Paris Peace Accords 23 Oct. 1991

Thursday, March 19, 2015

លោក ហ៊ុន សែន ចោទ​លោក កឹម សុខា ថា​ ជា​ក្រុម​ បាត​ដៃ ​ទី​បី​ ដែល​ចង់ ​ផ្ដួល​រំលំ ​រដ្ឋាភិបាល | Hun Sen accuses Kem Sokha of sedition

លោក ហ៊ុន សែន ចោទ​លោក កឹម សុខា ថា​ ជា​ក្រុម​ បាត​ដៃ ​ទី​បី​ ដែល​ចង់ ​ផ្ដួល​រំលំ ​រដ្ឋាភិបាល

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៨ មិនា ២០១៥

ហ៊ុន សែន ៦២០
លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី ​សម្ពោធ​បើក​ ការដ្ឋាន​ សាងសង់​ ផ្លូវ​ជាតិ​ លេខ​៥៨ នៅ​ក្រុង​ ប៉ោយប៉ែត, ខេត្ត​ បន្ទាយមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥។  RFA/Hum Chamroeun

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ ថា, លោក ​រក​មុខ ​អ្នក​នៅ​ ពី​ក្រោយ ​ក្រុម​បាតដៃ ​ទី​បី ​ឃើញ​ហើយ, គឺ​ ជា​អនុប្រធាន​ ទី​១​ នៃ​រដ្ឋសភា និង​ជា​អនុប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ។  ស្រប​ពេល​គ្នា​នេះ, លោក ​ប្រកាស​ថា, នឹង​ស្នើ ​ឲ្យ​ចាត់​វិធានការ ​ផ្លូវ​ច្បាប់ ជុំវិញ​ ករណី​នេះ។

ទាក់ទង​ នឹង​បញ្ហា​នេះ, មន្ត្រី​អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ បដិសេធ​ ចំពោះ ​ការ​ចោទ​ប្រកាន់​នេះ ថា​, ជា​រឿង​ មិន​ពិត​ឡើយ។

លោក ហ៊ុន សែន ថ្លែង​ នៅ​ក្នុង​ពិធី ​បើក​ការដ្ឋាន​ សាងសង់ ​ផ្លូវ​ជាតិ ​លេខ​៥៨ នៅ​ក្រុង​ ប៉ោយប៉ែត, ខេត្ត​ បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ ​ទី​១៨ មីនា ថា, លោក កឹម សុខា ជា​អ្នក​ ដែល​ប៉ង ​ផ្ដួល​រំលំ​ រដ្ឋាភិបាល​ នៃ​គណបក្ស​ ប្រជាជន​កម្ពុជា នា​ពេល​កន្លង​មក, តែ​ មិន​បាន​សម្រេច។

លោក​ នាយក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍ ​ថា, លោក កឹម សុខា បាន​សារភាព ​ទៅ​កាន់ ​ប្រជាពលរដ្ឋ​ នៅ​ទីក្រុង​ ឡុងប៊ិច (Long Beach) នៃ​សហរដ្ឋ​ អាមេរិក កាល​ពី​ថ្ងៃ​ ទី​១៣ មីនា ថា, ខ្លួន ​ជា​អ្នក​នៅ ​ពី​ក្រោយ​ខ្នង​ នៃ​គម្រោង​ការ ​ផ្ដួល​រំលំ ​រដ្ឋាភិបាល​ កម្ពុជា ប៉ុន្តែ​ បរាជ័យ, ហើយ ​លោក​ បាន​សុំ​ទោស ​ប្រជាពលរដ្ឋ​ នៅ​សហរដ្ឋ​ អាមេរិក។  លោក ហ៊ុន សែន ប្រៀប​ប្រដូច ​អនុប្រធាន​ គណបក្ស​ប្រឆាំង ​ទៅ​នឹង​មេ​ចោរ, ហើយ ​ថា, បើ ​មេ​ចោរ​ បាន​សារភាព​ បែប​នេះ​ ទៅ​ហើយ, តើ យើង​ គួរ​ចាត់​វិធានការ​ តាម​ផ្លូវ​ច្បាប់​ បែប​ណា​ទៅ?៖ «អា​បាត​ដៃ​ ទី​បី​ ក៏​មាន, អា​បាត​ដៃ​ ទី​២, គេ ​ថ្លែង ​នៅ​ឯ​ទីក្រុង​ ឡុងប៊ិច, ឥឡូវ​ គិត​ យ៉ាង​ម៉េច?  ការ​ស្លាប់​ប៉ុន្មាន​ អី​ប៉ុន្មាន?  គេ​ បាន​សារភាព​ ខ្លួន​គេ, មិន​ចាំបាច់ នរណា​ទេ។  ហើយ ​កុំ​ថា​ និយាយ​ នៅ​អាមេរិក លាក់​ អ្នក​នៅ​ស្រុក​ខ្មែរ ​បាន​នោះ។  គេ​ បង្ហោះ​ តាម​ហ្វេសប៊ុក​ ពេញ​ទឹក​ ពេញ​ដី​ អស់​ហើយ។  រឿង​តុលាការ, ទុក ​ឲ្យ​តុលាការ; រឿង​ខ្ញុំ​ គឺ​ខ្ញុំ។  ប៉ុន្តែ​ អ្នក​ណា​ ជាប់​គុក គឺ ​នៅ​បន្ត ​ក្នុង​គុក​ ហ្នឹង​ទៅ។»

ឆ្លើយ​តប ​នឹង​ការ​លើក​ឡើង​ របស់​លោក ​នាយក​រដ្ឋមន្ត្រី​ បែប​នេះ, មន្ត្រី​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ បញ្ជាក់​ថា, កន្លង​មក​ ថ្នាក់​ដឹក​នាំ​ គណបក្ស ​សង្គ្រោះ​ជាតិ ពុំ​បាន​និយាយ​ ចង់​ផ្ដួល​រំលំ ​រដ្ឋាភិបាល​ ស្រប​ច្បាប់ ​នោះ​ឡើយ។  លោក ថា, ក្នុង​ករណី​នេះ លោក ហ៊ុន សែន ចង់ ​ឲ្យ​មហាជន ​យល់​ច្រឡំ​ ទៅ​វិញ​ទេ៖ «ខ្ញុំ ​យល់​ឃើញ​ថា, ក្រែង​ អ្នក​ស្ដាប់ ​គាត់ ​យក​ទៅ​បំភ្លៃ​ បន្ថែម​ទេ, ក៏ប៉ុន្តែ​ ដូច​ខ្ញុំ​ បញ្ជាក់​ម្ដង​ហើយ​ ម្ដង​ទៀត, ឯកឧត្ដម សម រង្ស៊ី និង​ឯកឧត្ដម កឹម សុខា, យើង​ កំណត់​ ក្នុង​នាម​ គណបក្ស​ យក​គោលការណ៍ ​មួយ ដោយ​ការ​ ផ្លាស់ប្ដូរ​ ដោយ​សន្តិវិធី និង​អហិង្សា តាម​រយៈ ​ការ​បោះ​ឆ្នោត​ ដោយ​យុត្តិធម៌។  នោះ​ ជា​ពាក្យ ដែល​ថ្នាក់​ដឹក​នាំ​ គណបក្ស​ សង្គ្រោះ​ជាតិ តែង​តែ​ និយាយ​បាទ។»

អ្នក​ស្រាវជ្រាវ​ សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ ថា, ការ​ឌឺដង​ ដាក់​គ្នា ​ទៅ​វិញ​ទៅ​មក​ នៃ​ថ្នាក់​ដឹក​នាំ​ គណបក្ស​ ជាប់​ឆ្នោត ​ទាំង​ពីរ​នេះ គ្រាន់​តែ​ ជា​ការ​និយាយ​ លាប​ពណ៌​ ដាក់​គ្នា​ ប៉ុណ្ណោះ, ហើយ ​ការ​និយាយ ​ឌឺដង​ ដាក់​គ្នា​នេះ បាន​ក្លាយ​ ជា​វប្បធម៌ ​របស់ ​អ្នក​នយោបាយ​ របស់​ខ្មែរ ​ទៅ​ហើយ៖ «រដ្ឋាភិបាល​ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ មិន​ត្រូវ​ប្រកាន់​ក្នុង​ការ​ប្រើ​ពាក្យ​ពេចន៍​ទេ សំខាន់​គឺ​ទង្វើ​ទៅ​វិញ​ទេ ដែល​អាច​យក​មក​ធ្វើ​ការ​ចោទ​ប្រកាន់។ ហើយ​ការ​ចោទ​ប្រកាន់​ដោយ​យក​តុលាការ​ក្នុង​ការ​ចាប់​ខ្លួន គឺ​រឿង​មិន​ល្អ​ឡើយ ហើយ​គួរ​តែ​បោះ​បង់​ចោល​ក្នុង​ទីលាន​ប្រកួត​ប្រជែង​ចេញ។»

នៅ​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​សភា​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ នា​ពេល​កន្លង​ទៅ គណបក្ស​ប្រឆាំង​តែង​ប្រើ​ពាក្យ​ថា ដូរៗ​ទៅ​ដល់​សាធារណជន​ទូទៅ គឺ​មាន​ន័យ​ថា ដូរ​មេ​ដឹក​នាំ​ចាស់​ចេញ ដាក់​មេ​ដឹក​នាំ​ថ្មី​ជំនួស តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​មិន​បាន​សម្រេច​នៅ​ឡើយ។ គណបក្ស​ប្រឆាំង​ធ្លាប់​អះអាង​ថា ខ្លួន​មិន​អស់​ចិត្ត​ចំពោះ​ការ​ចាញ់​ឆ្នោត​នា​ពេល​កន្លង​ទៅ​នេះ​ទេ។ ក្រោយ​មក គណបក្ស​នេះ​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាមទារ​ឲ្យ​កែ​ទម្រង់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​ល្អ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​ឈ្នះៗ​ដោយ​យុត្តិធម៌ និង​អ្នក​ចាញ់ៗ​ដោយ​អស់​ចិត្ត។

លោក ហ៊ុន សែន បដិសេធ​ មិន​អន្តរាគមន៍ ​ដោះ​លែង​មន្ត្រី និង​សកម្មជន ​គណបក្ស​ សង្គ្រោះ​ជាតិ

លោក ហ៊ុន សែន ប្រកាស​បដិសេធ​មិន​ធ្វើ​អន្តរាគមន៍​ដោះ​លែង​មន្ត្រី និង​សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​អះអាង​ថា អាច​នឹង​មាន​ការ​សម្រប​សម្រួល​នយោបាយ​នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ ខ្មែរ​ខាង​មុខ​នេះ​ទេ។

ការ​បដិសេធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​នឹង​ជួប​ជាមួយ លោក ហ៊ុន សែន ដើម្បី​ពិនិត្យ​ដោះស្រាយ​បញ្ហា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ដែល​កំពុង​ជាប់​ពន្ធនាគារ។ លោក កឹម សុខា អះអាង​ថា ដំណោះស្រាយ​នយោបាយ​នៅ​មិន​ទាន់​បញ្ចប់​ទេ នៅ​ពេល​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ផ្នែក​នយោបាយ និង​ជាប់​ពន្ធនាគារ​ជា​បន្តបន្ទាប់​នោះ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​មិន​លូក​ដៃ​ចូល​ប្រព័ន្ធ​តុលាការ​ក្នុង​ករណី​សកម្មជន​បក្ស​ប្រឆាំង​ ទេ ហើយ​ថា ការ​អះអាង​ពី​ជំនួប​លោក និង​លោក សម រង្ស៊ី ក៏​មិន​មែន​ជា​ការ​ពិត​ឡើយ៖ «ម្សិលមិញ​ថា​ឲ្យ លោក សម រង្ស៊ី លើក​ជាមួយ​ខ្ញុំ​ក្រោយ​បោះ​ឆ្នោត។ ថា​គ្មាន​ទេ​រឿង​តុលាការ ទុក​ឲ្យ​តុលាការ​រឿង​ខ្ញុំ គឺ​ខ្ញុំ។ កុំ​បោក​គេ​ទៀត អ្នក​ណា​ជាប់​គុក​បន្ត​ជាប់​គុក​ហ្នឹង​ទៅ។ ខ្ញុំ​មិន​ធានា​ជូន​ទេ អត់​ធានា​ជំងឺ​ទេ។ អ្នក​ឯង​រក ហ៊ុន សែន ស្អី រឿង​ហ្នឹង​ជា​រឿង​តុលាការ។»

ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​ការ​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) វិញ លោក ហ៊ុន សែន ស្នើ​ឲ្យ​តំណាង​រាស្ត្រ​ពី​គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​អនុម័ត​សេចក្តី​ព្រាង​ ច្បាប់​ទាំង​ពីរ​ឲ្យ​ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ មីនា នេះ។ លោក ហ៊ុន សែន ក៏​រិះគន់​ពី​ការ​ខ្វែង​គំនិត​គ្នា​រវាង លោក សម រង្ស៊ី និង​លោក កឹម សុខា ជុំវិញ​ការ​គាំទ្រ​សេចក្តី​ព្រាង​ទាំង​ពីរ​នោះ៖ «ស្អែក​នេះ​ជា​ថ្ងៃ​ ប្រជុំ​រដ្ឋសភា​អនុម័ត​ច្បាប់​ពីរ ស្អែក​គណបក្ស​ទាំង​ពីរ​ស្រុះស្រួល​គ្នា ឯកឧត្តម សម រង្ស៊ី ថា​គាត់​ពេញ​ចិត្ត ដល់​អនុប្រធាន​គាត់​ថា​អត់​ពេញ​ចិត្ត​ទេ។ រឿង​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​រឿង​របស់​គាត់​ទេ។ ខ្ញុំ​អត់​ដឹង​ផ្ទៃ​ក្នុង​គាត់​ទេ។ ត្រង់​បុគ្គល​អត់​ពេញ​ចិត្ត​បែប​ណា​នោះ សមាជិក​សភា​ត្រូវ​ប្រជុំ​ទាល់​តែ​ចប់​ហ្នឹង។ នាំ​គ្នា​វេច​បាយ​ទៅ​ប្រជុំ។»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន បន្ថែម​ទៀត​ថា លោក​កំពុង​ធ្វើ​ការ​នឹង លោក សម រង្ស៊ី ដើម្បី​រៀបចំ​សមាជិក គ.ជ.ប ថ្មី ដែល​គ្រោង​បង្កើត​ឲ្យ​បាន​នៅ​ថ្ងៃ​ទី​១៣ មេសា ខាង​មុខ។
ក្នុង​ខណៈ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទុក​ចិត្ត​ខ្លួន​ឯង​ថា លោក​មាន​ប្រៀប​ជាង​ដៃគូ​នយោបាយ​របស់​លោក បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ព្រម​ចូល​ក្នុង​សភា​ជាតិ​បំពេញ​ភាព​ស្រប​ច្បាប់​ ពេញ​លេញ​ជូន​លោក​ហើយ។ លោក​ក៏​មិន​ភ្លេច​ផ្តែផ្តាំ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្រៅ​ស្រុក និង​ក្នុង​ស្រុក​ថា ពួក​គេ​ត្រូវ​តែ​គោរព​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋសភា​ខ្មែរ ដែល​លោក​អះអាង​ថា ជា​ស្ថាប័ន​មួយ​គត់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា៕


No comments:

Post a Comment