Paris Peace Accords 23 Oct. 1991

Friday, February 27, 2015

សង្គម​ស៊ីវិល​ ថ្កោលទោស​ ការ​បញ្ចូល​ មន្ត្រី​តុលាការ ​និង​កង​ប្រដាប់​អាវុធ​ ចូល​ក្នុង​បក្ស​ នយោបាយ | Civil society blasts inclusion of court officials and military in poliitical parties

សង្គម​ស៊ីវិល​ ថ្កោលទោស​ ការ​បញ្ចូល​ មន្ត្រី​តុលាការ ​និង​កង​ប្រដាប់​អាវុធ​ ចូល​ក្នុង​បក្ស​ នយោបាយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៦ កុម្ភៈ ២០១៥

គល់ បញ្ញា ៦២០
លោក គល់ បញ្ញា ប្រធាន​ អង្គការ​ ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់ ​អ្នក​កាសែត នៅ​សណ្ឋាគារ​ អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ ទី២០ មករា ២០១៥។  RFA/Morm Moniroth

ក្រុម​សម្ព័ន្ធ​ កំណែ​ទម្រង់​ ការ​បោះ​ឆ្នោត​ (អឺរ៉ា, ERA) និង​ក្រុម​អង្គការ​ សង្គម​ស៊ីវិល ចេញ​សេចក្ដី​ ថ្លែងការណ៍​ នៅ​ថ្ងៃ​ ទី​២៦ កុម្ភៈ ថ្កោលទោស ​គណបក្ស​នយោបាយ ​ដែល​សំដៅ​ លើ​គណបក្ស​ កាន់​អំណាច ដែល​បាន​បញ្ចូល​ មន្ត្រី​តុលាការ និង​មន្ត្រី​ កង​រាជ​អាវុធហត្ថ ទៅ​ក្នុង​ជួរ ​ថ្នាក់​ដឹក​នាំ​ គណបក្ស​ របស់​ខ្លួន និង​ចូលរួម​ សកម្មភាព​ ប្រឆាំង​ បក្ស​ផ្សេង។

ការ​បញ្ចូល​នេះ គឺ​ រំលោភ​រដ្ឋធម្មនុញ្ញ, នីតិរដ្ឋ, គោលការណ៍​ ប្រជាធិបតេយ្យ, ពិសេស ​ការ​បោះ​ឆ្នោត ​ដោយ​សេរី និង​យុត្តិធម៌។

ការ​ចេញ ​សេចក្ដី​ថ្លែងការណ៍​ ថ្កោលទោស​នេះ នៅ​បន្ទាប់​ ពី​គណបក្ស​ ប្រជាជន​ កម្ពុជា បាន​ធ្វើ​ សមាជ​វិសាមញ្ញ ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ធ្វើ​កំណែ​ទម្រង់​ គណបក្ស ​ដែល​បាន ​ដាក់​បញ្ចូល ​ក្រុម​យុវជន ក្នុង​នោះ​ មាន​ទាំង​កូន ​ថ្នាក់​ដឹក​នាំ ​ជាន់​ខ្ពស់ ដូចជា​កូន ​របស់លោក ហ៊ុន សែន អនុប្រធាន​ គណបក្ស ​ប្រជាជន​កម្ពុជា, កូន​ របស់​លោក ស ខេង កូន ​របស់​លោក សុខ អាន, និង​កូន ​របស់​លោក សាយ ឈុំ ជាដើម ទៅ​ក្នុង​គណៈកម្មាធិការ ​កណ្ដាល ​គណបក្ស ​ប្រជាជន​កម្ពុជា។

ក្រៅ​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចូល​មន្ត្រី​ជាន់​ខ្ពស់​កង​រាជ​អាវុធហត្ថ ដូចជា លោក រ័ត្ន ស៊្រាង ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ស្នងការ ស្នងការ​រង​រាជធានី​ភ្នំពេញ និង​មន្ត្រី​តុលាការ​ទៀត​ផង។ នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ និង​ធ្វើ​កំណែ​ទម្រង់​បញ្ចូល​មន្ត្រី​តុលាការ មន្ត្រី​នគរបាល យោធា និង​កង​រាជ​អាវុធហត្ថ​នេះ​មាន​ប្រមាណ ៨០​រូប ដែល​ពួក​គេ​ទាំង​នោះ​មាន​សិទ្ធិ​សម្រេច​គោល​នយោបាយ​សំខាន់ៗ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​របស់​គណបក្ស ការ​ចាត់​តាំង​ការងារ​មន្ត្រី ការងារ​គ្រប់គ្រង​ហិរញ្ញវត្ថុ ថវិកា​របស់​គណបក្ស។ នេះ​មាន​ន័យ​ថា មន្ត្រី​តុលាការ យោធា នគរបាល​ក្លាយ​ជា​អ្នក​នយោបាយ ឬ​មន្ត្រី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ អឺរ៉ា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បញ្ចូល​មន្ត្រី​តុលាការ និង​កម្លាំង​ប្រដាប់​អាវុធ​នេះ គឺ​រំលោភ​រដ្ឋធម្មនុញ្ញ​មាត្រា​១២៨ ដែល​ចែង​ថា តុលាការ​ជា​អំណាច​ឯករាជ្យ និង​ស្មារតី​រដ្ឋធម្មនុញ្ញ អំពី​ការ​ពង្រឹង និង​ការ​ការពារ​ឯកភាព​ជាតិ គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ចែង​ក្នុង​មាត្រា​៥១​ថ្មី និង​ច្បាប់​ដទៃ​ជាច្រើន​ទៀត។

ទន្ទឹម​នឹង​នេះ ក្រុម​ការងារ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដែល​កំពុង​ពិភាក្សា​ច្បាប់​បោះ​ឆ្នោត​នេះ ក៏​កំពុង​មាន​ភាព​ចម្រូងចម្រាស​នៅ​ត្រង់​ចំណុច​នេះ​ដែរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​បញ្ចូល​មន្ត្រី​តុលាការ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ កង​យោធពល​ខេមរភូមិន្ទ នគរបាល​ជាតិ និង​មន្ត្រី​តុលាការ អាច​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត បន្ទាប់​ពី​បញ្ចប់​ម៉ោង​ធ្វើ​ការ ឬ​ឋិត​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ ឬ​មិន​ឋិត​ក្នុង​ពេល​បំពេញ​ការងារ​ក្នុង​សមត្ថភាព​ផ្លូវ​ការ។

ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពន្យល់​ថា មូលហេតុ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​មន្ត្រី​តុលាការ យោធា និង​នគរបាល​ជាតិ ចូលរួម​ឃោសនា​គាំទ្រ​គណបក្ស​នយោបាយ​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​នោះ គឺ​យោង​តាម​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឯកភាព​ចំណុច​នេះ​ទេ ព្រោះ​ផ្ទុយ​ពី​មាត្រា​១៥ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ក៏ប៉ុន្តែ​ការ​ខ្វែង​គំនិត​នេះ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បាន​បញ្ជូន​ឲ្យ​ថ្នាក់​ដឹក​នាំ​ជា​អ្នក​សម្រេច។

នៅ​ត្រង់​ចំណុច​នេះ ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ផ្ដល់​អនុសាសន៍​ថា ទោះ​ជា​នៅ​ក្នុង​ម៉ោង​បំពេញ​ការងារ ឬ​ក្រៅ​ម៉ោង​បំពេញ​ការងារ​ក្ដី មន្ត្រី​កង​រាជ​អាវុធហត្ថ នគរបាល​ជាតិ និង​មន្ត្រី​តុលាការ មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណា​មួយ​ឡើយ ព្រោះ​ថា កង​យោធពល​ខេមរភូមិន្ទ នគរបាល មាន​តួនាទី​សំខាន់​រក្សា​សន្តិសុខ​ក្នុង​ការ​ដំណើរ​ការ​បោះ​ឆ្នោត ហើយ​មន្ត្រី​តុលាការ ក៏​នឹង​ចូលរួម​ផ្ទាល់​ក្នុង​ការងារ​បណ្ដឹង​ទាក់ទង​ការ​បោះ​ឆ្នោត៕




No comments:

Post a Comment