Paris Peace Accords 23 Oct. 1991

Monday, March 23, 2015

ពលរដ្ឋ​ មាន​ជម្លោះ​ដីធ្លី​ ស្នើ​អ្នកស្រី មីស៊្ហែល អូបាម៉ា អន្តរាគមន៍​ ដោះ​លែង ​ស្ត្រី​សកម្មជន ​ដីធ្លី​ ១១​នាក់ | Citizens in land conflict asks Michelle Obama to intervene for the release of 11 land activists in detention

ពលរដ្ឋ​ មាន​ជម្លោះ​ដីធ្លី​ ស្នើ​អ្នកស្រី មីស៊្ហែល អូបាម៉ា អន្តរាគមន៍​ ដោះ​លែង ​ស្ត្រី​សកម្មជន ​ដីធ្លី​ ១១​នាក់

RFA / ​វិទ្យុ ​អាស៊ី សេរី | ២១ មិនា ២០១៥

អ្នក​បឹងកក់​សុំ​អន្តរាគមន៍​ពី មីស៊្ហែល អូបាម៉ា ៦២០
ពលរដ្ឋ​ មក​ពី​សហគមន៍​ បឹងកក់ និង​បុរីកីឡា លើក​បដា​ ស្នើសុំ អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) ឲ្យ​ជួយ ​អន្តរាគមន៍ ​ដោះ​លែង ​ស្ត្រី​សកម្មជន ​ដីធ្លី ១១​នាក់ និង​ព្រះសង្ឃ ៣​អង្គ ដែល​កំពុង​ ជាប់​ឃុំ ​ក្នុង​ពន្ធនាគារ ​ព្រៃ​ ស នៅ​ខាង​មុខ ​ស្ថានទូត​ សហរដ្ឋ​អាមេរិក កាល​ពី​ព្រឹក ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។  RFA/Rann Samnang

ស្រប​ពេល​ ដែល​ស្ត្រី​ ទី​១​ នៃ​សហរដ្ឋ​ អាមេរិក អ្នកស្រី មីស្ហ៊ែល អូបាម៉ា (Michelle Obama) មក​ដល់​កម្ពុជា កាល​ពី​យប់​ ថ្ងៃ​សុក្រ ទី​២០ មីនា នា​ខេត្ត​ សៀមរាប នោះ, ចំណែក​ នៅ​រាជធានី​ភ្នំពេញ ពលរដ្ឋ​ ដែល​មាន​ ជម្លោះ​ដីធ្លី​ ដ៏​រ៉ាំរ៉ៃ ដូចជា​នៅ ​តំបន់ ​បឹងកក់, បុរីកីឡា, ជាដើម បាន​ប្រមូល ​ផ្តុំ​គ្នា​ នៅ​មុខ​ ស្ថានទូត​ សហរដ្ឋ​ អាមេរិក នៅ​ព្រឹក​ថ្ងៃ​ ទី​២១ ខែ​មីនា ដើម្បី​ អបអរ​សាទរ​ ដំណើរ​ ទស្សនកិច្ច​ របស់ ​ភរិយា​ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និង​លើក​បដា ​ទាមទារ​ ឲ្យ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ជួយ​អន្តរាគមន៍ ​ដោះស្រាយ ​វិបត្តិ​ដីធ្លី​ ដល់​សហគមន៍ ​ពួក​គាត់​ផង។

ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ និង​បុរីកីឡា ប្រមាណ ៥០​នាក់ ភាគ​ច្រើន​ជា​ស្ត្រី និង​កុមារ ស្រែក​ដង្ហោយ​ហៅ​ឈ្មោះ អ្នកស្រី មីស្ហ៊ែល អូបាម៉ា ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ស្ត្រី​សកម្មជន​ដីធ្លី ១១​នាក់ និង​ព្រះសង្ឃ ៣​អង្គ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

អ្នក​ខ្លះ​កាន់​រូបថត​ក្រុម​គ្រួសារ អ្នកស្រី មីស្ហ៊ែល អូបាម៉ា អម​ដោយ​ទង់ជាតិ​សហរដ្ឋ​អាមេរិក និង​កម្ពុជា។ អ្នក​ខ្លះ​ទៀត​កាន់​ផ្កា​ឈូក និង​លើក​បដា​សរសេរ​ថា ស្វាគមន៍ អ្នកស្រី មីស្ហ៊ែល អូបាម៉ា មក​កាន់​កម្ពុជា! សូម​ឲ្យ​ដំណើរ​ទស្សនកិច្ច​អ្នកស្រី​ជួប​តែ​ជោគជ័យ។ ចំណែក​ក្មេងៗ​ដែល​ខាន​ជួប​ម្តាយ​របស់​ពួក​គេ ដោយសារ​ជាប់​នៅ​ក្នុង​ពន្ធនាគារ​អស់​ជាច្រើន​ខែ​មក​ហើយ​នោះ និង​មាន​ក្រណាត់​ខ្មៅ​ចង​ជាប់​នឹង​ក្បាល​រំលេច​ជា​អក្សរ​ថា សូម​ឲ្យ​សកម្មជន​ដីធ្លី​មាន​សេរីភាព​ឡើង​វិញ ក៏​ស្រែក​រក​ជំនួយ​ពី អ្នកស្រី មីស៊្ហែល អូបាម៉ា ជួយ​ម្តាយ​របស់​គេ​ដែរ។

អ្នកស្រី ប៉ូវ សោភា ជា​សកម្មជន​ដីធ្លី​បឹងកក់ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គិតគូរ​ពី​បញ្ហា​រំលោភ​ដីធ្លី និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​សុំ​ឲ្យ​ដោះ​លែង​ស្ត្រី​សកម្មជន​ដីធ្លី ១១​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ។

អ្នក​បឹងកក់ និង​បុរីកីឡា សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​របស់​ស្ត្រី​ទី​១​នៃ​សហរដ្ឋ​អាមេរិក ជា​ប្រទេស​មហា​អំណាច​ដែល​ប្រកាន់​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស និង​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ពិភពលោក នឹង​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះ​លែង​ស្ត្រី​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «ពួក​យើង​ខ្ញុំ​ដែល​ជា​សហគមន៍​ដីធ្លី សុំ​អន្តរាគមន៍​ពី​លោកស្រី​ពី​រឿង​ចាប់​ឃុំ​ខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី។»

មន្ត្រី​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា មូលហេតុ​ដែល​ពលរដ្ឋ​ព្យាយាម​រក​អន្តរាគមន៍​ពី អ្នកស្រី មីស៊្ហែល អូបាម៉ា ដោយសារ​តែ​ពួក​គាត់​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា៖ «គាត់​មាន ​សង្ឃឹម​យ៉ាង​ខ្លាំង​ដូច​អង្កាល់ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ដែល​មក​កម្ពុជា ហើយ​ត្រូវ​គេ​ចាប់​ស្ត្រី ១៣​នាក់​នៅ​បឹងកក់ ប៉ុន្តែ​ក្រោយ​ពី​មាន​កិច្ច​អន្តរាគមន៍​ទៅ ក៏​មាន​ការ​ដោះ​លែង។»

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ពួក​គាត់​តវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី ឈរ​ប្រមូល​ផ្តុំ​គ្នា​មុខ​ស្ថានទូត​អាមេរិក។ ពួក​គាត់​ឲ្យ​ដឹង​ថា មន្ត្រី​ស្ថានទូត​នឹង​ប្រាប់​ពួក​គាត់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​ដាក់​ញត្តិ​ជូន អ្នកស្រី មីស្ហ៊ែល អូបាម៉ា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា៕


No comments:

Post a Comment