បន្ថែម​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចាំបាច់​ណាស់​ត្រូវ​អភិវឌ្ឍ​សិទ្ធិមនុស្ស​ឲ្យ​ដើរ​ ទន្ទឹម​គ្នា​ទើប​ជា​ការ​ប្រសើរ។ ក្រៅ​ពី​នេះ​ទៀត លោក​សង្កត់​ធ្ងន់​ថា កម្ពុជា​ត្រូវតែ​ធានា​នូវ​កំណើន​សេដ្ឋកិច្ច៖ «កម្ពុជា ត្រូវ​ធានា​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច កម្ពុជា​ត្រូវ​ការ​ថាមពល​អគ្គិសនី​បន្ថែម​​ទៀត​សម្រាប់​សហគ្រាស និង​សម្រាប់​ប្រជាពលរដ្ឋ។ ដូច្នេះ កំណើន​សេដ្ឋកិច្ច និង​ការ​ធានា​​ឲ្យ​មាន​​ការ​គោរព​សិទ្ធិមនុស្ស គឺ​ជា​ប្រធានបទ​សំខាន់​ដែល​បាន​ពិភាក្សា​គ្នា ​ជា​ពិសេស​ការ​​ទទួល​នូវ​យោបល់​​​បែប​ស្ថាបនា​ជា​ច្រើន​ទៀត​រវាង​សភា​ ពាណិជ្ជកម្ម​​កម្ពុជា។»

ការ​ថ្លែង​របស់​លោក សុរិយា ស៊ូប៊ែឌី នេះ នៅ​បន្ទាប់​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រកាស​ដក​ហូត​ដី​ពី​ក្រុមហ៊ុន​ចំនួន ៧ ក្នុង​ចំណោម ១២​ក្រុមហ៊ុន លើ​ផ្ទៃដី​ជិត ១៨​ម៉ឺន​ហិកតារ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ជា​ជំហាន​ដំបូង បញ្ឈប់​មិន​ផ្ដល់​សិទ្ធិ​បន្ត​ទៀត​ឲ្យ​អភិវឌ្ឍន៍​លើ​ដី​សម្បទាន​សេដ្ឋកិច្ច បន្ទាប់​ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​លើ​សម្បទាន​ដី​សេដ្ឋកិច្ច​មិន​បាន ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង រវាង​ក្រសួង​កសិកម្ម និង​ម្ចាស់​សាមី​ក្រុមហ៊ុន​ផ្ទាល់​នោះ​ទេ ជាពិសេស​នោះ​ក្រុមហ៊ុន​ទាំង​នេះ ថែម​ទាំង​ខកខាន​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់​ភូមិបាល​ទៀត​ផង។
អគ្គនាយក​សភា​ពាណិជ្ជកម្ម លោក ងួន ម៉េងតិច មាន​ប្រសាសន៍​ថា ចំពោះ​ក្រុម​ឈ្មួញ​មួយ​ចំនួន​ដែល​មិន​អនុវត្ត​តាម​គោលការណ៍​អភិវឌ្ឍន៍​របស់​ រដ្ឋាភិបាល​នេះ មាន​ចំនួន​តិចតួច​ទេ ហើយ​បញ្ហា​សំខាន់​ទៅ​លើ​អាជ្ញាធរ​ដែនដី​ក្នុង​ការ​តាមដាន​មើល​ពី​សកម្មភាព​ អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ទាំង​នោះ៖ «ស្ថាប័ន​សភា​ពាណិជ្ជកម្ម​គ្មាន​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​នេះ​ទេ គឺ​សំខាន់​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន។»

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប៉ាន់​ស្មាន​ថា ជម្លោះ​ដីធ្លី​ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក​មាន ប្រជាពលរដ្ឋ​ជាង ៧០​ម៉ឺន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​ សេដ្ឋកិច្ច​នៅ​ទូទាំង​ប្រទេស ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ ដល់​២០១៣ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ជាង ១​លាន​ហិកតារ។

លោក សុរិយា ស៊ូប៊ែឌី អះអាង​ថា អនុសាសន៍​របស់​លោក​កន្លង​មក​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយសារតែ​ បញ្ហា​ជម្លោះ​ដីធ្លី​នេះ ឃើញ​ថា រដ្ឋាភិបាល​បាន​ទទួល​យក និង​មាន​ផល​វិជ្ជមាន។  លោក ​បន្ថែម​ថា ដើម្បី ​ដោះស្រាយ​ បញ្ហា​ដី​ សម្បទាន​ សេដ្ឋកិច្ច, លោក ​ជំរុញ ​ឲ្យ​អាជ្ញាធរ​ ពាក់ព័ន្ ធ​គោរព​ច្បាប់ និង​យុទ្ធសាស្ត្រ​ ពិភាក្សា ឬ​ចរចា​គ្នា ​រវាង​ ភាគី​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ, ពិសេស​ ការ​ផ្ដល់​សំណង​ សមរម្យ​ ដល់​ប្រជាពលរដ្ឋ, ហើយ ​លោក សង្ឃឹម​ថា, រដ្ឋាភិបាល ​នឹង​អនុវត្ត​ អនុសាសន៍​ របស់​លោក ​បន្ត​ទៀត៕



No comments:

Post a Comment