សង្គមស៊ីវិល៖ សេចក្តីព្រាងច្បាប់ បោះឆ្នោតថ្មី គឺ រឹតត្បិត សេរីភាព បញ្ចេញ សារនយោបាយ ដ៏អាក្រក់បំផុត
RFA / វិទ្យុ អាស៊ី សេរី | ៧ មិនា ២០១៥
មន្ត្រី សិទ្ធិមនុស្ស និងអ្នកឃ្លាំមើល ការបោះឆ្នោត ព្រមាន ថា, សេចក្ដីព្រាងច្បាប់ បោះឆ្នោត និងសេចក្តីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ដែលគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ទើបបាន ព្រមព្រៀង គ្នានោះ អាច នឹងត្រូវ ប្រើប្រាស់ ដើម្បី គាបសង្កត់ ដល់ការ បញ្ចេញសារ នយោបាយ ក្នុងអំឡុងពេល បោះឆ្នោត ដែលធានា ដោយរដ្ឋធម្មនុញ្ញ។
លើស ពីនេះទៀត សេចក្តីព្រាងច្បាប់ ថ្មី ដែលអ្នកច្បាប់ យល់ថា នឹងផ្តល់ ផលប្រយោជន៍ នយោបាយ ច្រើន ដល់គណបក្ស កាន់អំណាច ទាំងខុសច្បាប់នោះ ក៏អាចធ្វើ ឲ្យគ.ជ.ប. ដែលត្រូវ ប្រកាន់ជំហរ ឯករាជ្យ ឋិតក្រោម ឥទ្ធិពល របស់ រដ្ឋាភិបាល។
ទាក់ទង នឹងការដាក់ទណ្ឌកម្ មរហូត ដល់ទោស ព្រហ្មទណ្ឌ ចំពោះ តំណាង អង្គការ ក្រៅរដ្ឋាភិបាល ណា ដែលនិយាយ ប្រមាថ ដល់អ្នកនយោបាយ ក្នុងអំឡុងពេល បោះឆ្នោតនោះ, លោក ប្រ៊ែដ អាដាម (Brad Adams) នៃអង្គការ សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និយាយថា នេះ ជាការដើរ ថយក្រោយ មួយទៀត, ហើយ ក្រុមសិទ្ធិមនុស្ស នឹងថ្កោលទោស ចំពោះ គណបក្ស ទាំងពីរ៖ «ប្រសិនបើ គណបក្ស សង្គ្រោះជាតិ យល់ព្រម តាមការទាមទារ របស់ គណបក្ស ប្រជាជនកម្ពុជា ដាក់ទោស ព្រហ្មទណ្ឌ ដល់អង្គការ ក្រៅរដ្ឋាភិបាល មែននោះ, អង្គការ សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ និងអង្គការ សិទ្ធិមនុស្ស ដទៃទៀត នឹងចាប់ផ្តើម មានសំណួរ ថា, តើ គណបក្ស ប្រឆាំង មួយនេះ ពិតជាមាន គោលការណ៍ ការពារ សិទ្ធិមនុស្ស មែន ឬទេ? ហើយ សហគមន៍ សិទ្ធិមនុស្ស គួរតែ ជឿជាក់ លើគណបក្ស នេះទៀត ដែរ ឬទេ នៅថ្ងៃអនាគត? ខ្ញុំ យល់ថា, គណបក្ស សង្គ្រោះជាតិ មិនគួរ សម្របសម្រួល យល់ព្រម បង្កើតបញ្ញត្តិថ្មី បែបនេះ ទៅក្នុងច្បាប់ឡើយ។ រយៈពេល ម្ភៃឆ្នាំ មកនេះ, យើង បានតស៊ូ មតិ យ៉ាងស្វិតស្វាញ ប្រឆាំង ទប់ស្កាត់ ការប៉ុនប៉ង របស់ គណបក្ស ប្រជាជនកម្ពុជា ម្តងហើយ ម្តងទៀត, មិន ឲ្យធ្វើច្បាប់ ដាក់ទោស ព្រហ្មទណ្ឌ ឬទោស ជាប់ពន្ធនាគារ ដល់អង្គការ ក្រៅរដ្ឋាភិបាល ដែលធ្វើ ការងារ បញ្ចេញយោបល់ ពាក់ព័ន្ធ នឹងរឿង នយោបាយ។»
លោក ប្រ៊ែដ អាដាម បញ្ជាក់ថា, នៅក្នុង អំឡុងពេល បោះឆ្នោត គឺ ជាពេលវេលា ដ៏សំខាន់ បំផុត ជាងពេល ណាៗ ទាំងអស់ សម្រាប់ ការបញ្ចេញសារ នយោបាយ៖ «ការរឹតត្បិត សេរីភាព ក្នុងការ បញ្ចេញសារ ក្នុងពេល បោះឆ្នោត គឺ ជាការរឹតត្បិត ដ៏អាក្រក់ បំផុត។ ការនិយាយស្តីបញ្ចេញសារនយោបាយឲ្យបានច្រើនអតិបរិមា ក្នុងអំឡុងពេលបោះឆ្នោត គឺមានសារសំខាន់បំផុតសម្រាប់គ្រប់ភាគីទាំងអស់ នេះហើយជាគោលការណ៍មូលដ្ឋានស្នូលនៃការបោះឆ្នោត។ ការរឹតត្បិតមិនឲ្យសម្ដែងសារនយោបាយក្នុងពេលដ៏សំខាន់នេះ ជាការខុសឆ្គងខ្លាំងណាស់។ អ្វីដែលខ្ញុំព្រួយបារម្ភនោះ គឺថា ដោយសារតែគណបក្សនយោបាយមួយគ្រប់គ្រងប៉ូលិស និងតុលាការ គណបក្សនោះអាចប្រើប្រាស់ស្ថាប័នទាំងនេះតាមអំពើចិត្ត គាបសង្កត់គេឯងដើម្បីទាញយកអត្ថប្រយោជន៍នយោបាយឲ្យខ្លួនឯង។ តំណាងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាមនុស្សដទៃទៀតដែរ ប្រសិនបើពួកគេនិយាយញុះញង់អំពើហិង្សា គឺត្រូវមានទោសព្រហ្មទណ្ឌ។ ប៉ុន្តែបើពួកគេបញ្ចេញមតិ ទោះជាមតិនោះអវិជ្ជមានចំពោះបុគ្គលណាម្នាក់ក៏ដោយ ក៏វាជាសិទ្ធិរបស់ពួកគេក្នុងការបញ្ចេញមតិ ហើយច្បាប់ត្រូវតែការពារពួកគេ។ សូមយល់ឲ្យច្បាស់ត្រង់ចំណុចនេះ។ មានអង្គការក្រៅរដ្ឋាភិបាលជាច្រើនធ្វើការពាក់ព័ន្ធនឹងច្បាប់បោះ ឆ្នោត។ ពួកគេឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ហើយអាចនិយាយខ្លាំងៗត្រង់ចំៗទៅលើការអនុវត្តភារកិច្ច និងអំពើប្រព្រឹត្តរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា ឬមន្ត្រីប៉ូលិស ហើយការនិយាយទាំងនោះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ។ វាមិនអាចទទួលយកបានទេ នៅពេលគណបក្សមួយសម្របសម្រួលគ្នាផ្នែកនយោបាយ ដើម្បីរឹតត្បិតសេរីភាពក្នុងការបញ្ចេញសាររបស់ពលរដ្ឋក្នុងអំឡុង ពេលបោះឆ្នោតនោះ។»
ក្រុមការងារគណបក្សទាំងពីរបានបញ្ចូលបញ្ញត្តិថ្មីមួយដែលនាំឲ្យ មានទោសព្រហ្មទណ្ឌជាប់ពន្ធនាគារនោះ មានខ្លឹមសារថា អ្នកដែលបញ្ចេញសារជេរប្រមាថឥស្សរជននយោបាយ អាចត្រូវពិន័យជាប្រាក់ពី ១០លានរៀលទៅ ៣០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ ដែលសុខចិត្តយល់ព្រមទទួលយកបញ្ញត្តិនេះ បានទាមទារបន្ថែមពាក្យមួយឃ្លាថា មិនមានទោសជេរប្រមាថទេ ប្រសិនបើវាជាការបញ្ចេញមតិ។
លោក ប្រ៊ែដ អាដាម (Brad Adams) ដែលជាអ្នកច្បាប់ផងនោះបញ្ជាក់ថា បើទោះជាមានបន្ថែមឃ្លាការពារបែបនោះក្តី វានៅតែមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការបកស្រាយច្បាប់តាមអំពើ ចិត្តនោះឡើយ ដោយសារតែតុលាការមិនឯករាជ្យ។ លោកថា វាជាគ្រោះថ្នាក់ខ្លាំងណាស់នៅពេលសរសេរច្បាប់បញ្ចូលពាក្យពេចន៍ គ្មាននិយមន័យច្បាស់លាស់ ពីព្រោះវាអាចត្រូវតុលាការក្រោមឥទ្ធិពលបក្សនយោបាយបកស្រាយតាមអំពើ ចិត្ត៖ «ពាក្យថាជេរប្រមាថ មិនអាចកំណត់និយមន័យបានទេនៅក្នុងច្បាប់។ វាមិនមែនពាក្យច្បាប់ទេ។ ចំពោះមនុស្សម្នាក់ គាត់អាចយល់ឃើញថា សម្ដីនិយាយចេញមកណាមួយនោះ គឺជាការរិះគន់ ប៉ុន្តែសម្រាប់មនុស្សម្នាក់ គាត់អាចយល់ឃើញថា វាជាការជេរប្រមាថ។ ការនិយាយសម្ដែងចេញណាមួយ ត្រូវអ្នកខ្លះមើលឃើញថា គឺជាការវិភាគនយោបាយ តែអ្នកខ្លះមើលឃើញថាជាការជេរប្រមាថ។ នៅពេលគណបក្សប្រជាជនកម្ពុជា ចោទប្រកាន់នរណាម្នាក់ ហើយបញ្ជូនទៅតុលាការ តុលាការនឹងធ្វើតាមបញ្ជារបស់គណបក្សកាន់អំណាចមួយនេះ។ ដូច្នេះ វាជាយុទ្ធសាស្ត្រប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ ដើម្បីបំបិទសិទ្ធិសេរីភាពក្នុងពេលបោះឆ្នោត។ ពេលវេលាសម្រាប់ការបញ្ចេញមតិគ្មានពេលណាសំខាន់ចាំបាច់ជាងអំឡុងពេល បោះឆ្នោតនោះទេ នេះហើយជាគោលបំណងគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ក្នុងអំឡុងពេលបោះឆ្នោត គណបក្ស និងបេក្ខជនឈរឈ្មោះដាក់បង្ហាញគំនិតនយោបាយរបស់ខ្លួន។ ពេលខ្លះ គំនិត ឬសារនយោបាយរបស់ពួកគេ អាចត្រូវបានរិះគន់ខ្លាំងៗ នេះហើយជារឿងធម្មតារបស់ការធ្វើនយោបាយ។»
ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសឆ្នាំ២០១៣ គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ បានស្រុះស្រួលគ្នាធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធការបោះឆ្នោត ដើម្បីធ្វើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្លាយជាស្ថាប័នឯករាជ្យ ដែលបំណងប្រាថ្នារបស់ពលរដ្ឋខ្មែរទូទៅ។ ប៉ុន្តែ លោក គល់ បញ្ញា មន្ត្រីឃ្លាំមើលការបោះឆ្នោត សម្ដែងការខកចិត្ត ដោយសារច្បាប់ថ្មីទំនងជាដាក់អគ្គលេខាធិការដ្ឋាន គ.ជ.ប ឲ្យឋិតក្រោមចំណុះរដ្ឋាភិបាលទៅវិញ។
ឆ្លើយតបទៅនឹងសំណួររបស់វិទ្យុអាស៊ីសេរី ប្រធានក្រុមការងារចរចាវិសោធនកម្មច្បាប់បោះឆ្នោតនៃគណបក្សប្រជាជន កម្ពុជា លោក ប៊ិន ឈិន មានប្រសាសន៍ថា មិនអាចធ្វើច្បាប់ឲ្យល្អឥតខ្ចោះបាននោះទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយរូបបានប្រាប់វិទ្យុអាស៊ីសេរី ថា លោកមិនពេញចិត្តចំពោះសេចក្តីព្រាងច្បាប់បោះឆ្នោត ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នានេះឡើយ។ ទោះជាយ៉ាងណា ខណៈការចរចាច្បាប់បោះឆ្នោតនេះកំពុងប្រព្រឹត្តទៅ សកម្មជនគណបក្សសង្គ្រោះជាតិ មួយចំនួន កំពុងឋិតនៅក្នុងពន្ធនាគារ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងរួមគ្នាដឹកនាំសិក្ខាសាលាសាធារណៈមួយស្ដីពីសេចក្តីព្រាងច្បាប់ បោះឆ្នោត និងសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មីនេះ នៅថ្ងៃច័ន្ទ ទី៩ ខែមីនា ឆ្នាំ២០១៥ នេះ នៅឯវិមានរដ្ឋសភា ដែលសិក្ខាសាលានោះត្រូវសង្គមស៊ីវិលមើលឃើញថា សម្រាប់បង្គ្រប់កិច្ចតែប៉ុណ្ណោះ។
លោក គល់ បញ្ញា ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) និងជាតំណាងឲ្យសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ព្រមទាំងក្រុមសង្គមស៊ីវិលផ្សេងទៀត ទទូចឲ្យគណបក្សទាំងពីរពិចារណានូវចំណុចអវិជ្ជមានទាំងឡាយដែលសង្គម ស៊ីវិលបានលើកឡើង។ បើមិនដូច្នេះទេ សេចក្តីព្រាងច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលអាចក្លាយជាច្បាប់នាពេលឆាប់ៗខាងមុខនេះ នឹងមិនអាចធានាឲ្យកម្ពុជា មានការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ និងអាចជឿទុកចិត្តបាននៅពេលខាងមុខនោះទេ ហើយជាផលវិបាកនោះ កម្ពុជា នឹងនៅតែជួបប្រទះភាពចម្រូងចម្រាសក្រោយការបោះឆ្នោត៕
No comments:
Post a Comment