មេដឹកនាំ បក្សសង្គ្រោះជាតិ សម្របសម្រួល បញ្ចប់ជម្លោះ ផ្ទៃក្នុង នៅខេត្ត សៀមរាប
RFA / វិទ្យុ អាស៊ី សេរី | ៥ មិនា ២០១៥
ទំនាស់ផ្ទៃក្នុង របស់ សមាជិក គណបក្ស សង្គ្រោះជាតិ ខ្លះ នៅក្នុងខេត្ត សៀមរាប ដែលមិន ពេញចិត្ត នឹងប្រធាន ក្រុមការងារ បក្សខេត្ត កំពុងធ្វើ ឲ្យមាន ការបែកបាក់ ជាពីរក្រុម។ មួយក្រុមធំ គឺ ជាសមាជិក ដែលគាំទ្រ អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យនៅបន្តធ្វើ ជាប្រធាន ក្រុមការងារ ខេត្តត ទៅទៀត និងមួយក្រុមតូច ផ្សេងវិញ បានទាមទារ ឲ្យមាន ការផ្លាស់ប្ដូរចេញ។
តើ បញ្ហាទំនាស់ ផ្ទៃក្នុងនេះ នឹងត្រូវ ដោះស្រាយ យ៉ាងណា?
ប្រធាន និងអនុប្រធាន គណបក្ស សង្គ្រោះជាតិ បានធ្វើដំណើរ មកកាន់ខេត្ត សៀមរាប នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ដើម្បី ប្រឹងប្រែង រួមគ្នា រកដំណោះស្រាយ បញ្ចប់ជម្លោះ ផ្ទៃក្នុង របស់ សមាជិក ឲ្យឈាន ទៅរក បរិយាកាស ប្រសើរ ឡើងវិញ។
ការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះនោះ គឺធ្វើឡើងតាមរយៈវេទិកាចំហមួយនៅឯទីស្នាក់ការគណបក្ស នាសង្កាត់គោកចក ក្រុងសៀមរាប ដោយបើកឲ្យសមាជិកទាំងអស់ប្រើប្រាស់សិទ្ធិ និងសេរីភាពបញ្ចេញមតិពេញទី ក្នុងការរិះគន់ ឬក៏គាំទ្រទៅលើ អ្នកស្រី កែ សុវណ្ណរតន៍ ដែលសមាជិកសភាម្នាក់ និងក៏ជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាប ដែរ។
នៅក្នុងវេទិកានោះមានក្រុមសមាជិកគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប តិចតួចបានចេញមុខរិះគន់ប្រឆាំងនឹង អ្នកស្រី កែ សុវណ្ណរតន៍ ដោយចោទប្រកាន់ថា គឺជាអ្នកគ្រប់គ្រងដែលមានបក្ខពួកនិយម និងពុករលួយ។
អនុប្រធានក្រុមការងារប្រតិបត្តិនៃគណបក្សសង្គ្រោះជាតិ ស្រុកប្រាសាទបាគង លោក ងុត នឿង គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមិនសប្បាយចិត្តនឹង អ្នកស្រី កែ សុវណ្ណរតន៍។ លោករិះគន់ថា បន្ទាប់ពីគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមបញ្ចូលគ្នាបង្កើតបានជាគណបក្សសង្គ្រោះជាតិ មក គឺអតីតប្រធានគណបក្សសិទ្ធិមនុស្ស ធ្លាប់ស្នើសុំ អ្នកស្រី កែ សុវណ្ណរតន៍ ឲ្យបញ្ចូលឈ្មោះអតីតសកម្មជនមកពីគណបក្សសិទ្ធិមនុស្ស មួយចំនួននៅក្នុងបញ្ជី ដើម្បីឲ្យមានតួនាទីនៅក្នុងអាសនៈក្រុមប្រឹក្សាស្រុក នៅពេលបោះឆ្នោតអសកលកន្លងទៅ ក៏ប៉ុន្តែត្រូវបាន អ្នកស្រី កែ សុវណ្ណរតន៍ បដិសេធ ហើយសុខចិត្តជ្រើសរើសយកអតីតសកម្មជនគណបក្ស សម រង្ស៊ី ម្នាក់ឈ្មោះ ចាន់ ថ្លៃ ដែលមានតួនាទីជាជំទប់រួចហើយវិញ៖ «លោក ចាន់ ថ្លៃ នេះពេញមួយយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៣ គាត់មិនមានមុខជួយធ្វើការសូម្បីតែ ១ថ្ងៃ តែក្នុងនោះរូបខ្ញុំ និងមិត្តភក្ដិដទៃ ខំធ្វើគ្មានពេលសម្រាក ១ថ្ងៃសោះ។ សួរថា តើនេះជាការនិយមបក្ខពួកមែនដែរឬទេ?»
ក្រុមអ្នករិះគន់ទាំងនោះ កំពុងទាមទារឲ្យប្រធានគណបក្សសង្គ្រោះជាតិ ផ្លាស់ប្ដូរ អ្នកស្រី កែ សុវណ្ណរតន៍ ចេញពីតួនាទីប្រធានក្រុមការងារខេត្តសៀមរាប ក៏ប៉ុន្តែសមាជិកភាគច្រើន បានច្រានចោលការរិះគន់នោះ ហើយពួកគេនៅតែបង្ហាញជំហរការពារ អ្នកស្រី កែ សុវណ្ណរតន៍ ដដែល។
សមាជិកគណបក្សសង្គ្រោះជាតិ ម្នាក់ មកពីស្រុកពួក លោក ជាម នាម បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា អ្នកស្រី កែ សុវណ្ណរតន៍ មិនមានកំហុសដូចការចោទប្រកាន់ទេ ហើយលោក និងសមាជិកជាច្រើនទៀត សុំការពារមិនឲ្យមានការផ្លាស់ប្ដូរ អ្នកស្រី កែ សុវណ្ណរតន៍ ចេញពីខេត្តសៀមរាប ឡើយ តែសូមឲ្យព្យាបាលជំងឺមនុស្ស ១ក្រុមដែលកំពុងតែមានដំបៅនោះវិញ៖ «សូមអារសាច់១ដុះដែលដំបៅ នេះយកទៅព្យាបាល ដេរឲ្យចំគោលដៅ ដើម្បីយើងឈ្នះឆ្នោត ហើយអ្នកណាទៀតឈ្នះ គឺជាតិ និងប្រជាពលរដ្ឋ។»
វេទិកាបញ្ចេញមតិដែលមនុស្សពីរក្រុមតតាំងគ្នារយៈពេលប្រហែលជាង ១ម៉ោង នៅចំពោះមុខប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យភាគីជម្លោះទាំងពីរក្រុមកាន់តែឡើងកម្ដៅ ដោយមានអ្នកគាំទ្រខ្លះ ឈរស្រែកសន្ធាប់នៅក្រៅរបង និងខ្លះទៀតចង្អុលមុខគ្នាផង។
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានព្យាយាមបញ្ចុះកម្ដៅនៃជម្លោះនោះវិញ ដោយសន្យាថានឹងដោះស្រាយវិបត្តិផ្ទៃក្នុងមួយនេះ តាមរយៈការយករូបមន្តបង្រួបបង្រួមគ្នាមកផ្សះផ្សា។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោកទទួលយករាល់ការលើកឡើងរបស់សមាជិកគ្រប់រូប ប៉ុន្តែលោកសុំពេលមួយរយៈ ដើម្បីធ្វើការគិត និងពិចារណា៖ «អត់មាន កាន់ជើងអត់មានអីទេ ចង់រកដំណោះស្រាយ ដើម្បីឲ្យគណបក្សយើងហ្នឹងឈានទៅមុខដើម្បីកុំឲ្យសកម្មភាពណាមួយ ក្លាយជាសកម្មភាពយកជើងរាទឹក ប៉ុន្តែសុំឲ្យទាំងអស់គ្នាកាន់ច្រវាជួយចូកជួយចែវទាំងអស់គ្នា។»
ចំណែក លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ យល់ថា ជម្លោះនេះគ្រាន់តែជាបញ្ហាផ្ទៃក្នុងបន្តិចបន្តួច ហើយលោកជឿថានឹងដោះស្រាយបានប្រសើរឡើងវិញ៖ «រឿងគេបំផ្លាញជាតិ យើងផង យើងនៅតែទៅចរចាជាមួយគេ រកដំណោះស្រាយផ្លូវកណ្ដាលមួយបាន ចុះរឿងដែលផ្ទៃក្នុងយើងសោះ រឿងអីថាយើងដោះស្រាយមិនចេញ?»
អ្នកវិភាគឯករាជ្យយល់ឃើញថា ថ្វីត្បិតតែវិបត្តិផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាប មានសមាជិកតិចតួចមិនសប្បាយចិត្ត ក៏ប៉ុន្តែគួរតែដោះស្រាយឲ្យបានល្អ ដើម្បីជៀសវាងជះឥទ្ធិពលអាក្រក់ទៅកាន់ខេត្តដទៃទៀត។
អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី មានប្រសាសន៍ថា តាមលោកសង្កេតពីបរិយាកាសក្នុងគណបក្ស និងក្រៅគណបក្សមួយរយៈពេលខ្លីមកឃើញថា បញ្ហាវិបត្តិផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ មិនមែនមានតែនៅខេត្តសៀមរាប ប៉ុណ្ណោះទេ គឺវាមាននៅខេត្តខ្លះទៀតដូចជាខេត្តកំពង់ស្ពឺ និងខេត្តកំពត ជាដើម។ លោក កែម ឡី យល់ថា បញ្ហានេះប្រសិនបើគណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមពិនិត្យមើល ព្រមទាំងវិភាគលើមុខងារ និងរៀបចំប្រជាធិបតេយ្យផ្ទៃក្នុងបក្សឲ្យច្បាស់លាស់ឡើងវិញ ទើបផ្ដល់ផលចំណេញទៅដល់គណបក្សសង្គ្រោះជាតិ កាន់តែច្រើន ក្នុងការស្រូបយកជំនឿពីមហាជនថែមទៀត៖ «ក៏ប៉ុន្តែសង្គ្រោះជាតិ គាត់ធ្វើព្រងើយកន្តើយ មិនឆ្លើយតបទៅនឹងការទាមទារ បើទោះបីជាមនុស្សមួយក្រុមតូចក៏ដោយ មួយក្រុមធំក៏ដោយ ក៏ជាសំឡេងដែលគួរឲ្យចាប់អារម្មណ៍។»
លោក កែម ឡី បានហៅវិបត្តិផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ដែលកំពុងតែផ្ទុះឡើងនៅខេត្តសៀមរាប នោះ ថាគឺជាភាពខ្វះចន្លោះនៃផ្នែកអភិបាលកិច្ចល្អ។ ដូច្នេះ បើមេដឹកនាំគណបក្សសង្គ្រោះជាតិ វិភាគ និងដោះស្រាយបានសមស្រប គឺពិតជាអាចនាំផ្លូវទៅរកភាពរីកចម្រើន ហើយសមាជិកភាគច្រើនមានឆន្ទៈមោះមុតក្នុងការចូលរួមក្នុងឆាកនយោបាយ មួយដ៏ថ្លៃថ្លានៅពេលខាងមុខ៕
No comments:
Post a Comment