Paris Peace Accords 23 Oct. 1991

Sunday, March 29, 2015

បក្ស​ប្រឆាំង​ នឹង​ប្រារព្ធ​ ពិធី​រំឭក​ វិញ្ញាណក្ខន្ធ​ អ្នក​ស្លាប់ ​ដោយ​ការ​ គប់​គ្រាប់​បែក​ ឆ្នាំ​១៩៩៧

បក្ស​ប្រឆាំង​ នឹង​ប្រារព្ធ​ ពិធី​រំឭក​ វិញ្ញាណក្ខន្ធ​ អ្នក​ស្លាប់ ​ដោយ​ការ​ គប់​គ្រាប់​បែក​ ឆ្នាំ​១៩៩៧

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៨ មិនា ២០១៥

គប់​គ្រាប់​បែក មុខ​សភា ៦១០
សាច់​ញាតិ​ ជន​រង​គ្រោះ ​ក្នុង​ព្រឹត្តិការណ៍​ គប់​គ្រាប់បែក ​ដៃ ​នៅ​មុខ​អតីត​ មន្ទីរ​ រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ ៣០ មីនា ឆ្នាំ​១៩៩៧ អុជ​ធូប​ គោរព វិញ្ញាណក្ខន្ធ​ នៅ​ខាង​មុខ​ ចេតិយ នៅ​ព្រឹក​ថ្ងៃ​ ទី​៣០ កញ្ញា ឆ្នាំ​២០១៣។  RFA/Den Ayuthyea

អាជ្ញាធរ ​រាជធានី ​ភ្នំពេញ អនុញ្ញាត​ ឲ្យ​គណបក្ស​ សង្គ្រោះ​ជាតិ ជួប​ជុំ​ ធ្វើ​ពិធី​ រំឭក​វិញ្ញាណក្ខន្ធ​ អ្នក​ស្លាប់ ​ដោយ​ការ​គប់ ​គ្រាប់​បែក​ នៅ​ក្បែរ​ សួនច្បារ ​មុខ​វត្ត​ បទុមវតី នៅ​ព្រឹក​ថ្ងៃ ​ទី​៣០ ខែ​មីនា។  យ៉ាង​ណា​ ក៏ដោយ អាជ្ញាធរ​ មិន​អនុញ្ញាត ​ឲ្យ​គណបក្ស​ ប្រឆាំង​យក​ពិធី​នោះ ធ្វើ​ជា​វេទិកា ​វាយ​ប្រហារ​ រដ្ឋាភិបាល​ឡើយ។

ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥ គឺ​ជា​ខួប​គម្រប់ ១៨​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ទៅ​លើ​ហ្វូង​បាតុករ ដឹក​នាំ​ដោយ លោក សម រង្ស៊ី នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ក្បែរ​ព្រះបរមរាជវាំង។ ចាប់​តាំង​ពី​ពេល​នោះ​មក មន្ត្រី​គណបក្ស​ប្រឆាំង​តែង​នាំ​គ្នា​ទៅ​ជួប​ជុំ​ធ្វើ​ពិធី​រំឭក​ វិញ្ញាណក្ខន្ឋ​ជន​រងគ្រោះ​នៅ​ទីនោះ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មីនា ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ទទួល​ការ​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះ​ ជាតិ រួច​ហើយ​អំពី​ការ​ជួប​ជុំ​នោះ ហើយ​អាជ្ញាធរ​ក៏​បាន​អនុញ្ញាត​រួច​ហើយ​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ឲ្យ​ដឹង​ថា ពិធី​ជួប​ជុំ​រំឭក​វិញ្ញាណក្ខន្ធ​នឹង​ចាប់​ផ្តើម​ពី​ម៉ោង ៧ ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់ ដោយ​មាន​ការ​ចូលរួម​ពី​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ ក្នុង​ពិធី​នោះ ព្រះសង្ឃ​ចំនួន ៥០​អង្គ នឹង​ត្រូវ​គេ​និមន្ត​ចូលរួម​រាប់​បាត្រ ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​បាតុករ​ដែល​បាន​បាត់​បង់​ជីវិត។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​អំពាវនាវ​សាធារណជន​ទូទៅ ចូលរួម​ក្នុង​ពិធី​នោះ​ឲ្យ​បាន​ច្រើន​កុះករ​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា ក្នុង​ពិធី​ជួប​ជុំ​នោះ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូលរួម​លើស​ពី ២០០​នាក់​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​នោះ​ដែរ។ លើស​ពី​នេះ លោក​ថា អាជ្ញាធរ​ក៏​មិន​អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង យក​ពិធី​ជួប​ជុំ​នោះ​ដើម្បី​ធ្វើ​ជា​វេទិកា​វាយ​ប្រហារ​រដ្ឋាភិបាល​នោះ​ទេ៖ «មិន ​ឲ្យ​លើស​ពី​ម៉ោង ១១ មិន​ឲ្យ​ឈាន​ទៅ​ដល់​មាន​ការ​ហែ​ក្បួន​ការ​បំពង​សំឡេង កុំ​ឲ្យ​ប្រាសចាក​ប្រធានបទ ដើម្បី​យក​ធ្វើ​ជា​វេទិកា​វាយ​ប្រហារ​ទៅ​លើ​ឥស្សរជន​នយោបាយ ឬ​ប្រទេស​ជិត​ខាង កុំ​ឲ្យ​មាន​លក្ខណៈ​ញុះញង់។»

ពិធី​ជួប​ជុំ​រំឭក​វិញ្ញាណក្ខន្ធ​របស់​គណបក្ស​ប្រឆាំង​ឆ្នាំ​នេះ នឹង​មិន​មាន​វត្តមាន​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ឡើយ ដោយ​លោក​ជាប់​រវល់​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ក្រៅ​ប្រទេស។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា ក្រៅ​ពី​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជន​រងគ្រោះ និង​សាច់ញាតិ​របស់​ពួក​គេ ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ដែរ។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​តើ លោក កឹម សុខា នឹង​ថ្លែង​សារ​នយោបាយ​អ្វី​ខ្លះ​នៅ​ឡើយ​ទេ​នៅ​ពេល​នោះ? ទាក់ទង​នឹង​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​វិញ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​មុខ​ជន​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ ​នោះ មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «យើង​សង្កេត​ឃើញ​និទ្ទណ្ឌភាព​នៅ​ប្រទេស​ យើង​នៅ​មាន​ច្រើន​ករណី​ណាស់ ហើយ​នៅ​តែ​ជំរុញ​ឲ្យ​បន្ត​ការ​ស៊ើប​អង្កេត​ដើម្បី​រក​ជន​ដៃ​ដល់​មក​កាត់​ទោស មុន​នឹង​យើង​ហ៊ាន​និយាយ​ថា ប្រទេស​យើង​មាន​នីតិរដ្ឋ​នោះ។»

ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ទៅ​លើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៦​នាក់​បាត់​បង់​ជីវិត និង​មនុស្ស​ជាង ១៥០​នាក់​ផ្សេង​ទៀត​រង​របួស។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ជន​ប្រព្រឹត្តិ​មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​ឡើយ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ការ​វាយ​ប្រហារ​នោះ ថា​ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្នុង​ការ​កម្ទេច​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ ​កម្ពុជា។ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ដែរ​ថា ការ​វាយ​ប្រហារ​នេះ អាច​ពាក់ព័ន្ធ​នឹង​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕


No comments:

Post a Comment