Paris Peace Accords 23 Oct. 1991

Tuesday, March 10, 2015

សង្គម​ស៊ីវិល​​ ចំនួន​៦០​ មិន​គាំទ្រ​ សេចក្ដី​ព្រាង​ច្បាប់ ​បោះឆ្នោត​ថ្មី | 60 members of civil society not suppor

សង្គម​ស៊ីវិល​​ ចំនួន​៦០​ មិន​គាំទ្រ​ សេចក្ដី​ព្រាង​ច្បាប់ ​បោះឆ្នោត​ថ្មី

RFA / ​វិទ្យុ ​អាស៊ី សេរី | ៩ មិនា ២០១៥

អ៊ឺរ៉ា ៦២០
អង្គការ​ សង្គម​ស៊ីវិល ​ដែល​ធ្វើ​សកម្មភាព​ ទាក់ទង​ទៅ​ នឹង​ការ​ បោះឆ្នោត ប្រជុំ ​បដិសេធ​ សេចក្ដី​ព្រាង​ច្បាប់​ បោះឆ្នោត​ថ្មី នៅ​រសៀល ​ថ្ងៃ​ទី៩ មីនា ២០១៥។  RFA/Tin Zakariya

តំណាង ​អង្គការ​ សង្គម​ស៊ីវិល ចំនួន​ ៦០​ស្ថាប័ន មិន​គាំទ្រ​ ចំពោះ​ សេចក្ដី​ស្នើ​ច្បាប់ ​ចំនួន​ពីរ, គឺ​ សេចក្ដីព្រាង​ សេចក្ដី​ស្នើ​ច្បាប់ ​ស្ដីពី​ ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​ នៃ​គណៈកម្មាធិការ​ រៀបចំ​ ការបោះឆ្នោត និង​សេចក្ដីព្រាង​ សេចក្ដី​ស្នើ​ច្បាប់​ ស្ដីពី​ ការបោះឆ្នោត​ ជ្រើសតាំង​ តំណាងរាស្ត្រ ដែល​ក្រុម​ការងារ​ គណបក្ស​ទាំងពីរ​បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​មីនា នេះ​ទេ។

តំណាង​ អង្គការ​ សង្គម​ស៊ីវិល ទាំងនេះ, រួមមាន៖​ សម្ព័ន្ធ ​កំណែ​ទម្រង់​ ការ​បោះឆ្នោត (​ហៅថា អ៊ឺរ៉ា, ERA), មជ្ឈមណ្ឌល ​សិទ្ធិមនុស្ស​ កម្ពុជា, វេទិកា​ អង្គការ​ មិនមែន ​រដ្ឋាភិបាល, បណ្ដាញ​ស្ត្រី​ និង​យេនឌ័រ, និង​អង្គការ ​ជាច្រើន​ទៀត បាន​ធ្វើ​ សន្និសីទកាសែត ​រួមគ្នា ​ភ្លាមៗ បន្ទាប់ ពី​ក្រុម​ការងារ ​គណបក្ស​ ទាំងពីរ ​បាន​ធ្វើ ​សន្និសីទកាសែត ​ចប់ ​នៅ​វិមាន ​រដ្ឋសភា នៅ​ព្រឹក​ ថ្ងៃ​ដដែល​នេះ។

តំណាង ​អង្គការ​ សង្គម​ស៊ីវិល​ ទាំងនោះ ដែល​ធ្វើការ តាមដាន ​ពី​សកម្មភាព​ គណបក្ស​ ទាំងពីរ​ បាន​ធ្វើ​ សេចក្ដីព្រាងច្បាប់ ​​​កន្លង​មក​នេះ បាន​លើក​ ពី​ហេតុផល​ ថា, ពួកគាត់​ មិន​ចូលរួម ​ក្នុង​សិក្ខាសាលា​នេះ ដោយ​សារ​តែ​ សិក្ខាសាលា​នេះ​ មិនបាន​ផ្ដល់​ របៀបវារៈ​ ឲ្យ​អង្គការ​ សង្គម​ស៊ីវិល ​ជាមុន។  ម្យ៉ាងទៀត ​ឯកសារ​ សម្រាប់ ​ពិគ្រោះ​យោបល់, គណបក្ស​ទាំងពីរ ​បញ្ជូន ​ឲ្យ​កៀក​ពេល​ពេក។  ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ ចាត់ទុកថា, សិក្ខាសាលា​នេះ ធ្វើឡើង​ ដើម្បី​តែ ​ផលប្រយោជន៍ ​គណបក្ស​ ទាំងពីរ ​ប៉ុណ្ណោះ, មិនមែន ​ដើម្បី​ សាធារណជន ​ទូទៅ​ទេ។

ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ ទាមទារ​ ឲ្យ​ក្រុមការងារ​ គណបក្ស​ ទាំងពីរ យក​សេចក្ដី ព្រាងច្បាប់​នេះ ​ដាក់​ពិគ្រោះ​យោបល់​ ជាមុន​សិន មុន​ នឹង​ដាក់ ​ឲ្យ​សភា​អនុម័ត និង​សូម​ ឲ្យ​ទទួលយក​ រាល់​អនុសាសន៍​ ទាំងឡាយ ​របស់ ​សង្គម​ស៊ីវិល និង​ត្រូវ​ ដកចេញ​ មាត្រា​៨៤ និយាយ​ ពី​ការគាបសង្កត់ ​អង្គការ​ សង្គម​ស៊ីវិល និង​ត្រូវ​ ធានា​ ឲ្យ​មាន ​ការ​គោរព ​រដ្ឋធម្មនុញ្ញ និង​មាត្រា ​១៥ ​ស្ដីពី​ គណបក្ស​ នយោបាយ ​ដែល​ចែង ​ពី​ឯករាជភាព ​របស់​ កង​កម្លាំង​ ប្រដាប់​អាវុធ, តុលាការ, យោធា, មិន​ឲ្យ ​ជាប់​ពាក់ព័ន្ធ​ នឹង​គណបក្ស​ នយោបាយ។ល។

ទោះបី ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​ សិក្ខាសាលា​ សិក្សា​ ស្វែងយល់ ​ពី​ច្បាប់​ ទាំងពីរ​នេះ, ក្រុមការងារ ​គណបក្ស​ ទាំងពីរ​ អះអាង​ថា, សេចក្ដីព្រាងច្បាប់​នេះ ​ល្អ ​ជាង​ច្បាប់​ចាស់ ​ដែល​ធានា ​នូវ​ឯករាជ្យ​ របស់​ ស្ថាប័ន ​គ.ជ.ប. និង​ជៀសវាង​ ការ​ជាប់​គាំង​ នៅ​ក្រោយ​ពេល​ ការបោះឆ្នោត។

សមាជិក​ ក្រុមការងារ​ គណបក្ស​ ប្រជាជន​កម្ពុជា លោក កើត រិទ្ធិ មាន​ប្រសាសន៍ ថា, ក្រុមការងារ​ គណបក្ស​ទាំងពីរ​ បាន​ខិតខំ​ ធ្វើ​ច្បាប់​ ទាំងពីរ​នេះ ​ក្នុង​គោលដៅ ​ធានា​ ឲ្យ​ស្ថាប័ន គ.ជ.ប. ​ថ្មី​ ក្លាយទៅ ជា​ស្ថាប័ន ​ឯករាជ្យ​ ពិតប្រាកដ។

នៅ​ក្នុង​ សិក្ខាសាលា​នេះ មាន​អ្នកចូលរួម​ ជិត៥០០​នាក់, ក្នុង​នោះ​ មាន​សមាជិក ​រដ្ឋសភា, តំណាង ​រដ្ឋាភិបាល, សិស្ស​និស្សិត, អង្គទូត ​មួយ​ចំនួន, តំណាង ​របស់​ សហភាព​អឺរ៉ុប (EU), និង​តំណាង​ អង្គការ​ សង្គម​ស៊ីវិល ​មួយ​ចំនួន​។

នៅ​ក្នុង​ សិក្ខាសាលា​នេះ ទោះបី ជា​មិន បាន​បើក​ ឲ្យ​សួរ ​ដោយ​សេរី​ក្ដី ក៏ប៉ុន្តែ​ មាន​សំនួរ​ ជាង៩០​ សំណួរ, ក្នុង​នោះ​ សំណួរ ​​ឡើង​សួរ​ផ្ទាល់​ ជាង២០​ សំណួរ និង៧០ ​សំណួរ​ទៀត ​សរសេរ​ ជា​លាយលក្ខណ៍​អក្សរ​។

ប្រធាន ​ក្រុមការងារ ​គណបក្ស ​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មាន​ប្រសាសន៍​ ថា, ក្រុម​ការងារ​ គណបក្ស​ ទាំងពីរ​ នឹង​លើក​យក​ សំណួរ និង​មតិយោបល់ ឬ​អនុសាសន៍ ​របស់ ​អ្នកចូលរួម​ ទៅ​ពិចារណា​ មុន ​នឹង​ដាក់​ ឲ្យ​សភា​អនុម័ត៕



No comments:

Post a Comment