អឺរ៉ា ទាមទារ បក្សទាំងពីរ ឲ្យផ្ដល់ របៀបវារៈ មុនបើក សិក្ខាសាលា ស្ដីពី ច្បាប់បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ៥ មិនា ២០១៥
ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ នឹងរៀបចំ សិក្ខាសាលា ថ្នាក់ជាតិ បើក ជាសាធារណៈ ឲ្យសង្គមស៊ីវិល និងមន្ត្រី អង្គទូតនានា ចូលរួម ផ្ដល់យោបល់ លើសេចក្ដី ព្រាងច្បាប់ ចំនួនពីរ, គឺ សេចក្ដីស្នើច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត និងសេចក្ដី ស្នើច្បាប់ ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ។
តែ មន្ត្រី អង្គការ សង្គមស៊ីវិល លើកឡើង ថា, សិក្ខាសាលានេះ ក្រុមការងារ គណបក្ស ទាំងពីរ មិនទាន់បញ្ចេញ របៀបវារៈ ឲ្យអ្នកចូលរួម ដឹងមុន នៅឡើយទេ។
តំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតអឺរ៉ា (ERA) និងមន្ត្រីអង្គការសង្គមស៊ីវិល ទាមទារឲ្យគណបក្សទាំងពីរបញ្ចេញសេចក្ដីព្រាងច្បាប់ទាំងពីរ និងរបៀបវារៈដល់អ្នកចូលរួមសិក្ខាសាលាជាមុន ដើម្បីមានមូលដ្ឋាននៅក្នុងការជជែកគ្នានៅថ្ងៃច័ន្ទ ទី៩ មីនា ខាងមុខ។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និងជាតំណាងរបស់តំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតអឺរ៉ា ឲ្យដឹងនៅថ្ងៃទី៥ មីនា ថា អង្គការសង្គមស៊ីវិល បានដាក់លិខិតទៅក្រុមការងារគណបក្សទាំងពីរ ស្នើសុំរបៀបវារៈសិក្ខាសាលា និងសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី និងសេចក្ដីព្រាងច្បាប់គណៈកម្មាធិការបោះឆ្នោត ដែលក្រុមការងារគណបក្សទាំងពីរបានធ្វើបញ្ចប់នោះ ដើម្បីយកមកពិនិត្យខ្លឹមសារ មុននឹងដាក់ឲ្យពិភាក្សាជាសាធារណៈនៅក្នុងសិក្ខាសាលា។
សេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ត្រូវបានក្រុមការងារគណបក្សទាំងពីរ បានបញ្ចប់ការពិភាក្សាកាលពីថ្ងៃច័ន្ទ ទី២ ខែមីនា ឆ្នាំ២០១៥ រីឯសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមការងារគណបក្សទាំងពីរបានពិភាក្សាគ្នាបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០១៤។ សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ទោះជាក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសង្គ្រោះជាតិ មានភាពចម្រូងចម្រាសលើចំណុចមួយចំនួនក្ដី តែនៅទីបំផុត មេដឹកនាំគណបក្សទាំងពីរអាចរកច្រកចេញរួមគ្នា ដើម្បីយកទៅដាក់ក្នុងកិច្ចពិភាក្សានៃសិក្ខាសាលាថ្នាក់ជាតិនៅ ថ្ងៃច័ន្ទ ទី៩ មីនា ដោយយោងលើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នោះ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា លោកមិនទាន់ឃើញលិខិតស្នើសុំរបៀបវារៈរបស់ក្រុមអង្គការសង្គមស៊ីវិល នៅឡើយ។ តែលោកអះអាងថា នៅថ្ងៃសុក្រ ទី៦ មីនា ក្រុមការងារគណបក្សទាំងពីរ នឹងជជែកគ្នានៅវិមានរដ្ឋសភាវេលាម៉ោង ៣រសៀល ដើម្បីកំណត់ពីរបៀបវារៈ និងរយៈពេលនៃសិក្ខាសាលា បន្ទាប់មកនឹងប្រកាសឲ្យដឹងជាសាធារណៈ។
លោក គួយ ប៊ុនរឿន បន្ថែមថា សិក្ខាសាលានេះនឹងបើកចំហឲ្យសាធារណជនចូលរួម ក្នុងនោះអង្គទូតនានាប្រចាំនៅទីក្រុងភ្នំពេញ ក៏អាចចូលរួមបានដែរ។
សេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មីនេះ ត្រូវបានសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតអឺរ៉ា លើកឡើងថា មានចំណុចខ្លះមានការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលជាងច្បាប់ចាស់ទៅទៀត ហើយគេស្នើឲ្យក្រុមការងារគណបក្សទាំងពីរ ដកពីរមាត្រាចេញពីសេចក្ដីព្រាងច្បាប់នេះ គឺមាត្រា ៨៣ថ្មី ដែលអនុញ្ញាតឲ្យមន្ត្រីតុលាការ យោធា និងមន្ត្រីនគរបាល បានចូលរួមឃោសនាបោះឆ្នោត និងមាត្រា ៩១ថ្មី ចែងពីភាពអព្យាក្រឹត្យឥតលម្អៀងរបស់សង្គមស៊ីវិល នឹងអាចទទួលការផាកពិន័យពី ១០លាន ទៅ ២០លានរៀល បើសិនជានិយាយដល់ការប្រមាថគណបក្សនយោបាយនោះ។
រីឯសេចក្ដីព្រាងច្បាប់ គ.ជ.បថ្មី វិញ មន្ត្រីអង្គការសង្គមស៊ីវិលបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះក៏មិនធានាថា ស្ថាប័ន គ.ជ.បថ្មីឯករាជ្យបានដែរ ព្រោះការជ្រើសតាំងអង្គការលេខាធិការដ្ឋាន ឋិតនៅក្រោមរដ្ឋាភិបាលជាអ្នកជ្រើសតាំងនោះ។
ទាក់ទងនឹងបញ្ហានេះ យើងនឹងចាំមើលទៀតថា តើសេចក្ដីព្រាងច្បាប់ទាំងពីរនេះនឹងមានការកែប្រែប៉ុណ្ណា ឬទទួលយកអនុសាសន៍របស់អង្គការសង្គមស៊ីវិលលើចំណុចអ្វីខ្លះនៅក្នុង សិក្ខាសាលាថ្ងៃច័ន្ទ ទី៩ មីនា ខាងមុខ?
No comments:
Post a Comment