Sam Rainsy: Election reform | ការសម្គាល់ អត្តសញ្ញាណ អ្នកបោះឆ្នោត គឺ ជាប្រភព នៃកង្វល់ដ៏ធំ ក្នុងការកែទម្រង់ ការបោះឆ្នោត
២៧ កុម្ភៈ ២០១៥ / 27 February 2015 - Election reform
ការសម្គាល់ អត្តសញ្ញាណ អ្នកបោះឆ្នោត គឺ ជាប្រភព នៃកង្វល់ដ៏ធំ ក្នុងការកែទម្រង់ ការបោះឆ្នោត។
ជាឧទាហរណ៍ មួយ នៃតម្លាភាព ក្នុងកិច្ចការ ប្រទេសជាតិ, ខ្ញុំ សូម ចែករំលែក ជាមួយ សាធារណជន នូវកង្វល់ ដ៏ធំមួយ របស់យើង ក្នុងដំណាក់កាល ចុងក្រោយ នៃកិច្ចចរចា ស្តីពី ការកែទម្រង់ ការបោះឆ្នោត រវាង គណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្ស កាន់អំណាច និងគណបក្ស សង្រេ្គាះជាតិ ដែលជាគណបក្ស ក្រៅរដ្ឋាភិបាល។ កង្វល់នេះ គឺ ទាក់ទងទៅ នឹងបញ្ហាកំណត់ ឯកសារ ដើម្បី សម្គាល់អត្តសញ្ញាណ អ្នកបោះឆ្នោត, ជាពិសេស ក្នុងករណី អ្នកបោះឆ្នោតខ្លះ មិនទាន់ បានទទួល អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬក៏អះអាង ថា, បានវង្វេងបាត់ នូវអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ របស់ខ្លួន មុនថ្ងៃបោះឆ្នោត។
គណបក្ស ប្រជាជនកម្ពុជា ដែលគ្រប់គ្រង ៩៨ ភាគរយ នៃអាជ្ញាធរ ឃុំ-សង្កាត់ ចង់ ឲ្យអាជ្ញាធរ ឃុំ-សង្កាត់ ទាំងនោះ បន្តបញ្ចេញ ទម្រង់បែបបទ ១០១៨ ជាឯកសារ ជំនួស អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដើម្បី ឲ្យប្រជាពលរដ្ឋ ដែលគ្មាន អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ អាចបោះឆ្នោតបាន។ ទម្រង់បែបបទ ១០១៨ នេះ បានត្រូវ គេ ប្រើប្រាស់ លើកទីមួយ ក្នុងការ បោះឆ្នោត ជាតិ ឆ្នាំ ២០០៨, ហើយ ពេលនោះ វា បានធ្វើ ឲ្យមាន ភាពច្របូកច្របល់ ប៉ះពាល់ យ៉ាងខ្លាំង ទៅលើលទ្ធផល នៃការបោះឆ្នោត។ ទម្រង់បែបបទ ១០១៨ នេះ បានត្រូវ បញ្ចេញ សារជាថ្មីទៀត ក្នុងការបោះឆ្នោត ជាតិឆ្នាំ ២០១៣ ដោយអាជ្ញាធរ ឃុំ-សង្កាត់ ដដែល ជាអ្នកបញ្ចេញ
ដោយគេ ឲ្យឈ្មោះថ្មី ហៅថា, “លិខិត បញ្ជាក់ អត្តសញ្ញាណ”។ តែ ឯកសារ ២នេះ
ទាំងទម្រង់ បែបបទ ១០១៨ ទាំង “លិខិត បញ្ជាក់ អត្តសញ្ញាណ” គឺ មានសារធាតុ ដូចគ្នា,
ហើយ បាននាំមក នូវភាព ច្របូកច្រ បល់ដូចគ្នា។
អ្នកសង្កេតការណ៍ ឯករាជ្យ ជាច្រើន បានបង្ហាញ ថា, ទម្រង់បែបបទ ១០១៨ នេះ គឺ ជាឧបករណ៍ ដ៏មានប្រសិទ្ធភាព មួយ ដើម្បី បំភ្លៃលទ្ធផល នៃការបោះឆ្នោត។ ក្នុងការបោះឆ្នោត ជាបន្តបន្ទាប់ ទម្រង់បែបបទ ១០១៨ នេះ បានត្រូវ បញ្ចេញ ដោយគ្មាន តម្លាភាព ដោយអាជ្ញាធរ ឃុំ-សង្កាត់ ក្រោមចំណុះ គណបក្ស ប្រជាជនកម្ពុជា។ ទម្រង់បែបបទ ១០១៨ នេះ បានសម្រួល ឲ្យមនុស្ស រាប់សែននាក់ ដែលគ្មាន សិទ្ធិបោះឆ្នោតសោះ បានទៅ បោះឆ្នោត ដោយក្លែងបន្លំ ដោយប្រើ ឈ្មោះខ្មោច ឬឈ្មោះ អ្នកបោះឆ្នោត អវត្តមាន ក្នុងបញ្ជីឺឈ្មោះ បោះឆ្នោត។ ល្បិចនេះ បានបំប៉ោង សន្លឹកឆ្នោត ឲ្យគណបក្ស កាន់អំណាច ដែលជាអ្នករៀបចំ នីតិវិធី បែបនេះ។
កាលពីឆ្នាំ ២០០៨ មានអ្នក សង្កេតការណ៍ បោះឆ្នោត មួយក្រុមធំ
រៀបចំ ជាគណៈប្រតិភូ បេសកកម្ម មកពីសហភាព អឺរ៉ុប (Electoral Observation
Mission from the European Union) បានសន្និដ្ឋាន ថា,
“ការបោះឆ្នោត ជាតិ នៅកម្ពុជា ឆ្នាំ ២០០៨ មិនបាន គោរពទេ
ចំពោះ លក្ខខណ្ឌ អន្តរជាតិ ជាចំបង មួយចំនួន ស្តីពី ការបោះឆ្នោត តាមបែបបទ ប្រជាធិបតេយ្យ”
(“Cambodia's national elections in 2008 fell short of a number of key
international standards for democratic elections”)។
ពួកក្រុម អ្នកសង្កេតការណ៍ អន្តរជាតិ ទាំងនោះ ក៏បានផ្តល់ ជាអនុសាសន៍ មួយចំនួន
ដើម្បី ជួយស្តារស្ថានការណ៍។ តែ អនុសាសន៍ ទាំងនោះ ត្រូវ បានរដ្ឋាភិបាល កម្ពុជា
មិនយកចិត្ត ទុកដាក់។ ក្នុងចំណោម “អនុសាសន៍ សំខាន់ ជាងគេ” ("Essential
recommendations") នៃគណៈប្រតិភូ បេសកកម្មនោះ មានអនុសាសន៍ មួយ
ដែលចែង យ៉ាងច្បាស់ ថា៖ “ការប្រើប្រាស់ ទម្រង់បែបបទ ១០១៨ មិនត្រូវ ឲ្យមាន ទៀតទេ
ក្នុងការបោះឆ្នោត លើកក្រោយ” ("The use of the Form 1018 should be abolished
prior to any future election")។
ដោយសារ មូលហេតុ ដូចមាន រៀបរាប់ ខាងលើ, គណបក្ស សង្រេ្គាះជាតិ ចង់ ឲ្យមាន ការរៀបចំ នីតិវិធី ថ្មីមួយ ជំនួស ការប្រើប្រាស់ ទម្រង់បែបបទ ១០១៨ នៅពេល បោះឆ្នោត ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨។ ដើម្បី ដោះស្រាយករណី ពិសេស ដែលមិនត្រូវ មានច្រើន ហួសហេតុ គឺ នៅពេល ដែលអ្នកបោះឆ្នោត ខ្លះ មិនមាន អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ បញ្ហា នៃការសម្គាល់ អត្តសញ្ញាណ នៃអ្នកបោះឆ្នោត ទាំងនោះ នៅថ្ងៃ បោះឆ្នោត មិនត្រូវ ឲ្យអាជ្ញាធរ ឃុំ-សង្កាត់ ដែលមាន ភាពលម្អៀង នយោបាយ ជាអ្នក ដោះស្រាយទេ, តែ ត្រូវ ដោះស្រាយ ដោយគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ថ្មី ដែល នឹងត្រូវ បង្កើត ក្នុងពេល ឆាប់ៗ ខាងមុខ ដោយមាន ការចូលរួម ពីគណបក្ស ធំៗ ទាំងពីរ។
តាមរយៈ ភ្នាក់ងារ របស់ខ្លួន ទូទាំង ប្រទេស, គ.ជ.ប. ត្រូវតែ ផ្តល់ ឲ្យអ្នកបោះឆ្នោតណា ដែលមិនមាន អត្តសញ្ញាណប័ណ្ណ សញជាតិខ្មែរ នូវប័ណ្ណបោះឆ្នោត ឬឯកសារ ណាមួយទៀត ដើម្បី ប្រើប្រាស់ ជំនួស អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ប្រកបដោយ តម្លាភាព និងភាពងាយស្រួល ក្នុងការ ត្រួតពិនិត្យ។ តម្លាភាព និងភាព ងាយស្រួល ក្នុងការ ត្រួតពិនិត្យនេះ គឺ ដោយសារ តែ ឯកសារ ដែលផ្តល់ ឲ្យប្រើប្រាស់ ជំនួស អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ នៅពេល ចូលទៅ បោះឆ្នោត, គឺ គ្រាន់តែ ជាឯកសារ បង្ហាញទិន្នន័យ ពីសាមុីខ្លួន ដែលទិន្នន័យនេះ គ្រាន់តែ ដកស្រង់ចេញ ពីបញ្ជី ឈ្មោះអ្នកបោះឆ្នោត តែប៉ុណ្ណោះ, ហើយ បញ្ជីឈ្មោះនេះ ត្រូវ បានរៀបចំ ដោយ គ.ជ.ប. ខ្លួនឯងផ្ទាល់ តែម្តង។ មានតែ ដំណោះស្រាយ តាមនីតិវិធី បែបហ្នឹងទេ
ដែលធានា តក្កវិជ្ជា (Logic), ភាពរលូនសីុគ្នា (Consistency), និងតម្លាភាព
(Transparency), ក្នុងដំណើរការ បោះឆ្នោត។ នីតិវិធីណា ផ្សេងទៀត
ច្បាស់ ជានាំមក នូវភាព ច្របូកច្របល់ មិនអាច គ្រប់គ្រងបាន ដេលជាការបំភ្លៃ លទ្ធផល នៃការបោះឆ្នោត។
សម រង្ស៊ី
ប្រធាន ក្រុមមតិភាគតិច នៅរដ្ឋសភា
និងជាប្រធាន គណបក្ស សង្រេ្គាះជាតិ
No comments:
Post a Comment