កម្មករខ្មែរ ស្របច្បាប់ ប្រមាណ ១ម៉ឺននាក់ ប្រឈម នឹងការ បណ្ដេញចេញ ពីប្រទេសថៃ
RFA / វិទ្យុ អាស៊ី សេរី | ១៥ មិនា ២០១៥

សកម្មភាព ប្រជាពលរដ្ឋ ខ្មែរ ដែលអាជ្ញាធរ ថៃ
ចាប់បញ្ជូនមក ដាក់ចំណុច រង្វង់មូល ខាងមុខ ច្រកទ្វារ អន្តរជាតិ
ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ នៅថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០១៤។ RFA
គិតត្រឹម ចុងខែ មីនា ឆ្នាំ២០១៥, ពលករ ស្របច្បាប់ ប្រមាណ ១,៦លាននាក់ មកពីប្រទេស ចំនួនបី, រួមមាន កម្ពុជា, ឡាវ, និងមីយ៉ាន់ម៉ា ឬ ភូមា ដែលកំពុង បំពេញការងារ នៅប្រទេស ថៃ ប្រឈម នឹងការបណ្ដេញ មកប្រទេស របស់ ខ្លួនវិញ ដោយសារតែ លិខិតអនុញ្ញាត ការងារ នៅទីនោះ ផុតកំណត់។ ក្នុងចំណោម ពលករ ស្របច្បាប់ មានពលករ កម្ពុជា ប្រមាណ ១ម៉ឺននាក់ អាចអនុវត្តតាម សេចក្ដីជូនដំណឹង របស់ថៃ។
រាជរដ្ឋាភិបាលថៃ បានប្រកាសជាផ្លូវការថា សុពលភាពនៃប្រើប្រាស់លិខិតការងារបណ្ដោះអាសន្នរបស់ពលករចំណាកស្រុក ពីប្រទេសជិតខាងរបស់ប្រទេសថៃ នឹងផុតកំណត់នៅចុងខែមីនា នេះ។ បញ្ហានេះ ពលករចំណាកស្រុករបស់កម្ពុជា និងអ្នកក្នុងបន្ទុករាប់ពាន់នាក់ ប្រឈមនឹងការវិលត្រឡប់មកប្រទេសខ្លួនវិញ ដើម្បីបំពេញបែបបទបំពេញការងារជាថ្មី។
ការិយាល័យព័ត៌មានរបស់ថៃ បានរាយការណ៍ថា ពលករពីប្រទេសកម្ពុជា ត្រូវមកទទួលបំពេញបែបបទសុំទិដ្ឋាការការងារឡើងវិញ និងត្រូវបង្ហាញទិដ្ឋាការការងារនោះ ឲ្យបានមុនថ្ងៃទី៣១ មីនា ទៅអាជ្ញាធរថៃ ដើម្បីទទួលបានលិខិតអនុញ្ញាតការងាររយៈពេលមួយឆ្នាំជាថ្មីទៀត។
ទោះជាយ៉ាងណាក៏ដោយ អង្គការពលករចំណាកស្រុកយល់ឃើញថា ពលករស្របច្បាប់ដែលផុតសុពលភាពការងារប្រមាណ ៥០% ក្នុងចំណោមកម្មករប្រមាណ ១,៦លាននាក់ អាចប្រឈមនឹងការបញ្ជូនមកប្រទេសរបស់គេវិញ ដោយសារតែដំណើរការចុះបញ្ជីយឺត និងការសម្របសម្រួលរវាងរដ្ឋាភិបាលនៅមានកម្រិតទាប។
អ្នកវិភាគកិច្ចការអន្តរជាតិ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា ការរឹតបន្តឹងពលករចំណាកស្រុក គឺកិច្ចការចាំបាច់ដែលរដ្ឋាភិបាលយោធាថៃ ត្រូវធ្វើដើម្បីការពារភាពចលាចល និងរក្សាសន្តិភាព។ លោកបញ្ជាក់ទៀតថា ប្រសិនបើពលករស្របច្បាប់ដែលកំពុងធ្វើការនៅថៃ នឹងត្រូវគេចាប់បញ្ជូនមកកម្ពុជាវិញ គឺជាការបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា ហាក់មានឆន្ទៈតិចតួចក្នុងការធានាភាពស្របច្បាប់របស់ពលករកម្ពុជា ដែលកំពុងធ្វើការងារនៅប្រទេសថៃ។
បន្ថែមលើនេះ ការស្រាវជ្រាវដោយអង្គការតស៊ូមតិ បណ្ដាញពលករចំណាកស្រុកមេគង្គ បានអះអាងថា ការសម្របសម្រួលរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលមិនល្អ នឹងប៉ះពាល់ដល់ការចុះបញ្ជីពលករស្រប់ច្បាប់មានដំណើរការយឺត។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារបានទេ នៅថ្ងៃទី១៥ មីនា។ប៉ុន្តែអង្គការសង្គមស៊ីវិល បានរកឃើញថា ដើម្បីក្លាយខ្លួនជាពលករស្របច្បាប់នៅប្រទេសថៃ បាន ពលករកម្ពុជា ម្នាក់ត្រូវឆ្លងកាត់នីតិវិធីចំនួន ១៦កន្លែង និងកន្លែងនីមួយៗត្រូវការពេលវេលាបំពេញឯកសារយ៉ាងហោចណាស់ចន្លោះពី ៣ថ្ងៃ ទៅមួយសប្ដាហ៍។
តាមការប៉ាន់ស្មាន ពលករកម្ពុជា អាចបំពេញបែបបទស្របច្បាប់ដែលអាចអនុវត្តបានតាមសេចក្ដីប្រកាស ព័ត៌មានរបស់ថៃ មានចំនួនប្រមាណ ១ម៉ឺននាក់ប៉ុណ្ណោះ គិតមកទល់ដំណាច់ខែមីនា ឆ្នាំ២០១៥៕
No comments:
Post a Comment