Paris Peace Accords 23 Oct. 1991

Wednesday, February 25, 2015

លោក ហ៊ុន សែន ប្រកាស ​ថា​, នឹង​គ្មាន ​ការ​អភិវឌ្ឍ​ នៅ​តំបន់ អារ៉ែង​ទេ ​ក្នុង​អាណត្តិ​នេះ | Hun Sen declares no development in Areng this mandate

លោក ហ៊ុន សែន ប្រកាស ​ថា​, នឹង​គ្មាន ​ការ​អភិវឌ្ឍ​ នៅ​តំបន់ អារ៉ែង​ទេ ​ក្នុង​អាណត្តិ​នេះ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៤ កុម្ភៈ ២០១៥

ហ៊ុន សែន ៦២០
លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ ក្នុង​ថ្ងៃ​សម្ពោធ​ បើក​ការដ្ឋាន​ សាងសង់​ ស្ពាន​អាកាស​ ស្តុប​តិចណូ រាជធានី ​ភ្នំពេញ នៅ​ថ្ងៃ​ ទី៩ ខែ​កញ្ញា ឆ្នាំ២០១៤។  RFA/Van Vichar

បន្ទាប់​ ពី​ចាប់​ខ្លួន និង​បណ្ដេញ​ សកម្មជន ​ការពារ និង​អភិរក្ស​ តំបន់​អារ៉ែង លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ចេញ​ ពី​កម្ពុជា រួច​មក, លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ ផ្ទាល់​មាត់​ ជា​សាធារណៈ​ ថា, គ្មាន​ ការ​អភិវឌ្ឍ​ តំបន់​អារ៉ែង ទេ​ នៅ​ក្នុង អាណត្តិ​នេះ។

មន្ត្រី​ អង្គការ ​បណ្ដាញ​ អង្គការ​ ចលនា​ មាតា​ ធម្មជាតិ សម្ដែង​ ការ​ពេញ​ចិត្ត​ ចំពោះ​ ការ​លើក​ឡើង​នោះ, តែ ​បន្ត​អះអាង​ ថា, យុវជន​ ត្រូវ ​ចូលរួម​ ការពារ ​បរិស្ថាន ​នៅ​តំបន់​ អារ៉ែង ដើម្បី​ ទុក​ឲ្យ​ក្មេង​ ជំនាន់​ក្រោយ ​ទៀត។

គម្រោង​ សាងសង់​ ទំនប់​ វារីអគ្គិសនី​ នៅ​តំបន់​ អារ៉ែង ខេត្ត​កោះកុង ទំនង​ ជា​ទុក​មួយអន្លើ​ សិន នៅ​ពេល​ ដែល​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ​ថា, នឹង​គ្មាន ​ការ​អភិវឌ្ឍ ​នៅ​តំបន់​ នោះ​ទេ ​ក្នុង​អាណត្តិ​នេះ។

នេះ ​ជា​សារ​មួយ ​របស់ លោក ហ៊ុន សែន ដែល​ធ្វើ​ ឲ្យ​អ្នក​អភិរក្ស​ នៅ​តំបន់​អារ៉ែង សាទរ បន្ទាប់​ ពី​សកម្មជន​ បរទេស​ម្នាក់ ​ដែល​សកម្ម ​ក្នុង​ការ​ ការពារ​ បរិស្ថាន​ តំបន់​អារ៉ែង ត្រូវ​ ចាប់ និង​បណ្ដេញ​ចេញ ​ពី​កម្ពុជា កាល​ពី​យប់​ ថ្ងៃ​ទី​២៣ កុម្ភៈ។

ថ្លែង​នៅ​ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ លោក ហ៊ុន សែន បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង ឋិត​នៅ​ក្នុង​ខេត្ត​កោះកុង ដ៏​ចម្រូងចម្រាស​នោះ នឹង​មិន​ត្រូវ​ធ្វើ​ទេ​នៅ​អាណត្តិ​នេះ ដោយ​រង់ចាំ​ការ​សិក្សា​បន្ថែម​ជា​មុន​សិន។ លោក​បញ្ជាក់​ថា ក្នុង​ចិត្ត​របស់​លោក លោក​ចង់​រក្សា​តំបន់​នោះ​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ជា​អ្នក​សម្រេច៖ «សិក្សា ​មើល​ឲ្យ​ច្បាស់​មើល ខ្ញុំ​មាន​គោល​គំនិត​ថា ទោះ​បី​ជា​សិក្សា​ច្បាស់ ឬ​មិន​ច្បាស់​ម៉េច​ពី​ពេល​នេះ​ទៅ​ដល់​ឆ្នាំ​២០១៨ អត់​មាន​ការ​អភិវឌ្ឍ​ទេ។ ខ្ញុំ​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​កុំ​ឲ្យ​វា​ពិបាក​ពេក។ ខ្ញុំ​សូម​បញ្ជាក់​ថា យើង​បាន​គិតគូរ​ថ្លឹងថ្លែង​ខាង​សេដ្ឋកិច្ច​ជាមួយ​បញ្ហា​បរិស្ថាន។»

លោក ហ៊ុន សែន ក៏​បាន​រិះគន់​ចំ​ឈ្មោះ​ទៅ​លើ លោក អាឡិក សកម្មជន​ការពារ​តំបន់​អារ៉ែង ដែល​ជា​ជន​បរទេស​ស្រឡាញ់​ខ្មែរ​ជ្រុល​ហួស​ហេតុ រហូត​ទៅ​រារាំង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ មិន​ឲ្យ​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​នៅ​តំបន់​នោះ៖ «វា​ហួស​ ហេតុ​ពេក​ដល់​ទៅ​ហ៊ាន​ចាប់​មន្ត្រី និង​អ្នក​មុខ​អ្នក​ការ​ដែល​គេ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ហ្នឹង ចង់​បង្កើត​តំបន់​អបគមន៍​សូម​អញ្ជើញ ដាក់ BM21 ដាក់​ហ្អែង​ឥឡូវ​ទាន់​មាន​អា​ធុន​ថ្មីៗ យ៉ាប់​ពេក។ អា​ណោះ (អាឡិក) គេ​ថា​កុំ​ស្រឡាញ់ អាឡិក អី ស្រឡាញ់​អារ៉ែង វិញ អូខេ! គេ​ស្រឡាញ់​តើ​អារ៉ែង ហ្នឹង។»

លោក អាឡិក  ជា​ជនជាតិ​អេស្ប៉ាញ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ក្រោម​ហេតុផល​ផុត​កំណត់​ទិដ្ឋាការ​បន្ត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ចាប់​ខ្លួន​នោះ គឺ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ព្រមាន​ទៅ​អ្នក​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល កុំ​ឲ្យ​លូក​ដៃ​ក្នុង​ករណី លោក អាឡិក នេះ​បន្ត​ទៀត។

ចំពោះ​អវត្តមាន​របស់ លោក អាឡិក នេះ អ្នក​សម្រប​សម្រួល​បណ្ដាញ​អង្គការ​ចលនា​មាតា​ធម្មជាតិ យុវជន ម៉េង ហេង បញ្ជាក់​ថា ក្រុម​យុវជន​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ នឹង​បន្ត​ការ​អភិរក្ស​តំបន់​អារ៉ែង នេះ​ជា​បន្ត​ទៀត បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា​នឹង​គ្មាន​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​ក៏ដោយ​ចុះ៖ «ក្នុង​នាម​ យើង​ជា​អ្នក​ការពារ​បរិស្ថាន យើង​សប្បាយ​ចិត្ត វា​ជា​ការ​លើក​ទឹក​ចិត្ត​មួយ តែ​ខ្ញុំ​នៅ​តែ​បន្ត​ការពារ​នៅ​តំបន់​អារ៉ែង ព្រោះ​គាត់​ថា​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ការពារ។»

តំបន់​អារ៉ែង ឋិត​ក្នុង​តំបន់​ព្រៃ​ការពារ​ភ្នំក្រវាញ ភាគ​កណ្ដាល ដែល​ជា​ព្រៃ​ក្រាស់ ហើយ​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។ តំបន់​ព្រៃ​ស្តុក​នេះ​មាន​ទំហំ ៤​សែន ៦​ម៉ឺន​ហិកតារ លាត​សន្ធឹង​កាត់​ឃុំ​ចំនួន​៣ ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ តំបន់​នេះ​ជា​ជម្រក​រស់នៅ​សុខសាន្ត​របស់​ក្រុម​ជនជាតិ​ភាគ​តិច​ជង ជាង ១.៣០០​នាក់។ ពួក​គេ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ទាញ​យក​អនុផល​ព្រៃ​ឈើ​ទៅ​តាម​ វប្បធម៌​ប្រពៃណី និង​ទំនៀមទម្លាប់​តាំង​ពី​ដូនតា​មក​ម្ល៉េះ។ នៅ​ទីនោះ ពោរពេញ​ទៅ​ដោយ​ផ្នូរ​កប់​សព​ដូនតា​របស់​ពួក​គេ ហើយ​ផ្នូរ​ទាំង​នោះ ភាគ​ច្រើន​ជា​ក្អម​ដែល​គេ​ដាក់​នៅ​តាម​ជញ្ជាំង​ក្រហែង​ថ្ម។

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ទំនប់​វារីអគ្គិសនី​នៅ​អារ៉ែង អាច​ផលិត​អគ្គិសនី​បាន​តែ​ជាង ៦០​មេហ្គាវ៉ាត់​នៅ​រដូវ​ប្រាំង ហើយ​ជាង ១០០​មេហ្គាវ៉ាត់​ប៉ុណ្ណោះ​នៅ​រដូវ​វស្សា៕



No comments:

Post a Comment