អង្គការ សិទ្ធិមនុស្ស អន្តរជាតិ រិះគន់ ធនាគារ ពិភពលោក រឿងបណ្ដេញ ពលរដ្ឋ
RFA / វិទ្យុ អាស៊ី សេរី | ២៣ មិនា ២០១៥
របាយការណ៍ស្រាវជ្រាវថ្មីមួយដែលមានចំណងជើងថា «ការត្រឡប់ទៅរកការអភិវឌ្ឍ» ធ្វើឡើងដោយគម្រោងគណនេយ្យភាពអន្តរជាតិ (IAP) ចេញផ្សាយកាលពីថ្ងៃទី២០ មីនា បានបង្ហាញថា ធនាគារពិភពលោកគឺជាអ្នកធ្វើឲ្យមានការបណ្ដេញចេញអ្នកដែលរស់នៅ តំបន់បឹងកក់ ពីគម្រោងការតាំងលំនៅថ្មីរបស់ធនាគារនេះ។ ការស្រាវជ្រាវនោះ បានស្រង់សម្ដីអ្នកបឹងកក់ ដែលគេអះអាងថា មិនពេញចិត្តចំពោះធនាគារពិភពលោកឡើយ ដែលបណ្ដាលឲ្យពួកគាត់គ្មានទីកន្លែងជ្រកកោន និងខ្វះការទទួលខុសត្រូវចំពោះគម្រោងរបស់ខ្លួន។
តំណាងអ្នករស់នៅតំបន់បឹងកក់ ម្នាក់ លោកស្រី បូវ សោភា បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍របស់ធនាគារពិភពលោក បានបង្កឲ្យមានការចាប់ចងប្រជាពលរដ្ឋដាក់ក្នុងពន្ធនាគារជា បន្តបន្ទាប់ និងរហូតដល់ពេលនេះ មិនមានដំណោះស្រាយអ្វីទាំងអស់ចំពោះអ្នកភូមិបឹងកក់៖ «ធនាគារ ពិភពលោកត្រូវតែបន្តការទទួលខុសត្រូវរបស់ខ្លួនបន្ថែមទៀត ជាពិសេសដោះស្រាយរឿងអ្នកបឹងកក់ ដែលជាប់ឃុំនៅពន្ធនាគារ។»
របាយការណ៍របស់គម្រោងគណនេយ្យភាពអន្តរជាតិដដែល បានបញ្ជាក់ថា ការអភិវឌ្ឍផ្ដោតលើកំណើនសេដ្ឋកិច្ចបានបំផ្លាញប្រជាពលរដ្ឋជាច្រើន គ្រួសារ។ បច្ចុប្បន្ន អ្នករងគ្រោះនៅតំបន់បឹងកក់ មានចំនួនជាង ៤ពាន់គ្រួសារ ប៉ុន្តែអ្នកនៅបន្តការតវ៉ាមានចំនួនជាង ៧០០គ្រួសារ។
អ្នកសម្របសម្រួលកម្ពុជានៃបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា តួនាទីរបស់ធនាគារពិភពលោកប្រចាំកម្ពុជា គឺជួយពង្រឹងកម្មវិធីដីធ្លី និងកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្ដល់ប្លង់កម្មសិទ្ធិនៅប្រទេសកម្ពុជា។ ផ្ទុយទៅវិញ ធនាគារនេះ បង្កឲ្យមានផលប៉ះពាល់ដល់អ្នករស់នៅតំបន់បឹងកក់ ជាច្រើនគ្រួសារ។ លោកបញ្ជាក់ទៀតថា បញ្ហាដែលកើតឡើងនោះ ដោយសារតែធនាគារពិភពលោកស្ដាប់តែរបាយការណ៍ពីរាជរដ្ឋាភិបាល ហើយខ្វះការចូលរួមពីអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋមូលដ្ឋាន៖ «ជា បទពិសោធន៍កន្លងទៅ គឺយើងសង្ស័យថា គេស្ដាប់តែរបាយការណ៍ពីរាជរដ្ឋាភិបាល និងការស្រាវជ្រាវឲ្យបានស៊ីជម្រៅនៅក្នុងសហគមន៍។»
បន្ថែមលើនេះ ការស្រាវជ្រាវដោយអង្គការសង្គមស៊ីវិលនានា បានរកឃើញថា ធនាគារពិភពលោក បានសមគំនិតជាមួយអ្នកពាក់ព័ន្ធក្នុងករណី បណ្ដេញចេញពីដីធ្លីនៅប្រទេសកម្ពុជា ដែលមានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ បានប៉ះពាល់នៅតំបន់បឹងកក់ បន្ទាប់ពីធនាគារពិភពលោកបានបដិសេធមិនផ្ដល់ប្លង់កម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋទាំងនោះ តែបង្វែរជួលដីនោះទៅឲ្យក្រុមហ៊ុនឯកជនមានរយៈពេល ៩៩ឆ្នាំទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យធនាគារពិភពលោកប្រចាំកម្ពុជា លោក ប៊ូ សារឿន បានទេ នៅថ្ងៃទី២២ មីនា ប៉ុន្តែសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីដើមខែមីនា បានសរសេរថា ធនាគារពិភពលោកបានទទួលស្គាល់បញ្ហាដែលបានកើតឡើងក្នុងគម្រោង អភិវឌ្ឍន៍របស់ខ្លួននៅតំបន់បឹងកក់។ ថ្នាក់ដឹងនាំធនាគារពិភពលោក បានប្រកាសថា ខ្លួននឹងបន្តការអនុវត្តក្នុងការផ្ដល់សំណង និងការទទួលខុសត្រូវឲ្យប្រសើរនៅពេលខាងមុខ៕
No comments:
Post a Comment