Paris Peace Accords 23 Oct. 1991

Wednesday, March 18, 2015

International human rights organization requests both parties to change some provisions in new electoral laws

អង្គការ ​សិទ្ធិ​មនុស្ស​ អន្តរជាតិ​ អំពាវនាវ​ ឲ្យ​បក្ស​ទាំង​ពីរ​ កែប្រែ​ចំណុច​ មួយ​ចំនួន ​នៃ​ច្បាប់​ បោះ​ឆ្នោត​ថ្មី

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៧ មិនា ២០១៥

គ.ជ.ប
ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)  RFA

អង្គការ ​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស ​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក ​សេចក្ដី​ស្នើ​ ច្បាប់​បោះ​ឆ្នោត ​ថ្មី ​ដែល​រៀបចំ​ ដោយ​គណបក្ស​ នយោបាយ​ មាន​អាសនៈ ​ក្នុង​សភា គឺ​ ជា​ច្បាប់​ ដែល​រំលោភ​ លើ​មូលដ្ឋាន ​សិទ្ធិ​សេរីភាព ​របស់ ​ពលរដ្ឋ និង​ប៉ះពាល់​ដល់ ​ដំណើរ​ការ ​លទ្ធិ​ប្រជាធិបតេយ្យ។

ការ​លើក​ឡើង ​របស់ ​អង្គការ ​អន្តរជាតិ​នេះ គឺ ​ស្រប​ពេល​ ដែល​រដ្ឋសភា​ គ្រោង ​នឹង​បើក ​កិច្ច​ប្រជុំ​ ពិភាក្សា​ អនុម័ត​ សេចក្ដី​ស្នើ​ ច្បាប់​បោះ​ឆ្នោត ​ថ្មី នៅ​ថ្ងៃ​ ព្រហស្បតិ៍ ទី​១៩ មីនា សប្ដាហ៍​នេះ។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ ឲ្យ​គណបក្ស ​នយោបាយ ​ទាំង​ពីរ ត្រូវ ​កែប្រែ​ចំណុច ​មួយ​ចំនួន​ នៃ​សេចក្ដី​ស្នើ​ ច្បាប់​បោះ​ឆ្នោត ​ថ្មី ដើម្បី​ ធានា​ថា, ច្បាប់​នេះ​ មិន​បាន ​រំលោភ​ សិទ្ធិ​មនុស្ស និង​ងាក​ចេញ​ ពី​គោលការណ៍ ​ប្រជាធិបតេយ្យ​ មុន​ពេល​ បញ្ជូន​ទៅ ​ឲ្យ​រដ្ឋសភា​ ពិភាក្សា​អនុម័ត។

សេចក្ដី​ ថ្លែងការណ៍ ​ចេញ​នៅ​ថ្ងៃ ​ទី​១៧ ខែ​មីនា របស់ ​យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា, មាន​ចំណុច ​ដែល​បញ្ជាក់​ ថា​ ច្បាប់​ថ្មី​នេះ ​រឹតត្បិត​ សិទ្ធិ​សេរីភាព​ បញ្ចេញ​មតិ, សមាគម, និង​ការ​ជួប​ប្រជុំ​ នៅ​ពេល​ ឃោសនា​ បោះ​ឆ្នោត, ក្នុង​នោះ ​រួម​មាន៖ ការ​ដាក់​ទោស​ទណ្ឌ​ សកម្មជន ឬ​រំលាយ​ គណបក្ស ​ពី​បទ​ប្រមាថ​ គណបក្ស​ នយោបាយ ឬ​អ្នក​ឈរ​ឈ្មោះ, រារាំង ​អ្នក​បោះ​ឆ្នោត និង​បង្កើត ​ឲ្យ​មាន​ ការ​រើសអើង, ការ​បង្រួញ ​រយៈពេល ​ឃោសនា ​បោះ​ឆ្នោត,  ការ​អនុញ្ញាត ​ឲ្យ​កង​កម្លាំង​ រក្សា​សន្តិសុខ ​ចូលរួម​ គណបក្ស ​ក្នុង​រូបភាព,​ បំភិត​បំភ័យ រារាំង ​គណបក្ស​ នយោបាយ​ មិន​ឲ្យ ​ពហិការ​ ប្រឆាំង ​ការ​បន្លំ​ ការ​បោះ​ឆ្នោត, និង​ភាព​ មិន​ប្រក្រតី​ ដទៃ​ទៀត, និង​បន្ត​ ឲ្យ គ.ជ.ប. ឋិត​ក្រោម ​ឥទ្ធិពល​ នយោបាយ។

នាយក ​ប្រចាំ​តំបន់​ អាស៊ី​ នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែត អាដាម (Brad Adams) លើក​ឡើង ​នៅ​ក្នុង​សេចក្ដី​ ថ្លែងការណ៍​ នោះ​ថា, ស្រប​ពេល​ មាត្រា​ ដែល​រឹតត្បិត ​សេរីភាព ​ត្រូវ​ គណបក្ស​ ប្រជាជន​កម្ពុជា ស្នើ​ឡើង, គណបក្ស​ សង្គ្រោះ​ជាតិ បែរ​ ជា​ព្រមព្រៀង​ តាម៖ «ការ​រឹត​បន្តឹង​ សេរីភាព​ បញ្ចេញ​មតិ​, ការ​ជួប​ប្រជុំ, និង​សមាគម នឹង​នាំ​ ឲ្យ​ការ​បោះ​ឆ្នោត​ លែង​ជា​ការ ​បោះ​ឆ្នោត​ តាម​បែប​ ប្រជាធិបតេយ្យ។  ច្បាប់​នេះ​ ផ្តល់​លទ្ធភាព ​ឲ្យ​គណបក្ស ​ប្រជាជន​កម្ពុជា បន្ត​ប្រវត្តិសាស្ត្រ​ ប្រើប្រាស់ ​តុលាការ​ ប្រឆាំង​ អ្នក​រិះគន់, ហើយ​ ក៏​ជា​ច្បាប់ ​ដែល​អាច​ ប្រើប្រាស់​ ប្រឆាំង​អង្គការ​ មិន​មែន ​រដ្ឋាភិបាល ក្នុង​ការ​ ស្ទង់​មតិ​ ដែល​រក​ឃើញ​ ថា, បក្ស​ប្រឆាំង​ នាំ​មុខ​ ក្នុង​ការ​បោះ​ឆ្នោត ឬ​រិះគន់​ បក្ស​នយោបាយ​ តាម​ប្រព័ន្ធ​ ផ្សព្វផ្សាយ។»

សេចក្ដី​ថ្លែងការណ៍ ​ដដែល​ បាន​ស្នើ ​ឲ្យ​លុប​ចោល ​មាត្រា​៨៤ ដែល​និយាយ ​ដល់​ការ​ ដាក់​ទោស​ អង្គការ​ មិន​មែន ​រដ្ឋាភិបាល​ ក្នុង​ការ​រិះគន់, ធ្វើ​ការ​ស្ទង់​មតិ, ថ្លែងការណ៍, ឬ​ផ្ដល់​ បទសម្ភាសន៍​ ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ត្រូវ ​ចាត់​ទុក​ ថា, ​លម្អៀង ​ទៅ​រក​ គណបក្ស​ នយោបាយ ​ណា​មួយ។

ឆ្លើយ​តប​ នឹង​ការ​ លើក​ឡើង​នេះ តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​ គណបក្ស​ ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ ថា, ការ​លើក​ឡើង ​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ពុំ​បាន​ឈរ​ លើ​មូលដ្ឋាន ​ត្រឹមត្រូវ។  លោក សុខ ឥសាន បន្ត​ថា, សេចក្ដី​ស្នើ​ ច្បាប់​ថ្មី​នេះ គឺ​ ជា​ការ​រៀន​សូត្រ​ បទពិសោធន៍ ​ក្នុង​ពេល​ បោះ​ឆ្នោត​ អាណត្តិ​ មុនៗ, ហើយ​ ក៏​ពុំ​មែន​ ជា​ការ​បំបិទ​ សិទ្ធិ​ពលរដ្ឋ​ ឡើយ៖ «ដើម្បី​ ធ្វើ​យ៉ាង​ណា វិធានការ​ យ៉ាង​ណា ​ទប់ស្កាត់​បាតុភាព​ អសកម្ម​ ដែល​រំលោភ​ច្បាប់។  ហើយ​ មាត្រា ​ដែល​ដាក់​ពិន័យ​ អង្គការ​ ក្រៅ​រដ្ឋាភិបាល ​មួយ​ចំនួន ដែល​កម្រិត​ព្រំដែន​ សកម្មភាព​ របស់​គាត់ មិន​មែន​ ជា​រឿង​បិទ​សិទ្ធិ​ទេ។»

ចំណែក ​មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ដែរ​ ថា, ពិត​មែន​ ថា ​មាន​ចំណុច ​ខ្វះខាត, ប៉ុន្តែ​ ច្បាប់​នេះ ​បាន​បង្កើត គ.ជ.ប. ថ្មី ដែល​មាន​ ការ​ទទួល​ខុស​ត្រូវ​ ច្រើន​ជាង​មុន។  លោក​ ថា, អនុសាសន៍​ របស់ ​អង្គការ​ មិន​មែន​ រដ្ឋាភិបាល នឹង​ត្រូវ​ ពិចារណា ​នៅ​ពេល​ មាន​កែប្រែ​ ណា​មួយ ​នៅ​ពេល​ក្រោយ៖ «ជា​រួម គឺ​ ការ​ផ្តល់​ សិទ្ធិ​អំណាច​ ដល់ គ.ជ.ប. ច្រើន ដែល​គាត់​ ទទួល​ គណនេយ្យ​ភាព ​ចំពោះ​ រដ្ឋសភា, ហើយ​ តួនាទី​ទទួល​ខុស​ត្រូវ​ ភារកិច្ច​, គាត់ ​មាន​សិទ្ធិ​អំណាច ​ច្រើន​ជាង​មុន​ ក្នុង​ការ​ចាត់​ចែង​ ការងារ; ​ដូចជា​ក្រុម​ចុះ​ឈ្មោះ គឺ​ ត្រូវ​ បាន​គាត់​ ជា​អ្នក​ចាត់​តាំង។  ដូច្នេះ កំណែ​ទម្រង់​ហ្នឹង, ​យើង​ ឃើញ​មាន ​ភាព​វិជ្ជមាន​ ច្រើន ថ្វីត្បិត​ តែ​ មាន​ចំណុច ​ខ្វះខាត​ ខ្លះ​ទៀត​ ត្រូវ​ ពិនិត្យ។»

ទាក់ទិន​នឹង​ច្បាប់​ថ្មី​នេះ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ហៅ​ថា អឺរ៉ា (ERA) មាន​អនុសាសន៍​សំខាន់ៗ​ចំនួន​៤ សុំ​ឲ្យ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​លុប​ចោល​មាត្រា​៨៤ និយាយ​ពី​ការ​ដាក់​ទោស​អង្គការ​សង្គម​ស៊ីវិល សុំ​ឲ្យ​ដក​ចេញ​មាត្រា​១៦០ ដែល​ចែង​ពី​ការ​ផាក​ពិន័យ​អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្ត សុំ​ឲ្យ​ពិនិត្យ​ឡើង​វិញ​មាត្រា​៨៣ ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​តុលាការ យោធា មាន​សិទ្ធិ​ចូលរួម​ឃោសនា​បោះ​ឆ្នោត និង​មាត្រា​១៦២ ចែង​ពី​បទល្មើស​បុគ្គល​ផ្សារភ្ជាប់​ទៅ​គណបក្ស​នយោបាយ។

ចំណែក​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា លើក​ឡើង​ថា ច្បាប់​ថ្មី​បាន​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល។ លោក​ក៏​ជំរុញ​ឲ្យ​សភា​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់៕



No comments:

Post a Comment