រដ្ឋមន្ត្រី ក្រសួង កសិកម្ម ថា, ជំនួញឈើ របស់ ឧកញ៉ា ទ្រី ភាព ស្របច្បាប់
RFA / វិទ្យុ អាស៊ី សេរី | ១០ កុម្ភៈ ២០១៥
រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា, ការនាំឈើ យកទៅលក់ នៅក្រៅប្រទេស របស់ លោកឧកញ៉ា ទ្រី ភាព គឺ ស្របច្បាប់ និងមិនដូចទៅ នឹងការ ចោទប្រកាន់ របស់ អង្គការ ឃ្លាំមើល ពិភពលោក (Global Witness) ទេ។ ប៉ុន្តែ មន្ត្រី អង្គការ សង្គមស៊ីវិល ដែលធ្វើការ ទាក់ទង ព្រៃឈើ យល់ថា, ការថ្លែងនេះ គឺ បំភ្លៃ ខុសពីការពិត ដើម្បី កុំ ឲ្យលោក ទ្រី ភាព និងអ្នកពាក់ព័ន្ធ មានទោស។
ផ្ទុយ ពីរបាយការណ៍ របស់ អង្គការ ឃ្លាំមើល ពិភពលោក ដែលរកឃើញ ថា, លោកឧកញ៉ា ទ្រី ភាព ជាមេខ្លោង រកស៊ីឈើ ខុសច្បាប់ យកទៅលក់ នៅប្រទេស ចិននោះ, នៅថ្ងៃ ទី៩ ខែកុម្ភៈ, រដ្ឋមន្ត្រី ក្រសួង កសិកម្ម អះអាង នៅចំពោះមុខ ក្រុមការងារ របស់ គណៈកម្មការ ទី១ នៃរដ្ឋសភា ថា, លោក ទ្រី ភាព នាំឈើចេញ យកទៅលក់ នៅបរទេស គឺ មានច្បាប់ទម្លាប់ ត្រឹមត្រូវ។
រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា របាយការណ៍របស់អង្គការ ឃ្លាំមើលពិភពលោក (Global Witness) មិនបានពិនិត្យច្បាស់លាស់ពីនីតិវិធីនៃការនាំចេញឈើឡើយ។ លោកបញ្ជាក់ថា ប្រសិនការនាំចេញឈើរបស់លោក ទ្រី ភាព គ្មានច្បាប់ត្រឹមត្រូវ ក៏គេមិនអាចថតឈើដែលនាំចេញនៅកំពង់ផែបានដែរ៖ «រឿងរបាយការណ៍ គ្លបល វីនេស ដែលថានោះ តាមពិតទៅយើងធ្វើតាមនីតិវិធីត្រឹមត្រូវចំពោះការនាំឈើចេញ មិនមានការឃុបឃិតអីទេ។»
របាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក ឬជាភាសាអង់គ្លេសហៅថា គ្លបល វីនេស (Global Witness) មានចំណងជើងថា "តម្លៃឈើប្រណីត" ដែលបានតាមដានការចរាចរឈើរបស់លោកឧកញ៉ា ទ្រី ភាព អស់រយៈពេល ៨ខែ បានចេញផ្សាយកាលពីសប្ដាហ៍មុនសរសេរថា ចិនបានចំណាយលុយរាប់លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងទីផ្សារងងឹត ដើម្បីធ្វើពាណិជ្ជកម្មឈើ ដោយទិញឈើគ្រញូងពីកម្ពុជា ដោយលោកឧកញ៉ា ទ្រី ភាព គឺជាអ្នកដឹកនាំនៃបណ្ដាញកាប់ព្រៃឈើខុសច្បាប់ កាងពីក្រោយជាក្រុមមន្ត្រីយោធា ប៉ូលិស និងមន្ត្រីគយ។
បន្ថែមពីរបាយការណ៍នេះ មន្ត្រីរបស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស អ្នកស្រី មេហ្គែន ម៉ាក់ស៊ីនែស (Megan MacInnes) ធ្លាប់ផ្តល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរីថា អង្គការ គ្លបល វីនេស មានភស្តុតាងគ្រប់គ្រាន់ដែលរកឃើញថា លោកឧកញ៉ា ទ្រី ភាព កំពុងលក់ឈើទៅទីក្រុងហុងកុង ហើយបញ្ជូនបន្តទៅប្រទេសចិន។ អ្នកស្រី មេហ្គែន បញ្ជាក់ថា ក្នុង១ខែ លោក ទ្រី ភាព លក់ឈើចំណេញដល់ទៅជិត ៦លានដុល្លារសហរដ្ឋអាមេរិក។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ឲ្យដឹងថា លោកឧកញ៉ា ទ្រី ភាព មានចេតនាបំផ្លាញព្រៃឈើឲ្យអស់ពីប្រទេសកម្ពុជា។ លោកថា ក្រុមហ៊ុនមួយនេះ កាប់ឈើអស់ពីតំបន់មួយទៅតំបន់មួយ និងឆ្លងពីខេត្តមួយទៅខេត្តមួយផ្សេងទៀត។ លោកថា ការដែលមន្ត្រីរដ្ឋាភិបាលថ្លែងការពារលោកឧកញ៉ា ទ្រី ភាព ដូចនេះ ព្រោះរដ្ឋាភិបាលបានគាំទ្រសកម្មភាពកាប់ឈើរបស់ក្រុមហ៊ុនលោក ទ្រី ភាព៖ «នៅតាមតំបន់ព្រំដែនមួយចំនួន រួមមានពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ ជាដើម ដើមឈើធំៗ ត្រូវបានរលាយអស់ហើយ។ នេះបញ្ជាក់បង្ហាញថា គាត់មានចេតនាបំផ្លាញព្រៃឈើតែម្ដង។»
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីលោកឧកញ៉ា ទ្រី ភាព បានទេនៅថ្ងៃទី៩ ខែកុម្ភៈ ដោយអ្នកលើកលេខទូរស័ព្ទរបស់លោកថា មិនមែនជាលេខរបស់លោក ទ្រី ភាព។
របាយការណ៍របស់ គ្លបល វីនេស បង្ហាញទៀតថា លោក ទ្រី ភាព បានទទួលសិទ្ធិពិសេសក្នុងការកាប់ឈើ និងទទួលទិញឈើពីសមត្ថកិច្ចដែលរឹបអូសបានពីក្រុមឈ្មួញរកស៊ីឈើ ផ្សេងៗទៀត ហើយលក់ចេញទៅក្រៅប្រទេស។ ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង យល់ថា ការថ្លែងរបស់មន្ត្រីរដ្ឋាភិបាលនៅពេលនេះ គឺដើម្បីការពារលោកឧកញ៉ា ទ្រី ភាព និងបក្សពួកផ្សេងទៀតមិនឲ្យមានការផ្ដន្ទាទោសពួកគេ និងថាលោកឧកញ៉ា ទ្រី ភាព គ្រាន់តែជាតួសំដែងម្នាក់ក្នុងវង់ល្បែងបំផ្លាញធនធានធម្មជាតិ ប៉ុណ្ណោះ៕
No comments:
Post a Comment