អ.វ.ត.ក. ស្ដាប់សក្ខីកម្ម ពីអ្នកកាសែត អាមេរិកម្នាក់ ដែលធ្លាប់សម្ភាស ថ្នាក់ដឹកនាំ ខ្មែរក្រហម
RFA / វិទ្យុ អាស៊ី សេរី | ៩ កុម្ភៈ ២០១៥
សាលាដំបូង នៃសាលាក្ដី ខ្មែរក្រហម កាលពីព្រឹកថ្ងៃ ទី៩ កុម្ភៈ បានស្ដាប់ សក្ខីកម្ម របស់ អតីត អ្នកកាសែត អាមេរិក មួយរូប, គឺ អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ (Elizabeth Becker) នៅក្នុងកិច្ច ដំណើរការ សវនាការ សំណុំរឿង លេខ ០០២ វគ្គ ២។
អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ ក៏ជាអ្នកនិពន្ធសៀវភៅទាក់ទងនឹងរបបខ្មែរក្រហមដែលមានចំណងជើងថា "ពេលសង្គ្រាមរលត់ទៅ"។ នៅក្នុងរបបខ្មែរក្រហម អ្នកស្រីធ្លាប់បានជួបសម្ភាសជាមួយមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ ដូចជា អៀង សារី, ជួន ប្រសិទ្ធ និង គាត ឈន់ ពេលមានសន្និសីទកាសែតនៅឯអង្គការសហប្រជាជាតិ ទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក។
អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ ដែលជាអតីតអ្នកកាសែតក្នុងសម័យសង្គ្រាមនៅកម្ពុជា នាដើមទសវត្សរ៍ ១៩៧០ ត្រូវបានអង្គជំនុំជម្រះសាលាដំបូង នៃសាលាក្ដីខ្មែរក្រហម កោះហៅឱ្យមកបំភ្លឺដល់ភាគីជុំវិញអង្គហេតុទាក់ទងនឹងរបបខ្មែរក្រហម ដែលជំនាញរបស់អ្នកស្រី។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ ត្រូវបានភាគីក្នុងសំណុំរឿងក្ដី ០០២ វគ្គ ២ កោះហៅដោយសារតែចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នកស្រី ពាក់ព័ន្ធនឹងអង្គហេតុនានា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហមម្នាក់៖ «ទោះជាវត្តមានរបស់គាត់នៅក្នុងប្រទេស កម្ពុជា ក្នុងរយៈពេលនោះក្ដី ឬតាមរយៈកិច្ចសម្ភាសន៍ដែលគាត់បានធ្វើជាមួយមេដឹកនាំ ឬកម្មាភិបាលក្ដី ហេតុដូច្នេះអង្គជម្រះសូមរំលឹកដល់ភាគីថា ខណៈដែលលោកស្រី អេលីហ្សាប៊ែត បេគឃើរ ត្រូវបានកោះអញ្ជើញនៅក្នុងនាមជាអ្នកជំនាញ លោកស្រីអាចនឹងត្រូវចោទសួរអំពីអង្គហេតុនានា ដែលលោកស្រីដឹងផ្ទាល់ទាក់ទងទៅនឹងសំណុំរឿងនេះ។»
អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ ជាអតីតអ្នកយកព័ត៌មានឱ្យកាសែត វ៉ាស៊ីនតុន ផូស (Washington Post) និង ញីវយ៉ក ថែមស៍ (The New York Times) ហើយក៏ជាអ្នកនិពន្ធសៀវភៅទាក់ទងនឹងរបបខ្មែរក្រហម ដែលមានចំណងជើងថា "ពេលសង្គ្រាមរលត់ទៅ" និងអំពីជីវិតស្ត្រីម្នាក់នៅក្នុងរបបនោះ គឺបុប្ផាណា។ អ្នកស្រី ត្រូវបានអង្គជំនុំជម្រះសួរដេញដោលជាសំខាន់លើអង្គហេតុនានា ពាក់ព័ន្ធនឹងសម័យកម្ពុជាប្រជាធិបតេយ្យ ដូចជា គោលនយោបាយបក្សកុម្មុយនិស្តកម្ពុជា ក្នុងការប្រព្រឹត្តលើក្រុមជាក់លាក់នានា ទំនាក់ទំនងរវាងកម្ពុជាប្រជាធិបតេយ្យជាមួយវៀតណាម ការចោទប្រកាន់លើរបបកម្ពុជាប្រជាធិបតេយ្យអំពីការរំលោភសិទ្ធិមនុស្ស ទ្រង់ទ្រាយធំ តាមរយៈទស្សនកិច្ចនោះ និងការសម្ភាសមេដឹកនាំ និងកម្មាភិបាលខ្មែរក្រហម និងជនភៀសខ្លួន។ ពិសេស គឺការចោទសួរអំពីប្រភពព័ត៌មាននៃការសរសេរសៀវភៅ ដែលមានចំណងជើងថា "ពេលសង្គ្រាមរលត់ទៅ" និងដំណើរទស្សនកិច្ចរបស់អ្នកស្រីមកកម្ពុជា ក្នុងរបបខ្មែរក្រហម។
អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ និងអ្នកកាសែតមួយរូបទៀត គឺលោក រីឆាដ ដាត់មែន (Richard Dudman) ព្រមទាំងសាស្ត្រាចារ្យជាតិអង់គ្លេសម្នាក់ គឺលោក ម៉ាល់ខុម ខាល់វ៉ែល (Malcolm Caldwell) ត្រូវបានពួកខ្មែរក្រហមអញ្ជើញឱ្យមកធ្វើទស្សនកិច្ចជាសាក្សី នៃរបបកម្ពុជាប្រជាធិបតេយ្យ នៅចុងខែធ្នូ ឆ្នាំ ១៩៧៨។
ក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រី គឺជាដំណើរគ្រោះថ្នាក់មួយ ព្រោះនៅយប់ចុងក្រោយ លោក សាស្ត្រាចារ្យ ម៉ាល់ខម ខាល់វ៉ែល ដែលរួមដំណើរជាមួយអ្នកស្រី ត្រូវគេបាញ់សម្លាប់។ អ្នកស្រី អេលីហ្សាប៊ែត បេគើរ រំលឹកថា នៅពេលថ្ងៃ លោក ម៉ាល់ខុម ខាល់វ៉ែល បានប្រាប់លោក អៀង សារី អំពីការខកចិត្តរបស់គាត់៖ «ម៉ាល់ខុម ខាល់វ៉ែល គាត់បានប្រាប់លោក អៀង សារី និងអ្នកផ្សេងទៀតថា គាត់មានការខកចិត្តថា កម្ពុជា និងវៀតណាមមានចម្បាំង។»
នៅក្នុងអំឡុងពេលខ្មែរក្រហមកាន់អំណាច អ្នកស្រីធ្លាប់បានជួបសម្ភាសជាមួយ ប៉ុល ពត អៀង សារី និង អៀង ធីរិទ្ធ មេដឹកនាំកម្ពុជាប្រជាធិបតេយ្យ និងជួបកម្មាភិបាលផ្សេងទៀត ដូចជា ជួន ប្រសិទ្ធ គាត ឈន់ ពេលមានសន្និសីទកាសែតនៅឯអង្គការសហប្រជាជាតិ ទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក។
សក្ខីកម្មរបស់អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ នឹងត្រូវធ្វើបន្តទៀត នៅព្រឹកថ្ងៃទី១០ កុម្ភៈ៕
No comments:
Post a Comment