ពលរដ្ឋ ក្មេងចាស់ រាប់រយនាក់ នៅឃុំ ពង្រលើ ខេត្តសៀមរាប សង្ស័យថា, ពុល នំបុ័ងសាច់
RFA / វិទ្យុ អាស៊ី សេរី | ២៨ មិនា ២០១៥
ប្រភព ពីមន្ត្រី ផ្នែកសុខភាព ឲ្យដឹងថា, សិស្សសាលា និងឪពុកម្ដាយ ជាច្រើន រយនាក់ នៅក្នុង ឃុំ ពង្រលើ, ស្រុក ជីក្រែង ចម្ងាយ ជាង១០០ គីឡូម៉ែត្រ ភាគខាងកើត ពីទីក្រុង សៀមរាប កំពុង ពុល ចំណីអាហារ។
ក្រុមសង្គ្រោះ កំពុងជញ្ជូនកុមារ និងប្រជាពលរដ្ឋទាំងនោះទៅកាន់មណ្ឌលសុខភាពជាបន្តបន្ទាប់ ចាប់តាំងពីព្រឹករហូតដល់ល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមីនា។
ការពុលចំណីអាហារនេះ កើតឡើងបន្ទាប់ពីអង្គការទស្សនៈពិភពលោក (World Vision) បានទៅប្រារព្ធទិវាប្រឆាំងពលកម្មកុមារ ហើយបានចែកនំប៉័ងសាច់ជាច្រើនរយដើមទៅឲ្យសិស្សសាលា និងឪពុកម្ដាយទទួលទាន កាលពីរសៀលថ្ងៃទី២៧ ខែមីនា កន្លងទៅ។
ប្រធានមណ្ឌលសុខភាពឃុំពង្រលើ គឺលោក អ៊ុំ សារ៉ាត។ លោកមានប្រសាសន៍ថា ចាប់តាំងពីយប់ថ្ងៃទី២៧ មីនា គឺមានក្មេងៗ និងឪពុកម្ដាយជាច្រើននាក់ បានកើតអាការៈចុកពោះ បន្ទាប់ពីពួកគេបានទទួលទាននំប៉័ងក្នុងទិវាប្រឆាំងពលកម្មកុមារ ដែលធ្វើនៅក្នុងឃុំនោះ។ លោក អ៊ុំ សារ៉ាត បញ្ជាក់ទៀតថា នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា មុនដំបូង គឺមានកុមារតិចតួចដែលក្អួត ហើយនាំមកសង្គ្រោះនៅក្នុងមណ្ឌលសុខភាព ក៏ប៉ុន្តែបន្តិចក្រោយមក គឺមានកុមារ និងឪពុកម្តាយសិស្សកាន់តែច្រើនឡើងៗមានអាការៈដូចគ្នានេះ ត្រូវបញ្ជូនមកមណ្ឌលសុខភាព៖ «មកច្រើនមានបញ្ជូនចេញខ្លះ ឡានដឹកបណ្ដើរៗចេញខ្លះទៅកន្លែងមន្ទីរពេទ្យ ហើយអ្នកណាល្មមៗនៅទីនេះសិន។ ភាគច្រើន គឺក្តៅខ្លួន ក្អួត ហើយទន់ដៃទន់ជើង។»
ទោះយ៉ាងណា មន្ត្រីមណ្ឌលសុខភាពប្រចាំឃុំពង្រលើ នៅមិនទាន់អាចបញ្ជាក់ថា តើមានកុមារ និងប្រជាពលរដ្ឋចំនួនប៉ុន្មាននាក់ពិតប្រាកដ ដែលពុលនំប៉័ងនោះនៅឡើយទេ។
ចំណែកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ក៏បដិសេធមិនធ្វើការអធិប្បាយនៅឡើយ ដោយលោកប្រាប់ថាកំពុងមមាញឹកខ្លាំងក្នុងការជួយសង្គ្រោះ។
ព័ត៌មានពីអាជ្ញាធរមូលដ្ឋានទីនោះឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែមីនា កន្លងទៅ គឺមានកុមារ និងឪពុកម្ដាយសិស្សប្រមាណជាង ៧០០នាក់ បានចូលរួមប្រារព្ធទិវាប្រឆាំងពលកម្មកុមារដែលរៀបចំដោយអង្គការ ទស្សនៈពិភពលោក៕
No comments:
Post a Comment