ម៉ុងតាញ៉ា ៣៦នាក់ ដែលប៉ូលិស ចាប់បញ្ជូន ទៅ ឲ្យវៀតណាម បានវិល ទៅលំនៅឋាន
RFA / វិទ្យុ អាស៊ី សេរី | ១ មិនា ២០១៥
ពលរដ្ឋខ្មែរ អ្នកនាំផ្លូវ និងរៀបចំគម្រោង នាំជនភៀសខ្លួន ម៉ុងតាញ៉ា ៣៦នាក់ ជម្លៀសទៅ ទីក្រុងភ្នំពេញ នៅបន្តបាត់ខ្លួន។ ក៏ប៉ុន្តែ ជនភៀសខ្លួន ម៉ុងតាញ៉ា វៀតណាម មួយចំនួន ក្នុងចំណោម ម៉ុងតាញ៉ា ៣៦នាក់ ដែលប៉ូលិស ខេត្តរតនគិរី ចាប់បញ្ជូនទៅ ត្រូវ បានអាជ្ញាធរ វៀតណាម អះអាង ថា, អាជ្ញាធរ វៀតណាម បានដោះលែង ពួកគេ ឲ្យវិលទៅ លំនៅឋានវិញ។
ម៉ុងតាញ៉ាវៀតណាម ពីរនាក់ឋិតក្នុងក្រុមមានមនុស្ស ១៨នាក់ អះអាងថា ពួកគេត្រូវបានអាជ្ញាធរវៀតណាម បញ្ជូនឲ្យទៅលំនៅឋានវិញហើយ បន្ទាប់ពីពួកគេព្យាយាមរត់គេចចេញពីភូមិកំណើតទៅលាក់ខ្លួនក្នុង ព្រៃខេត្តរតនគិរី ជាង ៥សប្ដាហ៍។
នៅថ្ងៃទី១ ខែមីនា វិទ្យុអាស៊ីសេរី បានសម្ភាសម៉ុងតាញ៉ាវៀតណាម ឈ្មោះ សេវ ឡល អាយុ ២៥ឆ្នាំ នៅលីវ តាមរយៈអ្នកបកប្រែថា បន្ទាប់ពីនាងបានវិលមកដល់ផ្ទះនៅភូមិតាល់ កាលពីថ្ងៃទី២៨ កុម្ភៈ។ នាងរៀបរាប់តាមទូរស័ព្ទពីលំនៅឋានថា បានឃើញប៉ូលិសខ្មែរមួយក្រុមស្ទាក់ឃាត់រថយន្ត ខណៈនាងនិងម៉ុងតាញ៉ាសរុបមានមនុស្ស ៣៦នាក់ រួមទាំងពលរដ្ឋខ្មែរអ្នកជូនដំណើរនៅលើចំណុចផ្លូវមួយកន្លែង។ បន្ទាប់មកពួកនាងត្រូវបានបញ្ជូនទៅដល់អធិការដ្ឋានប៉ូលិសស្រុក ដាក់គឺ ទើបនាងដឹងថា ត្រូវប៉ូលិសចាប់ខ្លួន។
នាងកត់សំគាល់ថា ក្រុមនាងមានគ្នា ១៨នាក់ ដែលលាក់ខ្លួនក្នុងព្រៃជាមួយគ្នា ត្រូវគេដាក់ឲ្យស្នាក់នៅក្នុងអធិការដ្ឋានប៉ូលិសតាំងពីថ្ងៃទី២៦ រហូតថ្ងៃទី២៨ ខែកុម្ភៈ ទើបសមត្ថកិច្ចដឹកជញ្ជូនពួកគេឲ្យវិលទៅលំនៅឋានរៀងៗខ្លួន ដោយមិនមានវាយធ្វើបាប ឬដាក់ទោសអ្វីធ្ងន់ធ្ងរឡើយ៖ «ពេលគាត់ចេញពីកន្លែងលាក់ខ្លួនជិះឡាន ស្រាប់តែឃើញ ព្រាតប៉ូលិសចាប់ដឹកឡាន ស្រាប់តែជិះៗទៅបានដឹងថា ដល់វៀតណាម។ អ្នកដែលគេចាប់ទៅគេថា ៣៦នាក់។»
ចំណែកបុរសម៉ុងតាញ៉ា អាយុ ៣៣ឆ្នាំ លោក រម៉ាស់ ព្លីន រស់នៅភូមិខូង ឃុំយ៉ារ៉ង ស្រុកជីបពើស ខេត្តយ៉ាឡាយ អះអាងតាមទូរស័ព្ទដែរថា គាត់ឋិតក្នុងក្រុមជាមួយនាង សេវ ឡល ហើយក៏បានវិលមកជួបជុំប្រពន្ធ និងកូន ៥នាក់ នៅភូមិកំណើតនៅថ្ងៃតែមួយជាមួយសមាជិកក្រុម។ លោកកត់សំគាល់ថា មិនបានដឹងថា តើម៉ុងតាញ៉ា ពីរក្រុមផ្សេងទៀតដែលបញ្ជូនពីខេត្តរតនគិរី ជាមួយគ្នាត្រូវបានដោះលែង ឬយ៉ាងណានោះឡើយ។ ដោយឡែកលោកឃើញពលរដ្ឋខ្មែរអ្នកនាំផ្លូវ និងជម្លៀសពួកគាត់ចេញពីព្រៃ ត្រូវប៉ូលិសខ្មែរឃាត់ខ្លួន ក៏ប៉ុន្តែគាត់ក៏មិនដឹងថា ពលរដ្ឋខ្មែរនោះត្រូវបញ្ជូនទៅទីណាទេ៖ «ចាប់ទៅដល់វៀតណាម គេមានធ្វើអ្វីទេ? គាត់ថា អត់ទេ ទះកំផ្លៀងបន្តិចបន្តួច។ មានអ្នកណាធ្វើបាបទេ? ថាអត់មានទេ ក្រុមគាត់ ចំណែកក្រុមដទៃទៀតគាត់អត់ដឹងទេ។»
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកអះអាងថា ជនភៀសខ្លួនម៉ុងតាញ៉ា ចំនួន ៣៦នាក់ រួមទាំងពលរដ្ឋខ្មែរម្នាក់ត្រូវប៉ូលិសខេត្តរតនគិរី ចាប់ខ្លួនកាលពីរំលងអធ្រាត្រ ថ្ងៃទី២៥ ឆ្លងចូលថ្ងៃទី២៦ ខែកុម្ភៈ។ ជនភៀសខ្លួនទាំង ៣៦នាក់ ត្រូវពលរដ្ឋខ្មែរជួយជម្លៀសពួកគេពីកន្លែងលាក់ខ្លួនក្នុងព្រៃ ខេត្តរតនគិរី បំណងទៅកាន់ទីក្រុងភ្នំពេញ ដើម្បីស្វែងរកការគាំពារពីការិយាល័យសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ។ បន្ទាប់ពីចាប់ខ្លួនម៉ុងតាញ៉ា ៣៦នាក់ ត្រូវបានដឹកជញ្ជូនឆ្លងដែនទាំងយប់ទៅប្រគល់ឲ្យប៉ូលិសស្រុកដាក់កឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។
អ្នកនាំពាក្យសាលាខេត្តរតនគិរី បដិសេធជាថ្មីថា មិនមានព័ត៌មានទាក់ទិនការចាប់ខ្លួនម៉ុងតាញ៉ាវៀតណាម ៣៦នាក់ និងពលរដ្ឋខ្មែរម្នាក់នោះទេ។
ទោះជាយ៉ាងនេះក្តី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី អះអាងថា ក្រុមម៉ុងតាញ៉ាវៀតណាម ទាំង ៣៦នាក់ ទំនងមិនបានដោះលែងទាំងអស់គ្នានោះទេ។លោកកត់សំគាល់ដែរថា ដំណឹងបាត់ខ្លួនពលរដ្ឋខ្មែរអ្នកនាំផ្លូវម៉ុងតាញ៉ា ក៏មិនទាន់មានតម្រុយថា ពលរដ្ឋខ្មែរនោះត្រូវឃាត់ខ្លួននៅទីណាដែរ៖ «ជាព័ត៌មានចារ៉ាយ ខ្មែរបញ្ជាក់ថា គេអាចធ្វើទុក្ខបុកម្នេញចារ៉ាយវៀតណាម ណាដែលជាមេខ្លោង ឬមេខ្យល់ដឹកនាំម៉ុងតាញ៉ាវៀតណាម ចូលទឹកដីយើង។ ម្នាក់ជាចារ៉ាយខ្មែរកំពុងបាត់ខ្លួន។»
វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែមីនា មិនអាចទាក់ទងស្ថានទូតវៀតណាម សុំបញ្ជាក់បញ្ហានេះបានទេ។ ចាប់ពីខែធ្នូ ឆ្នាំ២០១៤ រហូតមកទល់នឹងថ្ងៃទី១ ខែមីនា មានម៉ុងតាញ៉ា សរុប ៨១នាក់ បានភៀសខ្លួនចេញពីប្រទេសវៀតណាម។ ១៣នាក់បានមកដល់ភ្នំពេញ តាមរយៈក្រុមការងារឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស។ ១០នាក់ ធ្វើដំណើរ ទៅដល់រាជធានី ភ្នំពេញ ដោយខ្លួនឯង។ ៤៥នាក់ ត្រូវ ប៉ូលិសខ្មែរ ចាប់បញ្ជូន ទៅវិញ និង១៣នាក់ កំពុងលាក់ខ្លួន ក្នុងព្រៃ៕
No comments:
Post a Comment