Paris Peace Accords 23 Oct. 1991

Friday, March 20, 2015

លោក ហ៊ុន សែន គំរាម​ ដាក់​ខ្នោះ​ដៃ ​លោក កឹម សុខា ជា​ថ្មី​ ម្ដង​ទៀត​ រឿង​ផ្ដួល​រំលំ​ រដ្ឋាភិបាល | Hun Sen threatens again to arrest Kem Sokha re overthrow of govt

លោក ហ៊ុន សែន គំរាម​ ដាក់​ខ្នោះ​ដៃ ​លោក កឹម សុខា ជា​ថ្មី​ ម្ដង​ទៀត​ រឿង​ផ្ដួល​រំលំ​ រដ្ឋាភិបាល

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៩ មិនា ២០១៥

កឹម សុខា ៦២០
អនុ​ប្រធាន ​ទី​១ ​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ ទៅ​កាន់​ អ្នក​កាសែត ​ក្រោយ​បញ្ចប់​ កិច្ច​ប្រជុំ​ សភា​ នៅ​ថ្ងៃ​ ទី​២៦ សីហា ឆ្នាំ​២០១៤។  RFA/Van Vichar

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ ​ទី​១៩ ខែ​មីនា ថ្លែង​ជា​ថ្មី​ ម្តង​ទៀត ​ដោយ​ចាត់​ទុក លោក កឹម សុខា អនុប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ថា​, កំពុង​ឋិត ​ក្នុង​ពិរុទ្ធភាព ​ជា​មេ​ដឹក​នាំ​ នៃ​ការ​ផ្ដួល​រំលំ ​រដ្ឋាភិបាល ​ស្រប​ច្បាប់ ​របស់​លោក។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា ​ឲ្យ​កង​កម្លាំង ​ប្រដាប់​អាវុធ ត្រៀម​ខ្លួន ត្រៀម​ខ្នោះ ដើម្បី​ ទប់ទល់​ នឹងលោក កឹម សុខា ប្រសិន​បើ លោក កឹម សុខា ហ៊ាន​ចេញ​តវ៉ា​ ឲ្យ​មាន​ ការ​ដោះ​លែង លោក មាជ សុវណ្ណារ៉ា នៅ​ក្រោយ ​ចូល​ឆ្នាំ​ខ្មែរ​នោះ។

រីឯ ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិញ ថ្លែង​ថា, រដ្ឋាភិបាល ​មិន​ត្រូវ​ ប្រើ​វប្បធម៌​ គំរាម​កំហែង​ នោះ​ទេ។

បើ ​ទោះ​ជាលោក កឹម សុខា និង​អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ចេញ​មុខ​ បកស្រាយ ​រួច​ហើយ​ ថា, ការ​ថ្លែង​ របស់ លោក កឹម សុខា ទៅ​កាន់ ​អ្នក​គាំទ្រ ​គណបក្ស ​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​ កាល​ពី​ពេល ​ថ្មីៗ​នេះ ថា, ​ការ​ផ្លាស់ប្ដូរ ​រដ្ឋាភិបាល​ ដែល​គណបក្ស ​ប្រឆាំង​ បាន​ទាមទារ​ កន្លង​មក គឺ​ ជា​ការ​ទាមទារ​ ផ្លាស់ប្ដូរ​ តាម​រយៈ​ការ​ បោះ​ឆ្នោត និង​មិន​មែន​ ជា​ការ​ផ្ដួល​រំលំ​ ដោយ​ហិង្សា​ក្តី ក៏​មិន ​អាច​ធ្វើ​ ឲ្យលោក ហ៊ុន សែន ស្ងប់​ចិត្ត ឬ​ថយ​កំហឹង ​ឡើយ។

ថ្លែង ​ក្នុង​ពិធី​ប្រគល់​ ប័ណ្ណ​ជ័យលាភី ​អាហារូបករណ៍ ​ដល់​និស្សិត​  សាកលវិទ្យាល័យ ​កម្ពុជា នៅ​វិទ្យាស្ថាន​ ជាតិ​ អប់រំ មុន​ពេល​ ដែល​លោក ​ត្រូវ ​ទៅ​ចូលរួម ​ប្រជុំ​សភា, លោក ហ៊ុន សែន បញ្ជាក់​ថា, លោក ​មិន​ចង់​ឆ្លើយឆ្លង ​ទៅ​ នឹង​ពាក្យ​សម្ដី​ របស់ ​អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ នោះ​ឡើយ។  ប៉ុន្តែ​ លោក ​ថា, ការ​ស្រែក​ ទាមទារ​ ឲ្យ​លោក​ ចុះ​ចេញ​ ពី​តំណែង​ នៅ​ក្រោយ​ ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៣ ជា​ចេតនា​ ផ្ដួល​រំលំ ​រដ្ឋាភិបាល​ របស់​លោក។  លោក ហ៊ុន សែន បាន​ចោទ​សួរ ​ទៅ​វិញ​ ថា, ប្រសិន​បើ ​វា ​ជា​ការ​ផ្លាស់ប្ដូរ​ តាម​រយៈ ​ការ​បោះ​ឆ្នោត​ មែន, ហេតុ​អ្វី​ ចាំបាច់​ មាន​ការ​តវ៉ា ​នៅ​ក្រោយ​ ការ​បោះ​ឆ្នោត?

ពាក់ព័ន្ធ​ នឹង​រឿង​ នេះ​ដែរ លោក ហ៊ុន សែន អះអាង​ ថា, សំណុំ​រឿង​ របស់ លោក កឹម សុខា មាន ៨​ចំណុច។  យ៉ាង​ណា លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ ចំណុច ​ទាំង​៨​នោះ ​មាន​អ្វី​ ខ្លះ​នោះ​ទេ។  លោក ហ៊ុន សែន ក៏​ឲ្យ​ដឹង​ដែរ ​ថា, លោក កឹម សុខា ប៊ិះ​ត្រូវ​ បាន​សមត្ថកិច្ច​ ចាប់​ខ្លួន ​តាំង​ពី​ថ្ងៃ ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤, ប៉ុន្តែ​ ដោយសារ ​លោក​ យល់​ថា, ប្រតិបត្តិការ​ របស់ ​រដ្ឋាភិបាល គឺ​ ត្រូវ​ ធ្វើ​តែ ​ទៅ​លើ​អ្នក​ នៅ​លើ​សមរភូមិ​ ជាក់ស្តែង។  ដូច្នេះ ទើប​ សមត្ថកិច្ច​ មិន​ចាប់​ខ្លួន លោក កឹម សុខា, ហើយ ​ទុក​ ឲ្យ​តុលាការ​ កោះ​ហៅ​លោក ​ទៅ​សាកសួរ​វិញ ​ក្នុង​នាម​លោក​ ជា​ប្រធាន​ ស្តីទី​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ពេល​នោះ។  យ៉ាង​ណា​ ក៏ដោយ ​នៅ​ពេល​នេះ លោក ហ៊ុន សែន បញ្ជាក់​ថា, លោក ​ទុក​លទ្ធភាព​ ឲ្យ​តុលាការ​ ជា​អ្នក​ធ្វើ​ការ ​វិនិច្ឆ័យ ​ទៅ​លើលោក កឹម សុខា

លោក ហ៊ុន សែន ក៏​សម្ដែង ​ការ​ខឹង​សម្បារ និង​ហួស​ចិត្ត​ ចំពោះ លោក កឹម សុខា ដែល​ថ្លែង​ ថា, ​មិន​ពេញ​ចិត្ត​ នឹង​កិច្ចព្រមព្រៀង​ បញ្ចប់​វិបត្តិ​ នយោបាយ​ កាល​ពី​ថ្ងៃ​ ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ និង​ពាក្យ​សម្ដី​ របស់លោក កឹម សុខា ដែល​ថ្លែង​ ថា, ​មិន​អាច​ ទទួល​យក​ បាន​ទេ ប្រសិន​បើ​ មិន​មាន​ ការ​ដោះ​លែង លោក មាជ សុវណ្ណារ៉ា នៅ​មុន​ពេល​ចូល ​ឆ្នាំ​ខ្មែរ ​ខាង​មុខ។  លោក ហ៊ុន សែន ក៏​បាន​ផ្តែផ្តាំ ​ទៅ​ពលរដ្ឋ​ខ្មែរ ​នៅ​សហរដ្ឋ​ អាមេរិក ឲ្យ​សួរ​ ទៅ លោក កឹម សុខា ថា, ប្រសិន​បើ ​មិន​ពេញ​ចិត្ត នឹង​កិច្ចព្រមព្រៀង ២២ ​ខែ​កក្កដា នោះ​ទេ, ហេតុ​អ្វី ​បាន​ជា លោក កឹម សុខា ព្រម​ទទួល​យក​ តំណែង​ អនុប្រធាន ​ទី​១ ​រដ្ឋសភា?  ហេតុ​អ្វី ​មិន​ប្រគល់​ តំណែង​នេះ ​ឲ្យ​សមាជិក​ ណា​មួយ ​របស់​ គណបក្ស​ សង្គ្រោះ​ ជាតិ?  លើស​ពី​នេះ លោក ហ៊ុន សែន ក៏​ចង់​ដឹង​ដែរ ​ថា, តើ លោក កឹម សុខា នឹង​ធ្វើ​អ្វី​ទៀត​ បើ លោក មាជ សុវណ្ណារ៉ា មិន​អាច​ចេញ​ ពី​គុក​នោះ?

លោក ហ៊ុន សែន បន្ត​ថា៖ «ធាតុ​ផ្សំ​ កំពុង​រង់ចាំ លោក កឹម សុខា កង​រាជ​អាវុធហត្ថ, នគរបាល ត្រៀម​ខ្លួន ត្រៀម​ខ្នោះ រឿង​ច្បាប់ ​នៅ​សភា​ មិន​ពាក់ព័ន្ធ​ នឹង​រឿង​ ដំណើរ​ការ​ក្តី​ នៅ​តុលាការ​ នោះ​ទេ, កុំ​ថា​ នាយក​រដ្ឋមន្ត្រី ​ត្រួតត្រា​កម្លាំង​ ប្រដាប់​អាវុធ ចុះ​បើ​ ធ្វើ​នាយក​រដ្ឋមន្ត្រី​ មិន​អាច​ គ្រប់គ្រង​ កម្លាំង​ប្រដាប់​អាវុធ​ បាន, មិន​បាច់ ​ធ្វើ​នាយក​រដ្ឋមន្ត្រី ​នោះ​ទេ។»

លោក ហ៊ុន សែន អះអាង​ថា បើ​សិន​ជា​លោក​មិន​បកស្រាយ​អំពី​រឿង លោក កឹម សុខា ឲ្យ​ពលរដ្ឋ​បាន​ដឹង​នោះ​ទេ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​មិន​ត្រឹម​តែ​ទៅ​លើ​រដ្ឋសភា​ដែល​មាន​ សមាជិក​មក​ពី​គណបក្ស​ទាំង​ពីរ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ។ លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ព្រមាន​ជា​ថ្មី​ថា លោក កឹម សុខា អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បោះ​ឆ្នោត​ទម្លាក់​ពី​អនុប្រធាន​ទី​១​សភា​ដដែល ប្រសិន​បើ លោក កឹម សុខា នៅ​តែ​រំលោភ​លើ​បទ​ឈប់​បាញ់ និង​នៅ​បន្ត​ដើរ​និយាយ​ប៉ប៉ាច់ប៉ប៉ោច​តាម​ទី​សាធារណៈ​ម្តង​ហើយ​ម្តង​ទៀត។

ទោះ​ជា​យ៉ាង​ណា សង្គ្រាម​ពាក្យ​សម្ដី​រវាង លោក ហ៊ុន សែន និង​លោក កឹម សុខា កើត​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ត្រូវរ៉ូវ​គ្នា​ទៅ​លើ​ការ​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ថ្មី។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​ចូលរួម​ប្រជុំ​សភា​ជាមួយ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៩ មីនា បាន​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា តើ​លោក​គិត​យ៉ាង​ម៉េច បើ​រដ្ឋាភិបាល​ចាប់​ខ្លួន លោក កឹម សុខា ដាក់​គុក​នោះ? ប៉ុន្តែ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា គ្រប់​ភាគី​គួរ​តែ​យោគយល់​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ ហើយ​រដ្ឋាភិបាល​មិន​ត្រូវ​ប្រើ​វប្បធម៌​គំរាម​កំហែង​នោះ​ឡើយ។

លោក សម រង្ស៊ី បន្ត​ថា៖ «បញ្ហា​ដែល​ពាក់ព័ន្ធ​ទាំង​ប៉ុន្មាន ត្រូវ​ដោះស្រាយ​ឲ្យ​ត្រឹមត្រូវ​ទាន់​ពេលវេលា។ យើង​ត្រូវ​តែ​រក​វិធី​ធ្វើ​ឲ្យ​រឿង​នេះ​ឲ្យ​វា​ចប់ កុំ​ឲ្យ​ចេះ​តែ​អូស​បន្លាយ​ទៀត។»

ចំណែក​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច វិញ​យល់​ឃើញ​ថា វា​គ្រាន់​តែ​ជា​ល្បែង​នយោបាយ​ដែល​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ រួម​គ្នា​សម្ដែង ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ។ លោក​បណ្ឌិត សុខ ទូច ថ្លែង​ថា ការ​ដែល លោក កឹម សុខា ទៅ​ក្រៅ​ប្រទេស​និយាយ​ពី​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ការ​គាំទ្រ​របស់​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ចំពោះ ​គណបក្ស​របស់​ខ្លួន។ មួយ​វិញ​ទៀត គណបក្ស​ប្រឆាំង​មួយ​នេះ ក៏​ខ្លាច​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ងាក​ទៅ​គាំទ្រ​គណបក្ស​ថ្មី ដូចជា​ក្រុម​បណ្ដាញ​សង្គម ជាដើម។

ទាក់ទង​ការ​គំរាម​កំហែង​ចាប់​ខ្លួន​របស់ លោក ហ៊ុន សែន លើ លោក កឹម សុខា មែន លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ លោក កឹម សុខា មាន​អភ័យ​ឯកសិទ្ធិ​សភា​ដែល​តុលាការ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ប៉ុន្តែ​លោក​ថា លោក កឹម សុខា អាច​ប្រឈម​នឹង​ការ​បាត់​បង់​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ទម្លាក់​លោក​មែន​នោះ៕


No comments:

Post a Comment